មាត់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយឮៗ, និយាយខ្លាំងៗ, និយាយឮៗ ដោយឥតរបប : មាត់កកោក ឬ មាត់កោកៗ, មាត់រអែករអោក, ហាមក្មេងកុំឲ្យមាត់ . . . ។ កុំមាត់ ! ស្ងៀម !, កុំនិយាយគ្នា ! ។ កុំមាត់ឮពេក ! កុំនិយាយឮពេក ! ។ មាត់ក ឈ្លោះប្រកែកគ្នាបន្តិចបន្តួច , ជជែកទាស់ពាក្យសម្ដីគ្នារអែករអោកបន្តិចបន្តួច ។ មាត់ខិល ឬ ខិលមាត់ ដែលខិលខាងការនិយាយលេងសើចឥតបើគិត : មនុស្សមាត់ខិល ។ មាត់ចាបមាត់ព្រាប សម្ដីដែលអ្នកផងនិយាយដោយឮតៗគ្នាពុំប្រាកដ, សម្ដីរាត់រាយផ្ដេសផ្ដាស ( ព. ទ. បុ. ) ។ មាត់ច្រើន ឬ មាត់តិច ដែលមានចំនួនមនុស្សច្រើនឬតិចនៅបរិភោគអាហារក្នុងបន្ទុកមួយ : ផ្ទះអ្នកមាត់តិចសមគួរ, ផ្ទះខ្ញុំមាត់ច្រើនណាស់ ។ មាត់ឆៅ ដែលស្ដីថាឆ្អិនៗឆៅៗ គឺដែលហ៊ានស្ដីថាឲ្យគេម៉ាំងៗឥតមានសំចៃ : មនុស្សមាត់ឆៅ ( ព. ប្រ. ) ។ មាត់ជិត ឬ មាត់គត់ ឬក៏ មាត់មានគម្រប មាត់ជិតល្អ ការណ៍អ្វីមិនគួរនិយាយ មិននិយាយ ។ មាត់ដាច ឬ មាត់ឥតគម្រប មាត់បិទមិនជិត ការណ៍ដែលមិនគួរនិយាយក៏ចេះតែនិយាយប្រាប់គេដែរច្រើនតែបំផ្លើសពន្លើសផងទៀត ។ ម. ព. មួយក្លាយជាដប់ ទៀតផង ។ មាត់ទទេ ថា, និយាយ, សូត្រឥតមើលអក្សរឬឥតមានអក្សរនៅមុខ : ថាមាត់ទទេ, ទេស្នាមាត់ទទេ, សូត្រមាត់ទទេ, និយាយមាត់ទទេ ( និយាយផ្ទាល់មាត់ឥតមានសំបុត្រ ) ។ មាត់ធំ ស្ដីថាឬឆ្លើយឆ្លងខ្ជាំងៗ; និយាយថា : មាត់ធំមាត់តូច ឬ មាត់តូចមាត់ធំ ក៏មាន គឺស្ដីថាឬឆ្លើយឆ្លងតិចៗខ្លាំងៗ ។ មាត់ពាក្យ ការជជែកប្រកែកគ្នាតឹងសម្ដីរកខុសរកត្រូវឬការនិយាយថានាយថាអាយដោយយល់ទាស់ : ត្រូវប្រឹក្សាគ្នាឲ្យស្រេចទៅ កុំឲ្យមានមាត់មានពាក្យទៅខាងមុខ ។ មាត់រឥល ឬ រឥលមាត់ ដែលទប់មាត់មិនសូវបាន, ច្រើនរបូតមាត់និយាយតាមតែប្រទះ : មនុស្សមាត់រឥល ( ព. ប្រ. ) ។ មាត់រឹង ដែលមានសម្ដីរឹង, ចចេស, ពូកែឆ្លើយឆ្លងមិនងាយព្រមទទួលខុស : មនុស្សមាត់រឹង ។ មាត់ស៊ីអំបិលព្រហក់ សម្ដីមនុស្សមិនចេះទាយដែលទាយថាដោយស្មាន ក៏ស្រាប់តែត្រូវដូចមាត់ថាពុំមានល្អៀង ( ព. ទ. បុ. ) ។ មាត់អណ្ដើក ឃែតទទេឥតបានអ្វី ( ព. ទ. បុ. ) ។ មាត់អាក្រក់ ដែលមានសម្ដីអាក្រក់ គឺសម្ដីទ្រគោះច្រឡោះបោះខ្មោះខ្មូរទៅរកអ្នកដទៃ : មនុស្សមាត់អាក្រក់ ។ មាត់ឥតគ្រប ដែលនិយាយបើកចំហតាមតែរួចពីមាត់ មិនលាក់មិនសំចៃទុក : មនុស្សមាត់ឥតគ្រប ( ព. ប្រ. ) ។ ខុសមាត់ និយាយស្ដីឲ្យខុសត្រណមឬខុសពីពាក្យប្ដេជ្ញា ។ ខូចមាត់ ដែលខូចខាងការស្ដីថាឲ្យគេឥតបើគិត : មនុស្សខូចមាត់ ។ ខាំមាត់ ខាំបបូរមាត់ផ្អឹបជិត ។ ព. ប្រ. ដែលទន់ឬជ្រាយហើយបែរជាហាប់ណែនគាំង : ដីហាប់ខាំមាត់, ម្សៅខាំមាត់ ។ ខាំមាត់សង្កត់ចិត្ត ខាំមាត់ទប់កំហឹង, ខាំមាត់អត់សង្កត់មិនឲ្យសេចក្ដីក្រោធស្ទុះឡើងបាន : ខំប្រឹងខាំមាត់សង្កត់ចិត្ត ។ ខ្ពុរមាត់ បៀមទឹកអង្រង់គ្រលុកៗ ក្នុងមាត់ ( ម. ព. ខ្ពុរ ផង ) ។ ខ្មាសមាត់ ឬ អៀនមាត់ ញញើតមិនហ៊ានបញ្ចេញវាចាព្រោះនឹកខ្មាសអៀន ឬបញ្ចេញវាចារួចទៅហើយ ក៏នឹកខ្មាសអៀនជាខាងក្រោយ ។ ងាយមាត់ ដែលងាយស្ដីថាឲ្យគេ, ដែលងាយថាឥតបើគិតពីខុសពីត្រូវ : មនុស្សងាយមាត់ ។ ងាស់មាត់ ងាស់សម្ដី, គាំងរឹងមាត់ថាមិនកើត ។ ចាប់មាត់ ដែលមានរសឆ្ងាញ់ពិសាត្រូវមាត់, ដែលឆ្ងាញ់ឆ្អិត : អាហារមិនចាប់មាត់, បរិភោគចាប់មាត់, ឆ្ងាញ់ចាប់មាត់ ។ ចាំមាត់ ចាំថាមាត់ទទេបានមិនបាច់មើលអក្សរ : ទន្ទេញចាំមាត់, ចាំមាត់សូត្របាន ។ ឆ្ងាញ់មាត់ ដឹងរសឆ្ងាញ់ ឬទទួលរសឆ្ងាញ់ដោយមាត់ ។ ឆ្ងាញ់ជាប់មាត់ ឆ្ងាញ់ឆ្អិតជាប់ចិត្តមិនចង់លែងបរិភោគ ។ ឆ្អាបមាត់ មាត់ដែលធុំក្លិនឆ្អាប, ក្លិនឆ្អាបដែលមាននៅមាត់ ។ បាបមិនឆ្អាបមាត់ ធ្វើគេឲ្យវិនាសហើយខ្លួនឥតបានទ្រព្យធនឬប្រយោជន៍អ្វីតិចតួចឡើយ បានតែបាប ( ព. ទ. បុ. ) ។ ជាន់មាត់ មកឋិតត្រង់មាត់នាំមាត់ឲ្យថា : ដូចជាមានទេវតាមកជាន់មាត់ឲ្យថា ( ព. ប្រ. ) ។ ជាប់មាត់ កំពុងជាប់និយាយមិនទាន់អស់មិនទាន់ហើយ : កំពុងនិយាយជាប់មាត់ ។ ជូរមាត់ មានក្លិនជូរក្នុងមាត់ ។ ជ្រលួសមាត់ ជ្រលួសពាក្យសម្ដី ។ ជ្រុលមាត់ ជ្រុលសម្ដី ។ ជ្រេញមាត់ ទ្រាន់មាត់មិនចង់និយាយពីដំណើរនុះទៀត ព្រោះបាននិយាយច្រើនដងហើយមិនកើតការ ( ព. ប្រ. ) ។ ឈ្លេមមាត់ មានរសឈ្លេមក្នុងមាត់ ។ ញញើតមាត់ ញញើតមិនហ៊ានហើបមាត់និយាយព្រោះខ្លាចអំណាចឬខ្លាចចិត្ត ។ ញ័រមាត់ ញ័រញាក់មាត់ព្រោះខឹងខ្លាំងឬព្រោះខ្លាចខ្លាំង : ខឹងញ័រមាត់, និយាយញ័រមាត់ ។ ញ័រមាត់ញ័រក ញ័រទាំងមាត់ទាំងក ។ ញាប់មាត់ បញ្ចេញវាចាយ៉ាងញាប់ : និយាយញាប់មាត់; ជេរញាប់មាត់ស្អេក ។ តមមាត់ តមឬប្រកាន់មិនស្ដីរកគ្នា ( ម. ព. តម ផង ) ។ ត្រីមាត់ ត្រីបង្ហើបមាត់ឡើងពីក្នុងទឹកមានលាន់ឮសូរផង ។ ត្រូវមាត់ ដែលមានរសឆ្ងាញ់គាប់នឹងមាត់, ចាប់មាត់ : អាហារត្រូវមាត់ ។ ត្រូវគេស្ដីថាឲ្យ, ត្រូវគេបន្ទោស : ទាល់តែត្រូវមាត់មួយម៉ាត់ពីរទៅទើបស្ងៀមឈឹង ។ ត្រូវមាត់គ្នា, ត្រូវមាត់ត្រូវកគ្នា ឬ ត្រូវមាត់ត្រូវពាក្យគ្នា ដែលនិយាយត្រូវពាក្យសម្ដីគ្នា យល់ឃើញជាមួយគ្នា, មានគំនិតត្រូវគ្នា ។ ថ្នឹកមាត់ ស៊ាំមាត់, រត់មាត់ ។ ទក់មាត់ ថ្នឹកមាត់ ( ព. ប្រ. ) ។ ទន់មាត់ ងាយថា មិនទើសទាក់, មិនរអាក់រអួល, មិនទាស់មាត់ ។ ទប់មាត់ ឃាត់មាត់ គឺរៀបនឹងនិយាយតែទប់ទាន់មិនចេញថា ។ ទាល់មាត់ ទើសទាល់រកនិយាយមិនកើតព្រោះខ្លាចចិត្ត ឬព្រោះយោគយល់ ។ ទាស់មាត់ ទាស់ខ្យល់ សម្ដីថាពុំច្បាស់លាស់ ។ ទាស់មាត់ទាស់ពាក្យគ្នា ឈ្លោះប្រកែកដោយទាស់សម្ដីគ្នា ។ ទុកមាត់ពុំស្ងៀម ឬ នៅមាត់ពុំស្ងៀម ទប់មាត់ឲ្យនៅស្ងៀមខាននិយាយពុបាន ។ ទើសមាត់ ឬ ទើសមាត់ទើសក ស្ដីថាមិនកើតព្រោះទើសនាយទើសអាយ ( ព. ប្រ. ) ។ ទំនេរមាត់ មាត់នៅស្ងៀមមិនបញ្ចេញវាចា, ស្ងៀមមាត់ ។ ធុំមាត់ ធុំក្លិនអាក្រក់ពីមាត់ ។ ធ្ងន់មាត់ ស្ដីថាឲ្យធ្ងន់ៗ ខ្លាំងៗ ឬនិយាយច្រើនដង ។ ធ្លាប់មាត់ ថ្នឹកមាត់, ថាតាមទម្លាប់ដែលថ្នឹក ។ នឿយមាត់ រួយមាត់ឬលំបាកមាត់ ព្រោះនិយាយច្រើន ។ នាំមាត់ បណ្ដាលឲ្យចេញមាត់ថាទៅលើពាក្យផ្សេង, បណ្ដាលឲ្យនិយាយទៅលើដំណើរផ្សេងដោយឥតមានបំណង ។ បាក់មាត់ ស៊ប់មាត់, ស៊ាំមាត់, រត់មាត់ ( ព. ប្រ. ) ។ បាត់មាត់ ឬ បាត់មាត់បាត់ក ស្ងៀមឈឹងលែងហើបហាចេញស្ដី ។ ស្ងៀមស្ដូកស្ដឹងដោយមានជំងឺដាបខ្លាំង ឬដោយមានជំងឺគ្រុនសន្ធំ ។ បាត់មាត់ ! ស្ងៀម ! ឬ ស្ងៀមទៅ ! ( ពាក្យសម្រាប់គំរាមកូនក្មេងឲ្យស្ងៀមលែងយំ ) ។ បានមាត់បានក ឬ បានមាត់បានពាក្យ ដែលចេះសម្ដីថ្វីមាត់ថានេះថានោះ សម្រួលកិច្ចការឲ្យងាយធ្វើងាយកើត ឬដែលមានពាក្យសម្ដីរួសរ៉ាវរាក់ទាក់ ។ បានតែមាត់ បានតែខាងថា ប៉ុន្តែយកជាការពុំកើត ។ បិទមាត់, បិទមាត់បិទក ឬ បំបិទមាត់ និយាយបំភ័យ ឬសូកប៉ាន់ឲ្យព្រមស្ងៀមស្ងាត់លែងបង្ហើបពីដំណើរនោះតទៅ ( ព. ប្រ. ) ។ បិទមាត់ត្រឡប់ភ្នែក កំហែងគំរាមបន្លប់បំបិទមាត់ ឬសូកប៉ាន់នាយអាយបំបិទដំណើរអាក្រក់មិនឲ្យលេចឮឡើងបានហាក់ដូចគេបិទមាត់បិទភ្នែកបុគ្គលដែលទើបផុតរលត់ ( ព. ទ. បុ. ) ។ បូញមាត់, បូញមាត់បត់ដុំដៃ ( ម. ព. បូញ ) ។ បំបាត់មាត់ ឬ បំបិទមាត់ ដូចគ្នានឹង បិទមាត់ ឬ បិទមាត់បិទក ដែរ ។ ផ្ទាល់មាត់ ផ្ទាល់មាត់និងមាត់ : និយាយផ្ទាល់មាត់ ( ម. ព. ផ្ទាល់ ផង ) ។ ផ្អែមមាត់ ( ម. ព. ផ្អែម ) ។ ពុលមាត់ ដែលនិយាយបែកសាមិនឈប់មាត់ ឬដែលនិយាយច្រើនដល់បែកពពុះមាត់ : និយាយពុលមាត់, ស្ដីថាឲ្យពុលមាត់ ( ព. ប្រ. ) ។ ពេញមាត់ ស៊ប់មាត់, មិនញញើតមាត់ : ស្ដីថាពេញមាត់ ។ ពេបមាត់ឲ្យ ឬ ពេបមាត់ពេបក ពេបមាត់ឲ្យដោយរិះគន់ឬដោយចំអកឡកឲ្យ ព្រោះមើលងាយ ។ ភ្លាត់មាត់ ជ្រលួសឬរបូតសម្ដីដោយភ្លាត់ភ្លាំង ឬក៏លាន់មាត់ដោយភ្លាត់ ។ មូលមាត់គ្នា មូលពាក្យសម្ដីគ្នា, និយាយត្រូវមាត់ត្រូវពាក្យហើយព្រមព្រៀងគ្នា ។ យកមាត់យកពាក្យ ព្រមយកតាមពាក្យសម្ដី, ជឿស្ដាប់យកតាមពាក្យសម្ដី ។ យន់មាត់ រួយមាត់ឬនឿយមាត់ ព្រោះនិយាយច្រើនហួសកម្លាំង ។ យឺតមាត់ ឬ យឺតមាត់យឺតក ដែលយឺតក្រស្ដីនិយាយ ឬដែលនិយាយយឺតៗរង្វើលៗបាត់ម្ដងៗ ។ រត់មាត់ ដែលចាំស្ទាត់អាចថារួសរាន់បានឥតទាក់ ( ហាក់ដូចគេរត់ ) : ទន្ទេញចាំរត់មាត់ ( ព. ប្រ. ) ។ របូតមាត់ ចេញសម្ដីជ្រុល ថាទៅដោយឥតបើគិត ដូចជារបូតពីមាត់ ( ព. ប្រ. ) ។ រពឹសមាត់ ហៃបញ្ចេញវាចាមិនសូវស្ងៀមមាត់, ទុកមាត់មិនស្ងៀម ( ព. ប្រ. ) ។ រមាស់មាត់ ឬ រសើបមាត់ ចេះតែចង់ស្ដីចង់ថានៅស្ងៀមមិនកើត ( ព. ប្រ. ) ។ រហ័សមាត់ ឬ រហ័សមាត់រហ័សក ឆាប់និយាយឆាប់ស្ដីមិនដំអក់ឬដែលមានវាចារួសរាន់ទាន់ការ ។ រឹងមាត់ ងាស់មាត់ ។ រួយមាត់ នឿយមាត់ព្រោះនិយាយឬថាដដែលៗ ។ រួសមាត់ ឬ រួសមាត់រួសក រហ័សមាត់រួសរ៉ាវមិនឆ្មើងកន្ទ្រើង ។ លាន់មាត់ លាន់ចេញវាចាដោយដំណើរប្លែកចិត្ត ។ ល្មមមាត់ ដែលចេះតែល្មមនឹងមាត់ ចង់ថាអ្វីក៏ថាតាមចិត្តឥតមានគិតពីខុសត្រូវ : មនុស្សល្មមមាត់ ។ ល្មមមាត់ឈ្លានពាន ដែលចេះតែល្មមមាត់ស្ដីថាឥតក្រែងរអែងច្បាប់ ( ព. កា. ) : ទឹកបាក់ទៅទាប បុណ្យបាត់ដ្បិតបាប លាភបាត់ដ្បិតឃោរ ទឹកថ្លាដ្បិតរលក ពុំយល់ស្រមោល ទោសកើតដ្បិតពោល ល្មមមាត់ឈ្លានពាន ។ ( សាស្ត្រាច្បាប់រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។ វក់មាត់ បញ្ចេញវាចាប៉ប៉ាច់ប៉ប៉ោចឥតស្រាក, ថាមិនឈប់មាត់ ។ ស៊ប់មាត់ ស្និទ្ធមាត់, មិនញញើតមាត់ ។ សាបមាត់ ភ្នកនឹកចង់បរិភោគមមៃ; ភ្នកនឹកមមៃចង់បរិភោគអាហារមានរសប្រៃឬជូរ ( ច្រើនតែមនុស្សដែលទើបនឹងងើបពីឈឺ ) ។ ស៊ុនមាត់ ជ្រុលមាត់, ជ្រុលសម្ដី, លង់សម្ដី ។ ស៊ាំមាត់ ថ្នឹកមាត់។ ស្ងាត់មាត់ ស្ងាត់មិនមានសូរសម្ដី ។ ស្ងៀមមាត់ នៅស្ងៀមមិនបញ្ចេញវាចា ។ ស្លាប់ព្រោះមាត់ ព្រោះតែមាត់រឥលប៉ប្លូចក៏ខូចវិនាសដល់ស្លាប់ខ្លួន ដូចពួកត្រីកំភ្លាញលាញព្រោះតែមាត់កក្អិចដូចបាយពុះ មនុស្សគេជញ្ជាត់យកមកធ្វើជាអាហារ ។ ព. កា. ថា : កំភ្លាញស្លាប់ព្រោះមាត់ គេជញ្ជាត់អស់រលីង ពុំនោះដូចសត្វហ៊ីង និងកង្កែបបែបគ្នាដែរ ។ ស្អុយមាត់ ធុំស្អុយពីក្នុងមាត់ ។ អស់ពីមាត់ ដែលនិយាយលះ, អស់អាថ៌សេចក្ដី : និយាយមិនអស់ពីមាត់ ។ ឮមាត់ ឮសូរបញ្ចេញវាចា ។ ឮមាត់ឮក ឮសូរឈ្លោះទាស់ទែងគ្នារអែករអោកបន្តិចបន្តួច ។ ឮមាត់ឮពាក្យ ឮសូរសម្ដីរិះគន់បន្ទោសឬនិយាយដើម, ត្មះតិះដៀល ។ ល ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខទ្វារ គឺរង្វះនៅត្រង់មុខ សម្រាប់បញ្ចេញវាចា, សម្រាប់បរិភោគ, ផឹក, ស្រូប ។
ឧទាហរណ៍៖ ហាមាត់, បិទមាត់ ។
ប្រឡោះ, ក្បែរ, ហាម, ខាង, ជាយខាង ។
ឧទាហរណ៍៖ មាត់ច្រក, មាត់ច្រំាង, មាត់ឆ្នាំង, មាត់ទន្លេ, មាត់ទឹក, មាត់ទ្វារ, មាត់ពាម, មាត់ព្រៃ, មាត់សមុទ្រ ។ ល ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឱស្ឋ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)