Posted on Leave a comment

តើពាក្យ «វចនៈ» មានន័យដូចម្ដេច ?


វចនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វចន ) ពាក្យ, សម្ដី ។ ប្រភេទពាក្យប្រាប់ចំនួនតិចច្រើនដែលកំណត់តាមបែបវេយ្យាករណ៍, សម្រាប់ភាសាបាលីមាន ២ យ៉ាងគឺ ឯកវចនៈ ប្រាប់ដំណើរថា មានតែមួយ ឬប្រាប់ដំណើរដែលប្រមូលចំនួនច្រើនរួបរួមតែមួយ បើធៀបនឹងភាសាខ្មែរដូចពាក្យថា មហាជន, ប្រជុំជន, ក្រុមយោធា, ក្រុមជំនុំ, ហ្វូងសត្វ ជាដើម; ពហុវចនៈ ប្រាប់ចំនួនពីត្រឹមពីរឡើងទៅ, ធៀបនឹងភាសាខ្មែរ ដូចពាក្យថា សត្វទាំងឡាយ, អស់លោក-អ្នក, អស់ទាំងទ្រព្យរបស់, យើង, យើងខ្ញុំ ជាដើម; សម្រាប់ភាសាសំស្រ្កឹតមាន ៣ យ៉ាង, ពីរយ៉ាងមានឈ្មោះដូចខាងលើដែរ, មួយយ៉ាងថែមទៀត ហៅ ទ្វិវចនៈ ប្រើប្រាប់ចំនួនត្រឹមតែពីរគត់, ឯប៉ែកខាង ពហុវចនៈ ប្រើប្រាប់ចំនួនតាំងពីត្រឹមបីឡើងទៅ; សម្រាប់ភាសាខ្មែរក៏ប្រើអនុលោមតាមភាសាទាំងពីរខាងលើនេះដែរ ប៉ុន្តែមានរបៀបមិនទៀងទាត់ទេ ។ វចនករ, –ការ, –ការក:, –ការី ( វ:ច:ន៉: – ) អ្នកធ្វើតាមពាក្យ គឺអ្នកយកពាក្យ, អ្នកស្ដាប់បង្គាប់ ( បើស្រ្តីជា វចនការិកា, –ការិនី ) ។ វចនក្រម ( –ក្រំ ) លំដាប់ពាក្យ ។ វចនគារវៈ ឬ –គោរព ( វ:ច:ន៉:គារ:វ: ឬ –រប់; សំ. វចន + គៅរវ ) ការគោរពសម្ដី គឺការជឿកាន់តាមពាក្យប្រដៅ ។ វចនភេទ ការខ្ចាយសម្ដី, ដំណើរបែកការលេចឮខ្ចរខ្ចាយ, ដំណើរផ្សេងសម្ដីគ្នា ។ វចនមាលា កម្រងពាក្យ ។ វចនមិត្ត ឬ –មិត្រ ( សំ. វចនសហាយ ) មិត្រដែលជាគូនិយាយសន្ទនាគ្នា, ដែលចេះនិយាយឲ្យពេញចិត្ត ។វចនមូល ឫសពាក្យ, កំណើតសម្ដី ។ វចនរចនា ( វ:ច:ន៉:រ:ច:ន៉ា ) ការរៀបចំឬចងក្រងពាក្យពេចន៍ឲ្យចុះរបៀបត្រឹមត្រូវ ។ វចនានុរូប ( វ:ច:ន៉ា–; សំ. បា. < វចន + អនុរូប “តាមសមគួរ” ) តាមសមគួរដល់ពាក្យ; ការអនុលោមតាមពាក្យ ។ វចនាលង្ការ ( វ:ច:ន៉ាលុ័ង-កា; បា. < វចន + អលង្ការ “គ្រឿងប្រដាប់” ) គ្រឿងប្រដាប់ពាក្យ គឺសម្ដីសម្រាប់ប្រើកែមស៊ែមឲ្យស្រួលស្ដាប់; និបាតសព្ទសម្រាប់ប្រើជាគ្រឿងប្រដាប់រំលេចពាក្យឲ្យស្រួលស្ដាប់ ។វចនាវសាន ( វៈចៈន៉ាវៈ–; បា. < វចន + អវសាន “ទីបំផុត, ទីចប់” ) ទីបំផុតឬទីបញ្ចប់សម្ដី, ចុងពាក្យ, ចុងសម្ដី ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply