Posted on Leave a comment

តើពាក្យ «រណៈ» មានន័យដូចម្ដេច ?


រណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. រណ ) សង្រ្គាម, ទ័ព, ចម្បាំង; សូរសព្ទ, សម្រែក ។ ប្រើជាបទសមាស ដូចជា : រណកម្ម, រណការ, រណកិច្ច ឬ រណក្រឹត្យ ការច្បាំងគ្នា ឬការរវល់ដោយច្បាំងគ្នា, ការរវល់ក្នុងចម្បាំង ។ រណក្សេត្រ, រណក្ខេត្ត, រណដ្ឋាន, រណភូមិ, រណរង្គ, រណស្ថាន សមរភូមិ, ទីតយុទ្ធគ្នា, ទីចម្បាំង ។ រណជ័យ ការឈ្នះទ័ព, ការច្បាំងឈ្នះ ។ រណបរាជ័យ ( រៈណៈប៉ៈរ៉ាជៃ ) ការចាញ់ទ័ព, ការច្បាំងចាញ់គេ ។ រណពិធី បែបចម្បាំង, របៀបចម្បាំង ។ រណភណ្ឌ ឬ រណាង្គ, រណោបករណ៍ ប្រដាប់សម្រាប់ច្បាំង, គ្រឿងចម្បាំង ។ រណភេរី ស្គរទ័ព ។ រណមន្ត្រី មន្ត្រីខាងក្រសួងចម្បាំង ។ រណមិត្ត ឬ —មិត្រ មិត្រដែលចូលដៃជួយច្បាំង, សម្ពន្ធមិត្រអ្នកជួយច្បាំង ។ រណមុខ ឬ —មុខ្យ កងទ័ពមុខ, ទ័ពស្រួច ។ រណវាទ្យ ភ្លេងសម្រាប់លេងក្នុងចម្បាំង, ភ្លេងទ័ព។ រណវិជ្ជា ឬ —វិទ្យា ចំណេះខាងចម្បាំង ។ រណវិន័យ ច្បាប់ចម្បាំង ។ រណសភា ដំណើរប្រជុំប្រឹក្សាអំពីការច្បាំង ។ រណសភាធិបតី ឬ —នាយក អធិបតីឬនាយកក្នុងការប្រជុំប្រឹក្សាអំពីការច្បាំង ។ រណសាន្តិភាព ដំណើរស្ងប់សឹក, ការលើកលែងច្បាំងគ្នាតទៅទៀត ។ រណសាស្ត្រ ក្បួនសម្រាប់សិក្សាខាងចម្បាំង ។ រណសិក្សា ការហាត់រៀនចំណេះខាងចម្បាំង, ការហាត់ច្បាំង ។ រណសិរ្ស ( រៈណៈសេ ) ក្បាលទ័ព, ខាងមុខនៃកងទ័ព; ជួរនៃកងទ័ពដែលរៀបចំត្រៀមខ្លួនចាំឈមមុខបម្រុងប្រយុទ្ធនឹងបច្ចាមិត្ត ។ រណស្ដម្ភ ( ជើង ដ, —ស្ដំ ) សសរគោលដែលបោះឬលើកដាំទុកជាទីនឹកឃើញដល់សម័យកាលកើតចម្បាំង, អនុស្សាវរីយ៍ជាទីនឹកដល់គ្រាដែលកើតសង្គ្រាម ។ រណឫទិ្ធ ឬ —រឹទ្ធិ ( —រឹត ) ឫទ្ធិនៃចម្បាំង; អ្នកដែលមានឫទ្ធិក្នុងការច្បាំង ។ល។ ( ម. ព. យុទ្ធ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply