Posted on Leave a comment

តើពាក្យ «មាន» មានន័យដូចម្ដេច ?


មាន


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បាន, កប, ប្រកបដោយ, កើត, បរិបូរដោយ, គង់នៅ, ឋិតនៅ . . . ។ ព. ផ្ទ. គ្មាន, ឥត ។ មានកម្ម មានអំពើដែលធ្វើទុកមកពីនាយ; ច្រើនសំដៅសេចក្ដីចំពោះអំពើអាក្រក់ : មនុស្សមានកម្ម ។ មានកូន បានកូន ( ព. ផ្ទ. គ្មានកូន, ឥតកូន ) ។ មានកំណើត ដែលធ្វើអ្វីៗចេះតែកបកើតប្រយោជន៍, មានសំណាង : មនុស្សមានកំណើត ( ព. ផ្ទ. ឥតកំណើត ) ។ មានខ្មាស បរិបូរដោយសេចក្ដីខ្មាស : មនុស្សមានខ្មាស ( ព. ផ្ទ. គ្មានខ្មាស, ឥតខ្មាស ) ។ មានខ្លួន មានរូបនៅជាអាង ( ព. ផ្ទ. បាត់ខ្លួន ) ។ មានគុណ ដែលប្រកបដោយគុណ ។ មានគូស្រករ, មានគូគ្រងស្រករគ្នា, ឬ មានគ្រួសារ, មានផ្ទះ, មានផ្ទះសំបែង មានប្ដីប្រពន្ធ ។ មានគំនិត ដែលមានការគិតច្រើន, មានមារយាទ ( ព. ផ្ទ. ឥតគំនិត ) ។ មានចិត្ត ឬ មានចិត្តមានថ្លើម ដែលបរិបូរដោយសេចក្ដីប្រឹងប្រែង មិនច្រអូស, មិនទំរន់, មិនមើលបំណាំ ( ព. ផ្ទ. ឥតចិត្ត ឬ ឥតចិត្តឥតថ្លើម គឺខ្ជិល, ច្រអូស, ទំរន់, មើលបំណាំ ) ។ មានចំណេះ បរិបូរដោយការចេះដឹង, មានវិជ្ជា : មនុស្សមានចំណេះ ( ព. ផ្ទ. ឥតចំណេះ, ល្ងង់ ។ មានច្បាប់ ដែលកាន់ត្រឹមត្រូវតាមច្បាប់, ដែលប្រកាន់តែតាមច្បាប់ឬដែលមានសុភាពរាបសា ចេះគួរចេះសមមិនឆ្គង : មនុស្សមានច្បាប់ ( ព. ផ្ទ. ឥតច្បាប់, ព្រហើន ) ។ មានជីវិត គង់ជីវិតនៅ, រស់នៅ ( ព. ផ្ទ. អស់ជីវិត, ស្លាប់ ) ។ មានជោគ មានស្រីសួស្ដី ( ម. ព. ជោគ ទៀតផង ) ។ មានឈ្មោះ ឬ មានកេរ្តិ៍ឈ្មោះ ដែលលេចឮល្បីកេរ្តិ៍ឈ្មោះល្អ ។ មានដំណើរ មានរឿង, កើតក្ដី ។ មានតម្រិះ ដែលចេះត្រិះរិះត្រូវ; និយាយឲ្យពេញថា មានតម្រិះត្រូវ, មានតម្រិះល្អ ( ព. ផ្ទ. គ្មានតម្រិះ, ឥតតម្រិះ គឺមានតែខាងការត្រិះរិះខុស, ត្រិះរិះអាក្រក់ ) ។ មានត្រកូល ឬ មានផៅ, មានពូជ, មានអម្បូរ ដែលកើតក្នុងត្រកូលខ្ពស់ឬត្រកូលមានកេរ្តិ៍ឈ្មោះ ( ព. ផ្ទ. ឥតត្រកូល, ឥតពូជ, ឥតអម្បូរ គឺដែលកើតក្នុងត្រកូលថោកថយ . . . ) ។ មានទុក្ខ កើតទុក្ខ ។ មានទ្រព្យ ឬ មានសម្បត្តិ ដែលបរិបូរដោយសម្បត្តិ ( ព. ផ្ទ. ខ្សត់ទ្រព្យ, ក្រីក្រ, ទ័ល, ទ័លក្រ ) ។ មានធម៌ ដែលប្រព្រឹត្តឬកាន់សុចរិតឬដែលមានចិត្តប្រកបដោយមេត្តាករុណា; និយាយថា មានធម៌សប្បុរស ក៏បាន ( ព. ផ្ទ. ឥតធម៌ ឬ គ្មានធម៌សប្បុរស ) ។ មាននៅ កំពុងតែមាន, ដែលឋិតនៅ ។ មានបុណ្យ មានភ័ព្វ, មានសំណាងខ្ពស់, មានយសស័ក្ដិ . . . ( ព. ផ្ទ. ឥតបុណ្យ ។ ម. ព. បុណ្យ ទៀតផង ) ។ មានពុត ដែលមានចិត្តរបិញរបុញ ( ព. ផ្ទ. ស្លូតត្រង់ ) ។ មានព្រលឹង ( ព. គ. ) មានសាច់, ធាត់ ( ព. ផ្ទ. មិនសូវមានព្រលឹង គឺស្គម ) ។ មានព្រេង ឬ មានសំណាង មានអំពើកសាងមកពីព្រេងនាយ ( ព. ផ្ទ. ឥតព្រេង ឬ ឥតសំណាង ) ។ មានព្រះអង្គ ( រ. ស. ឬ ស. ស. ) ធាត់ ( ព. ផ្ទ. ពុំសូវមានព្រះអង្គ គឺស្គម) ។ មានភ័ព្វ មានសំណាងគួរដល់សេចក្ដីសុខ-ចម្រើន, គួរឲ្យអ្នកធំសង្គ្រោះបាន : មនុស្សមានភ័ព្វ ( ព. ផ្ទ. ឥតភ័ព្វ, អភ័ព្វ) ។ មានមារយាទ ដែលមានមារយាទល្អ, ដែលមានឫកពានឹងធឹង, ស្លូតបូត : ក្មេងមានមារយាទ គឺក្មេងដែលនឹងធឹង, មានសណ្ដាប់ធ្នាប់, មានរបប ( ព. ផ្ទ. ឥតមារយាទ, ឥតរបប, រពឹស ) ។ មានមុខ ឬ មានមុខមាត់, មានមុខមានឈ្មោះ ដែលអាចចេញមុខក្នុងទីប្រជុំបាន, ដែលមានអ្នកធំអ្នកតូចរាប់អានច្រើន ។ ល ។ អ្នកមាន អ្នកដែលបរិបូរដោយទ្រព្យសម្បត្តិ ( ព. ផ្ទ. អ្នកក្រ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply