Posted on Leave a comment

តើពាក្យ «ប្ដី» មានន័យដូចម្ដេច ?


ប្ដី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បតិ “ម្ចាស់; ប្រុសជាម្ចាស់ផ្ទះ គឺបុរសជាគូគ្នានឹងស្ត្រីជាភរិយា” ) ប្រុសជាគូគ្នានឹងស្រីជាប្រពន្ធ : មានប្ដីប្រពន្ធ គឺស្រីមានប្រុសជាប្ដី ប្រុសមានស្រីជាប្រពន្ធជាគូគ្រងហើយ ។ ប្ដីសី ក្លាយមកពីពាក្យថា ប្ដីស្រី ឬ ប្ដីសិរី គឺប្ដីស្រីសួស្ដីឬប្ដីរបស់ស្រី ( ? ) : នាងទូចកូនមីងវាមានប្ដីសីហើយឬនៅ? ( ព. សា. ) ។ យើងនឹកស្ដាយដោយយល់ថាពុំគួរខាន ក៏បានស្រង់យកពាក្យកាព្យជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ ( ព្រះអង្គដួង ) ដែលទ្រង់និពន្ធចប់ស្រេចនៅថ្ងៃសៅរ៍៨រោចខែមាឃ ឆ្នាំរកានព្វស័ក ព. ស. ២៣៨០ កាលព្រះអង្គមានព្រះជន្មគម្រប់ ៤១ វស្សា, យើងស្រង់ព្រះរាជនិពន្ធនោះយកមកចុះទុកជាព្រះកេរ្ដិ៍ក្នុងវចនានុក្រមខ្មែរនេះ ចំពោះតែត្រង់កាព្យថ្លែងអំពីគតិ ៥ យ៉ាង ដែលបុរសជាប្ដីត្រូវប្រតិបត្តិចំពោះស្ត្រីជាប្រពន្ធប៉ុណ្ណោះ, មិនមានសេចក្ដីវែងណាស់ណាទេ, ដូចតទៅនេះគឺ កតមេហិ បញ្ចគតី- ហិ សាមិកា ភរិយាស- ង្គហាធម្មា ប្រែតាមអត្ថា- ធិប្បាយបាលី ។ ថាប្រុសឯណា នឹងមានភរិយា លោកឲ្យចេះក្ដី ទាំងប្រាំចំពោះ សង្គ្រោះចិត្តស្រី ប្រពន្ធប្រក្រតី ដូចធម៌សម្ដែង ។ បើប្ដីឯណា ពុំកាន់កិរិយា ទាំងប្រាំនេះឯង ហៅប្ដីទុជ៌ន ជួលន់ក្រៃលែង ចេះតែកំហែង ចិត្តប្រពន្ធពិត ។ បើប្ដីកាន់ច្បាប់ ទាំងប្រាំនេះខ្ជាប់ ហៅប្ដីសុចរិត បម្រុងភរិយា ដោយនាក្រមក្រឹត្យ ប្រសើរពេកពិត ឥតអ្វីផ្ទឹមឡើយ ។ អស់ប្រុសទាំងឡាយ ចូរចាំអធិប្បាយ ច្បាប់នេះជាត្រើយ ទុកគ្រប់ប្រុសប្រាណ កុំមានកន្តើយ មានប្រពន្ធហើយ ជាសុខសម្រាន្ត ។ មួយគឺហៅប្ដី ឲ្យប្រើស្រដី នឹងប្រពន្ធមាន ពាក្យទន់ពីរោះ ស្មើស្មោះដោយក្សាន្ត សរសើររាប់អាន តាមស័ព្ទវាចា ។ មួយគឺប្រពន្ធ ខុសឆ្គងស្រាលធ្ងន់ កុំជេរផ្ដាសា ទាត់ធាក់ដៀលដំ ដូចខ្ញុំអាត្មា កុំស្ដីដើមថា ឲ្យឮសាយស័ព្ទ ។ មួយគឺបានធន ប្រគល់ប្រពន្ធ ទុកដាក់រណ្ដាប់ ទាំងគ្រឿងអាហារ ជាការស្រីផ្គាប់ រៀបចំសម្រាប់ ថែទាំរក្សា ។ មួយគឺកុំផ្ចង់ កុំខំតែប- ង្កើតកូនហើយថា ប្រពន្ធសុខចិត្ត ឲ្យគិតប្រាថ្នា រួសរកទ្រព្យា សម្រាប់ឲ្យផង ។ មួយគឺឲ្យចាប់ ស្រឡាញ់ឲ្យខ្ជាប់ កុំជិនណាយហោង បើមានប្រពន្ធ- ទៀតកុំប៉ុនប៉ង ស្រឡាញ់ស្នេហ៍ស្នង ឲ្យស្មើមុខឡើយ ។ សម្ដែងសេចក្ដី គ្រប់ប្រាំវិថី ចែងចប់ស្រេចហើយ ឲ្យអស់ប្រុសផង ចាំចងជាត្រើយ ផ្ចង់កុំកន្តើយ ចោលច្បាប់បុរាណ។ បើប្រុសឯណា ពុំផ្ចង់ចិន្តា ដូចធម៌ទូន្មាន នៅនឹងភរិយា គ្មានជាសុខសាន្ត ហិនហោចធនធាន ទាស់ទែងលែងគ្នា ។ ឯវីស័យចិត្ត អស់ស្រីផងពិត មានប្ដីប្រាថ្នា អំពើទាំងប្រាំ នេះចាំចិន្តា គ្រប់ចិត្តភរិយា នៅនាលោកិយ ។ បើខ្វះអំពើ- ណាមួយហើយតើ ប្រពន្ធថាប្ដី ចិត្តពុំត្រូវត្រង់ ពុំគង់មេត្រី តូចចិត្តស្វាមី អាក់អន់ពុំស្មោះ ។ លោកឲ្យប្រុសផង គន់គិតស្ងួនគ្រង ផ្ចង់ចិត្តសង្គ្រោះ- ប្រពន្ធឲ្យពិត ដោយក្រឹត្យប្រាំនោះ ប្រពន្ធក៏ស្មោះ- ចិត្តចូលមូលឯង ។ កុំគិតតែយក- ប្រពន្ធបានមក គ្រាន់ឱបប្រលែង បង្កើតតែកូន សោះសូន្យធនធេង លោកឲ្យគិតក្រែង ដំណៀលនិន្ទា ។ ធម្មតាជាប្ដី បានទ្រព្យធនអ្វី ឬយសសក្ដា តែងនៅសុខសឹង- ទីពឹងផងគ្នា ព្រោះដ្បិតភរិយា កាន់ក្ដីសុចរិត ។ អំពើច្នេះហោង ឲ្យអស់ប្រុសផង ចងចាំក្នុងចិត្ត តាមធម៌ទូន្មាន គ្រប់ប្រាណប្រុសពិត ទុកជាក្រមក្រឹត្យ ច្បាប់ច្បាស់តទៅ ។ អង្គអញរចនា សេចក្ដីកាព្យា តាមច្បាប់ទុកនៅ ក្នុងព្រះបាលី សេចក្ដីជ្រាលជ្រៅ ពុំហ៊ានសៅដៅ លើកលែងងាយដាយ ។ ឧស្សាហ៍ខំប្រុង ប្រែរករើសក្នុង គម្ពីរនិកាយ អដ្ឋកថា ដីកាបរិយាយ និបាតទាំងឡាយ មកផ្សំស្រដី ។ ជាច្បាប់ទុកត ដំណឹងតំណ ដំណើរស្ត្រី ឲ្យជាក់ប្រាកដ ដោយបទបាលី គ្រាន់អស់ប្រុសស្រី រើសរៀនរកផ្លូវ ។ ច្បាប់នេះប្រសើរ ដំណឹងដំណើរ ទំនងនេះកូវ ជាច្បាប់ប្រាកដ ដោយបទត្រឹមត្រូវ គួរយើងឥឡូវ ប្រតិបត្តិរក្សា ។ គួររៀនឲ្យស្ទាត់ ឲ្យចាំរត់មាត់ ដាក់ក្នុងចិន្តា គ្រាន់នឹងប្រិតប្រៀន បង្រៀនអាត្មា តាមដោយគាថា នេះឯងតទៅ ។ ចែងចប់អភិប្រាយ ដោយអត្ថបរិយាយ សូរេចថ្ងៃសៅរ៍ ប្រាំបីរោចឯ នាខែមាឃនៅ ឆ្នាំរកាត្រូវ នព្វស័កស្រេចហោង។‌‌៚ ( បើពេញចិត្ត គួរទន្ទេញឲ្យចាំមាត់ ) ។ ម. ព. ប្រពន្ធ ទៀតផង ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះស្វាមី, ព្រះភស្តា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply