Posted on Leave a comment

តើពាក្យ «សមណសក្ដិ» មានន័យដូចម្ដេច ?


សមណសក្ដិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. និង សំ. ក្ល., បា. សមណ + សត្តិ; សំ. ឝ្រមណ + ឝក្តិ ) ស័ក្ដិសម្រាប់សមណៈ គឺឋានន្តរស័ក្ដិសម្រាប់បព្វជិតក្នុងប្រទេសនីមួយៗ ។ តាមបវេណីក្នុងកម្ពុជរដ្ឋ មានសមណស័ក្ដិទីស្ដេចសង្ឃ, ទីសង្ឃនាយក, ទីរាជាគណៈ, ទីឋានានុក្រម, ទីមហា; ចែកជា ៤ សម្រាប់គឺ ឯក, ទោ, ត្រី, ចត្វា ( ធៀបដោយឋានន្តរស័ក្ដិមន្ត្រីខាងអាណាចក្រក្នុងបុរាណសម័យ ) ។ សមណស័ក្ដិទីរាជាគណៈ ( ក្នុងតំណែង ) មាន ៣២ គឺ សម្រាប់ឯកមាន ១១ គឺ ១- ព្រះសុគន្ធ ( ទីអគ្គមហាសេនា ), ប៉ុន្តែចួនកាលព្រះករុណាជាម្ចាស់ជីវិត ទ្រង់តាំងជាស្ដេចសង្ឃទីសម្ដេចព្រះសង្ឃរាជឬទីដូចជាឧបរាជរងបន្ទាប់ពីសម្ដេចព្រះមហាសង្ឃរាជមក, ហៅថា សម្ដេចព្រះសុគន្ធាធិបតី…; ២-ព្រះមង្គលទេពាចារ្យ ( ទីយោមរាជ ); ៣- ព្រះពោធិវ័ង្ស ( ទីវាំងវរវៀងជ័យ ); ៤- ព្រះធម្មលិខិត ( ទីក្រឡាហោម ); ៥- ព្រះវនរ័ត ( ទីចក្រី ) –ទីឱភាសមន្ត្រី ( រឿនហ្លួង ) មាន ២ គឺ ១- ព្រះមហាព្រហ្មមុនី ( ទីមហាមន្ត្រី ); ២- ព្រះមហាវិមលធម្ម ( ទីមហាទេព ) –ទីឃ្លាំងធម៌មាន ៤ គឺ ១- ព្រះពុទ្ធឃោសាចារ្យ; ២- ព្រះធម្មឃោសាចារ្យ; ៣- ព្រះឃោសធម្ម; ៤- ព្រះធម្មឧត្ដម ។រាជាគណៈសម្រាប់ឯកទាំងនេះត្រូវប្រើផ្លិតសមណស័ក្ដិព័ណ៌ក្រហម ។ រាជាគណៈសម្រាប់ទោមាន ៧ គឺ ១- ព្រះសិរីសម្មតិវង្ស ( ទីសម្ដេចចៅពញា ); ២- ព្រះពុទ្ធវង្ស ( ទីវង្សាអគ្គរាជ ); ៣- ព្រះសាក្យវង្ស ( ទីស្រីធម្មាធិរាជ ); ៤- ព្រះធម្មកវីវង្ស ( ទីវិបុលរាជ ); ៥- ព្រះអរិយវង្ស ( ទីរាជតេជៈ ) –ទីឱភាសមន្ត្រីមាន ២ គឺ ១- ព្រះអរិយកស្សប ( ទីអធិរាជវង្សា ); ២- ព្រះឧបាលិវង្ស ( ទីអធិកវង្សា ); ទាំង ៧ រូបនេះ ត្រូវប្រើផ្លិតសមណស័ក្ដិពណ៌បៃតង ។ រាជាគណៈសម្រាប់ត្រីមាន ៧ គឺ ១- ព្រះញាណរង្សី ( ទីជេដ្ឋាមន្រ្តី ); ២- ព្រះញាណវីរិយៈ ( ទី…ឯករាជ ); ៣- ព្រះធម្មប្បញ្ញាញាណ ( ទី…បទេសរាជ ); ៤- ព្រះសិរីវិសុទ្ធិញ្ញាណ ( ទីស្រីទិព្វវ័ង ); ៥- ព្រះញាណកោសល ( ទីនរិន្ទនាយក ); –ទីឱភាសមន្ត្រីមាន ២ គឺ ១- ព្រះទេពមុនី ( ទីវិសេសមន្រ្តី ); ២- ព្រះទេពសត្ថា ( ទីមន្ត្រីនាយក ); ទាំង ៧ រូបនេះ ត្រូវប្រើផ្លិតសមណស័ក្ដិព័ណ៌ស្វាយ ។ រាជាគណៈសម្រាប់ចត្វាមាន ៧ គឺ ១- ព្រះធម្មវិបស្សនា ( ទីអធិបតីសេនា ); ២- ព្រះធម្មវីរិយៈ ( ទីវង្សានុរក្ស ); ៣- ព្រះធម្មវិសុទ្ធិ ( ទីវង្សាភិមន្ដ ); ៤- ព្រះសមាធិធម្ម ( ទីបវររាជ ); ៥- ព្រះធម្មនិរោធរង្សី ( ទីវង្សាធិបេស ) –ទីឱភាសមន្ត្រីមាន ២ គឺ ១- ព្រះញាណសំវរ ( ទីមហាធិរាជ ); ២- ព្រះវិន័យសំវរ ( ទីទេពនាយក ); ទាំង ៧ រូបនេះត្រូវប្រើផ្លិតសមណស័ក្ដិព័ណ៌ខៀវ ។ ទាំងបព្វជិតជាឋានានុក្រមទីបាឡាត់, វិន័យធរ, ធម្មធរ, ព្រះគ្រូ, ធម្មកថិក, សមុហ៍ របស់រាជាគណៈទាំង ៤ សម្រាប់នេះ ក៏ត្រូវប្រើផ្លិតសមណស័ក្ដិមានព័ណ៌តាមលំដាប់សម្រាប់នោះដែរ; ឯរាជាគណៈនិងឋានានុក្រមក្រៅពីនេះ ហៅថា ឋានន្តរពិសេស ឬ សមណស័ក្ដិពិសេស បើតាំងក្នុងសម្រាប់ណា ( ឯក ឬ ទោ, ត្រី, ចត្វា ) ត្រូវប្រើផ្លិតសមណស័ក្ដិមានព័ណ៌តាមសម្រាប់នោះ ( ម. ព. វណ្ណ ឬ វណ្ណៈ ន. និង ទ្រទូង, រាជាគណៈ, ឋានានុក្រម ផង ) ។ សមណស័ក្ដិទាំង ៤ ថ្នាក់ ដូចខាងលើនេះ ជារបៀបក្នុងសម័យមុន ។ លុះដល់មក គ. ស. ១៩៤៣ មានការកែប្រែបន្ថែមបន្ថយខ្លះហើយតមកដល់ គ. ស. ១៩៤៨ បានរៀបចំកែប្រែម្ដងទៀត ( ព្រះរាជក្រមលេខ ១២ នស. ចុះថ្ងៃទី ៩-២-៤៣, លេខ ៦៨ នស. ចុះថ្ងៃទី ១៨-៩-៤៣ និងលេខ ១ រវ. ចុះថ្ងៃទី ២៦-៥-៤៨ ) មានរបៀបដូចតទៅនេះគឺ ព្រះសង្ឃនាយកគណៈមហានិកាយ មានឋានន្តរជា ព្រះមហាសុមេធាធិបតី; ព្រះសង្ឃនាយកគណៈ ធម្មយុត្តិកនិកាយ មានឋានន្តរជា ព្រះសុធម្មាធិបតី ។ ឋានន្តរទាំងពីរនេះ ជាសមណសក្ដិពិសេសខ្ពស់បំផុត សម្រាប់តែព្រះសង្ឃនាយកទាំងពីរគណៈ ហើយចួនកាលឡើងដល់ទី សម្ដេច ផង ក៏មាន, ចួនកាលឡើងជា សម្ដេចព្រះសង្ឃរាជ ក៏មាន ។ ឯសមណសក្ដិទីរាជាគណៈ ក្នុងតំណែងខាងគណៈ មហានិកាយថ្នាក់ឯកមាន ៣ គឺ ១- ព្រះធម្មលិខិត; ២- ព្រះពោធិវ័ង្ស; ៣- ព្រះវនរ័ត ( ទាំង ៣ នេះ ចួនកាលឡើងជាទី សម្ដេច ) ។ ថ្នាក់ទោមាន ៦ គឺ ១- ព្រះមហាវិមលធម្ម; ២- ព្រះពុទ្ធឃោសាចារ្យ; ៣- ព្រះធម្មឃោសាចារ្យ; ៤- ព្រះឃោសធម្ម; ៥- ព្រះសាសនមុនី; ៦- ព្រះមុនីកោសល ។ ថ្នាក់ត្រីមាន ៦ គឺ ១- ព្រះសិរីសម្មតិវង្ស; ២- ព្រះពុទ្ធវង្ស; ៣- ព្រះសាក្យវង្ស; ៤- ព្រះឧបាលិវង្ស; ៥- ព្រះញាណវង្ស; ៦- ព្រះសុមេធវង្ស ។ ថ្នាក់ចត្វាមាន ២០ គឺ ១- ព្រះធម្មវិបស្សនា; ២- ព្រះសមាធិធម្ម; ៣- ព្រះញាណកោសល; ៤- ព្រះសិរីសង្គាមមុនី; ៥- ព្រះសិរីវិសុទ្ធិ; ៦- ព្រះធម្មវង្សា; ៧- ព្រះញាណសំវរ; ៨- ព្រះវិន័យសំវរ; ៩- ព្រះឥន្ទមុនី; ១០- ព្រះទេពមុនី; ១១- ព្រះវិន័យមុនី; ១២- ព្រះទេពសត្ថា; ១៣- ព្រះសីលសំវរ; ១៤- ព្រះគម្ភីរត្ថេរ; ១៥- ព្រះអរិយមគ្គញ្ញាណ; ១៦- ព្រះវិភទ្ទញ្ញាណ; ១៧- ព្រះបវរសត្ថា; ១៨- ព្រះញាណវិសុទ្ធិវង្ស; ១៩- ព្រះធម្មវិសុទ្ធិវង្ស; ២០-ព្រះបិដកធម្ម ។ សមណសក្ដិទីរាជាគណៈក្នុងតំណែងខាងគណៈធម្មយុត្តិកនិកាយ ថ្នាក់ឯកមាន ២ គឺ ១- ព្រះមង្គលទេពាចារ្យ; ២- ព្រះពុទ្ធាចារ្យ ។ ថ្នាក់ទោមាន ៣ គឺ ១- ព្រះមហាព្រហ្មមុនី; ២- ព្រះធម្មឧត្ដម; ៣- ព្រះអរិយកស្សប ។ ថ្នាក់ត្រីមាន ៤ គឺ ១- ព្រះអរិយវង្ស; ២- ព្រះធម្មកវីវង្ស; ៣- ព្រះញាណរង្សី; ៤- ព្រះមហាវីរវង្សាចារ្យ ។ ថ្នាក់ចត្វាមាន ១២ គឺ ១- ព្រះបទុមវង្សា; ២- ព្រះធម្មមុនី; ៣- ព្រះវជិរមេធា; ៤- ព្រះអរិយមុនី; ៥- ព្រះទេពមោលី; ៦- ព្រះធម្មត្ថេរ; ៧- ព្រះអមរាភិរក្ខិត; ៨- ព្រះមហារាជធម្ម; ៩- ព្រះរតនមុនី; ១០- ព្រះធម្មត្រ័យលោកាចារ្យ; ១១- ព្រះធម្មវរោត្ដម; ១២- ព្រះញាណវីរិយៈ ។ រួមសមណសក្ដិព្រះរាជាគណៈក្នុងតំណែងទាំង ៤ ថ្នាក់ គឺខាងគណៈមហានិកាយ៣៥, ខាងគណៈធម្មយុត្តិកនិកាយ មាន ២១ ត្រូវជា ៥៦ ។ ព្រះសង្ឃនាយក ឬ សម្ដេចព្រះសង្ឃរាជ ទាំងពីរព្រះអង្គនិងព្រះរាជាគណៈក្នុងតំណែងទាំង ៥៦ អង្គនេះ សុទ្ធតែព្រះមហាក្សត្រិយ៍ទ្រង់ប្រោសព្រះរាជទានតែងតាំងដោយព្រះរាជក្រឹត្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply