Posted on Leave a comment

តើពាក្យ «យក» មានន័យដូចម្ដេច ?


យក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាន់; នាំ, នាំទៅមក; ទទួល, ព្រមទទួល; ត្រូវការ; ជឿតាម; ប្រកាន់; ប្រកាន់តាម ។ ល។ : យកប្រាក់ទៅទិញស្រូវ; យកកូនទៅជាមួយផង; យកពាក្យគេ; យកគ្រូមកមើលជំងឺ ។ ល ។ យកការប្រាក់ ទទួលចំណេញលើសពីចំនួនប្រាក់ដើមដែលចងការឲ្យគេ ។ យកកំណើត ចាប់កំណើត ។ យកក្ដី ( ព. បុ. ) ប្រកាន់ទោស, ចាប់ដំណើរ ។ យកខុស ចាប់ខុស, ចាប់ប្រកាន់ថាខុស ។ យកខ្លួនពុំរួច ដោះខ្លួនពុំរួច ( ពីទុក្ខទោស ) ។ យកគាប់គួរ ផ្គាប់ផ្គុនឲ្យមានសេចក្តីគាប់គួរ ។ យកគុណ ឬ យកគុណយកស្រ័យ ទទួលបំណាច់គុណ, ទារគុណ, តវ៉ាថាខ្លួនមានគុណលើគេ ។ យកគំនិត ជឿតាមគំនិត : យកគំនិតគេ ។ យកចិត្ត ឬ យកចិត្តយកថ្លើម អនុលោមតាមឲ្យត្រូវចិត្តគេ, ផ្គាប់តម្រូវតាមចិត្តគេ ។ យកចិត្តទុកដាក់ ធ្វើសេចក្តីអើពើពុំប្រហែសធ្វេស ។ យកចំណេញ លៃលកឬគិតគៃឲ្យមានចំណេញ។ យកចំណេះ រៀនឲ្យបានចេះ ។ យកជ័យ ធ្វើឲ្យមានជ័យ, ដណ្តើមឲ្យមានជ័យ ។ យកជាកូន ទទួលប្តេជ្ញាឬព្រមទទួលអ្នកដែលមិនមែនកូនថាជាកូន ។ យកជាគ្នា ទទួលរាប់រកឲ្យបានជាគ្នា;…។ យកជាតិ ចាប់ជាតិ ចាប់កំណើត ។ យកជើងកប តែងតែធ្វើឲ្យមានសេចក្តីអន្តរាយរៀងរាល់ឆ្នាំ : កំពង់យកជើងកប កំពង់ដែលតែងតែមានមនុស្សស្លាប់ដោយលង់ទឹកឬដោយក្រពើខាំជាដើម ( ម. ព. ជើងកបផង ) ។ យកជើងរាទឹក ដាក់ជើងទៅក្នុងទឹករាមិនឲ្យទូកលឿនទៅមុខ ។ ព. ប្រ. ជំទាស់ដំណើរមិនឲ្យប្រព្រឹត្តទៅបាន ។ ព. ទ. បុ. បើមិនជួយចូកជួយចែវកុំយកជើងរាទឹក បើមិនជួយប្រឹងប្រែងខ្នះខ្នែងទេ កុំជំទាស់ឲ្យខូចការ ។ យកឈ្នួល ទទួលឈ្នួល ។ យកឈ្នះ ធ្វើឲ្យបានឈ្នះ, ខំប្រឹងឲ្យមានជម្នះ ។ យកឈ្មោះ ឬ យកកេរ្តិ៍ឈ្មោះ ធ្វើអោយមានឈ្មោះល្អចំពោះមកលើខ្លួន : ធ្វើការយកឈ្មោះ ។ យកដៃ ជួយធ្វើការឲ្យគេដើម្បីឲ្យគេជួយធ្វើការខ្លួនវិញតាមកំណត់វេលា ដែលហៅថា សងដៃ (អ្នកស្រុកខ្លះហៅថា យកវេរ; សងវេរ)។ យកដំបូន្មាន ទទួលធ្វើតាមពាក្យដំបូន្មាន។ យកតម្រាប់ ធ្វើតាមតម្រាប់។ យកទោស ប្រកាន់ទោស, ប្រកាន់ថាមានទោស ។ យកទោសយកពៃរ៍ ប្រកាន់ទោសកំហុសព្រមទាំងចងពៀរផង ( ម. ព. ពៃរ៍ ផង ) ។ យកទ្រព្យគេ ខ្ចីទ្រព្យគេមក ឬលួចទ្រព្យគេ ។ យកបុណ្យ ញ៉ាំងចិត្តឲ្យជ្រះថ្លាដោយជឿជាក់ថាបានបុណ្យ ។ យកបែប ធ្វើតាមបែប, ចម្លងបែប ។ យកប្តី ព្រមមានប្តី។ យកប្រពន្ធ ព្រមមានប្រពន្ធ ។យកពន្ធ ហូតពន្ធ, ទារពន្ធ ។ យកពាក្យ ជឿតាមពាក្យ ។ យកមាត់យកពាក្យ ទទួលព្រមឬជឿតាមពាក្យដែលគេថា ។ យកមុខ ឬ យកមុខយកមាត់ វាតអាទិ៍ឬជែកជែងធ្វើឲ្យមានមុខឈ្មោះចំពោះមកលើខ្លួន, ធ្វើឲ្យគេសរសើរខ្លួនម្នាក់ឯង ។ យកមែន យកជាមែន, ប្រាកដជាយក; រាប់ថាជាមែន, សំដៅតែត្រង់មែន។ យកសុខ ឲ្យបានសុខ : ខំអត់យកសុខ, ស្ងៀមយកសុខ, កាន់សីលយកសុខ ។ យកសម្តី កាន់ឬជឿតាមសម្តី ។ ព. ទ. បុ. មនុស្សយកសម្តី ដំរីយកភ្លុក មនុស្សយកសម្ដីជាការប្រាកដ, ឯដំរីយកត្រង់ភ្លុក ។ យកអង្វរ ទទួលព្រមតាមពាក្យអង្វរ ។ យកអាយុ ជួយសង្គ្រោះឲ្យមានអាយុជីវិត គឺជួយឲ្យរួចពីសេចក្ដីស្លាប់ ។ យកអាសា ជួយឈឺឆ្អាលតាមបំណងគេ, ជួយរ៉ាប់រង ភារៈតាមបំណងគេដោយពេញកម្លាំង ។ ល ។ ( ម. ព. អាសា ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply