Posted on Leave a comment

តើពាក្យ «ពុទ្ធ» មានន័យដូចម្ដេច ?


ពុទ្ធ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) លោកអ្នកត្រាស់ដឹងធម៌ដែលកំបាំង ដូចយ៉ាងអរិយសច្ច ៤ ជាដើម រហូតដល់មគ្គផលនិព្វាន, ឬលោកអ្នកភ្ញាក់រឭក គឺមានសតិសម្បជញ្ញៈសព្វកាល, ឬក៏លោកអ្នករីកពេញទីដូចជាផ្កាឈូកដែលរីកគ្រប់ស្រទាប់ គឺមានព្រះហឫទ័យរីកដោយអំណាចនៃបរិសុទ្ធិ ព្រោះកម្ចាត់កិលេស អស់ហើយ ( ព្រះសម្មាសម្ពទ្ធ )។
ឧទាហរណ៍៖ ព្រះពុទ្ធ, ព្រះពុទ្ធជាបរមគ្រូ, ព្រះពុទ្ធជាម្ចាស់ ។ ល ។

                       ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ពុត-ធៈ ដូចជា ពុទ្ធកាល ឬ ពុទ្ធសម័យ (–កាល ឬ –សៈម៉ៃ) ន. ( សំ. បា. ពុទ្ធ + កាល ឬ – + សមយ ) កាលឬសម័យ គឺគ្រាដែលព្រះពុទ្ធទ្រង់គង់ព្រះជន្មនៅ; ហៅថា ពោធិកាល ឬ ពោធិសម័យ ក៏បាន ។ ពោធិកាលនៃព្រះសក្យមុនីសព្វញ្ញុពុទ្ធមាន ៤៥ ឆ្នាំ, ចែកជា៣ សង្កាត់គឺ ១–រាប់ពីត្រឹមឆ្នាំដែលព្រះអង្គបានត្រាស់មកដល់ឆ្នាំទី ១៥ ហៅថា បឋមពោធិកាល; ២– រាប់ពីត្រឹមឆ្នាំទី ១៦ ដល់ឆ្នាំទី ៣០ ហៅថា មជ្ឈិមពោធិកាល; ៣– រាប់ពីត្រឹមឆ្នាំទី ៣១ ដល់ឆ្នាំទី ៤៥ ហៅថា បច្ឆិមពោធិកាល; ទ្រង់ចូលបរិនិពា្វនក្នុងឆ្នាំទី ៤៥ នេះ; បូករួមព្រះជន្មពីកាលដែលទ្រង់មិនទាន់បានត្រាស់ជាព្រះពុទ្ធនៅឡើយ ចំនួន៣៥ឆ្នាំផ្សំមកផង ត្រូវជា ៨០ ឆ្នាំគត់ ( ម. ព. បឋម, មជ្ឈិម, បច្ឆិមផង) ។ ពុទ្ធកិច្ច ឬ ពុទ្ធក្រឹត្យ ( –កិច ឬ –ក្រិត) ន. ( បា. ឬ សំ. ពុទ្ធក្ឫត្យ, ឫ > រឹ = ពុទ្ធក្រឹត្យ ) កិច្ចរបស់ព្រះពុទ្ធ គឺការរវល់សម្រាប់ព្រះសព្វញ្ញុពុទ្ធ មានស្ដេចយាងចេញបិណ្ឌបាតពីព្រលឹម និងទ្រង់ត្រាស់សម្ដែងធម៌ប្រទានពុទ្ធបរិស័ទជាដើម; ពុទ្ធកិច្ចមាន ៥ យ៉ាងគឺ ១- បុរេភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលមុនភត្ត គឺតាំងពីពេលអរុណរះទៅទល់នឹងពេលថ្ងៃត្រង់ ។ ២- បច្ឆាភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលខាងក្រោយភត្ត គឺតាំងពីថ្ងៃបែរពីត្រង់ទៅទល់នឹងល្ងាច (ព្រលប់) ។ ៣– បុរិមយាមកិច្ច កិច្ចដែលព្រះពុទ្ធ ត្រូវបំពេញក្នុងយាមខាងដើមនៃរាត្រី គឺតាំងពីពេលព្រលប់ ទៅទល់នឹងពេលកណ្ដាលអធ្រាត្រ ។ ៤–មជ្ឈិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមកណ្ដាលនៃរាត្រីគឺពេលកណ្តាលអធ្រាត្រ ។ ៥- បច្ឆិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងចុងនៃរាត្រី គឺតាំងពីពេលបន្ទាប់អំពីកណ្ដាលអធ្រាត្រទៅទល់នឹងពេលអរុណរះ ។ពុទ្ធគារវតា ( –គារៈវៈតា ) ន. (បា.) សេចក្ដីគោរពចំពោះព្រះពុទ្ធ ។ ពុទ្ធគុណ ( –គុន) ន. (សំ. បា. ) គុណព្រះពុទ្ធ ។ ពុទ្ធង្កូរ ( ពុត-ធ័ង-កូរ ) ន. ( បា. ពុទ្ធង្កុរ < ពុទ្ធ “ព្រះពុទ្ធ” + អង្កុរ “ពន្លក, ទំពាំង”; សំ. ពុទ្ធាង្កុរ ) ពន្លកព្រះពុទ្ធ គឺព្រះពោធិសត្វដែលបម្រុងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគត កាលជាប្រាកដ (ព. ទេ. ឬព. កា. )

ឧទាហរណ៍៖ ម្នាលភិក្ខុទាំងឡាយ, សុមេធតាបសនេះជាពុទ្ធង្កូរ នឹងបានត្រាស់ជាព្រះពុទ្ធមាននាមថា គោតម… ( ទំនាយព្រះពុទ្ធទីបង្ករទាយឲ្យសុមេធតាបស ) ។

                      ពុទ្ធចក្រ ( –ច័ក) ន. (សំ.; បា. –ចក្ក) អំណាចព្រះពុទ្ធសាសនាដែលដឹកនាំពុទ្ធសាសនិកជនឲ្យលឿនទៅកាន់សេចក្ដីបរិសុទ្ធហាក់ដូចជារទេះដែលមានកង់ជាគ្រឿងវិលនាំទៅ(ជាគូគ្នានឹង អាណាចក្រ) ។ ពុទ្ធជិនោរស ( –ជិនោរស់) ន. (បា. ពុទ្ធ+ជិន+ឱរស “បុត្រនៃព្រះពុទ្ធទ្រង់ឈ្នះសត្រូវ” ) ពាក្យសម្រាប់ហៅបព្វជិតអ្នកប្រតិបត្តិត្រឹមត្រូវតាមពុទ្ធោវាទដោយប្រៀបថា ដូចជាបុត្របង្កើតរបស់ព្រះអង្គ; ហៅថា ពុទ្ធបុត្រ ក៏បាន (ព. ទេ. )។ ពុទ្ធញាណ ( –ញាន) ន. (បា. ពុទ្ធញ្ញាណ; សំ. –ជ្ញាន) ញាណរបស់ព្រះពុទ្ធ (ព. ម. ពុទ្ធ និង ញាណ ផង) ។ ពុទ្ធដីកា ន. ព្រះបន្ទូលព្រះពុទ្ធ, សំដៅចំពោះពុទ្ធវចនៈ គឺ បាលី ដែលជាគោលដើមនៃព្រះពុទ្ធសាសនា : អដ្ឋកថាកែព្រះពុទ្ធដីកា។ខ្មែរប្រើក្លាយៗមក ហៅថា ពុទ្ធដីកា ដែរ គឺហៅដោយគោរពថាបព្វជិតនិយាយស្ដីតែពាក្យពិត តាមលំអានពុទ្ធវចនៈប្រយ័ត្នមិនហ៊ានឲ្យល្អៀង : លោកគ្រូមានពុទ្ធដីកា, ស្ដាប់ព្រះពុទ្ធដីកាលោក ( ម. ព. ពុទ្ធ និង ដីកា ផង ) ។ ពុទ្ធដំណើរ ( ពុត-ធៈ—) ន. ដំណើរព្រះពុទ្ធគឺការសម្រេចឥរិយាបថដើររបស់ព្រះពុទ្ធ : ទ្រង់ធ្វើពុទ្ធដំណើរទៅ…។ ប្រើក្លាយជា កិ. ក៏មាន : ទ្រង់ពុទ្ធដំណើរទៅកាន់ជនបទ… ។ ពុទ្ធតម្រាស់ ន. វាចាដែលព្រះពុទ្ធទ្រង់ត្រាស់ គឺសម្ដីដែលព្រះអង្គទ្រង់ពោលទៅរកបុគ្គលណាមួយ : ទ្រង់មានព្រះពុទ្ធតម្រាស់ថា… ។ ពុទ្ធទំនាយ ( ពុត-ធៈ– ឬ ពុតទំ– ) ន. ពាក្យដែលព្រះពុទ្ធទ្រង់ទាយ ( ហៅថា ពុទ្ធព្យាករណ៍ ក៏បាន ) ។ ពុទ្ធធម៌ ន. (សំ.; បា. –ធម្ម ) ធម៌ដែលធ្វើពោធិសត្វឲ្យបានត្រាស់ជាព្រះពុទ្ធ (ព. ពុ. ) ។ ពុទ្ធន្ដរ ( ពុត-ធ័ន-ដ ) ន. (បា.) កាលឬសម័យជាចន្លោះនៃព្រះពុទ្ធ គឺរវាងពីព្រះពុទ្ធមួយព្រះអង្គទៅមួយព្រះអង្គ : មួយពុទ្ធន្តរ ។ ពុទ្ធបញ្ញត្តិ ( –ប័ញ-ញ៉ាត់ ) ន. (បា. ពុទ្ធប្បញ្ញត្តិ; សំ. –ប្រជ្ញប្តិ) បម្រាមព្រះពុទ្ធ គឺវិន័យដែលព្រះពុទ្ធទ្រង់ត្រាស់ហាមមិនឲ្យពួកបព្វជិតប្រព្រឹត្តកន្លង ព្រោះទ្រង់យល់ថាជាទោសដែលអ្នកបួសត្រូវវៀរ (សរសេរជា ពុទ្ធប្បញ្ញត្តិ ក៏បាន) ។ ព. ផ្ទ. ពុទ្ធានុញ្ញាត ។ ពុទ្ធបដិមា ( –ប៉ៈដិម៉ា) ន. (បា. ពុទ្ធប្បដិមា; សំ. –ប្រតិមា) រូបតំណាងអង្គព្រះពុទ្ធ (ព្រះពុទ្ធរូប); សរសេរជា ពុទ្ធប្បដិមា ក៏បាន ។ ពុទ្ធបណ្ដាំ ( ពុត-ធៈ– ) ន. បណ្ដាំព្រះពុទ្ធ, បច្ឆិមពុទ្ធវចនៈ, ពុទ្ធសាសនា : ប្រតិបតិ្តតាមពុទ្ធបណ្ដាំ ។ ពុទ្ធបរិនិពា្វន ( –ប៉ៈរ៉ិ-និប-ពាន ) ន. (បា.; សំ. –បរិនិវ៌ាណ ) ដំណើររលត់ខន្ធនៃព្រះពុទ្ធ ( ដំណើរដែលព្រះពុទ្ធទ្រង់អស់ព្រះជន្ម ) ។ ពុទ្ធបរិស័ទ ឬ –សទ្យ ( –បរ៉ិស័ត) ន. បរិស័ទនៃព្រះពុទ្ធ ( ម. ព. ពុទ្ធ និង បរិស័ទ ផង ) ។ ពុទ្ធបវត្តិ ( –ប៉ៈវ៉ាត់) ន. (បា. ពុទ្ធ + បវត្តិ >, ពុទ្ធប្បវត្តិ; សំ. –ប្រវ្ឫត្តិ ) សេចក្ដីតំណាលអំពីរឿងរ៉ាវព្រះពុទ្ធ, រឿងព្រះពុទ្ធ (ពង្សាវតារព្រះពុទ្ធ); សរសេរជា ពុទ្ធប្បវត្តិ ក៏បាន; ហៅថា ពុទ្ធប្រវតិ្ត ក៏បាន ( ម. ព. ប្រវត្តិ ផង ) ។ ពុទ្ធបាទ ( –បាត ) ន. (សំ. បា. ពុទ្ធ + បាទ ) ព្រះបាទព្រះពុទ្ធ ។ ស្នាមចម្លាក់ជារូបព្រះបាទ គឺរូបដានព្រះបាទនៃព្រះសម្មាសម្ពុទ្ធខ្មែរក៏ហៅថា ពុទ្ធបាទ ឬ ព្រះបាទ ដែរ ។ ពុទ្ធបិតា ( –បិដា) ន. (បា. ) បិតារបស់ព្រះពុទ្ធ : ព្រះបាទស្រីសុទ្ធោទន : ជាពុទ្ធបិតា ។ ពុទ្ធបុត្ត ឬ –បុត្រ ( –បុត) ន. ( បា. ឬ សំ. ) បុត្រនៃព្រះពុទ្ធ : រាហុលកុមារជាពុទ្ធបុត្ត (ម. ព. ពុទ្ធជិនោរស ផង ) ។ ពុទ្ធបូជា ន. (សំ. បា. ) ការបូជាចំពោះព្រះពុទ្ធ( ម. ព. បូជា ផង ) ។ ពុទ្ធប្រវត្តិ ( ពុត-ធៈប្រវ៉ាត់ ) មើលពាក្យ ពុទ្ធបវតិ្ត ។ ពុទ្ធព្យាករណ៍ ( –ព្យា-ក) ន. ( បា. ពុទ្ធព្យាករណ; សំ. ពុទ្ធវ្យាករណ) ការសម្ដែងចង្អុលសេចក្ដីប្រាប់ឬសម្ដែងប្រាប់សេចក្ដីច្បាស់លាស់របស់ព្រះពុទ្ធ, ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែងដោះស្រាយ, ទំនាយ របស់ព្រះពុទ្ធ ( ម. ព. ពុទ្ធទំនាយ ផង ) ។ ពុទ្ធភាសិត ន. (បា.; សំ. –ភាឞិក) ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែង, សម្ដីព្រះពុទ្ធ, ព្រះពុទ្ធដីកា ។ពុទ្ធភូមិ ( –ភូម ) ន. ( សំ. បា. ) ទី ឬតំណែង,នាទី សម្រាប់ព្រះពុទ្ធ គឺបារមីដែលជាធម៌ធ្វើបុគ្គលឲ្យបានត្រាស់ជាព្រះពុទ្ធ : បំពេញពុទ្ធភូមិ ។ ពុទ្ធមន្ត ( –មន់) ន. (បា. សំ. –មន្រ្ត) មន្តរបស់ព្រះពុទ្ធ គឺពុទ្ធភាសិត : រៀនពុទ្ធមន្ត, ស្វាធ្យាយពុទ្ធមន្ត, ចម្រើនពុទ្ធមន្ត (ព. ពុ. ) ។ ពុទ្ធមាតា ( –មាដា ) ន. ( បា. ) មាតានៃព្រះពុទ្ធ : ព្រះនាងស្រីមហាមាយាជាពុទ្ធមាតា (ព. ពុ.) ។ ពុទ្ធមាមកៈ ( –មាមៈកៈ) ន. ឬ គុ. ( បា. –មាមក ) អ្នករាប់អានស៊ប់ចិត្តថាព្រះពុទ្ធជារបស់អតា្មអញ គឺអ្នកជឿព្រះពុទ្ធសាសនាស៊ប់; បើស្ដ្រីជា ពុទ្ធមាមិកា, គេតែងនិយាយថា ខ្ញុំជាពុទ្ធមាមកៈ, ភរិយារបស់ខ្ញុំជាពុទ្ធមាមិកា( ហៅថា ពុទ្ធមាមកជន ក៏បាន ) ។ វេវ. ពុទ្ធសាសនិក, ពុទ្ធសាសនិកា, ពុទ្ធសាសនិកជន, ពុទ្ធិក, ពុទ្ធិកា ។ ពុទ្ធរង្សី ឬ –រស្មី ( –រ័ង-សី ឬ –រ័សស្មី ) ន. (បា. –រំសិ; សំ. –រឝ្មី) រស្មីព្រះពុទ្ធ គឺពន្លឺដែលភ្លឺចេញអំពីសរីរកាយនៃព្រះពុទ្ធ ។ ពុទ្ធរតនៈឬពុទ្ធរត្ន ( –រៈតៈន៉ៈ ឬ –រ័ត, ឬ ត. ទ. ស្រ.ពុត-រ័ត ) ន. រតនៈ គឺព្រះពុទ្ធឬកែវគឺព្រះពុទ្ធ ( ព្រះពុទ្ធបានជាហៅថា រតនៈ ព្រោះព្រះអង្គបរិសុទ្ធប្រសើរដូចជាកែវឬពេជ្យដែលបរិសុទ្ធឥតមន្ទិល), គេច្រើននិយាយថា ព្រះពុទ្ធរត្ន, ព្រះធម៌រត្ន, ព្រះសង្ឃរត្ន (ព. ពុ. ) ។ ពុទ្ធរស្មី ( ដូចគ្នានឹង ពុទ្ធរង្សី ) ។ ពុទ្ធរូប ន. (សំ. បា. ) រូបព្រះពុទ្ធ, រូបដែលសាងជាតំណាងព្រះពុទ្ធ : សាងព្រះពុទ្ធរូប ។ វេវ. ពុទ្ធបដិមា ។ពុទ្ធវចន ឬ –នៈ ( –វៈចៈន៉ៈ ) ន. (សំ. បា.) ពាក្យព្រះពុទ្ធ, ព្រះត្រៃបិដក : រៀនពុទ្ធវចនៈ, ប្រតិបត្តិតាមពុទ្ធវចនៈ ។ ពុទ្ធវង្ស ( –វង់) ន. ( បា. ពុទ្ធវំស ) វង្សព្រះពុទ្ធ ។ពាក្យសម្រាប់ហៅពោធិសត្វដែលបានពុទ្ធទំនាយហើយ : ព្រះអង្គជាពុទ្ធង្កូរបណ្តូល ពុទ្ធវង្ស (ព. ទេ.) ។ ឈ្មោះសុត្តន្គបិដក ១ គម្ពីរប៉ែកខាងខុទ្ទកនិកាយសម្ដែងរឿងពោធិសត្វដែលបានទំនាយអំពីព្រះសព្វញ្ញពុទ្ធម្ភៃបួនព្រះអង្គ និងការចែកព្រះសារីរិកធាតុព្រមទាំងគ្រឿងបរិក្ខារនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ ។ ឋានន្ដរជាសមណស៍ក្ដិទីរាជាគណៈសម្រាប់ត្រីក្នុងកម្ពុជប្រទេស : ព្រះពុទ្ធវង្ស ។ ពុទ្ធវេនេយ្យសត្វ ( –វេនៃ-យៈ– ) ន. សត្វដែលព្រះពុទ្ធគួរទូន្មានបាន, សត្វដែលមានឧបនិស្ស័យបានតែព្រះពុទ្ធទើបប្រៀនប្រដៅបាន ។ពុទ្ធសករាជ ( –សៈកៈរ៉ាច, ឬ ត. ទ. ស្រ. –ស័ក-ក្រាច ) ន. ចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ១៥កើតខែពិសាខឆ្នាំម្សាញ់រាប់ពីត្រឹមថ្ងៃ១រោចខែពិសាខនោះមកជាពុទ្ធសករាជ ។ ទំនៀមរាប់ពុទ្ធសករាជដោយទៀងទាត់របស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងរបៀបទេស្នា ដែលហៅថា បកសករាជ រាប់យកចំណែកខាងរនោចខែមួយមុនប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា១ខែគឺត្រូវរាប់ពីថ្ងៃ ១ រោចខែពិសាខ មកដល់ថ្ងៃ ១៥ កើតខែជេស្ឋ ជាមួយខែ ។ ល ។ ពីថ្ងៃ១រោចខែចេត្រ មកដល់ថ្ងៃ១៥កើតខែពិសាខជាមួយខែ ( ពេញជា ១ ឆ្នាំ ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែឆ្នាំនោះជាបច្ចុប្បន្នកាល មិនទាន់រាប់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ១៥រោចខែស្រាពណ៍ ឆ្នាំមមីបន្ទាប់ឆ្នាំពុទ្ធបរិនិព្វានត្រូវរាប់ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ឆ្នាំ ៣ខែ ១៤ថ្ងៃ ( កន្លងទៅហើយបានប៉ុន្មាន ត្រូវថាតែត្រឹមប៉ុណ្ណោះ ); តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ, កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួងឬនិយាយស្ដីប្រាប់គ្នាតាមធម្មតា នោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមី ដែលចូលក្នុងរវាងឆ្នាំគម្រប់២នុ៎ះឯងថា ពុទ្ធសករាជ ២ ឆ្នាំ ឬ ពុទ្ធសករាជ២; បើប្រើអក្សរសង្ខេប ត្រូវសរសេរថា ព. ស. ២ (ម. ព. សករាជ ទៀតផង ) ។ ពុទ្ធសម័យ ( ម. ព. ពុទ្ធកាល ) ។ ពុទ្ធសាសនកាល ( –សាសៈន៉ៈ– ) ន. (បា. ) កាល ឬសម័យដែលមានព្រះពុទ្ធសាសនា គឺកាលដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅហើយ តែនៅមានធម៌វិន័យជាព្រះពុទ្ធសាសនា និងពួកពុទ្ធសាសនិក : កើតទាន់ពុទ្ធសាសនកាល ( ហៅថា ពុទ្ធសាសនសម័យ ក៏បាន ) ។ពុទ្ធសាសនសម័យ ( –សាសៈន៉ៈសៈម៉ៃ ) ន. ( បា. –សមយ )ដូចគ្នានឹង ពុទ្ធសាសនកាល ដែរ ។ ពុទ្ធសាសនា ( –សាសៈន៉ា, ឬ ត. ទ. ស្រ. –សាស្នា ) ន. ( បា. –សាសន; សំ. –ឝាសន ) ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ, ពុទ្ធបណ្ដាំ ( ពុទ្ធវចនៈ ) : អ្នកកាន់ពុទ្ធសាសនា, ប្រតិបតិ្តតាមលំអានពុទ្ធសាសនា ( ព. កា. សរសេរជា ពុទ្ធសា ស្នា ក៏បាន ) ។ ពុទ្ធសាសនិក (– សាសៈនិកៈ ឬ –សាសៈនិក ) ន. ឬ គុ. (បា. ) អ្នកកាន់ពុទ្ធសាសនា : ពួកពុទ្ធសាសនិក; បើស្ដ្រីជា ពុទ្ធសាសនិកា : នាងនោះជាពុទ្ធសាសនិកា;ហៅថាពុទ្ធសាសនិកជន ក៏បាន ទាំងបុរសទាំងស្ដ្រី (ម. ព. ពុទ្ធមាមកៈ ផង ) ។ ពុទ្ធអង្គ ( –អង់) ន. អង្គព្រះពុទ្ធ ។ ពាក្យសម្រាប់ហៅព្រះពុទ្ធដោយសេចក្ដីគោរព ( តាមទម្លាប់ប្រើ ) : ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងធម៌…។ ពុទ្ធឱវាទ ( –ឱវ៉ាត ) ដូចគ្នានឹងពុទ្ធោវាទ ដែរ ។ ពុទ្ធឱស្ឋ ( –ឱស ) ន. ( សំ. ពុទ្ធ +ឱឞ្ឋ; បា. ពុទ្ធ + ឱជ្ឋ “រឹមបបូរមាត់,មាត់”)ព្រះឱស្ធ ព្រះពុទ្ធ: ពាក្យទាំងនេះចេញពីព្រះពុទ្ធឱស្ធ (ព.ពុ. ) ។ពុទ្ធានុញ្ញាត (ពុត-ធានុញ-ញ៉ាត) ន. ឬ គុ. (បា. ពុទ្ធ+អនុញ្ញាត) វិន័យដែលព្រះពុទ្ធទ្រង់អនុញ្ញាត គឺដែលទ្រង់យល់ព្រមឲ្យធ្វើ, ឲ្យប្រព្រឹត្ត ,ឲ្យប្រតិបត្តិ ព្រោះទ្រង់យល់ឃើញថាមានប្រយោជន៍ : វិន័យនេះជាពុទ្ធានុញ្ញាត, នុ៎ះជាពុទ្ធប្បញ្ញត្តិ (ព.វិ.ពុ.)។ ព.ផ្ទ. ពុទ្ធប្បញ្ញត្តិ ។ ពុទ្ធានុស្សតិ (— នុស-សៈតិ)សេចក្ដីរលឹកចំពោះព្រះពុទ្ធ, ការនឹករឿយៗដល់ព្រះពុទ្ធគុណ ។ ពុទ្ធាសនៈ (— សៈន៉ៈ)អាសនៈនៃព្រះពុទ្ធ, អាសនៈសម្រាប់តម្កល់ព្រះពុទ្ធរូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply