ឆ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បំភាន់ដោយសំដី ដើម្បីនឹងយកទ្រព្យរបស់គេ ។
ឧទាហរណ៍៖ ឆយកទ្រព្យគេ, ឆបោកប្រាក់**គេ ។ **ពាក្យ “ប្រាក់” ត្រូវបានកែតម្រូវពីពាក្យដើម “ប្រាក” ដោយហេតុថាពុំមានពាក្យ “ប្រាក” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
ចងកសត្វពាហនៈរួបព័ទ្ធឃ្លុំមាត់ជួសកន្លុះ ជួសបង្ហៀរ ។
ឧទាហរណ៍៖ ឆច្រមុះកូនគោ បង្ខានមិនឲ្យបៅដោះ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្យញ្ជនៈទី២ ក្នុងវគ្គទី២ ជាតាលុជៈ មានសំឡេងក្នុងពិតាន គឺត្រង់ក្រអូមមាត់ ជាធនិត-អឃោសៈ ខាងសំស្រ្កឹតនិងបាលីមានសំឡេងជា ច្ហៈ ។ ព្យញ្ជនៈ ឆ នេះ តាមសំយោគវិធាន,កាលបើមានព្យញ្ជនៈឯទៀតនៅពីខាងដើម ត្រូវតម្រួត ច ពីខាងលើជាដរាប ដូចជា ចន្ទច្ឆាយា ‘ស្រមោលព្រះចន្ទ’; ឆទ្ទន្ត ‘ដំរីមានភ្លុក ៦ ព័ណ៌’, សេតច្ឆត្ដ ឬ ស្វេតច្ឆត្រ ‘ឆត្រស’ ជាដើម, ឯនឹងប្រើជា ចន្ទឆាយា,ឆទន្ត សេតឆត្ត ឬស្វេតឆត្រ ដូច្នេះ ពុំត្រឹមត្រូវតាមសំយោគវិធានឡើយ, លើកលែងតែពាក្យជាគាថាឬកាព្យដែលមានសម្ផស្ស ត្រូវដកតម្រួតចេញ ។
?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយទឹកហូរឬចាក់គ្រាប់អ្វីនីមួយតូចៗ មានស្រូវអង្ករជាដើម ។
?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា (បា.; សំ. ឆស ) ប្រាំមួយ (៦) ។ ឆមាស ( ឆ –មាស ) ‘ប្រាំមួយខែ’ ។ តាមសំយោគវិធាន ត្រូវតម្រួត ម ជា ឆម្មាស, ព្រោះ ឆ ‘៦’ នេះកាលបើផ្សំនៅពីខាងដើមសព្ទដទៃ ត្រូវតែតម្រួតព្យញ្ជនៈខាងចុងនោះជាដរាប, ដូចជា ឆ + ទន្ត > ឆទ្ចន្ត ‘ដំរីមានភ្លុក ៦ ព័ណ៌’; ឆ + វិធ > ឆព្វិធ ‘៦ប្រការ, ៦យ៉ាង’ ជាដើម ។បើមានស្រៈនៅខាងចុងត្រូវចុះអាគមមកផ្សំ, ដូចជា ឆ + អង្គ > ឆឡង្គ ‘អង្គ ៦ ‘។ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖