រោង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឆ្នាំទី ៥ ( នាគ ឬ ពស់មាឌធំ ) ។
សេនាសនៈមានទ្រង់ទ្រាយស្រដៀងនឹងផ្ទះផ្ទៃផ្ទាល់នឹងដីក៏មាន លើកផុតពីដីឲ្យមានផ្ទៃទាបឫខ្ពស់ក៏មានសម្រាប់នៅបណ្ដោះអាសន្ន ឬសម្រាប់ប្រើតាមត្រូវការផ្សេងៗ ។
ឧទាហរណ៍៖ រោងបុណ្យ, រោងអារឈើ, រោងទូក, រោងដាក់ពោត, រោងគោ, រោងសេះ, រោងរថ ,… ។
រោងការ រោងសម្រាប់ជ្រកធ្វើការ ឬរោងដែលសង់ដើម្បីរៀបមង្គលការអាពាហ៍ពិពាហ៍ ។ រោងកុន រោងធំទូលាយសម្រាប់លេងកុន ( រង្គសាល ) ។ រោងក្រសាល រោងសម្រាប់ទទួលភ្ញៀវ, សម្រាប់អង្គុយលំហែតាមសប្បាយ ( ហៅ រោងត្រសាល ក៏មាន ) ។ រោងចក្រ ( —ចាក់ ) គ្រឹះស្ថានឧស្សាហកម្មប្រកបដោយគ្រឿងចក្រ, គ្រឿងម៉ាស៊ីនសម្រាប់ច្នៃលៃលកធ្វើរូបធាតុដើមឲ្យបានកកើតទៅជាផលិតផលផ្សេងៗដែលជាគ្រឿងសម្រាប់ប្រើប្រាស់ឬសម្រាប់បរិភោគ : រោងចក្រតម្បាញ, រោងចក្រក្រដាស ។ រោងចួង រោងខ្ពស់ស្រឡះមានជណ្ដើរដាក់ចួងវាយឲ្យជះសំឡេងឮឆ្ងាយ។ រោងដោល ឈ្មោះផ្ទះមួយបែបរាងវែងស្ទងមានដៃស្នាចាប់គល់ផ្ទោងចែងទាំងពីរខាងមានហោជាងតូចទាបទ្រនាប់ត្រង់ប្រជុំហប់ : ផ្ទះរោងដោល ។ រោងថែវ ឬ រោងទង រោងវែងជាបរិវេណព័ទ្ធជុំវិញប្រាសាទឬវិហារជាដើម មានទ្វារធំទាំង៤ ទិស ។ រោងទាន រោងសម្រាប់ដាក់ភោជនាហារឲ្យទាន ឬរោងសម្រាប់ប្រជុំគ្នាធ្វើទាន ។ រោងផ្កាស្លា រោងពិសេសមួយក្នុងពិធីមង្គលការ ជាទីតម្កល់ផ្កាស្លានិងជាទីនៅសម្នាក់បណ្ដោះអាសន្នរបស់កូនកំលោះ ។ រោងរៀន សាលារៀន ។ រោងរាំ ឬ រោងល្ខោន រោងធំទូលាយសម្រាប់ល្ខោនរាំ ( រោងមហោស្រព, រង្គសាល ) ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖