ធម៌
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ធម៌ ) ធម៌, សភាវៈទ្រទ្រង់សត្វលោក គឺ បុណ្យ បាប សុចរិត ទុច្ចរិត; ហេតុ; សភាព; ធម្មតា; ប្រក្រតី; ធម្មជាត; ប្រាជ្ញាញាណ; គុណ; សេចក្តីចម្រើន; អារម្មណ៍ខាងផ្លូវចិត្ត; ការរិះគិត; សង្ខារ; កិរិយាមារយាទ; បរិយត្តិ; ច្បាប់ ។ ល ។ ពាក្យនេះប្រើសម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ ទៀតដូចជា ធម្មកថា (ធ័ម-មៈកៈថា) ន. ( បា. ) សំម្ដីដែលជាធម៌; ការសំដែងធម៌ ។ ធម្មកម្ម (ធ័ម-មៈក័ម) ន. (បា.) អំពើ, កិច្ចការដែលប្រកបដោយធម៌, ដែលត្រូវតាមធម៌។ ព. ផ្ទ. អធម្មកម្ម ។ ធម្មកាយ (ធ័ម-មៈ—) ន. ( បា. ; សំ. ធម៌កាយ ) កាយមួយយ៉ាងក្នុងកាយទាំងបីរបស់ព្រះសព្វញ្ញុពុទ្ធគឺ រូបកាយ, នាមកាយ ធម្មកាយ; ព្រះធម៌ដែលជាពុទ្ធភាសិតហៅថា ធម្មកាយ ព្រោះទុកដូចជារូបកាយរបស់ព្រះអង្គ សូម្បីទ្រង់បរិនិព្វានទៅហើយ ក៏នៅមានព្រះធម៌នេះជាតំណាងព្រះអង្គ ។ ធម្មការ (ធ័ម-មៈ—) ន. ( បា. ធម្ម + ការ ) ឈ្មោះក្រសួងរដ្ឋមន្ត្រីសម្រេចកិច្ចខាងផ្លូវសាសនា ។
ឧទាហរណ៍៖ ក្រសួងធម្មការ ។
ធម្មក្ខន្ធ ( ធ័ម-ម័ក-ខ័ន) ន. ( បា.; សំ. ធម៌ស្កន្ធ ) ពួកធម៌, កងធម៌; ចំនួនកងធម៌ជាពុទ្ធវចនៈក្នុងព្រះត្រៃបិដក ហៅថា ព្រះធម៌ ៨ ម៉ឺន ៤ ពាន់ធម្មក្ខន្ធ (ម. ព. ខន្ធ ផង) ។ ធម្មគុណ ( ធ័ម-មៈ-គុណ ) ន. ( បា. ; សំ. ធម៌គុណ ) គុណព្រះធម៌ គឺសភាវៈដែលស្រោចស្រង់ទ្រទ្រង់សត្វអ្នកប្រតិបត្តិតាមគន្លងធម៌ឲ្យបានសេចក្តីសុខ ។ ធម្មគោរព ( ធ័ម-មៈ-គោរប់ ) ន. ( សំ. ធម៌ + គៅរវ ; បា. ធម្ម + គារវ ) សេចក្តីកោតក្រែងចំពោះធម៌ គឺសេចក្តីប្រព្រឹត្តប្រតិបត្តិតាមគន្លងធម៌។ ឈ្មោះសាស្ត្រាប្រែរយមួយខ្សែ សម្រាប់សម្តែងជាមុនបង្អស់ប្រាប់សេចក្តីគោរពធម៌ ក្នុងឱកាសបុណ្យធំៗ តាមទម្លាប់ពុទ្ធសាសនិកជនក្នុងកម្ពុជរដ្ឋ: សាស្ត្រាព្រះធម្មគោរព ។ ធម្មចក្ក ( ធ័ម-មៈ ច័ក ) ន. ( បា. ; សំ. ធម៌ចក្រ ) ចក្រគឺធម៌ឬធម៌ដូចជាកង់ គឺធម៌ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់សម្តែងជាដំបូងបង្អស់ ក្នុងកាលដែលព្រះអង្គបានត្រាស់ទើបនឹងបាន ៥៩ ថ្ងៃ, ទ្រង់សម្តែងអរិយសច្ច ៤ បង្វិលដំណើរសេចក្តីដូចជាកង់រទេះ ។ធម្មចក្កប្បវត្តនសូត្រ ( ធ័ម-មៈ ច័ក-ក័បប៉ៈវុ័ត-តៈន៉ៈសូត ) ន. ( បា. —សុត្ត; សំ. ធម៌ចក្រប្រវត៌នសូត្រ ) ឈ្មោះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងធម្មចក្ក ។ ធម្មចក្ខុ ( ធ័ម-មៈ-ច័កខុ) ន. ( បា.; សំ. ធម៌ចក្សុស៑ ឬ—ចក្សុ ) ភ្នែកគឺធម៌ឬធម៌ទុកដូចជាភ្នែក, បានខាងឯអរិយមគ្គជាន់ក្រោមបីប្រភេទគឺ សោតាបត្តិមគ្គ, សកទាគាមិមគ្គ, អនាគាមិមគ្គ; តែច្រើនសំដៅចំពោះ សោតាបត្តិមគ្គ ( ម. ព. មគ្គ និង អរិយមគ្គ ផង ) ។ ធម្មចេតិយ (ធ័ម-មៈចេតិយ៉ៈឬ—ចេដី) ន. (បា. ; សំ. ធម៌ចៃត្យ ) ចេតិយដែលបញ្ចុះព្រះធម៌ ។ ធម្មមន្ទីរ, តួគម្ពីរឬទូដែលតម្កល់គម្ពីរ, ក្រាំង, សៀវភៅធម៌ជាពុទ្ធសាសនា, ជាសុភាសិតក៏ហៅថា ធម្មចេតិយ ដែរ ( ម. ព. ចេតិយ ផង ) ។ ធម្មជាត ឬ ធម្មជាតិ (ធ័ម-មៈ-ជាត) ន. ( បា. ) ធម៌, សភាវៈ, សភាព ។ ធម្មតា ( ធ័ម-មៈ-ដា ) ន. ( បា. ) ប្រក្រតី, អ្វីៗដែលតែងមានមក, ទំនៀម, ទម្លាប់ ។ ធម្មទាន ( ធ័ម-មៈ—) ន. ( បា. ) ការឲ្យធម៌ គឺការសម្ដែង, និយាយ, បង្រៀនធម៌; ការកសាងគម្ពីរដីកាធម៌វិន័យ : ធ្វើធម្មទាន, កសាងធម្មទាន; ធម្មទានមានផលច្រើនជាងទានទាំងពួង ព្រោះជាគ្រូប្រាប់ផ្លូវខុសត្រូវ ។ ធម្មទូត ( ធ័ម-មៈ— ) ន. ( បា. ) ទូតរបស់ធម៌គឺអ្នកដែលគេបញ្ជូនទៅកាន់ទីផ្សេងៗ ដើម្បីឲ្យផ្សាយធម៌ ។ ធម្មទេសនា ( ធ័ម-មៈ-ទេសៈន៉ា ឬ —ទេសា្ន ) ន. ( បា. ) ការ, ដំណើរសម្តែងធម៌ ។ ធម្មធាតុ ( ធ័ម-មៈ-ធាត) ន. ( បា. ) អ្នកមានធាតុជាធម៌ គឺព្រះពុទ្ធ; ធាតុគឺធម៌ ។ ធម្មនិទ្ទេស ( ធ័ម-មៈ-និត-ទេស ) ន. ( បា. ) និទ្ទេសនៃធម៌, ការសម្តែងញែកចែកនូវធម៌ ។ធម្មនិយម ឬ ធម្មនិយាម ( ធ័ម-មៈ-និយំ ឬ—និយាម) ន. ( បា. ) សេចក្តីកំណត់តាមធម្មតា, អ្វីៗដែលរមែងកើតមានតាមធម្មតា ។ធម្មនីតិ ( ធ័ម-មៈ— ) ន. (បា. ) ឈ្មោះគម្ពីរមួយដែលសម្តែងអំពីបែបគតិលោក និងគតិធម៌ ។ ធម្មនុញ្ញ ឬ ធម្មនូញ្ញ ( ធ័ម-មៈ-នុញ, ឬ—នូញ) ន. ( បា. ) ឈ្មោះច្បាប់មួយក្រម សម្តែងពីរបៀបការក្នុងតុលាការ ( ម. ព. រដ្ឋធម្មនុញ្ញ ផង ) ។ធម្មន្តេវាសិក ( ធ័ម-ម័ន-តេវាសិក) ន. ( បា. ) សិស្សព្រោះធម៌ គឺអ្នកសិក្សាធម៌អាថ៌អំពីសំណាក់គ្រូអាចារ្យណាមួយ ។ ធម្មប្បដិបត្តិ ( ធ័ម-ម័ប-ប៉ៈ-ដិ-បុ័ត-តិ ឬ—ប៉ៈដិបាត់) ន. ( បា. ) ការប្រតិបត្តិធម៌, ការប្រព្រឹត្តតាមច្បាប់ : ព្រះពុទ្ធទ្រង់លើកយកធម្មប្បដិបត្តិមកជាគោលធំបំផុត ។ ធម្មប្បដិរូប ( ធ័ម-ម័ប-ប៉ៈដិ— ) ន. ( បា. ) ការប្រៀបប្រដូចស្រដៀងនឹងធម៌, ធម៌ប្លម, ធម៌ក្លែងក្លាយ : សេចក្តីត្រង់ឃ្លានេះ គឺជាធម្មប្បដិរូបទេ ។ ធម្មប្បដិសម្ភិទា ( ធ័ម-ម័ប-ប៉ៈដិ-សាំ-ភិទា) ន. ( បា. ) ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងធម៌, ប្រាជ្ញាបែកភ្លឺស្វាងឥតទើសទាក់ក្នុងធម៌ ។ ធម្មបថ ( ធ័ម-មៈ-បត់ ) ន. (បា. ) គន្លងធម៌, ផ្លូវធម៌ ។ ធម្មបទ ( ធ័ម-មៈ-បត់) ន. ( បា. ) ផ្លូវធម៌, លំអានធម៌។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ ធម្មបទដ្ឋកថា ( ធ័ម-មៈ-ប៉ៈទ័ត-ឋៈកៈថា ) ន. ( បា. ) ឈ្មោះអដ្ឋកថា គឺគម្ពីរអធិប្បាយសេចក្តីគាថាធម្មបទ, អដ្ឋកថានេះមានពីរភាគ, ភាគខាងដើមហៅថា ធម្មបទដ្ឋកថាបុព្វភាគ, ភាគខាងចុងហៅថា ធម្មបទដ្ឋកថាបច្ឆិមភាគ ។ ធម្មបរិយាយ ( ធ័ម-មៈ-ប៉ៈរ៉ិយ៉ាយ ឬ–បរ៉ិ–) ន. ( បា. ) បរិយាយនៃធម៌, សេចក្តីអធិប្បាយវែកញែកនូវធម៌, ការពន្យល់សេចក្តីតាមដំណើរធម៌ : ធម្មបរិយាយនេះមិនត្រូវតាមរបៀបទេ, ធម្មបរិយាយនោះពីរោះជ្រាលជ្រៅល្អណាស់ ។ ធម្មបាមោជ្ជ ( ធ័ម-មៈប៉ាម៉ោច ) ន. ( បា. ធម្មប្បាមោជ្ជ; សំ. ធម៌ប្រមោទ ឬ ធម៌ប្រាមោទ្យ ) សេចក្តីរីករាយចំពោះធម៌ ។ធម្មបាល ( ធ័ម-មៈ–) ន.( បា. ) អ្នករក្សាធម៌ ។ ធម្មបីតិ ( ធ័ម-មៈ-ប៉ីតិ ) ន. ( បា. ធម្មប្បីតិ; សំ. ធម៌ប្រីតិ ) ដំណើរក្រេបផឹករសធម៌; សេចក្តីរីករាយចំពោះធម៌ : អ្នកមានធម្មបីតិក្នុងសន្តាន រមែងសម្រេចឥរិយាបថទាំង ៤ ជាសុខ ។ធម្មបូជា ( ធ័ម-មៈ–) ន. ( បា. ) បូជាចំពោះធម៌, បូជាចំពោះអ្នកចេះធម៌ឬចំពោះអ្នកប្រព្រឹត្តធម៌ : វត្ថុនេះជាធម្មបូជារបស់ខ្ញុំ ។ ធម្មមន្ទីរ ( ធ័ម-មៈ-មន់ទី ) ន. ( បា. ធម្មមន្ទិរ ) ផ្ទះ, កន្លែងតម្កល់ធម៌ គឺបណ្ណាល័យតម្កល់គម្ពីរផ្សេងៗ ។ធម្មមាមកៈ (ធ័ម-មៈ-មាមៈកៈ) ន. (បា. ធម្មមាមក) អ្នកដែលរាប់អានគោរពថាព្រះធម៌ជារបស់អាត្មាអញ គឺអ្នកដែលជឿធម៌ជាពុទ្ធសាសនាស៊ប់ចិត្ត ឥតមានងាកបែរ ។ ធម្មមូល ( ធ័ម-មៈ–) ន. (បា. ) ឫសគល់នៃធម៌, ទីតាំងនៃធម៌ : សេចក្តីដឹងគុណគោរពអ្នកមានគុណ ជាធម្មមូល ។ ធម្មមោទនា ( ធ័ម-មៈមោទៈនា ) ន. ( បា. ) សេចក្តីរីករាយចំពោះធម៌ ។ ធម្មយុត្ត ( ធ័ម-មៈយុត) ន. ឬ គុ. ( បា. សំ. ធម៌យុក្ត ) អ្នកប្រកបដោយធម៌; ដែលប្រកបដោយធម៌ ។ ធម្មយុត្តិកនិកាយ (ធ័ម-មៈ-យុត-តិកៈ–) ន. ( បា. ) ឈ្មោះគណៈបព្វជិតក្នុងព្រះពុទ្ធសាសនាសម័យសព្វថ្ងៃនេះ ដែលជាគូគ្នានឹងមហានិកាយ ( ម. ព. នេះផង ) ។ ធម្មរក្ខិត ( ធ័ម-មៈ-រ័កខិត ) ន. ឬ គុ. ( បា. សំ. ធម៌រក្សិត ) អ្នករក្សាធម៌ ។ ពាក្យនេះច្រើនប្រើជាឈ្មោះភិក្ខុឬសាមណេរក្នុងព្រះពុទ្ធសាសនា ។ ចួនកាលប្រើជាសមណស័ក្តិទីរាជាគណៈក៏មាន ។ ធម្មរក្ខិតា ( ធ័ម-មៈរ័កខិតា) ន. ( បា. ) ស្ត្រីដែលជនអ្នកប្រព្រឹត្តធម៌ត្រូវគ្នា គ្រប់គ្រងរក្សាជាធំត្រួតត្រាលើ : ស្ត្រីធម្មរក្ខិតា ។ ធម្មរក្សា ( ធ័ម-មៈ-រ័កសា) ន. ( សំ. ធម៌ + រក្ស ) ការរក្សាធម៌ ។ ពាក្យនេះសព្វថ្ងៃ ខ្មែរយើងប្រើជាងារមន្ត្រីក្នុងក្រុមសង្ឃការី : ព្រះធម្មរក្សា ។ ធម្មរតនៈ ឬ ធម្មរ័តន៍ ( ធ័ម-មៈ-រៈតៈន៉ៈ ឬ –រ័ត ) ន. ( បា. ធម្មរតន; សំ. ធម៌រត្ន ) កែវគឺព្រះធម៌ឬព្រះធម៌ដែលទុកជាកែវដ៏វិសេស ។ ធម៌រត្ន ឬ ធម៌រ័ត្ន ( ធ័រ-រ័ត) ន. (ដូចគ្នានឹងធម្មរតនៈ ឬ ធម្មរ័តន៍) ។ ធម្មរាជ ( ធ័ម-មៈ-រាច) ន. ( បា. ) លោកដែលជាស្តេចព្រោះត្រាស់ដឹងធម៌ (ព្រះសព្វញ្ញុពុទ្ធ) : ព្រះសម្ពុទ្ធជាធម្មរាជ ។ ធម្មលាភ (ធ័ម-មៈ-លាប) ន. ( បា. ធម្ម + លាភ ) លាភដែលកើតដោយធម៌, ការបានអ្វីៗ ដោយនូវធម៌ : ទ្រព្យនេះជាធម្មលាភរបស់ខ្ញុំ ។ ធម្មលិខិត ( ធ័ម-មៈ–) ន. ( បា. ធម្ម + លិខិត ) អ្នកសរសេរ, កត់ត្រា, ចម្លងធម៌ ។ ពាក្យនេះខ្មែរយើងប្រើជាសមណស័ក្តិខាងបព្វជិតទីរាជាគណៈជាន់ខ្ពស់ : ព្រះធម្មលិខិត; ចួនកាលព្រះករុណាជាម្ចាស់ជីវិតទ្រង់ប្រោសព្រះរាជទានតាំងដល់ទីសម្តេចក៏មាន : សម្តេចព្រះធម្មលិខិត ។ ធម្មវិធី ( ធ័ម-មៈ–) ន. ( បា. ) បែបផែននៃធម៌, វិធីប្រតិបត្តិធម៌ ។ ធម្មសង្គាយនា ( ម. ព. ធម្មសង្គីតិ ) ។ ធម្មសង្គាហកត្ថេរ ( ធ័ម-មៈ-សង់គាហៈក័ត-ថេរ៉ៈ ឬ–ថែ) ន. (បា. ) ពួកព្រះថេរៈអ្នកសង្គាយនាធម៌ គឺពួកព្រះថេរានុត្ថេរៈ ដែលប្រជុំគ្នាផ្ទៀងព្រះត្រៃបិដក ដូចកាលប្រជុំធ្វើបឋមសង្គាយនាជាដើម ។ ធម្មសង្គីតិ (ធ័ម-មៈ-សង់គីតិ) ន. ( បា. ) ការប្រជុំផ្ទៀងធម៌គឺការផ្ទៀងផ្ទាត់រួបរួមធម្មវិន័យឲ្យមានរបៀបត្រឹមត្រូវតាមបែបដើម (ហៅថា ធម្មសង្គាយនា ក៏បាន) ។ ធម្មសង្គីតិកាចារ្យ ( ធ័ម-មៈ-សង់គីតិកាចា ) ន. ( បា. សំ. ; បា. ធម្មសង្គីតិកាចរិយ ) ពួកលោកអាចារ្យអ្នកផ្ទៀងផ្ទាត់រួបរួមធម៌ ( ពាក្យនេះជាវេវចនៈនៃ ធម្មសង្គាហកត្ថេរ ) ។ ធម្មសភា ( ធ័ម-មៈ-សៈភា) ន. ( បា. ; សំ. ធម៌សភា ) សាលាសម្រាប់ប្រជុំប្រឹក្សាអំពីធម៌។ សាលាយុត្តិធម៌; សាលាជំនុំក្តី ។ ធម្មស្សវនកាល ( ធ័ម-ម័ស-សៈវ៉ៈន៉ៈ– ) ន. ( បា. ; សំ. ធម៌ស្រវណកាល ) កាល, ពេលដែលសាធុជនគួរស្តាប់ធម៌ ( ថ្ងៃសីលឬក្រៅពីថ្ងៃសីលក៏ដោយ ដែលមានពេលឱកាសគួរសាធុជនស្តាប់ធម៌ ហៅថា ធម្មស្សវនកាល ) ។ ធម្មសាកច្ឆា (ធ័ម-មៈ-សាក័ច-ឆា) ន. ( បា. ) ការសន្ទនាអំពីធម៌, ការប្រឹក្សា, សាកសួរអំពីធម៌ : ធ្វើធម្មសាកច្ឆា, ស្តាប់ធម្មសាកច្ឆា ។ធម្មសាត្រ ( ធ័ម-មៈ-សាត ) ន. ( ម. ព. ធម្មសាស្ត្រ ) ។ ធម្មសាមី ( ធ័ម-មៈ-សាម៉ី ) ន. ( បា. ធម្មស្សាមី; សំ. ធម៌ស្វាមិន៑ ) ម្ខាស់លើគេព្រោះបានត្រាស់ដឹងធម៌ ( ព្រះសព្វញ្ញុពុទ្ធ ) : ព្រះធម្មសាមី; ព្រះសម្មាសម្ពុទ្ធទ្រង់ជាធម្មសាមី ។ ធម្មសារ ( ធ័ម-មៈ–) ន. ( បា. ) ខ្លឹមធម៌, ធម៌មានខ្លឹម គឺធម៌ដែលនាំអ្នកប្រព្រឹត្តឲ្យរួចចាកទុក្ខ ។ធម្មសាលា ( ធ័ម-មៈ-សាល៉ា ) ន. ( បា. ; សំ. ធម៌សាលា ) សាលាសម្រាប់សាធុជនប្រជុំស្តាប់ធម៌, ប្រឹក្សាអំពីធម៌, សាលាសម្រាប់ប្រជុំរៀនធម៌ ( រោងរៀនធម៌ ) ។ ធម្មសាសន៍ ( ធ័ម-មៈ-សាស ) ន. ( បា. ) ពាក្យប្រដៅប្រកបដោយធម៌, ពាក្យបណ្ដាំឬឱវាទដែលទាក់ទងដោយច្បាប់ ។ ធម្មសាស្ត្រ ( ធ័ម-មៈ-សាស ) ន. ( បា. សំ.; សំ. ធម្មសាស្ត្រ; បា. ធម្មសត្ថ ) ឈ្មោះគម្ពីរសំដែងអំពីយុត្តិធម៌ ( ខាងតុលាការ ) : គម្ពីរធម្មសាស្ត្រ ។ ឈ្មោះក្រមច្បាប់យុត្តិធម៌ ( ខាងតុលាការ ) : ច្បាប់ធម្មសាស្ត្រ ( ហៅក្លាយជា ធម្មសាត្រ ក៏មាន, គួរប្រើ ធម្មសាស្ត្រ ឬ ធម៌សាស្ត្រ វិញត្រឹមត្រង់តាមប្រភពនៃពាក្យ ) ។ ធម្មសេនាបតី ( ធ័ម-មៈ-សេន៉ាប៉ៈដី ) ន. ( បា. ធម្មសេនាបតិ ) នាមវិសេសរបស់ព្រះសារីបុត្តត្ថេរជាអគ្គសាវ័ក ( សាវ័កខាងស្ដាំ ) នៃព្រះសក្យមុនីសម្ពុទ្ធ; មានន័យមួយផ្សេងថា ព្រះខីណាស្រពទាំងអស់ក៏សុទ្ធតែមាននាមវិសេសថា ធម្មសេនាបតី បានដែរ ព្រោះលោកច្បាំងឈ្នះសេនាគឺអកុសលធម៌ ដោយកម្លាំងរេហ៍ពលគឺកុសលធម៌ដូចៗគ្នាទាំងអស់; ប៉ុន្តែពាក្យនេះ ដែលប្រើប្រាកដ ចំពោះតែជានាមវិសេសរបស់ព្រះសារីបុត្តត្ថេរប៉ុណ្ណោះ : ព្រះសារីបុត្តជាធម្មសេនាបតី, ព្រះធម្មសេនាបតី ។ ធម្មសំវេគ ( ធ័ម មៈ-សង្វេក ឬ ធ័ម-មៈ-សង្វែក ) ន. ( បា. ) សេចក្តីសំវេគចំពោះធម៌មាន ទុក្ខំ អនិច្ចំ អនត្តា ជាដើម (ម. ព. សំវេគ ផង) ។ ធម្មាចារ្យ ( ធ័ម-មាចា) ន. (សំ. ធម៌ាចាយ៌; បា. ធម្មាចរិយ) អាចារ្យអ្នកបង្រៀនធម៌, គ្រូព្រះធម៌ : លោកជាធម្មាចារ្យរបស់ខ្ញុំ ។ ធម្មាធិករណ៍ ( ធ័ម-មា-ធិ-ក) ន. (បា. ធម្មាធិករណ; សំ. ធម៌ាធិករណ) អធិករណ៍អំពីធម៌; សាលាយុត្តិធម៌; សាលាជំនុំក្តី ។ ធម្មាធិការ ( ធ័ម-មា–) ន. (បា. ; សំ. ធម៌ាធិការ) ដូចគ្នានឹង ធម្មាធិករណ៍ ដែរ ។ ធម្មាធិការនាយក ( ធ័ម-មាធិការ៉ៈនាយក់ ) ន. ( បា. ; សំ. ធម៌ាធិ– ) នាយក ( អធិបតីឬចាងហ្វាង ) សាលាជំនុំក្តី ។ ធម្មាធិការី ( ធ័ម-មាធិការ៉ី) ន. (បា. ; សំ. ធម៌ាធិការិន៑) អ្នកពិភាក្សាក្តី អ្នកជំនុំក្តី (ចៅក្រម) ។ ធម្មាធិដ្ឋាន ( –ធិត-ឋាន ) ន. ( បា. ) ការផ្គងតាំងចិត្តចំពោះធម៌; ការលើកយកធម៌ឬយកច្បាប់មកជាទីតាំង ពាក្យឬប្រយោគដែលនិយាយសំដៅចំពោះអំពើឬចំពោះធម៌ត្រង់ៗតែម្យ៉ាង មិនបាននិយាយដល់រូបបុគ្គលអ្នកធ្វើអ្នកប្រព្រឹត្ត ដូចជាប្រយោគថា : បាបរមែងឲ្យផលអាក្រក់, បុណ្យរមែងឲ្យផលល្អ យ៉ាងនេះជាដើមហៅថាពាក្យជា ធម្មាធិដ្ឋាន។ ព. ផ្ទ. បុគ្គលាធិដ្ឋាន (ម. ព. នោះផង) ។ ធម្មាធិបតេយ្យ ( ធ័ម-មាធិប៉ៈតៃ ) ន. ឬ គុ. (បា.) អ្នកដែលមានធម៌ជាអធិបតី គឺអ្នកដែលធ្វើអ្វីៗ អាងដល់ធម៌និងច្បាប់ជាធំ; ដំណើរដែលអាងដល់ធម៌និងច្បាប់ជាធំ ។ធម្មាធិប្បាយ ( ធ័ម-មាធិប-បាយ ) ន. ( បា. ) សេចក្តីអធិប្បាយធម៌, ដំណើរពន្យល់ធម៌ ។ធម្មានុរូប គុ. (បា. ធម្ម + អនុរូប) ដែលសមគួរ, ដែលមានទំនងដ៏សមគួរតាមធម៌, ដែលស្របទៅតាមធម៌, ដែលសមរម្យត្រឹមត្រូវតាមច្បាប់ ។ ធម្មារម្មណ៍ ( –រ៉ម់ ) ន. ( បា. ) អារម្មណ៍របស់ចិត្ត; អារម្មណ៍គឺធម៌ ឬធម៌ជាអារម្មណ៍។ ក្នុងអភិធម្មត្ថសង្គហៈថា ធម៌ ៦ យ៉ាងគឺ បសាទរូប១ សុខុមរូប១ ចិត្ត១ ចេតសិក១ រូប១ និព្វាន១ ហៅថា ធម្មារម្មណ៍ ។ ធម្មាសនៈ ឬ ធម្មាសន៍ (ធ័មៈមាសៈន៉ៈ ឬ ធ័ម-មាស ) ន. (បា. ធម្មាសន) អាសនៈសម្រាប់អង្គុយសំដែងធម៌ ឬសម្រាប់អង្គុយសូត្រធម៌, គ្រែសម្រាប់អង្គុយសម្ដែងធម៌ : អង្គុយលើធម្មាសនៈ; គ្រែធម្មាសន៍ ។ ធម្មិក ( ធ័ម-មិក ) គុ. ( បា. ; សំ. ធរ្មិក ) ដែលប្រកបដោយធម៌ : ព្រះបាទធម្មិក, មនុស្សធម្មិក, ទ្រព្យធម្មិក, ភោជនធម្មិក ។ ល ។ ធម្មិករាជ ( ធ័ម-មិកៈរាច ) ន. ( បា. ; សំ. ធរ្មិករាជ ) ស្តេចប្រកបដោយធម៌, ស្តេចទ្រង់ទសពិធធម៌ : ព្រះមហាក្សត្រអង្គនុះ ទ្រង់ជាធម្មិករាជ ។ ធម្មុទ្ទេស (ធ័ម-មុត-ទេស) ន. ( បា. ) ការលើកយកចំនួនមាតិកាធម៌នីមួយៗមកសម្តែងប្រាប់ឲ្យដឹងថាប៉ុណ្ណេះប៉ុណ្ណោះ : ធម្មកថិកមុននឹងអធិប្បាយពន្យល់ធម៌ណាមួយ គប្បីសម្តែងនូវធម្មុទ្ទេសសិន ។ មួយទៀតថា ការលើកយកធម៌៤យ៉ាងមកពិចារណាឬយកមកសម្តែងតាមការណ៍ពិត ហៅថា ធម្មុទ្ទេស, ធម៌ ៤ យ៉ាងនោះគឺ ១- សត្វលោក សុទ្ធតែឥតទៀងទាត់ឋិតថេរចិរកាលទេ តែងតែលុះក្នុងអំណាចនៃជរា-ព្យាធិ-មរណៈ គេចមិនផុតឡើយ; ២- សត្វលោកឥតមាកន្លែងជ្រកពួនឲ្យរួចអំពីការភិតភ័យទេ; ៣-សត្វលោកឥតមានទ្រព្យសម្បត្តិអ្វីក្រៅពីកុសលកម្មដែលខ្លួនបានកសាងសន្សំទេ រមែងតែលះសរពើទាំងអស់ ហើយចេញចាកលោកនេះទៅៗ; ៤- សត្វលោកជាទាសៈនៃតណ្ហា តែងតែមានការខ្វះកន្លះជានិច្ច មិនដែលពេញចំណង់ខ្លួនទេ ។ ល ។
( សំ. ; បា. ធម្ម ) សភាវៈដែលទ្រទ្រង់សត្វលោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត ។ ល ។ ( ម. ព. ធម្ម ផង ) ។ ពាក្យនេះ ខ្មែរយើងធ្លាប់ប្រើជាធម្មតាមក គឺសំដៅយកពាក្យឱវាទរបស់ព្រះពុទ្ធ និងអត្ថបទទួទៅដែលទាក់ទងដោយពុទ្ធសាសនា
ឧទាហរណ៍៖ រៀនធម៌, សូត្រធម៌, ចេះធម៌, ចាំធម៌, ស្តាប់ធម៌, សម្តែងធម៌, ធម៌អាថ៌ អត្ថបទរបស់ធម៌ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)