Posted on Leave a comment

តើពាក្យ «ព្រហ្ម» មានន័យដូចម្ដេច ?


ព្រហ្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ព្រហ្មន៑ ) សេចក្ដីចម្រើន; សេចក្ដីរីកចិត្ត; សេចក្ដីប្រសើរ; ចំណែកចិត្ត; វេទ; សីល . . . ។ ទេវតាដែលកើតនៅព្រហ្មលោក ដោយអំណាចផលនៃឈានចិត្ត។
ឧទាហរណ៍៖ ព្រះព្រហ្ម, ទៅកើតជាព្រហ្ម, ឋានព្រហ្ម ។

                   មាតាបិតាក៏ហៅថា ព្រហ្ម ( របស់កូន ) ព្រោះមានព្រហ្មវិហារផ្សាយទៅរកបុត្រ ។ ព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តក៏ហៅថា ព្រហ្ម ព្រោះមានព្រហ្មចរិយធម៌ដ៏ប្រសើរបំផុត ។ ព្រាហ្មណ៍ក៏ហៅថាព្រហ្ម ដែរ ព្រោះពួកព្រាហ្មណ៍ប្រកាសជំនឿថា ពូជដើមរបស់ខ្លួនកើតអំពីព្រះឱស្ឋព្រហ្ម ។ ល ។ គុ. ប្រសើរ, ខ្ពង់ខ្ពស់, ទូលាយ…។ ពាក្យនេះច្រើនប្រើរួមចូលនាំមុខនាមសព្ទដទៃ តាមគួរដល់ការប្រកប, ដូចយ៉ាង។
ឧទាហរណ៍៖ ព្រហ្មកាយ, ព្រហ្មគីតិ, ព្រហ្មចក្រ, ព្រហ្មចរិយ, ព្រហ្មចារី ជាដើម ( ម. ព. ទាំងនោះ ) ។

                     ព្រហ្មកាយ ( ព្រះហ្មៈ–, ឬ ត. ទ. ស្រ. ព្រំមៈ– ) ន (បា. ) ពួកព្រហ្ម, ពួកព្រហ្មនីមួយៗ ។ ព្រហ្មកាយិកទេវតា ឬ ព្រហ្មកាយិកា ទេវតាពួកព្រហ្ម ឬពួកទេវតាដែលកើតក្នុងព្រហ្មលោក ។ ព្រហ្មគីតិ ( ព្រំមៈគីតិ, ឬ –គីត) ន. (បា. ព្រហ្ម “ព្រហ្ម” + គីតិ “ចម្រៀង” ) ឈ្មោះកាព្យមួយយ៉ាង មានជើង៤គឺក្នុងមួយរបះមាន៤ឃ្លា, ត្រង់ឃ្លាទី១និងទី៣មាន៥ពាក្យ, ឃ្លាទី ២ និងទី ៤ មាន ៦ ពាក្យ។
ឧទាហរណ៍៖ បទព្រហ្មគីតិ, ដូចជា : អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនិងសំប៉ាន ។

                    ព្រហ្មគោល ( ព្រះហ្មៈ– ឬ ព្រំមៈ– ) ន. (សំ. ) ចក្រវាល, មណ្ឌលចក្រវាល ( ម. ព. គោល ផង ) ។ ព្រហ្មចក្រ ( ព្រះហ្មៈច័ក, ឬ ព្រំមៈ– ) ន. ( សំ.; បា. –ចក្ក ) ចក្រវាល; ពុទ្ធសាសនា ។ ព្រហ្មចរិយ, –យៈ ឬ ព្រហ្មចារ្យ ( ព្រះហ្មៈចៈរ៉ិយ៉ៈ ឬ –ចា, ឬក៏ ត. ទ. ស្រ. ព្រំមៈ– ) ន. (បា. ព្រហ្មចរិយ; សំ. ព្រហ្មចយ៌) បែបបទឬសណ្ដាប់ធ្នាប់របស់ព្រហ្មចារីឬព្រហ្មចារិនី; ការប្រព្រឹត្តធម៌ដ៏ប្រសើរ ។ តាមន័យខាងពុទ្ធសាសនាថា ការឲ្យទាន, ការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល, ការរក្សាសីល៥, ការចម្រើនព្រហ្មវិហារ៤ ការសម្ដែងធម៌ឬណែនាំពន្យល់ឲ្យអ្នកដទៃកាន់អំពើសុចរិត, ការវៀរចាកមេថុនធម្ម, សេចក្ដីសន្ដោសចំពោះភរិយារបស់ខ្លួន, សេចក្ដីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងការកុសល, ការរក្សាឧបោសថសីលតាមកាលកំណត់, អរិយមគ្គ, ព្រះពុទ្ធសាសនាទាំងមូល, អធ្យាស្រ័យ (ទាំង ១២ យ៉ាងនេះ) ហៅថា ព្រហ្មចរិយ ឬ ព្រហ្មចារ្យ ( ហៅថា ព្រហ្មចរិយធម៌ ក៏បាន ) ។ ព្រហ្មចរិយធម៌ (ព្រះហ្មៈចៈរ៉ិយ៉ៈធ័រ, ឬព្រំមៈ– ) មើលពាក្យ ព្រហ្មចរិយ ។ ព្រហ្មចារិនី ( ព្រះហ្មៈ– , ឬ ព្រំមៈ– ) មើលពាក្យព្រហ្មចារី ។ ព្រហ្មចារី ( ព្រះហ្មៈចារ៉ី ឬ ព្រំមៈ–) ន. (បា.; សំ. ព្រហ្មចារិន៑) អ្នកប្រព្រឹត្តព្រហ្មចារ្យ ។ ពាក្យនេះ, តាមលិទ្ធព្រាហ្មណ៍ សំដៅយកអ្នកដែលកំពុងហាត់រៀនវេទ ឬអ្នកដែលកំពុងសិក្សាលទ្ធិសាសនា ឬក៏កំពុងប្រព្រឹត្តធម៌តាមបែបសាសនា; តាមលទ្ធិពុទ្ធសាសនា សំដៅយកអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ណាមួយ ឬសំដៅចំពោះតែអ្នកដែលវៀរមេថុនធម្មដោយដាច់ខាត យ៉ាងដូចបព្វជិតមានភិក្ខុ, សាមណេរជាដើម; តាមលទ្ធិបុរាណ សំដៅយកកុមារឬកុមារីដែលនៅលីវសុទ្ធសាធ; ខាងលទ្ធិខ្មែរដែលប្រើតាមទម្លាប់ ច្រើនតែសំដៅយកកុមារីជំទង់ហៅថា ស្រ្ដីព្រហ្មចារី; តែបើតាមបែបត្រឹមត្រូវ ព្រហ្មចារី សម្រាប់ហៅបុរស, ឯស្ដ្រីត្រូវហៅ ព្រហ្មចារិនី ( ម. ព. ព្រហ្មចរិយ ផង ) ។ ព្រហ្មចារ្យ (ម. ព. ព្រហ្មចរិយ) ។ ព្រហ្មជាត ឬ –ជាតិ ( ព្រំមៈជាត) ន. ឈ្មោះក្បួនហោរមួយប្រភេទសម្រាប់មើលជតារាសីមនុស្ស : ក្បួនព្រហ្មជាតិ ។ ព្រហ្មញ្ញ ឬ ព្រហ្មណ្យ ( ព្រះហ្ម័ញ, ព្រះហ្ម័ន ឬ ព្រំម័ញ, ព្រំមុ័ន ) គុ. ( បា. ឬ សំ. ) ដែលជាប់ទាក់ទងដោយព្រហ្មឬដែលជារបស់ពួកព្រាហ្មណ៍ : លទិ្ធព្រហ្មញ្ញ, សណ្ដាប់ព្រហ្មញ្ញ, គម្ពីរព្រហ្មណ្យ ( ប្រើជា ព្រហ្មាណ្យ ក៏បាន ) ។ ព្រហ្មញ្ញសាសនា ( ព្រះហ្ម័ញ-ញៈសាសៈន៉ា, ឬ ត. ទ. ស្រ. ព្រំម៉័ញ-ញៈសាស្នា ) ន ( បា. ព្រហ្មញ្ញ + សាសន ) សាសនាដែលមានការជាប់ទាក់ទងដោយសេចក្ដីប្រកាន់ជឿថា មហាព្រហ្មជាអ្នកបង្កើតពពួកសត្វ… ( សាសនារបស់ពួកព្រាហ្មណ៍ ); សរសេរជា ព្រហ្មញ្ញសាស្នា ក៏មាន ។ ព្រហ្មណ្យ ( ម. ព. ព្រហ្មញ្ញ ) ។ ព្រហ្មទណ្ឌ ( ព្រះហ្មៈទ័ន, ឬ ត. ទ. ស្រ. ព្រំមៈ– ) ន. ( បា. )ដំបងព្រហ្ម, អាជ្ញាព្រហ្ម; អាជ្ញាជាន់ខ្ពស់ ។ ឈ្មោះទណ្ឌកម្មមួយយ៉ាង សម្រាប់ជំនុំសង្ឃក្នុងពុទ្ធសាសនា ដាក់ទោសដល់បព្វជិតដែលរបឹងរឹងរូសមិនកោតខ្លាចវិន័យ, មានលក្ខណៈត្រូវជំនុំសង្ឃហាមមិនឲ្យបព្វជិតណាមួយនិយាយស្ដីរកបព្វជិតនោះជាដាច់ខាត, ត្រាតែបព្វជិតនោះដឹងខ្លួនហើយទន់ចិត្តអស់ពុតព្យសន៍ ចូលមកសូមលន់តួទើបជំនុំសង្ឃត្រូវលើកទណ្ឌកម្មនោះចេញ . . . (ព. វិ. ពុ. ) ។ ឈ្មោះច្បាប់ដែលរាជការបញ្ញត្ត សម្រាប់ពិភាក្សា កាត់ទោស, ពិន័យមនុស្សដែលប្រព្រឹត្តល្មើសនឹងបញ្ញត្តិសម្រាប់ប្រទេស; ក្រមច្បាប់នោះកម្ពុជរដ្ឋហៅថា ក្រមព្រហ្មទណ្ឌខេមរៈ ឬហៅថា ច្បាប់ព្រហ្មទណ្ឌ ក៏បាន ( ម. ព. ព្រហ្ម និង ទណ្ឌ, ទណ្ឌកម្ម ផង ) ។ ព្រហ្មទេយ្យ ( ព្រះហ្មៈ-ទៃ, ឬព្រំមៈ–) ន. ( បា. ) ទានឬរង្វាន់ដ៏ប្រសើរ; របស់ប្រទាន; រង្វាន់ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដល់អ្នកណាមួយ ដោយអ្នកនោះបានធ្វើកិច្ចការអ្វីមួយឲ្យពេញព្រះទ័យ; ក្នុងរាជ្យពីព្រេងនាយ ច្រើនតែប្រោសប្រទាន គោ, ក្របី, ដំរី, សេះ…; ស្រែ, ស្រុក, ខែត្រ ឲ្យដាច់មុខអាករទៅលើអ្នកនោះ, មិនតោងទាមជាប្រយោជន៍ឃ្លាំងហ្លួងដោយពេញទីឡើយ ។ ព្រហ្មធម៌ ( ព្រះហ្មៈ ធ័រ, ឬ ព្រំមៈ– ) ន. ( សំ.; បា. ព្រហ្មធម្ម) ធម៌ដ៏ប្រសើរ; ព្រហ្មវិហារ; ព្រះពុទ្ធសាសនា ។ ព្រហ្ម័ន ឬ ព្រហ្មាន ន. ព្រហ្ម ( ម. ព. ព្រហ្ម ) ។ ព្រហ្មលោក ( ព្រះហ្មៈ– ឬ ព្រំមៈ– ) ន. ( សំ. បា. ) លោកជាទីនៅនៃពួកព្រហ្ម, ឋានព្រហ្ម ។ ព្រហ្មវិមាន ( ព្រះហ្មៈ–, ឬ ព្រំមៈ– ) ន. (សំ. បា. ) វិមាននៃព្រហ្ម ។ ព្រហ្មវិហារ ( ព្រះហ្មៈវិហារ, ឬ ព្រំមៈ– ) ន. ( បា. ) ធម៌ជាទីនៅនៃព្រហ្ម, ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ; មាន៤យ៉ាងគឺ ១- មេត្តា ផ្សាយសេចក្ដីរាប់អានទៅរកសព្វសត្វ; ២- ករុណា ផ្សាយសេចក្ដីអាណិតទៅរកសព្វសត្វ; ៣-មុទិតា ផ្សាយអំណរទៅរកសព្វសត្វដែលបានសេចក្ដីសុខចម្រើន គឺមានអំណរនឹងគេបានសុខចម្រើន; ៤-ឧបេក្ខា ផ្សាយសេចក្ដីស្មោះស្មើទៅរកសព្វសត្វ ។ ព្រហ្មសូត្រ ( ព្រះហ្មៈសូត, ឬ ព្រំមៈ– ) ន. ( សំ. ) អំបោះដ៏ប្រសើរ គឺអំបោះមង្គលក្នុងយញ្ញពិធី ឬអំបោះដែលប្រសិទ្ធីជាមង្គលសម្រាប់ពាក់សីសៈ ឬសៀតត្រចៀកស្ពាយឆៀងជាដើម ( តាមលទ្ធិព្រាហ្មណ៍ ) ។ ព្រហ្មា ( ព្រះហ្មា, ឬ ព្រំមា ) ន. (បា. < ព្រហ្ម ) ព្រហ្ម (ព. កា. ) ។ ព្រហ្មាណ្យ (ព្រះហ្មាន ឬ ព្រំ– ) មើលពាក្យព្រហ្មញ្ញ និង ព្រហ្មាណ្យ ។ ព្រហ្មាធិបតី ( ព្រះហ្មាធិប៉ៈដី, ឬ ព្រំមា– ) ន. ( បា. –បតិ ) ព្រហ្មជាអធិបតី គឺព្រហ្មដែលជាចម្បងជាងអស់ពួកព្រហ្ម ( ហៅថា ព្រហិ្មន្ទ, ព្រហេ្មន្ទ្រ, ព្រហេ្មស្វរ៑ ក៏បាន ) ។ ព្រហ្មាស្រ្ត ( ព្រំមាស) ន. ( សំ. ក្ល.; សំ. < ព្រហ្មន៑ + ឝស្រ្ត “សស្ដ្រានៃព្រហ្ម ឬ សស្រ្ដាដ៏ប្រសើរ” ) ឈ្មោះសរដ៏វិសេសមួយប្រភេទ : សរព្រហ្មាស្រ្ត (មាននិយាយក្នុងរឿងរាមាយណៈ ) ។ ព្រហ្មិន្ទ ឬ ព្រហ្មេន្ទ្រ ( ព្រះហ្មិន, –ហ្មេន; ឬ ព្រំមិន,– មេន ) មើលពាក្យព្រហ្មាធិបតី ( ព. កា ) ។ ព្រហ្មេស្វរ៑ ( ព្រះហ្មេស, ឬ ព្រំមេស ) មើលពាក្យ ព្រហ្មាធិបតី ( ព. កា. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply