Posted on Leave a comment

តើពាក្យ «គជករ ឬ គជនិករ» មានន័យដូចម្ដេច ?


គជករ ឬ គជនិករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បា. ហ្វូង ដំរី : គជករ។ ឈូឆរក្នុងដងព្រៃ ពាក្យថា ដំរី នេះ នៅក្នុងភាសាបាលីមានប្រើច្រើនបទដូចជា ៖ ១- កុញ្ជរ (ម. ព. កុញ្ជរ) ។ ២- វារណ <វរិ-ធា. + យុ-បច្ច័យ (ផ្លាស់ យុ > អណ, ទីឃៈ អ ជា អា) សត្វហាមនូវកម្លាំងរបស់សត្វដទៃបាន ។ វិ. វារេតិ បរពលន្តិ វារណោ ឬ បរពលំ វារយតីតិ វារណោ សត្វហាមនូវកម្លាំងរបស់សត្វដទៃបាន ឈ្មោះថាវរណៈ (ដំរី) ។ ឧ. កោញ្ចំ នទតី វារណោ ដំរីបន្លឺនូវកោញ្ចនាទ ។ ៣- ហត្ថី < ហត្ថ + ណី, (លុប ណ និងស្រះខាងមុខ) សត្វមានដៃ គឺប្រមោយ (ដំរី) ។ ឧ. ហត្ថយោគា ហត្ថី សត្វដែលមានដៃគឺប្រមោយ ឈ្មោះថាហត្ថី ។ ឧ. ចតុប្បទំ នាម ហត្ថី អស្សា ឱដ្ឋា គោណា គទ្រភា បសូ ដំរី, សេះ, ឧដ្ឋ, គោ, លា និងបសុសត្វទាំងឡាយ ឈ្មោះថា សត្វចតុប្បាទ (សត្វដែលមានជើង ៤) ។ ៤- មាគង្គ < មគង្គ + ណ, (លុប ណ, ទីឃៈ អ ជា អា) ដំរី ។ វិ. មាតង្គស្ស ឥសិនោ អបច្ចំ > មាតង្គោ ដំរីណាជាពូជពង្សរបស់ឥសីមាតង្គៈ ដំរីនោះឈ្មោះថា មាតង្គៈ ។ មហន្តំ អង្គំ សរីរមេតស្សាតិ វា > មាតង្គោ ឬថា ដំរីដែលមានរាងកាយធំធាត់ ទើបឈ្មោះថា មាតង្គៈ ។ ឧ. យទា ទក្ខសិ មាតង្គំ កុញ្ជរំសដ្ឋិហាយនំ ព្រះអង្គទតព្រះនេត្រឃើញដំរីមានអាយុ ៦០ ឆ្នាំ ។ ៥- ទិរទ < ទ្វិ + រទ ដំរី ។ វិ. ទ្វេ រទា ទន្តា អស្សត្ថីតិ > ទ្វិរទោ ដំរីដែលមានភ្លុក ២ ឈ្មោះថា ទិ្ធរទៈ ។ ៦- គជ < គជ + អ ដំរី ។ វិ. គជតីតិ > គជោ សត្វណាស្រែកគំរាម សត្វនោះឈ្មោះថា គជៈ (ដំរី) ។ ឧ. ឆព្វិសាណំ គជំ សេតំ អទ្ទសំ សុបិនេ អហំ ខ្ញុំម្ចាស់យល់សុបិនឃើញដំរីស មានភ្លុក ៦ ពណ៌ ។ ៧- នាគ < នគ + ណ, (លុប ណ, ទីឃៈ អ ជា អា) ដំរី ។ វិ. នគោ បព្វតោ, សោ វិយ ទិស្សតីតិ> នាគោ នគៈ ប្រែថា ភ្នំ, ដំរីដែលមនុស្សមើលទៅឃើញហាក់ដូចជាភ្នំ ដូច្នេះដំរីនោះ ទើបឈ្មោះ ថា នាគៈ ។ ឧ. ឯកោ ចរេ មាតង្គរ-ញ្ញេវ នាគោ គប្បីត្រេចទៅក្នុងព្រៃម្នាក់ឯង ដូចជា ដំរីមាតង្គៈ ។ ៨- ទ្វិប < ទ្វិ + បា + អ ដំរី ។ វិ. ករេន មុខេន ចាតិ ទ្វីហិ បិវតីតិ> ទ្វិបោ ដំរីដែលផឹកទឹកតាមរន្ធទាំងពីរ គឺប្រមោយនិងមាត់ ឈ្មោះថា ទ្វិបៈ ។ ៩- ឥភ < ឥ + ភ ដំរី ។ វិ. ឯតិ គច្ឆតីតិ ឥភោ ដំរីដែលធ្វើដំណើរទៅឈ្មោះថា ឥភៈ ។ ១០- ទន្តី < ទន្ត + ណី ដំរី ។ ឧ. ទន្តយោគា ទន្តី ដំរីដែលឈ្មោះថា ទន្តីព្រោះជាសត្វមានភ្លុក (ព្រោះជាសត្វប្រកបដោយភ្លុក) ។ ឧ. នាគោវ កុញ្ជរោ ទន្តី ឯវំ ពុទ្ធា ទុរាសទា ព្រះពុទ្ធជាម្ចាស់ទាំងឡាយ ទ្រង់មិនជាប់ជំពាក់ដោយពួកគណៈដូចជាដំរី ។ នៅមានពាក្យជាច្រើនដទៃទៀត ដែលប្រែថា ដំរី ដូចជា សដ្ឋិហាយន, ទន្តាវល, អនេកប, មតង្គជ, ករី, ថម្ភេរម, បទ្មី, មហាមិគ, បីលុ, សន្ធុរ, ទីឃមារុត, រាជីវ, ជលកក្ខ, និល្លរ, ករដី, វរង្គ, សុប្បកណ្ណ ។ ដំរីជាមេខ្លោង ឬហៅថា ស្តេចដំរី ២ បទគឺ ៖ ១- យូថជេដ្ឋ < យូថ + ជេដ្ឋ ដំរីជាមេខ្លោង, ស្តេចដំរី ។ ឧ. វនករីនំ យោ យូថជេដ្ឋោ ដំរីណាជាម្ចាស់នៃពួកដំរីព្រៃ ឈ្មោះថា យូថជេដ្ឋ, សោ សយូថានំ ជេដ្ឋត្តា យូថដ្ឋោ ដំរីនោះជាម្ចាស់នៃពួកដំរីព្រៃ ឈ្មោះថា យូថជេដ្ឋ ព្រោះជាដំរីដែលប្រសើរបំផុតជាងហ្វូងរបស់ខ្លួន ។ ២- យូថប < យូថ + បា + អ ដំរីជាមេខ្លោង, ស្តេចដំរី ។ ឧ. សយូថេ បាតិ រក្ខតីតិ > យូថបោ ដំរីអ្នករក្សាគ្រប់គ្រងនូវហ្វូងរបស់ខ្លួន ឈ្មោះថា យូថប ។ ត្រកូលរបស់ដំរី ១០ ត្រកូលគឺ ៖ ត្រកូលដំរីមាន ១០ គឺ កាឡាវក, គង្គេយ្យ, បណ្ឌរ, តម្ព, បិង្គល, គន្ធ, មង្គល, ហេម, ឧបោសថ និងឆន្ទន្ត ។ កាឡាវកញ្ច គង្គេយ្យំ បណ្ឌរំ តម្ពបិង្គលំ គន្ធមង្គលហេមញ្ច ឧបោសថឆទ្ទន្តិ មេ ទស ។ ឯតេសញ្ច កាឡាវកោ ទសន្នំ បុរិសានំ ពលំ ធារេតិ, គង្គេយ្យោ ទសន្នំ កាឡាវកានំ ឯវំ យាវ ឆទ្ធន្តា នេតព្វោ, សម្មាសម្ពុទ្ធោ បន ទសន្នំ ឆទ្ទន្តានំ ពលំ ធារេតិ តេនេវ ភាវា កាឡាវកហត្ថគណនាយ កោដិសហស្សពលំ ធារេតិ បុរិសគណនាយ ទសន្នំ បុរិកោដិសហស្សានំ ពលំ ។ បណ្តាត្រកូលដំរីទាំង ១០ នោះ ដំរីកាឡាវកៈទ្រទ្រង់នូវកម្លាំងបុរស ១០ នាក់, ដំរីគង្គេយ្យទ្រទ្រង់នូវកម្លាំងរបស់ដំរីកាឡាវក ១០, គប្បីគុណឡើងទៅដោយវិធីយ៉ាងនេះ រហូតដល់ដំរីឆទ្ទន្ត, ចំណែកព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រទ្រង់នូវកម្លាំងរបស់ដំរីឆទ្ទន្ត ១០ ព្រោះហេតុដូច្នេះឯង ទើបព្រះដ៏មានព្រះភាគទ្រទ្រង់នូវកម្លាំងរបស់ដំរីកាឡាវកៈដោយគុណនឹង ១ ពាន់កោដិ (១ ម៉ឺនលាន) ស្មើនឹងទ្រទ្រង់នូវកម្លាំងបុរស ដោយគុណនឹង១ម៉ឺនកោដិនាក់ (១សែនលាននាក់) ។ ឈ្មោះត្រកូលដំរី ១០ យ៉ាងគឺ ៖ ១- កាឡាវកៈ (កលម្ព សទ្ទេ + ណ្វូ) ត្រកូលដំរីកាឡាវកៈ ។ វិ. កលម្ពតេសទ្ទាយតេតិ > កាឡាវកោ ដំរីដែលស្រែក ។ ២- គង្គេយ្យ (គង្គា + ណេយ្យ) ត្រកូលដំរីគង្គេយ្យ ។ វិ. គង្គាយំ ជាតោ > គង្គេយ្យោ ដំរីដែលកើតក្បែរទន្លេគង្គា ។ ៣- បណ្ឌរៈ (បណ្ឌរ + ណ) ត្រកូលដំរីបណ្ឌរៈ ។ វិ. បណ្ឌរវណ្ណតាយ > បណ្ឌរោ ដំរីភៀក ។ ៤- តម្ព (តម្ព + ណ) ត្រកូលដំរីភៀក ។ វិ. វណ្ណវសេន តម្ពវណ្ណតាយ > តម្ពោ ដំរីដែលមានសម្បុរត្នោត ។ ៥- បិង្គល (បិង្គល + ណ) ត្រកូលដំរីបិង្គល ។ វិ. បិង្គលវណ្ណតាយ > បិង្គលោ។ ដំរីចុះប្រេងមាន ៣ បទគឺ ៖ ១- បភិន្ន < បភិន្ន + ណ, (លុប ណ) ដំរីចុះប្រេង ។ វិ. តេលំ បភិន្នោ, បភិន្នោ អស្សត្ថីតិ > បភិន្នោ ប្រេងឈ្មោះថា បភិន្ន, ដំរីដែលមានប្រេងនោះ ឈ្មោះថា បភិន្ន ។ ២- មត្ត < មទិ-ធា. + ត- បច្ច័យ, (ផ្លាស់ទី និងត ជា ត្ត) ដំរីចុះប្រេង ។ វិ. មជ្ជតីតិ មត្តោ ដំរីដែលស្រវឹងខ្លាំង ឈ្មោះថា មត្ត ។ ៣- គជ្ជិត < គជ្ជ + ឥ + ត ដំរីចុះប្រេង ។ វិ. គជេ ជាយតីតិ > គជ្ជោ, មេទោ ខ្លាញ់ខាប់កើតក្នុងដំរី ឈ្មោះថា គជ្ជៈ ។ វិ. សោ សញ្ជាតោ អស្សាតិ > គជ្ជិតោ (គជ្ជោ) ដំរីមានខ្លាញ់ខាប់កើតឡើងហើយ ឈ្មោះថា គជ្ជិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply