Posted on Leave a comment

តើពាក្យ «ទេវ» មានន័យដូចម្ដេច ?


ទេវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ) ( ម. ព. ទេព ) ។ ទេវៈបពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ! រីប្រទេសដែលបានសុខស្បើយឥតមានទុក្ខភ័យ ទាំងនេះក៏ដោយសារតែព្រះតេជះសម្ភារបារមីទសពិធរាជធម៌នៃព្រះអង្គ ! ( ព. ទេ. ប្រែរយបុរាណ ) ។ ទេវកញ្ញា ឬ ទេវកន្យា ន. (ម. ព. ទេពកញ្ញា ) ។ ទេវតា (ទេវៈដា) ន. (ម. ព. ទេព និង ទេពតា) ។ទេវតាពលី (ទេវៈតាពៈលី) ន. (បា. ទេវតាពលិ ឬ —ពលី; សំ. ទេវតាពលិន៑) គ្រឿងបូជាចំពោះទេវតា ។ ទេវតាពលីមាន២យ៉ាងគឺ ១- ខាងពុទ្ធសាសនាប្រើឧទ្ទិស ចំណែកបុណ្យជូនចំពោះទេវតា; ២- ខាងលទ្ធិខ្លះក្រៅពីពុទ្ធសាសនា ប្រើបូជាវត្ថុផ្សេងៗមានភោជនាហារជាដើម ចំពោះទេវតា (ម. ព. ពលី ទៀតផង)។ ទេវទូត ន. (សំ. បា. ) បម្រើរបស់ទេវតា, ទេវតាអ្នកទទួលខ្លួនបម្រើសម្រេចកិច្ចការអ្វី ម្យ៉ាងៗ (ម. ព. ទូត ផង )។ ទេវទេព (ទេវៈទេប) ន. (សំ. បា. ទេវទេវ) ទេវតារបស់ទេវតា ឬទេវតាកន្លងលើសអស់ទេវតា (ព្រះសម្មាសម្ពុទ្ធ; ព្រះព្រហ្ម )។ ទេវធម៌ (ទេវៈធ័រ) ន. (សំ.; បា. ទេវធម្ម ) ធម៌សម្រាប់ទេវតា ឬធម៌សម្រាប់ធ្វើបុគ្គលឲ្យបានជាទេវតា; ទេវធម៌មាន ២ យ៉ាងគឺ ហិរិ សេចក្ដីខ្មាសអំពើអាក្រក់; ឱត្តប្ប: សេចក្ដីរាងចាលរអានឹងអំពើអាក្រក់ : មនុស្សមានហិរិនិងឱត្តប្បៈ ហៅថាអ្នកមានទេវធម៌ ។ ទេវធីតា (ទេវៈធីដា) ន. (ម. ព.ទេពធីតា) ។ ទេវនាគរី ( ទេវៈនាគៈរី) ន. (សំ. ទេវ “ទេវតា” + នាគរី “ស្រ្តីអ្នកក្រុង; ស្រ្តីអ្នកឈ្លាសខាងឧបាយល្បួង . . .”) ឈ្មោះអក្សរមួយបែបរបស់ពួកព្រាហ្មណ៍ក្នុងប្រទេសឥណ្ឌា មានតាំងពីយូរអង្វែងហើយដរាបមកដល់សព្វថ្ងៃនេះ, សម្រាប់កត់ត្រាភាសាសំស្រ្កឹត : អក្សរទេវនាគរី ។ ទេវនារី ( ទេវៈ—) ន. (ម. ព. ទិព្វនារី ) ។ ទេវនិករ (ទេវៈ—) ន. (ម. ព. ទេពនិករ) ។ ទេវនិកាយ (ទេវៈ—) ន. (ម. ព. ទេពនិកាយ) ។ ទេវបញ្ជា (ទេវៈប័ញជា) ន. សេចក្ដីបង្គាប់របស់ទេវតា : ព្រះឥន្រ្ទទ្រង់មានទេវបញ្ជាទៅនឹងព្រះវិស្សកម្មទេវបុត្រឲ្យចុះមកនិម្មិតអាស្រមថ្វាយព្រះវេស្សន្ដរ ។ ទេវបុត្ត ( ទេវៈបុត) ន. (បា.; សំ. ទេវបុត្រ ) ទេវតាប្រុស ។ ទេវបុត្រ ( ទេវៈបុត) ន. ដូចគ្នានឹង ទេវបុត្ត ដែរ ។ ទេវភូត ( ទេវៈ—) ន. (បា.) ពួកភូត (សត្វ ) គឺទេព្ដា; ទេព្ដាទុកដូចជាពួកភូត ។ ទេវរាជ ( ទេវៈរាច) ន. (សំ. បា.) សេ្ដចនៃទេវតា ឬទេវតាជាស្ដេច; ព្រះឥន្រ្ទ ។ ទេវរូប ( ទេវៈ—) ន. (សំ. បា. ) រូបទេពតា ; រូបប្រៀបដោយរូបទេពតា ។ ទេវលោក ( ទេវៈ—) ន. (សំ. បា. ) លោកជាទីនៅនៃពួកទេវតា, ស្ថានសួគ៌ ។ ទេវវិមាន ( ទេវៈ—) ន. ដូចគ្នានឹង ទេពវិមាន ។ ទេវស្ថាន (ទេវៈ—) ន. (សំ.; បា. ទេវដ្ឋាន) ទី, លំនៅរបស់ទេវតា ។ ប្រាសាទ, អាស្រម, រោងតម្កល់ទេវរូបតាមសណ្ដាប់ពួកព្រាហ្មណ៍ ។ ទេវឫទ្ធិ ( ទេវៈរឹត) ន. (សំ. ) ឫទិ្ធរបស់ទេវតា ( ម. ព. ឫទ្ធិ ផង) ។ ទេវា ដូចគ្នានឹង ទេពា។ទេវានុភាព (—ភាប) ន. (សំ. បា. ទេវានុភាវ) អានុភាពនៃទេវតា (ម. ព. អានុភាព ផង) ។ ទេវាយតនៈ ( ទេវាយៈតៈន៉ៈ) ន. (សំ. បា. ) លំនៅទេវតា (ដូចគ្នានឹង ទេវស្ថាន ដែរ ) ។ ទេវាយុធ (—យុត) ន. (សំ.) អាវុធរបស់ទេវតា គឺឥន្ទធនូ ។ ទេវាវិនិច្ឆ័យ ន. (បា. ទេវ + វិនិច្ឆយ “ការវិនិច្ឆ័យរបស់ទេវតា”) ពាក្យនេះ ខ្មែរយើងប្រើឲ្យឈ្មោះប្រាសាទជាស្ថានសម្រាប់ប្រជុំធំនៅក្នុងព្រះបរមរាជវាំងចតុម្មុខ ជាប្រាសាទដែលតម្កល់ស្វេត្រឆត្រធំសម្រាប់រាជ្យ : ព្រះទីន័ងទេវាវិនិច្ឆ័យ ឬ ប្រាសាទទេវាវិនិច្ឆ័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply