Posted on Leave a comment

តើពាក្យ «ភ្លើង» មានន័យដូចម្ដេច ?


ភ្លើង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុមួយប្រភេទដែលបណ្ដាលឲ្យមានកម្ដៅនិងពន្លឺ; ធាតុក្ដៅ; អាការក្ដៅផ្សេងៗ ។ ភ្លើងកល្ប ភ្លើងដែលឆេះរំលាងកល្ប ។ ភ្លើងទុក្ខភ្លើងកិលេស សេចក្ដីក្ដៅដែលបណ្ដាលមកអំពីការកើតទុក្ខព្រួយ និងគ្រឿងសៅហ្មងចិត្ត . . . ។ ភ្លើងធាតុ ឬ ធាតុភ្លើង កម្ដៅដែលកើតមានក្នុងរាងកាយមនុស្សសត្វជាដើម ។ ភ្លើងព្រៃ ភ្លើងដែលឆេះព្រៃ ។ ភ្លើងរាគ សេចក្ដីក្ដៅក្រហាយ, អន្ទះអន្ទែង, ខ្លោចផ្សា . . . ដែលកើតព្រោះតម្រេក ។ ល ។ បង្កាត់ភ្លើង ធ្វើភ្លើងឲ្យកាត់ឆេះច្រើនឡើងដោយសម្រាមនិងឧសជាដើម ។ ពួតភ្លើង បង្កើតឲ្យមានភ្លើងឡើងដោយពំនួតភ្លើង ។ ល ។ ព. ប្រ. ភ្លើងឆេះ ខឹងច្រឡោតខ្លាំង ។ រម្លត់ភ្លើង រម្លត់សេចក្ដីក្ដៅ ដែលកើតអំពីរាគាទិក្កិលេស ។ ល ។ អ្វីៗដែលមានធាតុក្ដៅ ហឹរផ្សាច្រើន ឬដែលមានសម្បុរស្រដៀងនឹងភ្លើង ក៏ហៅដាក់ពាក្យថា ភ្លើង ភ្ជាប់នៅខាងចុងដែរ, ដូចជា
ឧទាហរណ៍៖ ខ្ញីភ្លើង, ឃ្លង់ភ្លើង, ចិត្រមូលភ្លើង, ឈើភ្លើង, ពិសភ្លើង, សង្កែភ្លើង, ស្រមោចភ្លើង ។ ល ។ ( សិលាចារឹកសម័យមហានគរ ( នគរធំ ) សរសេរ វ្លើង, លុះចំណេរកាលតមកផ្លាស់ វ ជា ព សរសេរជា ព្លើង, តាមន័យនេះ គួរប្រើជា ព្លើង, ប៉ុន្តែបានប្រើ សិថិល ជា ធនិត គឺ ព > ភ យូរហើយ, សម័យបច្ចុប្បន្ន ក៏ត្រូវសរសេរ ភ្លើង ដូច្នេះឯង ) ។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការបង្ហាញអោយឃើញចំហេះរហ័ស ឬបន្សំរូបធាតុជាមួយអុកស៊ី សែន។ មើល flame ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply