របះ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការរះឲ្យមានឃ្លា ។ ឈ្មោះវណ្ណយុត្តមួយប្រភេទមានរូបសណ្ឋានបែបនេះ ( ។ ) សម្រាប់រះខណ្ឌឃ្លាក្នុងសង្កាត់នៃប្រយោគវែងខ្លីនីមួយៗ ។ របះ នេះមានឈ្មោះផ្សេងៗទៅទៀត ហៅថា របះសាខា ក៏បានគឺ របះតូច របះដែលរះរាំងសេចក្ដីខ្លី ។ របះធំ របះដែលរះរាំងសេចក្ដីវែង ។ របះបន្ទាត់ ឬ របះលូកបន្ទាត់ របះដែលរះត្រង់ចុងបន្ទាត់មួយខាងលើហើយបន្ទាត់ខាងក្រោមបន្ទាប់គ្នានោះត្រូវលូកចូល គឺត្រូវសរសេរលូកចូលមកខាងក្នុងឲ្យល្មមដល់ការគួរ មិនសរសេរឲ្យមានដើមបន្ទាត់ឬក្បាលបន្ទាត់ស្មើនឹងបន្ទាត់លើ ។ របះបរិយោសាន ឬ របះចប់ ក្នុងសម័យបុរាណ ប្រើរូបសណ្ឋានបែបនេះ ( ៕ ), ក្នុងសម័យបច្ចុប្បន្ន ប្រើរូបបែបនេះ ( ។ ) គឺរូបទោលតែមួយដែរ; ឬជួនប្រើរូបបែបនេះ ( ។៚ ) ក៏មាន, រូបបែបនេះ ( ៕៚ ) ក៏មាន ( ដូចបុរាណដែរ ) ។ របះដែលមាន គោមូត្រ ផ្សំជាមួយផងនេះ កវីក្នុងសម័យបុរាណ ច្រើនប្រើក្នុងទីបំផុតចប់ស្រេចនៃកាព្យ, ដូចជា
ឧទាហរណ៍៖ អ្នកណាបានស្ដាប់ អ្នកណាបានត្រាប់ អ្នកណាបានធ្យាន រសធម៌នេះគាប់ ជាច្បាប់ទូន្មាន អ្នកនោះស្មើបាន ដល់និព្វានហោង ៕៚ ( សាស្ត្រាច្បាប់ រាជនេតិ ជានិពន្ធនៃព្រះរាជសម្ភារ ) ។ ដែលធ្លាប់ប្រើរៀងមក, សរសេរជា របះ ក៏មាន ជា ល្បះ ក៏មាន, ប៉ុន្តែតាមប្រភពនៃពាក្យ ត្រូវប្រើ របះ វិញ ព្រោះមានអត្ថន័យថាមកពី រះ គឺជាអំពើរបស់ រះ ឬដែលត្រូវ រះ; ឯ ល្បះ ជា ន. នៃពាក្យ កិ. ថា លះ ; ល្បាស់ ជា ន. នៃ កិ. ថា លាស់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖