លិច
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លិបចុះបាត់ទៅ ចូលកប់បាត់ទៅ ក្នុងទឹកជាដើម ។
ឧទាហរណ៍៖ ទូកលិច សម្ទូងលិចទឹក បន្លាមុតលិច ។
អស្តង្គត។
ឧទាហរណ៍៖ ព្រះអាទិត្យលិច (ថ្ងៃលិច)។
ព. ប្រ. វិនាស ខូច អន្តរាយ; បាត់ឈ្មោះ; លង់គំនិត។
ឧទាហរណ៍៖ លិចលែងងើបរួច វិនាសរើខ្លួនលែងរួច; លិចខ្លួន ខូចខ្លួន ឬបាត់ឈ្មោះ ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះទិសដែលព្រះអាទិត្យអស្ដង្គត, ទិសបស្ចិម; និយាយបានតែមានពាក្យ ខាង ឬ ឯ ផ្សំពីខាងដើម ។
ឧទាហរណ៍៖ ទិសខាងលិច, ស្រុកឯលិច, ទៅឯលិច ។
ល្ងង់មិនដឹងឯលិចឯកើត ល្ងង់ដូចជាមនុស្សវង្វេងទិស ឬល្ងង់មិនស្គាល់ទិស (សរសេរក្លាយជា ឡិច តាមសំនៀងនិយាយ ក៏មាន) ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធ្ងន់មិនអណ្តែតទឹក ។
ឧទាហរណ៍៖ ឈើមួយកំណាត់នេះលិចទឹក មួយកំណាត់នុ៎ះអណ្តែត។
ដែលទាប ឬជ្រៅតែងតែលិចទឹក ។
ឧទាហរណ៍៖ ដីលិចទឹក ព្រៃទឹកលិច។
លិចកញ្ជង់ ដែលចេះតែហិនហោចវិនាសទ្រព្យសម្បត្តិជានិច្ច ។
ឧទាហរណ៍៖ មនុស្សលិចកញ្ជង់។
លិចកញ្ជង់លង់កញ្ជើ (ព. សា.) ហិនហោចវិនាសដូចគេលិចលង់ក្នុងទឹកទាំងកញ្ជើដាក់អីវ៉ាន់ ។ លិចកណ្តេងដី វិនាសដូចជាកប់បាត់ទៅក្នុងដីកណ្តេង ។ លិចក្បាល ទ្រទូងដៃ ដែលលិចក្បាលបាត់ទៅឃើញតែដៃទាំងពីរលើកជ្រោងឡើង : ទឹកជ្រៅលិចក្បាលទ្រទូងដៃ ។ លិចក្រជាំ វិនាសទ្រព្យធនអាប់កេរ្តិ៍ឈ្មោះ ។ លិចតែម្តង ! ខូចតែម្តង; ! លិចទៅ ! ខូចទៅ ! (ពាក្យឧទាន) ។ លិចលង់ វិនាសអន្តរាយដូចជាលិចលង់ក្នុងទឹក ។ លិចលង់ផុងកៃ (ព. សា.) វិនាសអន្តរាយផុងលង់រើខ្លួនពុំរួច ។ លិចអណ្តែត ឬ លិចៗអណ្តែតៗ ឬក៏ លិចអណ្តែតៗលិច ខាតហើយចំណេញៗហើយខាតទៅវិញ ឬបង់ហើយបានៗហើយបង់ទៅវិញ ។ អាលិច ! អាខូច ! (ពាក្យជេរលេង) ។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖