Posted on Leave a comment

តើពាក្យ «មេ» មានន័យដូចម្ដេច ?


មេ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្ដាយ ( ចំពោះតែសត្វតិរច្ឆាន ) : មេក្របី, មេគោ, មេមាន់, មេសេះ . . . ។ ដំរីញី, ទោះបីនៅតូចពុំទាន់មានកូន, គេច្រើនហៅថា មេ ។ ពាក្យសម្រាប់ហៅស្រ្តីដែលក្មេងជាងឬដែលតូចទាបជាង, ដោយសេចក្ដីស្និទ្ធស្នាលឬស្មោះស្មើទៅរក, ហៅចេញចំឈ្មោះថា មេនេះ, មេនោះ ( ដូចជាហៅថា មេ ក, មេ ខ . . . ); ឬមិនចេញចំឈ្មោះគ្រាន់តែថា មេនុ៎ះ, មេហ្នឹង; ពុំនោះហៅដោយទ្រគោះចេញសម្ដីថា មេ . . . ក៏មាន ( អ្នកខ្លះប្រើពាក្យ មេ នេះក្លាយទៅ មី ក៏មាន ) ។ របៀបរាប់បំបែកព្យពា្ជនៈផ្សំនឹងស្រៈតាមលំដាប់ដូចជា : មេកកា, មេកក៑, មេកង, មេកច, មេកញ, ជាដើម ។ មនុស្ស, សត្វឬអ្វីៗដែលជាធំ, ជាប្រធាន, ជាចម្បងលើគេ ដូចជា : មេកង មេរបស់ពួកមួយៗ ។ ឋានន្តរស័ក្ដិសម្រាប់អាជ្ញាកត់ពន្ធ មានស័ក្តិចុះបន្ទាប់ពីអាជ្ញាហ្លួងមក : មេកងពន្ធស្រូវ, មេកងពន្ធទាស ( មានតែក្នុងសម័យពីដើម ) ។ មេកាព្យ ក្បួនឬបែបប្រាប់របៀបតែងកាព្យ ។ មេការ អ្នកដែលជាមេលើកិច្ចការនីមួយៗ ។ ឈ្មោះក្រុមអ្នករាជការ ជាងឈើក្នុងព្រះបរមរាជវាំង : ក្រុមមេការ, មន្ត្រីមេការ ។ ឈ្មោះក្រសួងសម្រេចកិច្ចការហត្ថកម្មផ្សេងៗខាងលើកថ្នល់, សង់ស្ពាន, សង់ផ្ទះ . . . ក្នុងកម្ពុជរដ្ឋសព្វថ្ងៃនេះ : ក្រសួងមេការ, លោកចាងហ្វាងមេការ ។ មេកោយ គ្រាប់អង្គញ់ដែលដាំជាមេ និងគ្រាប់ដែលជាកោយសម្រាប់បោះឬបាញ់ ។ ព. ប្រ. ពួកអ្នកដែលមាននាទីធំតូចតាមលំដាប់គ្នា, គេតែងនិយាយថា : ធ្វើការត្រូវស្ដាប់មេកោយ ឬថា ចាត់ការឲ្យមានមេមានកោយ ។ មេក្រាន មេចង្ក្រាន គឺមេគ្រួឬមេផ្ទះមួយៗរបស់ពួកព្នង គឺខ្មែរលើសព្វថ្ងៃនេះ ។ មេក្រុម ឬ មេគណៈ អ្នកដែលជាប្រធានលើក្រុមឬពួកមួយៗ ។ មេខូច មេនាំគេឲ្យខូចដូចខ្លួនផង ។ មេខ្លោង មេដំរីដែលមានមាឌធំសម្បើមជាប្រធានលើហ្វូង ។ ព. ប្រ. មនុស្សដែលមានរូបរាងធំខ្ពស់ជ្រងោ កាលបើដើរចេញទៅណាឃើញចង្រ្គោងជាងគេរាល់គ្នា ។ មេគណ ( —មេគន់ ) មន្ត្រីសង្ឃដែលមានសមណស័ក្តិខ្ពស់ជាងអនុគណគ្រប់ស្រុកក្នុងខែត្រ ។ មេគណក្រុង មេគណក្នុងក្រុង ។ មេគយ អធិបតីក្នុងរាជការគយ ។ មេគ្រែ ឈើបួនកំណាត់ដែលផ្គុំភ្ជាប់នឹងជើងគ្រែ ។ មេចង្ហាន់ ស្ត្រីអ្នកផ្គង់ចង្ហាន់ ។ មេចោរ ចោរដែលជាប្រធានលើអស់ចោរក្នុងពួកណាមួយ ។ ពាក្យជេរឬបញ្ចោរស្ត្រីដោយទុកដាក់ថា ជាចោរឬថាដូចជាចោរ; ឬក៏ប្រើជាពាក្យសាមញ្ញច្រឡោះបោះជេរលេងប្រឡែងទៅរកស្ត្រីដែលស្និទ្ធស្នាល ដោយស្មោះស្មើក៏មាន : មេចោរខូច ! , មេចោរអន្ដរធាន ! . . . ។ មេជើង មេម្រាមជើង គឺម្រាមជើងដែលធំជាងគេ ។ មេដែក ដែកមួយប្រភេទដែលស្រូបដែកដទៃបាន ។ មេដៃ មេម្រាមដៃ គឺម្រាមដៃដែលធំជាងគេ ។ មេដំបូល មេរបស់ដំបូល គឺឈើដែលដាក់បណ្ដោយលើក្បាលសសរទ្រូងឬលើចុងជើងគក ។ មេទ័ព មេរបស់កងទ័ព គឺមន្ត្រីដែលជាអធិបតីត្រួតត្រាពួកទ័ព ។ មេទាហាន មន្ត្រីដែលមានអំណាចត្រួតត្រាលើពួកទាហានមានកំណត់ចំនួនប៉ុណ្ណោះៗ ក្នុងបន្ទាយមួយៗឬក្នុងក្រុមមួយៗ ។ មេទឹក ទឹកអន្លង់ជាដើមសម្រាប់បើក, បង្ហូរឬបាចដាក់ស្រែ ។ មេបទ អ្នកដែលជាមេបើកបទពំនោលល្ខោន ឬជាមេតាំងផ្ដើមមុនក្នុងការសូត្របទឬច្រៀង ។ មេបន្ទុក អ្នកដែលជាប្រធានក្នុងការទទួលរងបន្ទុក ( អ្នកចិញ្ចឹមរក្សាគេ ) ។ មេផ្ទះ ស្ត្រីដែលជាប្រធានក្នុងការចាត់ចែងកិច្ចការក្នុងផ្ទះ ( ប្រពន្ធ ) ។ មេពាក្យ ពាក្យដែលរៀបរៀងជាមេតាមលំដាប់អក្សរ ( ដូចយ៉ាងរបៀបពាក្យក្នុងវចនានុក្រមនេះ ) ។ មេព្រើល មេនាំគេឲ្យព្រើល ។ មេព្រៃ ឈ្មោះក្រុមរាជការត្រួតត្រាខាងឈើព្រៃចម្រើនប្រយោជន៍ក្នុងរដ្ឋមណ្ឌល : ក្រុមមេព្រៃ, រាជការមេព្រៃ ។ មេលេខ ឬ មេនព្វន្ត ពាក្យដែលចងជាមេទន្ទេញចំនួនសំខ្យាមានវិធីផ្សំជាដើម សម្រាប់ប្រើក្នុងវិជ្ជានព្វន្ត ។ មេវត្ត ចៅអធិការវត្ត : លោកមេវត្ត ។ មេសូត្រ ពាក្យដែលចងជាមេទន្ទេញប្រាប់វិធីវេយ្យាករណ៍បាលីសម្រាប់ប្រើក្នុងការរៀនបាលីភាសា ( ខាងវេយ្យាករណ៍សំស្ក្រឹតបែបបុរាណ ក៏មានមេសូត្រដែរ ) ។ មេស្រុក ឬ មេឃុំ មន្ត្រីជាអធិបតីក្នុងឃុំ គឺពញារក្សាភិបាល ( ក្នុងសម័យឥឡូវហៅថា នាយសង្កាត់ . . . ) ។ មេស្រែ អ្នកដែលកាន់កាប់រក្សាស្រែព្រះកេរ្តិ៍ឬអ្នកដែលមានស្រែច្រើនជួលឲ្យគេធ្វើ ។ មេអ្នកបាអ្នក ( ព. សា. ) មនុស្សដែលមានអានុភាពស្មើនឹងគេរាល់គ្នា ឥតមានអ្នកណាសន្មតទុកដាក់ឲ្យជាប្រធានលើគេទេ ក៏ស្រាប់តែចេញទែង សម្តែងអាការជាអ្នកត្រួតត្រាហែហៃលើគេក្នុងកិច្ចការអ្វីមួយ គឺតាំងខ្លួនឯងជាមេជាបាលើអ្នកទាំងអស់ ។ ល ។ ព្រះមេ ( ព. ប្រ. ) ស្រូវ, អង្ករ, បាយ ( ហៅដោយទុកដាក់ថាជាមេនៃអាហារ ) ។
ចៅហ្វាយ នាយក គ្រូ អ្នកនាំអាទិ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply