Posted on Leave a comment

តើពាក្យ «ទាន» មានន័យដូចម្ដេច ?


ទាន


?ថ្នាក់ពាក្យជា និបាតសព្ធ
មានន័យថា ពាក្យគោរពសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ (ក្រៅពីក្សត្រិយ៍), ប្រើជាពាក្យផ្ដើមក៏បាន រៀងឲ្យនៅខាងចុងបំផុតក៏បាន រៀងឲ្យនៅខាងដើមបន្ទាប់កិរិយាសព្ទ ឬនាមសព្ទណាមួយដែលគួរប្រកបក៏បាន ។
ឧទាហរណ៍៖ ទាន, លោកអញ្ជើញទៅណា ? ឬថា លោកអញ្ជើញទៅណាទាន?; ទាន, បានហើយ ឬថា បានហើយទាន; ទានប្រោស, ការនេះសុំឲ្យស្រេចលើព្រះតេជព្រះគុណ… ; សូមទានមេតា្តប្រោស, សូមទានជ្រាប, សូមទានអភ័យទោស ។ ល ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) អំណោយ, ការឲ្យ, អ្វីៗដែលគួរឲ្យ ។ ខ្មែរយើងច្រើននិយាយថា ឲ្យទាន, ធ្វើទាន, បរិច្ចាគទាន, ចែកទាន, សូមទាន ឬ សុំទាន, ទទួលទាន ឬ ទទួលយកទាន . . . ។ ប្រើរៀងពីខាងដើមសព្ទដទៃខ្លះ អ. ថ. ទានៈ ដូចជា ទានកណ្ឌ (—ក័ន) ន. (បា.) ឈ្មោះកណ្ឌទី ៣ ក្នុងមហាវេស្សន្តរជាតក ។ ទានកាម (—កាមៈឬ—កាម) ន. ( សំ. បា. ) អ្នកពេញចិត្តឬអ្នកមានចំណង់ក្នុងការ ធ្វើទាន គឺអ្នកដែលចូលចិត្តខាងធ្វើទានឥតមានធុញទ្រាន់ ។ បើស្ត្រីជា ទានកាមា ។ ទានបតី (—ប៉ៈដី) ន. (សំ. បា. ទានបតិ ) អ្នកដែលជាធំក្នុងទាន គឺម្ចាស់ទាន ឬអ្នកដើមបុណ្យ, អ្នកដើមការ ។ ទានបារមី (—បារ៉ៈម៉ី) ន. (បា.) ឈ្មោះបារមីទី ១ ក្នុងបារមីទាំង ១០ យ៉ាង (ម. ព. ទសបារមី និង បារមី ផង) ។ ទានមយៈ ឬ ទានម័យ (—មៈ យៈ ឬ—មៃ) គុ. ឬ ន. (បា. ) ដែលសម្រេចដោយទាន; បុណ្យដែលសម្រេច ឬដែលកើតឡើងដោយសារធ្វើទាន (ម. ព. បុញ្ញកិរិយាវត្ថុ ផង ) ។ ទានវត្ថុ (—វ័តថុ) ន. (បា.; សំ. ទានវស្ដុ ) វត្ថុ, ភ័ស្ដុភារ, របស់សម្រាប់ធ្វើទានឬវត្ថុដែលជាអំណោយ ។ ទានសាលា (—សាល៉ា) ន. (បា. ) សាលាសម្រាប់ប្រជុំគ្នាធ្វើទាន, រោងទាន ។ ទានាធិបតី ( —ប៉ៈដី) ន. (សំ. បា. —បតិ ) ដូចគ្នានឹង ទានបតី, ប៉ុន្តែខ្មែរយើងច្រើនប្រើជាពាក្យទេស្នា សម្រាប់ហៅឥស្សរជនអ្នកមានបណ្ដាស័ក្ដិដែលជាម្ចាស់ទាន (ជាវេវចនៈនឹងពាក្យ ទានិស្សរៈ) ។ ទានានិសង្ស (—សង់) ន. (សំ. បា. —សំស ) អានិសង្សទាន (ម. ព. អានិសង្ស ) ។ ទានិស្សរៈ (ទានិស-សៈរ៉ៈ) ន. (បា. ទាន + ឥស្សរ > ទានិស្សរ; សំ. ទាន + ឦស្វរ ទានេស្វរ) ដូចគ្នានឹង ទានបតី, ប៉ុន្តែខ្មែរយើងប្រើពាក្យនេះ សម្រាប់ហៅឥស្សរជនអ្នកមានស័ក្ដិធំមានសេនាបតីជាដើម ដែលជាម្ចាស់ទាន (ច្រើនប្រើក្នុងពាក្យទេស្នា) ។ ទានិស្សរាធិបតី (ទានិស-សៈរ៉ាធិប៉ៈដី) ន. (បា. ទាន + ឥស្សរ + អធិបតិ > ទានិស្សរាធិបតិ; សំ. ទាន + ឦស្វរ + អធិបតិ> ទានេស្វរាធិបតិ) អ្នកដែលជាម្ចាស់ធំចម្បងក្នុងទាន ឬដែលជាម្ចាស់ចម្បងលើសលែងអ្នកឲ្យទានទាំងអស់ ។ ពាក្យនេះ ខ្មែរយើងច្រើនប្រើជាពាក្យទេស្នាសម្រាប់ហៅឥស្សរជនជាក្សត្រិយ៍ដែលជាម្ចាស់ទាន, ហៅបានតាំងពីព្រះរាជាចុះរៀងមកដល់ព្រះរាជវង្សានុវង្ស ធំតូចតាមលំដាប់ (ម. ព. ឥស្សរ និង អធិបតី ផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply