Posted on Leave a comment

តើពាក្យ «សម» មានន័យដូចម្ដេច ?


សម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ជ៍ម ឬ ទ្រ្ចម អ. ថ. សម់ ) ហ្វឹកហាត់ឲ្យស្ទាត់, ហាត់ជាមួយគ្នាឲ្យជំនាញ, ល្បងគ្នាមើលឲ្យដឹងដំណើរស្ទាត់រាល់ខ្លួន ។

ឧទាហរណ៍៖ អ្នកប្រដាល់សមដៃគ្នា, លោកសង្ឃសមធម៌, អ្នករៀនបាលីសមប្រយោគ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. សរសេរ ស្ចម ឬ ជ៍្ចម អ. ថ. សម់ ) នេសាទុបករណ៍មួយប្រភេទ មានផ្លែដែកមូលស្រួចបីទន្ទឹមគ្នាឥតងៀង មានដងឈើខ្លីកោងក្ងក់ សម្រាប់ចាក់ត្រី ។ ប្រដាប់មានផ្លែជាម្រាមបួនទន្ទឹមគ្នា ជាគូនឹងស្លាបព្រា សម្រាប់កាន់ចាក់ចាប់អាហារបរិភោគ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរញមស្លឹក ដោយត្រូវកម្ដៅថ្ងៃខ្លាំង ឬជាំទឹកជាដើម
ឧទាហរណ៍៖ ឈើសមស្លឹក។

                       ( សំ. បា. ) ដែលស្មើគ្នា, ប៉ុនគ្នា, ប្រហែលគ្នា; ស្រដៀងគ្នា ។
ឧទាហរណ៍៖ រូបរាងសមគ្នា, ប្ដីប្រពន្ធសមគ្នា ។

                       ដែលល្មមល្អមើល, មិនទាស់ភ្នែក, មិនឆ្គង
ឧទាហរណ៍៖ កាត់សក់សម, ស្លៀកពាក់សម ។

                       ដែលត្រូវ, ត្រូវដូច; សមដូចពាក្យគេថា; និយាយដូច្នេះមិនសមសោះ! ។ ល ។ សមគប់ កិ. គប់រក, ចូលគំនិតគ្នា ។ សមគួរ គុ. ល្មម, យ៉ាងមធ្យម : ល្អសមគួរ ។

                      ន. ដំណើរសម្ដែងអាការកិរិយាសុភាពរៀបរយ, ការធ្វើបដិសណ្ឋារៈរកគ្នាត្រូវបែបបទ : មានសមគួររកគ្នា ។ សមគំនិត កិ. រួមគំនិតជាមួយ ។ សមជា និ. គួរជា, ល្មមជា : សមជានឹងបាន ។ សមតែ និ. គួរតែ, ល្មមតែ : សមតែនឹងឲ្យ ។ សមបី និ. គួរបី, គួរគប្បី : សមបីអ្វីនឹងដល់ម្ល៉ឹង!; មិនសមបីនឹងទៅជាយ៉ាងហ្នឹងសោះ! ។ សមបុណ្យ គុ. ដែលគួរដល់បុណ្យ, ដែលល្មមនឹងបុណ្យ ។ សមបើ និ. គួរបើ : មិនសមបើដល់ម្ល៉ឹងសោះ! ។ សមបំណង កិ. ឬ កិ. វិ. បានដូចបំណង; ដែលត្រូវត្រង់តាមបំណង : បានសម្រេចប្រយោជន៍សមបំណង ។ សមប្រកប កិ. ឬ កិ. វិ. បានកបដូចចិត្ត; ដែលត្រូវចួនត្រូវទំនង : រកស៊ីសមប្រកប ។ សមមាឌ កិ. ឬ គុ. ល្មមដល់មាឌ : ខ្លាំងមិនសមមាឌ ។ សមមាត់ កិ. ឬ គុ. គួរដល់មាត់, គួរស្ដីនិយាយ, គួរហើបមាត់ថា : មិនសមមាត់នឹងនិយាយទៅរក ។ សមរម្យ ( –រំ ) គុ. ឬ កិ. វិ. ដែលត្រូវបែបត្រូវយ៉ាង, មិនទាស់ភ្នែក : ស្លៀកពាក់សមរម្យ, រូបឆោមសមរម្យ ។ សមសក្ដិ ឬ –ស័ក្ដិ ន. ឬ គុ. អំណាចដ៏សមរម្យ; អំណាចស្មើ; សមបុណ្យ សមអំណាច ។ សមសារ ( ម. ព. លំនាំសមសារ ផង ) ។ សមសួន គុ. ( សំ. បា. សម + ស. ស់្វន អ. ថ. សួន “ភាគ, ចំណែក, ប៉ែក” ) មានភាគដ៏សម, សមតាមភាគ; សមតាមបែប, តាមភាព; ដែលត្រូវតាមខ្នាត : រូបរាងសមសួន; មានកម្ពស់សមសួន ។ ល ។

                        ( សំ. បា. ) ស្មើ, ស្មើគ្នា, ប៉ុនគ្នា, ប្រហែលគ្នា, ដូចគ្នា ( ព. ផ្ទ. វិសម ) ។ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប : សមគោត្ត ឬ –គោត្រ គោត្រត្រូវគ្នា, សែត្រូវគ្នា; អ្នកដែលមានគោត្រត្រូវគ្នា ។ សមចរិយា ( សៈម៉ៈចៈរ៉ិយ៉ា ) ការប្រព្រឹត្តស្មើ, ការកាន់ធម៌ស្មើ គឺមិនលម្អៀង ព្រោះស្រឡាញ់, ព្រោះស្អប់, ព្រោះល្ងង់, ព្រោះខ្លាច ( ម. ព. អគតិ ផង ) ។ សមចារី អ្នកប្រព្រឹត្តស្មើ, អ្នកកាន់ធម៌ស្មើ ( អ្នកមិនលម្អៀងដោយអគតិ ៤ យ៉ាង ); បើស្ត្រីជា សមចារិនី ។ សមចិត្ត ចិត្តស្មើ; ចិត្តស្មើគ្នា ។ សមចិន្ដា ( –ចិន-ដា ) គំនិតស្មើគ្នា ។ សមជាតិ ជាតិស្មើគ្នា; ជាតិត្រូវគ្នា ។ សមជាតិក ឬ –ជាតិកៈ អ្នកដែលមានជាតិស្មើគ្នា ( បើស្ត្រីជា សមជាតិកា ) ។ សមជីវិតា ការចិញ្ចឹមជីវិតស្មើ គឺចិញ្ចឹមជីវិតត្រូវតាមធម៌ តាមច្បាប់មិនខ្ពស់ៗទាបៗ ។ សមតេជះ តេជះ, អំណាច ស្មើគ្នា; អ្នកដែលមានអំណាចស្មើគ្នា ។ សមទណ្ឌ (–ទ័ន ) អាជ្ញា, ពិន័យដែលសមនឹងទោសខុស ។ សមនាម ឬ សមាននាម ( សៈម៉ានៈ– ) ឈ្មោះត្រូវគ្នា; អ្នកដែលមានឈ្មោះត្រូវគ្នា ។ សមភាគ ចំណែកស្មើគ្នា ។ សមភាព ភាពស្មើគ្នា, ដំណើរស្មើមុខគ្នា ( ម. ព. នេះទៀតផង ) ។ សមវ័យ អាយុស្មើគ្នា, ឆ្នាំតំណាលគ្នា ។ សមវិជ្ជា ឬ –វិទ្យា ចំណេះស្មើគ្នា ។ សមវិទ អ្នកដែលមានចំណេះស្មើគ្នា ។ សមវិបាក ដែលមានវិបាកស្មើគ្នា; អំពើដែលមានផលស្មើគ្នា ។ សមានុភាព ( សៈម៉ា–; សំ. បា. < សម + អានុភាវ ) អានុភាពស្មើគ្នា; អ្នកដែលមានអានុភាពស្មើគ្នា ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្នងព្រះអង្គុលា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply