Posted on Leave a comment

តើពាក្យ «សក្យ» មានន័យដូចម្ដេច ?


សក្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សក្ក ឬប្រើជា សក្យ ក៏មាន; សំ. ឝាក្យ ) ជនពួកមួយនៅក្នុងដែនសក្កៈ( ជាប់គ្នានឹងប្រទេសឥណ្ឌាភាគខាងកើត, ជិតភ្នំហិមពាន្ត ឬហិមាល័យ ) គឺពួកជនជាពូជវង្សនៃព្រះសក្យមុនីសម្ពុទ្ធ ។
ឧទាហរណ៍៖ ​ពួកសក្យ, ជាតិសាក្យ ( សម័យសព្វថ្ងៃនេះហៅ នេប៉ាល៉េស៍ “អ្នកប្រទេសនេប៉ាល់” ) ។

                      ព. ទ. បុ. រឹងដូចសាក្យ ឬ រឹងមើលតែសាក្យ រឹងត្អឹងដោយប្រកាន់ជាតិ ប្រកាន់ត្រកូលដូចជាជនពួកសាក្យ ។ សក្យជនបទ, –រដ្ឋ ឬ សាក្យ– ជនបទឬដែនរបស់ពួកសាក្យ “ក្នុងសម័យពីដើមរៀងមកដល់ពុទ្ធកាល មានក្រុង កបិលវត្ថុ ឬ កបិលព័ស្ដុ ជារាជធានី; សម័យឥឡូវនេះ ដែននោះប្រែឈ្មោះជា នេប៉ាល Népal, រាជធានីឈ្មោះ កដ្ឋមណ្ឌូ Katthamandū កដ្ឋមណ្ឌូ; នេប៉ាល ប្រែថា “ប្រទេសរក្សានូវទម្លាប់ល្អរបស់ខ្លួនមិនឲ្យបាត់”; កដ្ឋមណ្ឌូ បំប្លែងចេញពីពាក្យ កដ្ឋមណ្ឌប ប្រែថា “ក្រុងមានសុទ្ធតែផ្ទះឈើ” ដ្បិតក្រុងនេះកាលដែលគេចាប់ផ្ដើមសាងជាដំបូង គេសង់សុទ្ធតែផ្ទះឈើខ្លឹមដែលមានសាច់ធន់ជាប់បានយូរ…។ សក្យត្រកូល ឬ សាក្យ– ត្រកូលសាក្យ ។ សក្យបុត្តិយ៍ ឬ សាក្យបុត្រិយ៍( –បុត ) បព្វជិតជាកូនចៅឬជាពូជវង្សនៃព្រះពុទ្ធជាបុត្ររបស់សាក្យ (បព្វជិតពុទ្ធិក) : ពួកសក្យបុត្តិយ៍, សមណសក្យបុត្តិយ៍ ។ សក្យមុនី ឬ សាក្យ– អ្នកប្រាជ្ញរបស់ពួកសាក្យ ( ព្រះសមណគោតមបរមគ្រូ ) ។ សក្យរដ្ឋ ដែនសក្យៈ ។ សក្យរាជ ឬ សាក្យ– ( –រាច ) ស្ដេចរបស់ពួកសាក្យ, ពួកស្ដេចសាក្យ ( ពួកព្រះញាតិវង្សរបស់ព្រះសក្យមុនី ) សក្យវង្ស ឬ សាក្យ– វង្សរបស់សាក្យ ។ខ្មែរប្រើពាក្យនេះជាឋានន្ដរសមណស័ក្ដិទីរាជាគណៈសម្រាប់ទោ : ព្រះសាក្យវង្ស( ធៀបនឹងឋានន្តរមន្ត្រីខាងអាណាចក្រទីឲកញ៉ាស្រីធម្មាធិរាជ… សេនាបតីក្រសួងវាំងសម្រាប់ទោ ដែលសម័យសព្វថ្ងៃនេះ តាំងជាទីអនុរដ្ឋលេខាធិការនៃក្រសួងវាំង ) ។ សក្យសីហៈ ឬ សាក្យសិង្ហ ( ព. ប្រ. ) សីហៈ ឬ សិង្ហរបស់ពួកសាក្យ ( ព្រះសក្យមុនី ) ។ ព. កា. ថា
ឧទាហរណ៍៖ ព្រះសក្យមុនី ទ្រង់ចេញពីសក្យរដ្ឋ ទ្រង់បួសតាមបែបបទ ជាបន្ទាត់នៃពុទ្ធា ។ ដែលបានត្រាស់មុនៗ មានបុណ្យគុណដូចៗគ្នា ទ្រង់កាន់ធម៌ចរិយា ត្រាតែបានជាព្រះពុទ្ធ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply