Posted on Leave a comment

តើពាក្យ «ធាតុ» មានន័យដូចម្ដេច ?


ធាតុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. “សភាវៈឬធម្មជាតិទ្រទ្រង់ខ្លួនឯង,…” ) ដី, ទឹក, ភ្លើង, ខ្យល់, អាកាស : ធាតុដី, ធាតុទឹក ។ ល ។ អាការៈក្នុងខ្លួន ដូចយ៉ាង សក់ , ធ្មេញ, សាច់, ឈាម ជាដើម ក៏ហៅថា ធាតុ ។ មាស, ប្រាក់, ដែក ។ ល ។ ក៏ហៅថា ធាតុ ។ ឆ្អឹងរបស់បុគ្គលដែលគេគួរគោរព ក៏ហៅថា ធាតុ ឬហៅ អដ្ឋិធាតុ ។ មូលដើមរបស់តន្តិភាសា មានភាសាសំស្រ្កឹត, បាលីជាដើម ក៏ហៅថា ធាតុ, ដូចយ៉ាង ធរណី “ផែនដី” មកពី ធរ – ធាតុ “ទ្រទ្រង់” ; កម្ម “អំពើ” មកពី ករ – ធាតុ “ធ្វើ” ។ ល ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. ធា-តុ ដូចជា ធាតុកថា (ធា-តុកៈថា) ន. ( សំ. បា. ) ឈ្មោះគម្ពីរព្រះអភិធម្មទី៣សម្តែងអំពីធាតុផ្សេងៗ ។ ធាតុចេតិយ ( –ចេតិយ៉ៈ ឬ –ចែដី ) ន. ( បា. ) ចេតិយដែលបញ្ចុះធាតុ, តាមសេចក្តីក្នុងគម្ពីរព្រះពុទ្ធសាសនា សំដៅចំពោះតែចេតិយដែលបញ្ចុះព្រះសារីរិកធាតុព្រះសព្វញ្ញុពុទ្ធ ឬដែលបញ្ចុះធាតុព្រះអរហន្ត; មានន័យផ្សេងទៀតថា ទោះបីចេតិយដែលបញ្ចុះព្រះពុទ្ធរូបបាក់បែកក៏ហៅថា ធាតុចេតិយ ដែរ ( ម. ព. ចេតិយ ផង ) ។ ធាតុនិធាន ន. (បា.) ការតម្កល់, ការបញ្ចុះធាតុ, បុណ្យបញ្ចុះធាតុ ។ ធាតុប្បច្ចវេក្ខណៈ ( ធាតុប-បុ័ច-ចៈវ៉េក-ខៈណៈ ) ន. ( បា. –ណ ) ការពិចារណានូវបច្ច័យ ៤ មានចីវរប្បច្ច័យជាដើម ឲ្យឃើញថាគ្រាន់តែជាធាតុ៤ ប៉ុណ្ណោះ : ធាតុប្បច្ចវេក្ខណៈ ជាករណីកិច្ចរបស់បព្វជិត (ព. ពុ. ) ។ ធាតុវិជ្ជា ឬ ធាតុវិទ្យា ន. ( បា. ធាតុ + វិជ្ជា; សំ. ធាតុ + វិទ្យា ) ចំណេះខាងការប្រកបឬផ្សំធាតុគ្រប់យ៉ាងឲ្យកើតបានជាអ្វីមួយឡើង ឬឲ្យប្រើការប្លែកៗបាន ។ ធាតុវិភាគ (–វិភាក) ន. (សំ. បា.) ការញែកឬរំលែកធាតុ ។ ធាតុអន្តរធាន ( –អន់-តៈរ៉ៈធានឬ–អន់-ដ–) ន. (បា. ) ការសាបសូន្យឬបាត់បង់នៃព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធ ។ មានសេចក្តីតំណាលថា កាលណាសាសនារបស់ព្រះពុទ្ធរោយរៀវបាត់សូន្យទៅ ដោយហេតុមនុស្សលោភលន់ អស់សេចក្តីគោរពហើយ, កាលនោះព្រះសារីរិកធាតុរបស់ព្រះអង្គ ទោះបីប្រតិស្ឋាននៅក្នុងទីណាក៏ដោយ សុទ្ធសឹងតែអណ្តែតត្រសែតឯងៗមកប្រជុំគ្នាទាំងអស់នៅត្រង់ពោធិព្រឹក្ស គឺកន្លែងដែលព្រះអង្គត្រាស់ដឹងជាដំបូង ហើយតេជោធាតុបណ្តាលឡើងឯងឆេះប្រល័យព្រះសារីរិកធាតុទាំងអស់នោះ សុសសោះសូន្យអស់ទៅ ឥតមានសេសសល់ឡើយ, ត្រង់នេះឯងហើយហៅថា ធាតុអន្តរធាន; ហៅម្យ៉ាងទៀតថា ធាតុបរិនិព្វាន ក៏បាន ( តាមមនោរថបូរណីអដ្ឋកថា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply