ពុទ្ធក្ខេត្ត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខេត្តរបស់ព្រះពុទ្ធ។ តាមគម្ពីរវិសុទ្ធមគ្គ ពុទ្ធក្ខេត្តជាដេនក្នុងលោកធាតុសម្រាប់ការប្រតិស្ឋានឡើងនៃព្រះពុទ្ធ។ ពុទ្ធក្ខេត្តមានបី គឺ ជាតិក្ខេត្ត អាណាខេត្ត និង វិសយក្ខេត្ត។ ជាតិក្ខេត្តមានលោកធាតុ ឬចក្រវាលចំនួនម៉ឺនលោកធាតុ។ ក្នុងពេលដែលព្រះសម្មាសម្ពុទ្ធចុះចាប់បដិសន្ធិ និងប្រសូតដើម ជាតិក្ខេត្តនេះកម្រើកញាប់ញ័រហាក់ដូចគេចាប់អង្រួន ដោយអំណាចបុណ្យរបស់ព្រះអង្គ។ អាណាខេត្តមានលោកធាតុ ឬចក្រវាលចំនួនមួយសែនកោដិលោកធាតុ។ ក្នុងពេលដែលព្រះសម្មាសម្ពុទ្ធសម្តែង រតនបរិត្ត ខន្ធបរិត្ត ធជគ្គបរិត្ត អាដានាដិយបរិត្ត និងមោរបរិត្ត អាណាខេត្តនេះកម្រើកញាប់ញ័រហាក់ដូចគេចាប់អង្រួន ដោយអំណាចព្រះបរិត្តដែលព្រះអង្គសម្តែង។ វិសយក្ខេត្តមានលោកធាតុ ឬចក្រវាលជាអនន្ត។ ប្រាជ្ញាញាណរបស់ព្រះពុទ្ធជ្រៅឆ្ងាយទូលាយជាអនន្តផ្សាយទៅក្នុងឱកាសលោក។ ជាតិក្ខេត្ត និងអាណាខេត្ត ជាខេត្តរបស់ព្រះពុទ្ធមួយព្រះអង្គៗ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖