Posted on Leave a comment

តើពាក្យ «សង្គមរាស្ត្រនិយម» មានន័យដូចម្ដេច ?


សង្គមរាស្ត្រនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស. ) ពាក្យសំស្រ្កឹតសន្មត មានអត្ថន័យថា សង្គមនិយមរាស្ត្រប្រជាពលរដ្ឋទួទៅទាំងប្រទេស ប្រកបដោយលក្ខណការណ៍មានសាមគ្គីជាមូលជាប្រភព រួបរួមគ្នាដោយលទ្ធិតែមួយ ដូចគេវេញខ្សែបញ្ចូលធ្លុងគ្នា មិនឲ្យមានការប្រេះឆាបែកកន្ធែកញែកចេញពីគ្នាឡើយ ។ ល ។ សង្គមរាស្ត្រនិយម នេះជាឈ្មោះលទ្ធិមួយនៃការគ្រប់គ្រងប្រទេសកម្ពុជា ឯករាជ្យ អព្យាក្រឹត្យ សង្គមនិយមព្រះពុទ្ធសាសនា ដ៏បរិសុទ្ធស្អាត ។ ល ។ សង្គមនេះកើតមានប្រាកដឡើងក្នុងកាល ព. ស. ២៤៩៩ គ. ស. ១៩៥៥ ដោយ សម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ព្រះអង្គជាព្រះអគ្គមហាប្រធាន ដែលព្រះរាជរដ្ឋាភិបាល ( រាល់រយៈកាល )បានទទួលគោរពយ៉ាងក្រៃលែងជានិច្ចនិរន្តរ៍តរៀងមក; ប្រជាពលរដ្ឋស្លូតត្រង់ក៏ពេញចិត្តឥតរង្កៀស ។ ចាប់ដើមតាំងពី សង្គមរាស្ត្រនិយម នេះកើតមានឡើង ប្រទេសកម្ពុជាក៏មានការលូតលាស់ចម្រើនកើតកើនរាល់ទិវារាត្រី ប្រជាពលរដ្ឋប្រកបដោយសួស្ដីសិរីសុខស្ងប់ជាមួយនឹងកិរិយា ស្វាមីភ័ក្ដិ ឥតរអាក់រអួល វឌ្ឍនាការក៏ចេះតែប្រព្រឹត្តទៅដោយស្រួលជឿនលឿនទៅមុខគគុក ឥតថយក្រោយ សូម្បីមួយជំហានឡើយ ។ ល ។
ព. កា. អនុស្សាវរីយ៍ជាទីរលឹកនឹកគោរពចំពោះ សង្គមរាស្ត្រនិយម ថា ។
ឧទាហរណ៍៖ រាជការសង្គម រដ្ឋរាស្ត្រនិយម នៃកម្ពុជា ដើរលឿនគគុក ទៅមុខឥតរា រាស្ត្រទាំងអស់គ្នា បានសុខចម្រើន! សមិទ្ធិភាព ទាំងខ្ពស់ទាំងទាប ចេះតែកើតកើន ប្រៀបដូចជាផ្សិត ត្រូវភ្លៀងដុះច្រើន ខ្មែរប្រឹងក្រវើន តាមបែបសង្គម! ខ្មែរក្មេងខ្មែរចាស់ រឹតរីករាយណាស់ ឆ្ពោះរាស្ត្រនិយម បើដូចសព្វថ្ងៃ រដ្ឋមិនរលំ- ទេព្រោះមានភ្នំ បាំងខ្យល់ព្យុះហើយ! រដ្ឋខ្មែរមាឌតូច ប៉ុន្តែប្រដូច នឹងកោះរំហើយ ហៅកោះសន្តិភាព ដីរាបដូចត្រើយ ពលរដ្ឋសុខជើយ ក្នុងអាស៊ីទ្វីប! ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply