Posted on Leave a comment

តើពាក្យ «បែក» មានន័យដូចម្ដេច ?


បែក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រយៈ; ឃ្លាតចេញពីគ្នា; សាយភាយ, ចេញព្រាតព្រោង ។ ល ។ បែកការ ធ្វើការកំបាំងឬសេចក្ដីកំបាំងឲ្យលេចឮសាយសុស នាំឲ្យខូចការ ។ បែកកុក (ចិ. កុ៎ក “ពួក, ក្រុម, ទីប្រជុំ; ស្រុក”) បែកពួក ។ បែកខ្ញែក បែករាត់រាយប្រញាយចេញពីគ្នា ។ បែកខ្នែង ចេញខ្នែង ។ បែកខ្មោច ប្រព្រឹត្តក្នុងការស្មន់អន្ធករនឹងគ្នា លុះដល់មានញាតិណាមួយ (ច្រើនតែខាងស្រី) ឈឺចាប់ គេគន់គូរមើលតាមក្បួន ឬបន់ស្រន់បូរបាច់ទៅឃើញថាត្រូវខ្មោចមេបាធ្វើទើបគេចាប់ប្រកាន់ឲ្យសែនខ្មោចឲ្យគេ . . . ។ បែកគំនិត ឬ បែកប្រាជ្ញា កើតមានគំនិតឬប្រាជ្ញាថ្មីប្លែកៗ ផ្សេងជាងពីមុន ។ បែកចិត្ត ងាកចិត្តចេញលែងរាប់រក ។ បែកចំណេះ កើតមានចំណេះប្លែកៗឡើងជាងពីមុន ។ បែកញើស ចេញញើស ។ បែកបាក់ ឬ បាក់បែក បែកខ្លះបាក់ខ្លះខ្ទេចខ្ទី។ ព. ប្រ. ដាច់ដោចប្ដីប្រពន្ធឬឈ្លោះទាស់គ្នានឹងបងប្អូនញាតិមិត្រ គឺបែកចិត្តលែងរាប់អានគ្នា ។ បែកពួក បែកចេញជាពួកៗ ដោយមានគំនិតយល់ខុសគ្នា ។ បែកមែក ចេញមែកលូតលាស់ចម្រើនឡើង។ ព. ប្រ. បែកជាកូនពូនជាចៅ គឺកើតមានកូនចៅសាយរាយច្រើនឡើង ។ បែករំហាច ជន់លិចសាយពេញវាលរហរហាច (និយាយបានចំពោះតែទឹក) : ទឹកជន់សាយលិចវាលបែករំហាច ។ បែកសា វះសត្វតាយសាកឲ្យបែកបំពង់បស្សាវៈ ធុំក្លិនឆ្អេះខូចរសជាតិសាច់ ។ ព. ប្រ. និយាយបែកសា ឬ បែកសាយាមោ គឺនិយាយបែកពីនេះពីនោះមិនចេះចប់ ។ បែកសាមគ្គី បែកសេចក្ដីព្រមព្រៀងគ្នា។ ព. ទ. បុ. បែកជាអូរហូរទៅជាស្ទឹង ឈ្លោះប្រកែករំលើកបើកកកាយពីតិចតួចផ្តួចដាលរាលទៅជាធំ ហាក់ដូចជាទឹកហូរច្រោះកើតជាអូរ យូរៗទៅកើតបានជាស្ទឹង, ឬពុំនោះហាក់ដូចជាទឹកហូរធ្លាក់មកក្នុងអូរហូរចុះតទៅក្នុងស្ទឹង ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply