Posted on Leave a comment

សេដ្ឋកិច្ចក្នុងខេត្តឧត្តរមានជ័យ (Oddar Meanchey is a Province of Cambodia)

សេដ្ឋកិច្ចខេត្តឧត្តរមានជ័យ​៩៣%ពឹងផ្អែក​លើ​កសិកម្មហើយ៧%ទៀត​ពឹងលើការនេសាទនិងជំនួញ។ ដោយសារតែ​ខេត្តនេះ​មានព្រំប្រទល់​ជាប់នឹង​ប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិ​មានសកម្មភាព​គួរកត់សំគាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់​សេដ្ឋកិច្ចខេត្ត។ ហេដ្ឋារចនាសំព័ន្ធសេដ្ឋកិច្ច​ខេត្ត​ទទួលរង​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំងក្លា​នាសម័យ​ខ្មែរក្រហម។ ហេតុនេះការស្ដារ​រចនាសំព័ន្ធថ្មី​មានសារសំខាន់ខ្លាំងណាស់​សំរាប់សេដ្ឋកិច្ចខេត្ត។

ខេត្តឧត្តរមានជ័យគ្មានស្ទឹងឬទន្លេហូរកាត់ទេ ប្រជាជនប្រើប្រាស់តាំងពីបូរាណរហូតដល់ពេល បច្ចុប្បន្ន គឺប្រើប្រាស់ទឹកស្រះជាមូលដ្ឋាន ឯទឹកអណ្ដូងមិនអាចហូបបានទេដោយមានជាតិកំបោរ ។ឯសក្តានុពល សេដ្ឋកិច្ចរបស់ខេត្ត គេសង្កេតឃើញមានដូចជា រ៉ែក្រោមដី (ធ្យូងថ្ម រ៉ែមាស និល ថ្មកំបោរ ដែក និង សំណជាដើមនៅក្រោមដី)។ ឯនៅលើដីវិញមានព្រៃឈើ ដំណាំស្រូវ ដំណាំកសិឧស្សាហកម្មសត្វ ព្រៃ ក្រៅពីនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ គឺ កន្លែងដែលពួកមេខ្មែរក្រហមជាន់ខ្ពស់រស់នៅក្នុងអំឡុងពេលខ្លួន ដឹកនាំប្រទេស រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺឋិតនៅលើជួរភ្នំដងរ៉ែក ម្ដុំច្រកជាំសាង៉ាមក្នុងស្រុក អន្លង់វែងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ​​ ខេត្តមានប្រាសាទបុរាណចំនួន១៨ផងដែរ ដើម្បីជូនភ្ញៀវជាតិនិង អន្តរជាតិទស្សនាកំសាន្ត ។

  • ផ្សារ៖ គោកមន ចុងកាល់ ច្រកអន្តរជាតិជាំ ជប់គគីរ ត្រពាំងប្រាសាទ បន្ទាយអំពិល សំរោង អន្លង់វែង

កសិកម្ម

ផ្ទៃដីសរុបរបស់ខេត្តមានទំហំ ៦១៥.៨០០ ហិចតា ។ ទិន្នន័យឃុំប្រភេទដីចំនួន ៧ ប្រភេទ គឺ​ប្រភេទ​ដី​ស្រូវ​វស្សា​ ដីស្រែបង្កើនរដូវ ដីស្រែប្រាំងស្រោចស្រព ដីស្រែប្រាំងប្រដេញទឹក ដីស្រូវចំការ ដីដាំដុះដំណាំផ្សេងៗ និងដីចំការមីនដោយសារគ្មានទិន្នន័យស្តីពី ផ្ទះសម្បែង និងដីផ្សេងៗ ហេតុទើបផលបូកប្រភេទផ្ទៃដីទាំង ៧ ប្រភេទខាងលើនេះមិនស្មើរនឹងផ្ទៃដីសរុបរបស់ខេត្ត ។

ផលស្រូវសរុបនៃស្រុកបន្ទាយអំពិលមានចំនួនលើសស្រុកនានា គឺ ១៤.៦០៣ តោន ឯស្រុកលំដាបខ្ញុំទី២ ក្នុងការផលិតស្រូវគឺស្រុក សំរោង ។ ការគណនាក្នុងប្រជាជនម្នាក់ជាមធ្យម ត្រូវការហូបស្រូវ២៦០គីឡូក្រាមក្នុងមួយឆ្នាំ បើ​ពិនិត្យ​លើ​ផលិត​ផល​ស្រូវ ឃើញថាស្រុកបន្ទាយអំពិលអាចនាំស្រូវចេញបាន ចំណែកស្រុក៤ទៀត មិន​អាច​នាំ​ផលិត​ផល​ស្រូវ​ចេញ​ទេ ព្រោះការផលិតតិចជាងសេចក្តីត្រូវការក្នុងស្រុកនីមួយ ជា​រួម​ខេត្ត​ឧត្តរមានជ័យ​មិន​អាច​សល់​ផលិត​ផល​ស្រូវ​សំរាប់​នាំ​ចេញ​បាន​ ឡើយ ។

ខេត្តឧត្តរមានជ័យជាខេត្តមួយមិនសំបូរមុខរបរ សំរាប់រកស៊ីប៉ុន្មានទេបន្ទាប់ពីរដូវធ្វើស្រែ មាន​មុខ​របរ​មួយ​ចំនួន​ទៀត ដែលក្រៅពីធ្វើចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយនិងធ្វើអ្វីផ្សេងៗទៀតដែលអាច ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ។ ជាពិសេសនៅស្រុកបន្ទាយអំពិល ក្រៅពីរដូវស្រែចំការចប់ ពួក​គាត់​តែង​តែ​ត្បាញ​ក្រមា ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្តា​ក្រមា​ខេត្តផ្សេងៗ មានលក្ខណៈក្បាច់ទំពក់រូបសេះ រូបដំរី និងរូបផ្សេងៗសំរាប់ចែក ជូនកូនចៅ រឺក៏ជូនចាស់ទុំក្នុងភូមិ និងយកទៅវត្ត ដើម្បី​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ រឺបុណ្យចូលឆ្នាំ ។

ទេសចរណ៍

ខេត្ត​ឧត្តរមានជ័យ​បានទទួលកេរ្តិ៍ដំណែលវប្បធម៌​មួយចំនួន ដែលសព្វថ្ងៃ​បានក្លាយជា​តំបន់ទេសចរណ៍​ដ៏គួរអោយ​ចាប់អារម្មណ៍​ពីសំណាក់ភ្ញៀវទេសចរជាតិ​និង​អន្តរជាតិយ៉ាងច្រើន។ ខេត្តឧត្តរមានជ័យរមណីយដ្ឋាន​វប្បធម៌​ជាច្រើនរួមមានប្រាសាទបុរាណ(នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ៧កន្លែង ទួលប្រាសាទ៨២កន្លែងនិងស្រះបុរាណ១៤កន្លែង។ ប្រាសាទសំខាន់​នៅខេត្តឧត្តរមានជ័យ មានដូចជា ប្រាសាទតាមន្ត ជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ៦កន្លែង​ទៀត​សំរាប់ទាក់ទាញទេសចរណ៍។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តឧត្ដរមានជ័យ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply