មហា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរស័ក្ដិសម្រាប់បព្វជិតដែលដេញប្រយោគព្រះបរិយត្តិធម៌បាន គឺភិក្ខុឬសាមណេរដែលប្រឡងវិធីប្រែបាលីក្នុងទីសន្និបាតនៃមេប្រយោគមួយក្រុមជាអ្នកពិនិត្យ, អាចប្រែរួចមិនទើសទាក់, ហើយមានរាជានុញ្ញាតតាំងកំណត់ពីត្រឹមថ្នាក់ ៣ ប្រយោគឡើងទៅ, ហៅថា មហា ៣ ប្រយោគ, មហា ៤ ប្រយោគ ។ ល។ ហៅយ៉ាងខ្លីត្រឹមតែ មហា ភ្ជាប់ជាខាងដើមនៃបកតិនាមរបស់បព្វជិតនោះ ( ឋានន្តរនេះតាំងតាមលំអានបវេណីនៃពាក្យ មហា ដែលជាគុណបទនៃបកតិនាមរបស់ព្រះថេរៈទាំងឡាយអំពីបុរាណ ដូចយ៉ាង ព្រះមហា-សារីបុត្ត, ព្រះមហា-មោគ្គល្លាន, ព្រះមហា-កស្សប, ព្រះមហា-អានន្ទ ជាដើមនោះឯង ) ។ បុរសដែលគេសន្មតឲ្យជាអ្នកស្ដីទី មហាទេព ឬ មហាមន្ត្រី ក្នុងវេលាធ្វើមង្គលការអាពាហ៍ពិពាហ៍, ជាអ្នកនិយាយការគ្រប់ជំពូកជាមួយនឹងពួកមេបា; ហៅកាត់ពាក្យខ្លីត្រឹមតែ មហា ឬ អ្នកមហា ជាគូនឹងស្ត្រីជា អ្នកផ្លូវ, ចួនកាលហៅរួមថា អ្នកផ្លូវចៅមហា ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( មកពី សំ. មហត៑, មហន្ត៑; បា. មហន្ត > មហា ) ធំ; ច្រើន; ប្រសើរ; សម្បើម; ខ្លាំង…។ គុណនាមនេះសម្រាប់ប្រើជាបទសមាសរៀងជាខាងដើមនៃសព្ទដទៃ, ប្រើបានជាអនេករាប់ពុំអស់, ដូចជា : មហាថេរ ព្រះថេរៈធំ; មហាទាន ទានធំ; មហាមុនី អ្នកប្រាជ្ញធំ; មហារាជ ស្ដេចធំ; មហាវ័ន ព្រៃធំ; មហាសាលា សាលាធំជាដើម ។ សូម្បីភាសាខ្មែរក៏អាចប្រើសព្ទ មហា នេះផ្សំចូលជាបទសមាសបានខ្លះ ( តាមទម្លាប់ប្រើ ), ដូចជា : មហាកម្ជិល ខ្ជិលធំ, ដែលខ្ជឹលខ្លាំង; មហាក្រ ដែលក្រខ្លាំង, ដែលក្រក្រៃពេក; មហាខូច ខូចធំ, ដែលខូចបណ្ដាច់; មហាគំរក់ គំរក់បំផុត; មហាទូលាយ ទូលាយពន់ពេក; មហាប្រសើរ ប្រសើរក្រៃពេក; មហាព្រើល ព្រើលធំ, ព្រើលខ្លាំង; មហារពឹស រពឹសណាស់; មហាលំបាក លំបាកខ្លាំង; មហាល្មោភ ល្មោភក្រៃពេក, ល្មោភខ្លាំង; មហាអំណត់ អំណត់ខ្លាំង, ដែលអត់ឃ្លានខ្លាំងណាស់ ឬដែលប៉ិនអត់ទ្រាំពេក; មហាអំណាច អំណាចធំ, ដែលមានអំណាចច្រើនជាដើម ( ពាក្យក្រៅពីនេះដែលភ្ជាប់ មហា នៅខាងដើមទាំងប៉ុន្មានដូចមានតរៀងតាមលំដាប់អក្សរទៅ ) ។ មហាកច្ចាយនៈ ( មៈហាក័ចចាយ៉ៈន៉ៈ ) ន. ( បា. ) នាមព្រះមហាថេរមួយអង្គក្នុងពុទ្ធសម័យ ( រាប់ចូលក្នុងពួកអសីតិមហាសាវ័ក, ព្រះសម្មាសម្ពុទ្ធទ្រង់លើកសរសើរថា ជាអ្នកប៉ិនប្រសប់ខាងការសម្ដែងសេចក្ដីសេង្ខបឲ្យពិស្ដារទូលាយបាន ) ។ មានព្រះមហាថេរមូយអង្គផ្សេងទៀតមាននាមថា មហាកច្ចាយនៈ ដែរ កើតនៅក្នុងក្រុង មថុរា រដ្ឋសុរសេន ( ប្រទេសឥណ្ឌាភាគខាងត្បូង ដែលហៅថា រដ្ឋអវន្តិ ក្នុងសម័យបុរាណ ) ព្រះមហាកច្ចាយនត្ថេរអង្គនេះបានតែងវេយ្យាករណ៍ជាភាសាបាលីមួយគម្ពីរឈ្មោះ មូលកច្ចាយន ព្រមទាំងមេសូត្រជាគោលផងហៅថា កច្ចាយនសូត្រ ក្នុងពុទ្ធសតវត្សរ៍ទី ១១ គ្រិស្តសតវត្សរ៍ទី ៦, ជាវេយ្យាករណ៍បាលីចាស់ជាងបាលីវេយ្យាករណ៍ឯទៀត, សម្រាប់ឲ្យកុលបុត្ររៀនសូត្ររហូតមកដល់សម័យយើងសព្វថ្ងៃនេះ ។ មហាករុណា ( –កៈ– ) ន. ( សំ. បា. ) សេចក្ដីអាណិតធំឬច្រើន គឺអាណិតចំពោះសព្វសត្វមិនរើសមុខ ចង់ឲ្យរួចចាកទុក្ខភ័យទាំងអស់គ្នា ( ករុណារបស់ព្រះសព្វញ្ញុពុទ្ធ ) ។ មហាកវី ( –កៈវ៉ី ) ន. ( សំ. បា. –កវិ ) អ្នកប្រាជ្ញាធំ, អ្នកប្រាជ្ញធំខាងការតែងកាព្យ ។ មហាកាព្យ ( –កាប ) ន. ( បា. ; សំ. –កាវ្យ ឬ –កាព្យ ក៏មានខ្លះ ) កាព្យធំ គឺកាព្យដែលមានដំណើរសេចក្ដីពិស្ដារវែង ។ មហាកោលាហល ( –កោល៉ាហល់ ) ន. ( សំ. បា. ) កោលាហលធំ គឺសូរសព្ទគឹកកងរំពងខ្លាំង, ការផ្អើលជ្រួលជ្រើមបញ្ចេញសូរសព្ទកងរំពងខ្លាំង ។ មហាក្សត្រ ( –ក្ស័ត ) ន. ( សំ. ) ក្សត្រធំ, ក្សត្រិយ៍ប្រសើរ; បើជាស្រ្តី មហាក្សត្រី ឬ មហាក្សត្រិយានី ។ មហាក្សត្រាធិរាជ ព្រះរាជាដែលក្រៃលែងជាងពួកមហាក្សត្រឬស្ដេច ដែលជាចម្បងក្នុងពួកមហាក្សត្រ ។ មហាក្សត្រិយ៍ ( –ក្ស័ត ) ន. ( សំ. –ក្សត្រិយ; បា. ខត្តិយ ) ដូចគ្នានឹង មហាក្សត្រដែរ ។ មហាក្សត្រិយវង្ស ឬ –ខត្តិយវង្ស វង្សមហាក្សត្រិយ៍; ដែលជាពូជពង្សនៃមហាក្សត្រិយ៍ ( ច្រើនប្រើជាគោរម្យព្រះនាមនៃក្សត្រិយ៍ទ្រង់រាជ្យ ) ។ មហាគាមភោជក ( –គាមៈភោជៈកៈ ឬ –ជក់ ) ន. ( បា. ) អភិបាលស្រុក; ហៅជា សំ. ថា មហាគ្រាមភោជក ក៏បាន ( ម. ព. គាមភោជក និង គ្រាមភោជក ផង ) ។ មហាគ្រាម ន. ( សំ. ; បា. –គាម ) ស្រុកធំ ។ មហាចក្រពត្តិ ( –ច័កក្រៈព័ត ) ន. ( សំ. –ចក្រវរ្តិន៑ ; បា. –ចក្កវត្តិ ) ស្ដេចចក្រពត្តិធំ; ហៅថា មហាចក្រពត្តិរាជ ឬ ហៅខ្លីត្រឹមតែ មហាចក្រ ក៏មាន, គេច្រើននិយាយថា សម្បត្តិមហាចក្រ ( ម. ព. ចក្រពត្តិ ផង ) ។ មហាចោរ ( –ចោ ) ន. ( បា. ; សំ. –ចៅរ ) ចោរធំ ។ មហាជន ( –ជន់ ) ន. ( បា. ) ជនច្រើន, ពួកមនុស្សច្រើន, ប្រជាជន ។ មហាជាតក៍ ( –ជាត ) ន. ( សំ. បា. –ជាតក ) ជាតកធំ; ឈ្មោះគម្ពីរជាតកមួយខាងពុទ្ធសាសនាសម្ដែងរឿងរ៉ាវព្រះវេស្សន្ដរ . . . ; ពួកពុទ្ធសាសនិកជនរាប់អានណាស់, ច្រើននិមន្តភិក្ខុសាមណេរទេស្នា តាមកាលរដូវរៀងរាល់ឆ្នាំមិនសូវដែលខាន ( ហៅថា មហាជាតិ ឬ មហាវេស្សន្ដរជាតក ក៏បាន ) ។ មហាត្ម័ន ឬ មហាត្មា ន. ( សំ. មហាត្មន៑ < មហត៑ + អាត្មន៑ ; បា. មហាត្ត < មហន្ត + អត្ត ) ចិត្តដ៏ប្រសើរ, ចិត្តទូលាយ, ចិត្តឱបអរសាទរ ។ អ្នកដែលមានចិត្តជាបុណ្យ, ដែលមានចិត្តឱបអរសាទរក្នុងដំណើរចង់ឲ្យអ្នកទាំងពួងបានសេចក្ដីសុខ ( អ្នកប្រាជ្ញខាងផ្លូវទូន្មានចិត្ត, ហាត់ចិត្ត; ច្រើនហៅសំដៅមហាឫសី, យោគី ឬព្រះអរហន្ត ) ។ មហាត្រកូល ន. ( បា. មហាកុល ) ត្រកូលធំ, ពូជវង្សខ្ពង់ខ្ពស់ ( ម. ព. ត្រកូល ផង ) ។ មហាថេរ ( –ថេរ៉ៈ ឬ –ថែ ) ន.( បា. ) ថេរៈធំ, ព្រះថេរៈធំ; បើភិក្ខុនីជា មហាថេរី ” ថេរីធំ ” ( ម. ព. ថេរ : ន. ) ។ មហាទក្សា ឈ្មោះក្បួនហោរមួយបែប និយាយពីថ្ងៃកំណើតមនុស្សជាដើម ។ មហាទាន ន. ( បា. ) ទានធំ ( អំណោយធំ ) : ព្រះវេស្សន្ដរទ្រង់បានបំពេញមហាទានធំៗជាអស្ចារ្យ ។ មហាទុក្ខ ( –ទុក ) ន. ( បា. ) ទុក្ខធំ, ទុក្ខខ្លាំង ។ មហាទុរគត ឬ –ទុគ៌ត ន. អ្នកដែលក្រីក្រលំបាកខ្លាំង ( ម. ព. ទុគ្គត, ទុរគត, ទុគ៌ត ទៀតផង ) ។ មហាទុរភិក្ស ឬ –ទុរ្ភិក្ស ន. ដំណើរអត់ឃ្លានខ្លាំង, គ្រាអំណត់ខ្លាំង ( ម. ព. ទុព្ភិក្ខ, ទុរភិក្ស, ទុរ្ភិក្ស ទៀតផង ) ។ មហាទេព ( –ទេប ) ន. ឋានន្តរមន្រ្តីទីចាងហ្វាងឆ្វេងក្រុមព្រះរាជមន្ទីរ ( រឿនហ្លួង ) ក្នុងព្រះបរមរាជវាំងនៃកម្ពុជរដ្ឋ : ឧកញ៉ាមហាទេព ( ជាគូនឹង ឧកញ៉ាមហាមន្ត្រី; ម. ព. ទេព ផង ) ។ មហាទ្វីប ន. ទ្វីបធំ; តាមលទ្ធិពុទ្ធសាសនាថាមាហាទ្វីបមាន ៤ គឺ បុព្វវិទេហៈ ឬ បូព៌វិទេហទ្វីប, ជម្ពូទ្វីប, អបរគោយានទ្វីប, ឧត្តរកុរុទ្វីប; តាមលទ្ធិបុរាណប្រាប់ចំនួននិងឈ្មោះផ្សេងៗគ្នា ខុសពីបែបនេះក៏មាន; តាមលទ្ធិសព្វថ្ងៃនេះថា មហាទ្វីបចាស់ គឺទ្វីបដែលគេស្គាល់ជាក់មកយូរហើយមាន៣គឺ ទ្វីបអាស៊ី, ទ្វីបអឺរ៉ុប, ទ្វីបអាហ្រ្វិគ; មហាទ្វីបថ្មីគឺទ្វីបដែលគេទើបនឹងស្គាល់ក្នុងសម័យខាងក្រោយមកមាន២ ទៀតគឺ ទ្វីបអាមេរិគ, ទ្វីបអូស្យានី; រួមមហាទ្វីបទាំងចាស់ទាំងថ្មីជា ៥ ហៅថា មហាទ្វីបប្រាំភាគ ( ម. ព. ទ្វីប ផង ) ។ មហាធានី ន. ក្រុងធំ, មហានគរ ( ម. ព. ធានី ផង ) ។ មហានគរ ន. នគរធំ, ក្រុងធំ ។ នគរធំ ក្នុងខែត្រសៀមរាប ( ម. ព. នគរ, នគរធំ ផង ) ។ មហានទី ន. ស្ទឹងធំ, ទន្លេធំ ( ម. ព. នទី ផង ) មហានរក ន. នរកធំ ( ម. ព. នរក ផង ) ។ មហានាគ ន. នាគធំ; ដំរីធំ . . . ។ លោកអ្នកប្រសើរបំផុត ( ព្រះសព្វញ្ញុពុទ្ធ ); ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត . . . ( ម. ព. នាគ ផង ) ។ មហានិកាយ ន. ឈ្មោះពួកបព្វជិតពុទ្ធសាសនិកក្នុងប្រទេសសៀម លាវ ខ្មែរ សម័យសព្វថ្ងៃនេះ, ជាពីរឬជាគូនឹងធម្មយុត្តិកនិកាយ ( ឈ្មោះនិកាយទាំង ២ នេះកើតមានឡើងជាដំបូងនៅប្រទេសសៀម ក្នុងសតវត្សរ៍ទី ២៤ នៃពុទ្ធសករាជ ( ម. ព. និកាយ ផង ) ។ មហានុភាព ( – ភាប ) ន. អានុភាពធំ, អំណាចខ្លាំង, មហាអំណាច ( ម. ព. អានុភាព ផង ) ។ មហាបណ្ឌិត ន. អ្នកប្រាជ្ញធំ ( ម. ព. បណ្ឌិត ផង ) ។ មហាប្រឹថពី ន. ផែនដីធំ គឺផ្ទៃផែនដីទាំងមូល ( ម. ព. ប្រឹថពី ផង ) ។ មហាផល ( –ផល់ ) ន. ផ្លែធំ; សំដៅយកផ្លែធំៗទាំងពួង មានផ្លែដូង, ត្រឡាច, ឪឡឹក ជាដើម ( ម. ព. ផល ផង ) ។ មហាពន ( –ពន់ ) ន. ព្រៃធំ ( ដូចគ្នានឹង មហាវ័ន ដែរ ) ។ ឈ្មោះកណ្ឌទី ៧ នៃគម្ពីរមហាជាតក៍ : កណ្ឌមហាពន ( ព. ពុ. ) ។ មហាពិធី ន. ពិធីធំ គឺរបៀបដែលរៀបជាពិធីបុណ្យឬក្បួនហែយ៉ាងធំ ( ម. ព. ពិធី ផង ) ។ មហាពេទ្យ ( –ពែត ) ន. ពេទ្យធំ, គ្រូពេទ្យធំ ( ម. ព. ពេទ្យ ផង ) ។ មហាពោធិ ន. ដើមពោធិ៍ដ៏ប្រសើរ គឺដើមពោធិ៍ដែលព្រះសក្យមុនីគោតមទ្រង់គង់ក្នុងម្លប់ក៏បានត្រាស់ជាព្រះពុទ្ធ ។ មហាពោធិស្ថាន ទីដែលព្រះពុទ្ធទ្រង់បានត្រាស់ ( ម. ព. ពោធិ និង ពោធិ៍ ផង ) ។ មហាព្រហ្ម ( –ព្រំ ) ន. ( បា. ) ព្រហ្មធំ ។ ឈ្មោះឋានព្រហ្មជាន់ទី ៣ ក្នុងរូបព្រហ្ម ១៦ ជាន់ ។ មហាព្រហ្មមុនី ( –ព្រំមៈ– ) ន. ឋានន្តរសម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋ ទីរាជាគណៈរឿនហ្លួង, មាននាទីជាភត្តុទេ្ទសក៍និងការប្រិតប្រៀបរៀបចំភិក្ខុសង្ឃឲ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ ក្នុងព្រះរាជនិមន្តន៍ . . . ( ជាគូគ្នានឹង ព្រះមហាវិមលធម្ម ) ។ មហាភិនិស្រ្កម ( –ភិនិស-ស្ក្រំ ) ន. ( សំ. មហត៑ ឬ មហន្ត៑ + អភិនិឞ្រ្កម ឬ –មណ; បា. មហាភិនិក្ខមន ) ការចេញដើម្បីគុណដ៏ធំក្រៃលែង គឺការចេញទ្រង់ព្រះផ្នួសនៃព្រះមហាសត្វក្នុងបច្ឆិមភព ( ការចេញបួសធ្វើទុក្ករកិរិយាឲ្យបានត្រាស់ជាព្រះពុទ្ធ ) : មហាភិនិស្រ្កមនៃព្រះមហាសត្វ; សរសេរជា មហាភិនិស្រ្កមណ៍ ឬ មហាភិនេស្ក្រមណ៍ ក៏បាន ( ព. ពុ. ) ។ មហាភូត ឬ –ភូតរូប ( ម. ព. ភូតរូប ) ។ មហាមគ្គ ឬ –មាគ៌ា ( –ម័ក ឬ –មារគា ) ន. ផ្លូវធំ ( ម. ព. មគ្គ និង មាគ៌ា ផង ) ។ មហាមន្ត្រី ( –មន់ត្រី ) ន. ឋានន្តរមន្ត្រីក្រុមព្រះរាជមន្ទីរ ( រឿនហ្លួង ) ជាចាងហ្វាងស្ដាំ : ឧកញ៉ាមហាមន្ត្រី; ជាគូនឹងឧកញ៉ាមហាទេព ( ម. ព. មន្រ្តី ផង ) ។ មហាមាត្រ ឬ មហាមាត្យ ( –ម៉ាត ) ន. ( សំ. ; បា. មហាមត្ត ) មន្ត្រីមានស័ក្តិធំ, សេនាបតី; ហៅថា រាជមហាមាត្រ ក៏មាន ( ច្រើនប្រើតែពីក្នុងសម័យបុរាណ, សម័យសព្វថ្ងៃនេះ ជួនកាលប្រើជាឋានន្តរសម្រាប់មន្រ្តីសាមញ្ញក៏មាន ) ។ មហាមាយា ន. ( បា. ) ព្រះនាមព្រះអគ្គមហេសីនៃព្រះបាទសិរីសុទ្ធោទនៈ ( ព្រះមាតានៃព្រះសក្យមុនីសព្វញ្ញុពុទ្ធ ) : សម្ដេចព្រះមហាមាយា; ហៅថា សម្ដេចព្រះមាយា ឬ សម្ដេចព្រះសិរីមហាមាយា ក៏បាន ( ម. ព. ពុទ្ធមាតា និង មាយា ផង ) ។ មហាមិត្ត ឬ –មិត្រ ( –មិត ) ន. មិត្រធំ, មិត្រប្រសើរ, មិត្រខ្ពង់ខ្ពស់ ( ក្នុងសម័យបុរាណច្រើនប្រើចំពោះក្សត្រិយ៍ដែលជាមិត្រនឹងក្សត្រិយ៍ប្រទេសដទៃ; ម. ព. មិត្ត ឬ មិត្រ ទៀតផង ) ។ មហាមុនី ន. អ្នកប្រាជ្ញធំ; ព្រះសព្វញ្ញុពុទ្ធ ( ម. ព. មុនី ផង ) ។ មហាមេឃ ( –មេក ) ន. ( បា. ) ពពកខាប់ដាលខ្មៅងងឹតដាបដែលបង្អុរភ្លៀង, ភ្លៀងធំ, ភ្លៀងខ្លាំង ។ មហាមោគ្គល្លាន ( ម. ព. មោគ្គល្លាន ) ។ មហាយញ្ញ ( –យ៉ាញ់ៈញៈ ឬ –យ៉ាញ់ ) ន. ( បា. ) យញ្ញធំ, ការបូជាធំ ( ច្រើនប្រើខាងលទ្ធិព្រាហ្មណ ) : ធ្វើមហាយញ្ញ ។ មហាយាន ន. ( សំ. បា. ) យានធំ ។ ឈ្មោះពួកពុទ្ធសាសនិកដែលបែកលទ្ធិចេញផ្សេងច្រើនអន្លើឃ្លាតពីលទ្ធិដើម ដូចយ៉ាងពួកអ្នកកាន់ពុទ្ធសាសនានៅប្រទេសចិន, ជប៉ុន, យួន ជាដើមហៅថា ពួកមហាយាន ឬ លទ្ធិមហាយាន សំដៅសេចក្ដីថា “ពួកឬលទ្ធិមានធម៌ជាយានដ៏ធំឬជាយានដ៏ប្រសើរ” ( ជាគូគ្នានឹង ហីនយាន; ហៅថា អាចរិយវាទ ឬ អាចរិយវាទី ” អ្នកពោលតាមលទ្ធិអាចារ្យ ( របស់ខ្លួន ) ” ក៏បាន ( ជាគូគ្នានឹង ថេរវាទ ឬ ថេរវាទី ) ហៅថា ឧត្តរនិកាយ “ពួកខាងជើង” ក៏បាន ( ជាគូគ្នានឹង ទក្ខិណនិកាយ ) ។ ពួកឬលទ្ធិទាំងនេះកើតមានឡើង ( មុនដំបូងក្នុងមជ្ឈិមប្រទេស ) តាំងពីក្នុងខាងដើមសតវត្សរ៍ទី ២ នៃពុទ្ធសករាជតរៀងមក ។ មហាយុគ ( –យុក ) ន. ( សំ. បា. ) យុគធំ គឺកាលឬសម័យដែលយូរអង្វែងគ្រប់ចំនួនយុគទាំង៤; តាមលទ្ធិបុរាណថា កាលវែងចំនួនបួនលានបីសែនពីរហ្មឺន ( ៤. ៣២០.០០០ ) ឆ្នាំមនុស្សលោក ( ម. ព. យុគ ផង ) ។ មហាយុទ្ធ ( –យុត ) ន. ( សំ. បា. ) ចម្បាំងធំ, មហាសង្គ្រាម ( ហៅថា មហាយុទ្ធនា ក៏បាន ) ។ មហារញ្ញ ឬ មហារណ្យ ( –រ៉ាញ់ ឬ –រ៉ន់ ) ន. ( បា. ឬ សំ. ) ព្រៃធំ, មហាវ័ន, ព្រហាវ័ន ( ព. កា. ) ។ មហារដ្ឋ ( –រ័ត ) ន. ( បា. ; សំ. –រាឞ្ត្រ ) ដែនធំ ។ ឈ្មោះដែនមួយនៅក្នុងប្រទេសឥណ្ឌាប៉ែកខាងលិច ( ច្រើនហៅថា មហារាស្ត្រ ) ។ មហារាជ ( –រាច ) ន. ( បា. ) ស្ដេចធំ ។ មហារាជានុភាព អានុភាពនៃស្ដេចធំ ។ មហារាត្រ ( –រាត ) ន. ( សំ. ) វេលាអធ្រាត្រ ( ព. កា. ) ។ មហារោរព ( –រោរប់ ) ន. ( បា. មហារោរុវ ; សំ. មហារៅរវ ឈ្មោះនរកធំមួយ ( រោរពនរកធំ ) ។ គុ. ដែលមានសូរសព្ទសម្រែកដោយសេចក្ដីទុក្ខឮខ្លាំងក្រៃ; ដែលមានសូរសម្រែកថ្ងូរខ្លាំងគួរខ្លាច ។ ព. ប្រ. ទីមហារោរព ទីដែលមានមនុស្សឬសត្វអនាថាឈឺចាប់ជាទម្ងន់ ស្រែកថ្ងូរឮសូរសព្ទខ្លាំងៗ; មនុស្សមហារោរព មនុស្សអនាថោ ដែលមានជំងឺធ្ងន់ស្រែកថ្ងូរឮខ្លាំងៗឥតស្រាក ។ មហាលាភ ( –លាប ) ន. ( សំ. បា. ) លាភធំ, ការបានផលប្រយោជន៍យ៉ាងធំ ។ មហាលោភ ( –លោប ) ន. ( សំ. បា. ) លោភយ៉ាងធំ, លោភខ្លាំង, សេចក្ដីជំពាក់ចិត្តខ្លាំង ។ គុ. ដែលមានលោភធំ, ដែលមានសេចក្ដីជំពាក់ចិត្តខ្លាំង ។ មហាវគ្គ ( –វ័ក ) ន. ឬ គុ. ( បា. ; សំ. –វគ៌ ) វគ្គធំ; ដែលមានវគ្គធំៗ ។ ឈ្មោះវិនយបិដកមួយគម្ពីរនិយាយពីវិន័យខាងពុទ្ធសាសនា មានសេចក្ដីជាពួកៗដែលហៅថា ខន្ធកវិន័យ មាន១០ខន្ធកៈ ។ មហាវ័ន ន. ( សំ. បា. –វន ) ព្រៃធំ ។ មហាវិថី ន. ( សំ. បា. មហាវិថី; បារ. boulevard ឬ boulevart ) ផ្លូវធំៗក្នុងទីក្រុង ។ មហាវិទ្យាល័យ ( –វិត-ទ្យាល៉ៃ ) ន. ( សំ. –វិទ្យា + អាលយ ) កន្លែងសម្រាប់រៀនវិជ្ជាជាន់ខ្ពស់, សាលារៀនចំណេះខ្ពស់ ។ មហាវិមលធម្ម ( –វិមៈលៈធ័ម ឬ ត. ទ. ស្រ. –វិមល់លៈធ័ម ) ន. ឋានន្តរសម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋ ទីរាជាគណៈរឿនហ្លួង, មានមុខងារជាភត្តុទ្ទេសក៍ក្នុងព្រះរាជនិមន្តន៍និងការប្រិត ប្រៀបព្រះភិក្ខុសង្ឃឲ្យមានសណ្ដាប់ធ្នាប់រៀបរយ : ព្រះមហាវិមលធម្ម ( ជាគូគ្នានឹង ព្រះមហាព្រហ្មមុនី ) ។ មហាវិហារ ( –វិហ៊ា ) ន. ( សំ. បា. ) វត្តធំ, កុដិធំ ។ ខ្មែរប្រើពាក្យនេះសំដៅចំពោះតែរោងឧបោសថធំៗ ក្នុងវត្តនីមួយៗ ។ មហាវីរិយៈ ( –វីរិយៈ ) ន. ( បា. វីរិយ; សំ. –វីយ៌ ) ព្យាយាមធំ, សេចក្ដីប្រឹងប្រែងខ្លាំង គឺព្យាយាមធ្វើពុំមានឈប់ . . . ។ មហាសករាជ ( –សៈកៈរ៉ាច ឬ –ស័កក្រាច ) ន. សករាជធំ, កើតមុនចុល្លសករាជ ៥៦០ ឆ្នាំ ក្នុងកាលពុទ្ធសករាជ ៦២១ ( ប្រើអក្សរសង្ខេបថា ម. ស. ) ។ មហាសក្ការៈ ន. សក្ការៈធំឬច្រើន ( ម. ព. សក្ការៈ ផង ) ។ មហាសង្កា្រន្ត ( –សង់ក្រាន ) ន. សំបុត្រប្រាប់ដំណើរចូលឆ្នាំថ្មី ព្រមទាំងទំនាយទឹកភ្លៀងជាដើមក្នុងឆ្នាំនោះផង; ប្រក្រតិទិនឬប្រតិទិន ( ម. ព. សង្ក្រាន្ត ផង ) ។ មហាសង្គ្រាម ( –សង់គ្រាម ) ន. ចម្បាំងធំ ( ម. ព. សង្គ្រាម ផង ) ។ មហាសង្ឃរាជ ( –សង់ឃៈរាច ) ន. ( បា. សំ. < មហា + សង្ឃ + រាជ ” ស្ដេចសង្ឃធំ ” ) សមណស័ក្តិទីសម្ដេចថ្នាក់ខ្ពស់បំផុត សម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋ, បានទទួលសមណុត្តមាភិសេក មាននាទីជាស្ដេចខាងសង្ឃជាធំបំផុតជាងបព្វជិតទាំងអស់ក្នុងដែនកម្ពុជាទាំងមូល, អ្នកទាំងពួងនិយាយស្ដីទៅរកត្រូវប្រើសម្ដីជារាជសព្ទទាំងអស់ : សម្ដេចព្រះមហាសង្ឃរាជ ទ្រង់សោយ, ទ្រង់ផ្ទំ ។ ល ។ ( ក្នុងកម្ពុជរដ្ឋ មិនមែនមានសមណស័ក្តិនេះរាល់រាជ្យក្សត្រិយ៍ទេ, ចួនកាលក៏មានត្រឹមតែទីជា សង្ឃនាយក ប៉ុណ្ណោះ ) ។ មហាសត្ត ឬ –សត្វ ( –ស័ត ) ន. ( បា. ឬ សំ. ) សត្វប្រសើរ; ពាក្យសម្រាប់ហៅពោធិសត្វដែលកំពុងបំពេញបារមី ជិតនឹងដល់កាលកំណត់បានត្រាស់ជាព្រះពុទ្ធ ( ព. ពុ. ) ។ មហាសត្រូវ ន. សត្រូវធំ ( ម. ព. សត្រូវ ផង ) ។ មហាសន្និបាត ន. ការប្រជុំធំ, មហាសមាគម ( ម. ព. សន្និបាត ផង ) ។ មហាសមាគម ( –សៈម៉ាគំ ) ន. ការមកជួបជុំគ្នាច្រើន, ការប្រជុំគ្នាយ៉ាងធំ ( ម. ព. សមាគម ផង ) ។ មហាសមុទ្ទ ឬ –សមុទ្រ ( –សៈម៉ុត ) ន. ( បា. ឬ សំ. ) សមុទ្ទធំ ។ មហាសម្មតរាជ ( –ស័ម-ម៉ៈតៈរាច ) ន. ( បា. ) ព្រះនាមប្រថមក្សត្រិយ៍ក្នុងខាងដើមនៃភទ្រកល្បនេះ : ព្រះបាទមហាសម្មតរាជ ( ម. ព. មនុ ផង ) ។ មហាសារីបុត្ត ឬ –បុត្រ ( ម. ព. សារីបុត្ត ) ។ មហាសាល គុ. ឬ ន. ( សំ. បា. ) ដែលមានទ្រព្យខ្លឹមសារច្រើន; អ្នកមានទ្រព្យច្រើនលើសលន់ . . . ; ហៅតាមថ្នាក់វណ្ណៈថា ខត្តិយមហាសាល, ព្រាហ្មណមហាសាល, គហបតិមហាសាល ។ មហាសាលា ( –សាល៉ា ) ន. ( បា. ) សាលាធំ ។ មហាសាវក ឬ –វ័ក ( –សាវ៉ាក់ ) ន. ( បា. –សាវក; សំ. –ឝ្រាវក ) សាវ័កធំ គឺព្រះមហាថេរទាំងឡាយ ដែលជាសិស្សសំខាន់របស់ព្រះសម្មាសម្ពុទ្ធ ក្នុងពុទ្ធសម័យ, មាន ៨០ អង្គ ហៅថា អសីតិសាវក ឬ អសីតិមហាសាវ័ក ( ព. ពុ. ) ។ មហាសេដ្ឋី ( –សេត-ឋី ) ន. ( បា. ) សេដ្ឋីធំ ( ម. ព. សេដ្ឋី ផង ) ។ មហាសេវ័ក ឬ –សេវកាមាត្យ ( –សេវ៉ាក់ ឬ –សេវ៉ៈកាម៉ាត ) ន. សេវ័កធំឬសេវកាមាត្យធំ ( ម. ព. សេវ័ក និង អមាត្យ ផង ) ។ មហាស្រណុក ន. ស្រណុកច្រើន គឺអ្នកដែលរមែងនៅជាសុខមិនប្រទះសេចក្ដីនឿយហត់; កិច្ចការឬដំណើរអ្វីមួយដែលងាយដែលស្រួលជាបំផុត ។ ឈ្មោះបូសឬពិសដែលចាប់កើតឡើងបណ្ដាលឲ្យតែងងុយដេក ។ មហាអមាត្យ ( –អៈម៉ាត ) ន. អមាត្យធំ , មន្រ្តីធំ ( ម. ព. អមាត្យ ផង ) ។ មហាអវីចី ( –អៈ– ) ន . ( បា. –អវីចី ) ឈ្មោះនរកអវីចីធំ ។ មហាឥសី ឬ មហាឫសី ន. ( បា. ឥសិ, មហិសិ; សំ. មហរ្សិ < មហា+ ឫឞិ ) ឥសីធំ, ឫសីប្រសើរ ។ មហាឧបរាជ ( –ឧប៉ៈរ៉ាច ) ន. ឋានន្តរស័ក្ដិសម្រាប់ក្សត្រិយ៍ទីឧបរាជក្នុងកម្ពុជរដ្ឋ : សម្ដេចព្រះមហាឧបរាជ ( ម. ព. ឧបរាជ ផង ) ។ មហាឫសី ( ម. ព. មហាឥសី ) ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (130)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)