ពញា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប្រើពាក្យនេះជា ព្រះយា អ. ថ. ភ្រៈយ៉ា ព. សា. ថា ផ្យា; ល. ពះញា អ. ថ. ផ្ញា “ឧកញ៉ា**” ) ។
ឧទាហរណ៍៖ ពាក្យ ពញា នេះជា អញ្ញត្រសព្ទពីព្រោះត្រូវសរសេរផ្ញើជើង ញ ជា ព្ញា បែរជាសរសេររាយតួជា ពញា វិញ ដើម្បីកុំឲ្យច្រឡំនឹង ឭ ( ឭ ឮ ); កាលពីបុរាណព្រេងនាយ ហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យថា ពញា ដូចជា ពញាយ៉ាត, ពញាតូ ជាដើម, លុះចំណេរកាលតមក, លែងហៅ ពញា បែរជាហៅ អង្គ វិញ ដូចជា អង្គអិម, អង្គអេង, អង្គតន់, អង្គដួង ជាដើម, ចំណេរកាលតពីនោះមក ប្រែហៅថា ព្រះអង្គម្ចាស់ វិញ ដរាបដលមកសម័យបច្ចុប្បន្ននេះ ។ ក្នុងសម័យបន្ទាប់ពីប្រែ ពញា ជា អង្គ វិញនោះ ព្រះមហាក្សត្រិយ៍ទ្រង់យកពាក្យ ពញា នេះមកប្រើជាឋានន្ដរនៃមន្ត្រីថ្នាក់ខ្ពស់វិញ ប្រើជា៣ថ្នាក់គឺ ពញា, ចៅពញា, សម្ដេចចៅពញា; លុះចំណេរកាលតពីនោះមកទៀត ប្រើពាក្យ ឧកញ៉ា**, អ្នកឧកញ៉ា**, លោកអ្នកឧកញ៉ា** ជាជំនួសពាក្យ ពញា វិញ ដរាបមកដល់សព្វថ្ងៃនេះ ; ឯពាក្យ ពញា បែរប្រើជាឋានន្ដរ មេឃុំ វិញថា ពញារក្សាភិបាលឃុំ . . . , ដល់មកសម័យរាជការសង្គមរាស្រ្តនិយមព្រះពុទ្ធសាសនាឯករាជ្យអព្យាក្រឹត្ត ផ្លាស់ពាក្យ មេឃុំ ជានាយសង្កាត់ វិញ ថា នាយសង្កាត់ . . . ;ទាំងពាក្យ ឃុំ ក៏ហៅថា សង្កាត់ ដែរ ហៅថា សង្កាត់នេះ សង្កាត់នោះ តាមឈ្មោះសង្កាត់នានាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល, ឯក្នុងព្រះរាជធានីភ្នំពេញហៅសង្កាត់តាមលំដាប់លេខរៀងថា សង្កាត់លេខ១; សង្កាត់លេខ២, សង្កាត់លេខ៣ ។ ល ។ ( នេះជាប្រវត្តិនៃពាក្យ ពញា ) ។ **ពាក្យ “ឧកញ៉ា” ត្រូវបានកែតម្រូវពីពាក្យដើម “ឲកញ៉ា” ដោយហេតុថាពុំមានពាក្យ “ឲកញ៉ា” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖