Posted on Leave a comment

តើពាក្យ «បំពួនស្ករ» មានន័យដូចម្ដេច ?


បំពួនស្ករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនំស្រស់មួយប្រភេទ ធ្វើដោយម្សៅដំណើបលញ់ស្រោបបំពួនដុំស្ករត្នោតបំបាំងបាត់មើលមិនឃើញ ។
ឧទាហរណ៍៖ នំបំពួនស្ករ; ហៅថា នំផ្លែអាយ ក៏បាន; ជួនកាលមានអ្នកខ្លះហៅថា នំកើតក្ដី ក៏បានដែរ (ព. សា.) ។

                   នំនេះមានឈ្មោះហៅបាន ៣ យ៉ាងដូច្នេះឯង, បណ្ដាឈ្មោះទាំង ៣ យ៉ាងនេះ, ឈ្មោះ ២ យ៉ាងគឺ បំពួនស្ករ និង ផ្លែអាយ មានអត្ថន័យជាក់ច្បាស់ក្នុងមេពាក្យទាំងនេះហើយ ឯឈ្មោះថា នំកើតក្ដី នេះមានរឿងតំណាលថា កាលពីព្រេងនាយ មានបុរស ២ នាក់អង្គុយស៊ីនំនេះជិតគ្នា, បុរសម្នាក់ពមនំនេះតាមទម្លាប់, ឯបុរសម្នាក់ទៀតខាំនំនេះចំពាក់កណ្ដាល ទឹកស្ករខាងក្នុងក៏ធ្លាយបាញ់ទៅត្រូវមុខបុរសម្នាក់, ស្រាប់តែបុរសនោះក្រោកឡើងដាល់តប់គ្នា, ក៏កើតជាការប្តឹងប្តល់គ្នា, ទើបចៅក្រមឲ្យឈ្មោះនំនេះថា នំកើតក្ដី ចាប់ដើមតាំងពីកាលនោះមក; នំនេះក៏មានឈ្មោះបីយ៉ាងដូច្នេះឯង, ប៉ុន្តែ នំកើតក្ដី ជាពាក្យសាមញ្ញ គេមិនសូវហៅទេ គេច្រើនហៅតែ នំបំពួនស្ករ និង នំផ្លែអាយ; បំពួនស្ករ ជាឈ្មោះដើម ត្រឹមត្រង់តាមអត្ថន័យជាងឈ្មោះទាំងពីរ ពីព្រោះមានដុំស្ករត្នោតដែលគេដាក់បំពួនខាងក្នុងពិតមែន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply