Posted on Leave a comment

តើពាក្យ «ខ្លាច» មានន័យដូចម្ដេច ?


ខ្លាច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែល​មិន​ហ៊ាន មិន​អាច។
ឧទាហរណ៍៖ ខ្លាច​ខ្លា ខ្លាច​ពស់ ។ ពាក្យ​ផ្ទុយ ហ៊ាន ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះភិរុកា ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ សេចក្តីភ័យ, សេចក្តីព្រឺព្រួច, សេចក្តីព្រឺរោម, ការព្រឺស្បែក, ការរន្ធត់, ការតក់ស្លុត ។ ជាធម្មតាមនុស្សបុថុជ្ជន (ជនសាមញ្ញ) យើងតែងតែមាននូវសេចក្តីភ័យខ្លាចទាំងអស់នេះ ខ្លះតិច ខ្លះច្រើន សូម្បីតែព្រះឥន្ទដែលជា ស្តេចនៃទេវតា ក៏មានភ័យដែរ វៀរលែងតែព្រះអរិយបុគ្គលទាំងឡាយ មានព្រះសម្មាសម្ពុទ្ធជាដើម ដែលមានរាគៈ ទោសៈ និងមោហៈទៅប្រាសហើយទើបមិនមាននូវសេចក្តីភ័យខ្លាចនេះ ដូចមានរឿងតំណាលក្នុងធជគ្គសូត្រថា សម័យមួយព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយ ធ្លាប់មានរឿងពីព្រេងនាយមកថា សង្រ្គាមនៃពួកអសុរមួយអន្លើដោយពួកទេវតា ជាសង្គ្រាមតទល់ប្រកៀកហើយ គឺទេវរាជឈ្មោះថាសក្កៈ ហៅនូវទេវតាទាំងឡាយ ក្នុងឋានតាវត្តិង្សមកប្រាប់ថា ម្នាលអ្នកនិរទុក្ខទាំងឡាយ បើសេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម កើតឡើងដល់ទេវតាទាំងឡាយ ដែលទៅហើយកាន់សង្គ្រាមក្នុងកាលណា អ្នកទាំងឡាយគប្បីក្រឡេកមើល នូវចុងនៃទង់ជ័យរបស់អញ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោមឯណា នឹងកើតមានឡើង, សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅបាន ។ បើអ្នកទាំងឡាយ មិនក្រឡេកមើលនូវចុងនៃទង់ជ័យរបស់អញទេ, ក៏គប្បីក្រឡេកមើលនូវចុងទង់ជ័យ នៃទេវរាជឈ្មោះបជាបតី ក្នុងកាលនោះក៏បាន ។ ព្រោះថា កាលបើអ្នកទាំងឡាយ ក្រឡេកមើលនូវចុងទង់ជ័យ នៃទេវរាជឈ្មោះបជាបតី, សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោមឯណា នឹងកើតមានឡើង, សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅបាន ។ បើអ្នកទាំងឡាយ មិនក្រឡេកមើលនូវចុងទង់ជ័យ នៃទេវរាជឈ្មោះបជាបតីទេ, ក៏គប្បីក្រឡេកមើលនូវចុងទង់ជ័យ នៃទេវរាជឈ្មោះវរុណៈ ក្នុងកាលនោះក៏បាន ។ ព្រោះថា កាលបើអ្នកទាំងឡាយ ក្រឡេកមើលនូវចុងទង់ជ័យ នៃទេវរាជឈ្មោះ វរុណៈ, សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោមឯណា នឹងកើតមានឡើង, សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅបាន ។ បើអ្នកទាំងឡាយមិនក្រឡេកមើល នូវចុងទង់ជ័យនៃទេវរាជឈ្មោះ វរុណៈទេ ក៏គប្បីក្រឡេកមើលនូវចុងទង់ជ័យនៃទេវរាជឈ្មោះ ឦសានៈ ក្នុងកាលនោះក៏បាន ព្រោះថា កាលបើអ្នកទាំងឡាយ ក្រឡេកមើលនូវចុងទង់ជ័យនៃទេវរាជឈ្មោះឦសានៈ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោមឯណា នឹងកើតមានឡើង សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅបាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើទេវតាទាំងឡាយ ក្រឡេកមើលនូវចុងទង់ជ័យនោះនៃទេវរាជឈ្មោះ សក្កៈ ជាធំជាងទេវតាទាំងឡាយក្តី កាលក្រឡេកមើលនូវចុងទង់ជ័យនោះ នៃទេវរាជឈ្មោះបជាបតីក្តី កាលក្រឡេកមើលនូវចុងទង់ជ័យនោះ នៃទេវរាជឈ្មោះ វរុណៈក្តី កាលក្រឡេកមើលនូវចុងទង់ជ័យនោះ នៃទេវរាជឈ្មោះឦសានៈក្តី សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោមឯណានឹងកើតមាន សេចក្តីខ្លាចជាដើមនោះ គប្បីស្ងប់រម្ងាប់បានខ្លះ សេចក្តីខ្លាចជាដើមដែលស្ងប់រម្ងាប់បានខ្លះ មិនបានខ្លះនោះ ព្រះហេតុអ្វី ? ម្នាលភិក្ខុទាំងឡាយ ព្រោះថា ទេវរាជឈ្មោះសក្កៈជាធំជាងទេវតាទាំងឡាយ មានរាគៈមិនទាន់ទៅប្រាសហើយ ជាអ្នកនៅមានសេចក្តីខ្លាច មានសេចក្តីរន្ធត់ មានសេចក្តីស្លុត មានកិរិយារត់ទៅជាប្រក្រតីនៅឡើយ ។ ម្នាលភិក្ខុទាំងឡាយ ឯចំណែកខាងតថាគត ពោលយ៉ាងនេះថា បើអ្នកទាំងឡាយនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះដ៏ស្ងាត់ក្តី សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម កើតឡើង (ក្នុងសម័យឯណា) អ្នកទាំងឡាយ គប្បីរឭកតថាគត ក្នុងសម័យនោះ កុំខានឡើយថា : ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ ។ (ម. ព. ពុទ្ធគុណ) ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាលបើអ្នកទាំងឡាយរឭកនូវតថាគត សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោមឯណា នឹងកើតមាន សេចក្តីខ្លាច ជាដើមនោះ នឹងស្ងប់រម្ងាប់ទៅបាន បើអ្នកទាំងឡាយមិនរឭកនូវតថាគតទេក៏គប្បីរឭកនូវព្រះធម៌ ក្នុងកាលនោះថា : ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដិ្ឋកោ អកាលិកោ ឯហិបស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតព្វោ វិញ្ញូហីតិ ។ (ម. ព. ធម្មគុណ) ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាលបើអ្នកទាំងឡាយរឭកនូវព្រះធម៌ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោមឯណា នឹងកើតមានសេចក្តីខ្លាចជាដើមនោះនឹងស្ងប់រម្ងាប់ទៅបាន បើអ្នកទាំង ឡាយមិនរឭកនូវព្រះធម៌ទេ ក៏គប្បីរឭកនូវព្រះសង្ឃ ក្នុងកាលនោះថា : សុបដិបន្នោ ភតវតោ សាវកសង្ឃោ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ យទិទំ ចត្តារិ បុរិសយុគានិ អដ្ឋបុរិសបុគ្គលា ឯស ភគវតោ សាវកសង្ឃោ អាហុនេយ្យោ បាហុនេយ្យោ ទក្ខិណេយ្យោ អព្ជាលិករណីយោ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិ ។ (ម. ព. សង្ឃគុណ) ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាលបើអ្នកទាំងឡាយរឭកនូវព្រះសង្ឃ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោមឯណា នឹងកើតមាន សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅបាន ។ សេចក្តីខ្លាចជាដើមដែលស្ងប់រម្ងាប់ទៅបាននោះព្រោះហេតុអ្វី ? ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគត ជាព្រះអរហន្ត សម្មាសម្ពុទ្ធ មានរាគៈទៅប្រាសហើយ មានទោសៈទៅប្រាសហើយ មានមោហៈទៅប្រាសហើយ ឥតមានសេចក្តីខ្លាច ឥតមានសេចក្តីរន្ធត់ ឥតមានសេចក្តីស្លុត មិនមានកិរិយារត់ទៅជាប្រក្រតីឡើយ ។ ព្រះដ៏មានព្រះភាគបានត្រាស់នូវព្រះពុទ្ធដីកានេះរួចហើយ (ក៏ត្រាស់បន្ថែមទៀតថា) ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា កាលបើនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះដ៏ស្ងាត់ក្តី សេចក្តីខ្លាច នឹងមិនគប្បីមានដល់អ្នកទាំងឡាយ បើអ្នកទាំងឡាយ មិនរឭកនូវព្រះសម្ពុទ្ធ ដែលជាធំជាងលោក ដែលប្រសើរជាងនរជនទេ ក៏គប្បីរឭកនូវព្រះធម៌ ជាធម៌អាចដឹកនាំសត្វលោកឲ្យចេញចាកសង្សារវដ្តបាន ដែលតថាគតសម្តែងហើយដោយល្អ ក្នុងកាលនោះចុះ បើអ្នកទាំងឡាយ មិនរឭកនូវព្រះធម៌ ជាធម៌ អាចដឹកនាំសត្វលោកឲ្យចេញចាកសង្សារវដ្តបាន ដែលតថាគតសម្តែងហើយដោយល្អហើយ (នោះ) ទេ ក៏គប្បីរឭកនូវព្រះសង្ឃ ជាបុញ្ញក្ខេតនៃសត្វលោក រកខេត្តដទៃប្រសើរជាងគ្មាន (នោះ) ចុះ ។ ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា កាលបើរឭកនូវព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃយ៉ាងនេះ សេចក្តីខ្លាចក្តី សេចក្តីរន្ធត់ក្តី សេចក្តីព្រឺរោមក្តី នឹងមិនកើតមានឡើយ ។ បាលីនៃពុទ្ធគុណ ធម្មគុណ និងសង្ឃគុណនេះហើយដែលមានអ្នកបុរាណយើង និយមយកមកសូត្រជាបែបវែងខ្លះ ជាបែបវែងបណ្តោយបញ្រ្ចាសខ្លះ និងខ្លះទៀតសូត្រជាបែបខ្លីថា ឥ. ស្វា. សុ; សុ. ស្វា. ឥ. ដូច្នេះជាច្រើនដង ច្រើនចប់ ដើម្បីជាការត្រឡប់ចិត្ត កុំឲ្យគិតនៅតែក្នុងអារម្មណ៍ដែលនាំឲ្យខ្លាចជាដើម ។ តែបើចិត្តរបស់យើងជ្រះថ្លានៅក្នុងគុណនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃពិតប្រាកដមែន ហើយសូធ្យស្វាធ្យាយជារៀងរាល់ពេលនោះ សភាពនៃការភ័យខ្លាចជាដើមក៏នឹងស្ងប់រម្ងាប់ទៅជាស្ថាពរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply