លោក Stephen A. “Steve” Feinberg កើតនៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ១៩៦០ គាត់គឺជាអ្នកហិរញ្ញវត្ថុជនជាតិអាមេរិក និងជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ និងមូលនិធិឯកជន ។ គាត់ត្រូវបានគេស្គាល់ថាជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រមហ៊ុន Cerberus Capital Management, L.P ។
ជីវិតដំបូង និងការអប់រំ៖
លោក Feinberg ធំទ្បើងនៅទីក្រុង Bronx រដ្ឋ New York ។ នៅពេលគាត់មានអាយុ ៨ ឆ្នាំក្រុមគ្រួសាររបស់គាត់បានផ្លាស់ទៅរស់នៅតំបន់ Spring Valley រដ្ឋញូវយ៉កនៅជាយក្រុងញូវយ៉ក ។ គាត់បានចូលរៀននៅសាកលវិទ្យាល័យ Princeton និងបានបញ្ចប់សញ្ញាប័ត្រផ្នែកនយោបាយក្នុងឆ្នាំ ១៩៨២ ។
អាជីព៖
បន្ទាប់ពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យលោក Feinberg បានធ្វើការជាអ្នកជំនួញនៅក្នុងក្រុមហ៊ុន Drexel Burnham ក្នុងឆ្នាំ ១៩៨២ ហើយក្រោយមកគាត់បានធ្វើការនៅក្រុមហ៊ុន Gruntal & Co ។ នៅឆ្នាំ ១៩៩២ នៅអាយុ ៣២ ឆ្នាំ លោក Feinberg បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Cerberus Capital Management ជាមួយលោក William L. Richter ។
នៅពេលនោះក្រុមហ៊ុនរបស់ពួកគេមានទឹកប្រាក់ចំនួន ១០ លានដុល្លារស្ថិតក្រោមការគ្រប់គ្រង ។ ទ្រព្យសកម្មនៅក្នុងក្រុមហ៊ុនស្ថិតនៅក្រោមការគ្រប់គ្រងដែលធ្វើឲ្យមានការកើនឡើងដល់ជាង ៣០ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦ ។ ក្នុងឆ្នាំ ១៩៩៩ ក្រុមហ៊ុនរបស់ពួកគេបានជួលអតីតអនុប្រធាន Dan Quayle ឲ្យមកបម្រើការជាប្រធានក្រុមហ៊ុន Cerberus Global Investment ។
ហើយនៅឆ្នាំ ២០០៦ ក្រុមហ៊ុនរបស់ពួកគេបានជួលអតីតរដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកគឺលោក John Snow ឲ្យមកបម្រើការជាប្រធានក្រុមហ៊ុន Cerberus ។ ក្នុងកំឡុងរយះពេលជាង ២០ ឆ្នាំនៅក្នុងក្រុមហ៊ុន Cerberus Capital Management ដែលជាអ្នកវិនិយោគិនមូលធនឯកជនលោក Feinberg ទទួលបានប្រាក់ចំណេញជាច្រើន ។