កក់ក្ដៅដូចអាំងផេះ
និយមន័យៈ ការទុកចិត្តដែលឥតខ្លឹមសារ ។
អត្ថាធិប្បាយ
         មនុស្សដែលរងាតែងរកអាវក្រាស់ៗមកពាក់ដើម្បីឲ្យកក់ក្ដៅ ។ បើគ្មានអាវពាក់ការពារទេ គេតែងបង្កាត់ភ្លើងអាំងឲ្យកក់ក្ដៅ ។
មនុស្សរងាពេលនេះ លោកនិយាយប្រៀបប្រដូចនឹងមនុស្សគ្មានទីពឹង ។ ដូច្នេះមនុស្សនេះត្រូវស្វែងរកទីពឹង គ្រាន់ជាបង្អែកពឹងពាក់ពំនាក់អាស្រ័យ ។ ការដែលស្វែងរកទីពឹងនេះ ជួនកាលក៏ពឹងទៅលើអ្វីដែលគ្មានផលប្រយោជន៍គ្មានខ្លឹមសារបន្តិចសោះ ។
ឧទាហរណ៍ៈ នាយ «ក» បានទៅពឹងពាក់លោក «ខ» ឲ្យជួយរកការងារធ្វើ ឬរកមុខរបរអ្វីមួយដើម្បីចិញ្ចឹមជីវិត ។ តាំងពីថ្ងៃនោះមក នាយ «ក» ចេះតែសង្ឃឹម និងកក់ក្ដៅចិត្តជាប់ជានិច្ចថា គេមុខជាជួយរកមុខរបរស ឬការងារអ្វីមួយឲ្យខ្លួនមិនខាន ។ តែតាមពិតលោក «ខ» គ្រាន់តែបានទទួលអ៊ឺ‑អើ តែបបូរមាត់ប៉ុណ្ណោះ គឺឥតបានជួយរកអ្វីបន្តិចឡើយ ។
ម្យ៉ាងទៀត ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភូមិមួយដែលមានចោរលួច ចោរប្លន់ជាញឹកញាប់ ។ ប៉ុន្តែសមត្ថកិច្ចបង្ក្រាបហាក់ដូចជាគ្មានប្រសិទ្ធភាពសោះ ។ ដូច្នេះ ប្រជាពលរដ្ឋហាក់ដូចជាគ្មានជំនឿទៅលើសមត្ថកិច្ចសោះ គឺគេកក់ក្ដៅដូចអាំងផេះដែរ ៕
ដោយឈូកខ្មែរ
Source: khmerproverb
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖