Posted on Leave a comment

“ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា យល់សេះថាជាលា យល់គជាថាកណ្តុរ” (សុភាសិតខ្មែរ ទី​ ២០ / Khmer Proverb 20)

“ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា យល់សេះថាជាលា យល់គជាថាកណ្តុរ”


អត្ថាធិប្បាយ

– ស្បង់ : សំពត់ដែលព្រះសង្ឃស្លៀក ដើម្បីបិទបាំងកេរ្តិ៍ខ្មាស់
– នេត្រា : ភ្នែក
– លា : សត្វលា , ស្រដៀងសេះ តែតូចជាង
– គជា (អានថា គុច-ជា) : ដំរី
សម្លោកនេះ និយាយពីចរិតរបស់មុស្ស នាសតវត្សទី ១៩ និងទី ២០ ហើយ និងសតវត្សបន្តបន្ទាប់ទៅមុខ ។
តាមទម្លាប់ ឬ ប្រពៃណី ដែលមានមកពីបូរាណ – ជាប្រពៃណីត្រឹមត្រូវនោះ – បើអ្នកណាម្នាក់ ស្លៀកស្បង់ (ទៅបួស) គេត្រូវតែកោរសក់ចេញ ទើបពេញលក្ខណ៍ជាអ្នកបួស ។
“កោរសក់” ក្នុងទីនេះ មិនត្រឹមតែមានន័យថា “កោរសក់ក្បាល” ចេញនោះទេ, គឺមានន័យវែងឆ្ងាយជាងនេះទៅទៀត៖
– លះបង់នូវតណ្ហាទាំង ៤ គឺ – រាគៈ -លោភៈ -ទោសៈ -និងមោហៈ
– លាចាកជីវិតលោកិយ ទៅកាន់ឧត្តមភេទ ជាអ្នកដឹកនាំគ្រហស្ថឲ្យកាន់សីល ដើម្បីទទួលនូវភាពសុខសាន្ត ក្នុងសង្គម ។
នេះជារឿងដើម នៃអ្នកបួស ដែលត្រឹមត្រូវ តាមវិន័យនៃព្រះពុទ្ធសាសនា។ លុះមកដល់សម័យបច្ចុប្បន្ននេះ មនុស្សភាគច្រើនដែលទៅស្លៀកស្បង់នោះ ធ្វើផ្ទុយ ពីវិន័យ ឬ ច្បាប់ដើមរបស់ព្រះពុទ្ធ។ គេស្លៀកស្បង់ ដើម្បីបំភ័ន្តភ្នែក ទាក់ទាញយក លាភសក្ការៈ ពីពុទ្ធសាសនិកដែលល្ងង់ខ្លៅ មិនយល់ថា តើ “បួសនោះ ប្រាកដជា បួសមែនទេន , ឬមួយក៏បួសតែសំបកក្រៅ មិនព្រមកោរសក់ឲ្យស្អាតផងសោះ?” ។
– ឆ្លុះកញ្ចក់ ធ្មេចនេត្រា: មានន័យដូចគ្នានឹងពាក្យខាងលើ, គឺថា ជាពាក្យឧបមា។ យើងឆ្លុះកញ្ចក់ មើលមុខខ្លួនយើង ក្រែងមានប្រឡាក់អ្វីមួយ-មិនស្អាត ។ តែបើពេលឆ្លុះនោះ បែរជាបិទភ្នែកទៅវិញ តើអាចមើលឃើញ មុខបែបណាឬទេ?
អត្ថន័យពេញលេញ នៃពាក្យនេះ គេចង់និយាយថា សម័យនេះ មានមនុស្សមួយចំនួនធំ មិនព្រមយល់ថា តើខ្លួនជាជនថ្នាក់ណា? ជាមនុស្សដែលអ្នកផងស្រឡាញ់រាប់អាន? ជាមនុស្សកំរោលឃោរឃៅ? ជាអ្នកចេះ? ជាអ្នកល្ងង់? ។ល។ គេតាំងខ្លួនជាអ្នកចេះ -ជាអ្នកដឹកនាំ… ហើយទីបំផុតបានទទួលនូវមហន្តរាយដល់ប្រទេស និង ប្រជារាស្ត្រ វេទនាខ្លោចផ្សា ព្រោះតែ “ល្ងង់” ហើយមិនព្រមទទួលថា ល្ងង់… មិនព្រមបើកភ្នែក មើលមុខខ្លួននៅក្នុងកញ្ចក់ ។
– “យល់សេះ ថាជាលា”: ជាសម្តីបញ្ជាក់នូវទិដ្ឋិរបស់មនុស្សបច្ចុប្បន្ន ដែលមានភាពច្របូកច្របល់ វិលវល់ក្នុងចិត្តលែងស្គាល់ខុស-ត្រូវ, ល្អ- អាក្រក់, ស-ខ្មៅ អស់រលីងហើយ, លែងស្គាល់ម៉ែ-ឪ, លែងស្គាល់គ្រូ-បា-អាចារ្យ , ឆ្អិនក្បាល ស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ ។ល។
– ” យល់គជា ថាកណ្តុ ” មានន័យដូចពាក្យខាងលើ, គឺថាមនុស្សឥលូវ មានការយល់ច្រឡំធំណាស់, មើលឃើញដំរី ហើយយល់ថា មិនមែនដំរីទេ, គឺជាសត្វកណ្តុរទៅវិញ។ យ៉ាងណាមិញ, ដូចជាគ្រាបច្ចុប្បន្ននេះ មនុស្សដែលគ្មានវិជ្ជា ឬ មានបន្តិចបន្តួច ច្រើនជាមនុស្សអួតអាង -លោតហក់ -វាយឫក ធ្វើហាក់ខ្លួនទើបនឹងប្រឡងចេញពីសាលាជាន់ខ្ពស់ណាមួយ តែតាមពិត គឺជាមនុស្ស “ប៉ោត” សុទ្ធសាធ។ មនុស្សធុននេះ អាចទាក់ទាញអ្នកឯទៀត ឲ្យយល់ច្រឡំថាជា “អ្នកចេះ” រួចត្រូវគេលើក តម្កើង ដោយជឿទៅលើភាពក្អេងក្អាងនោះ។
ចំណែកអ្នកចេះដឹងពិតប្រាកដ ច្រើនជាមនុស្សសុភាពរាបសា មិនចេះអួតអាង, មិនចេះព្រោកប្រាជ្ញបែកពពុះមាត់ គ្មានខ្លឹមសារអ្វីសោះនោះទេ។ អាកប្បកិរិយានេះ នាំមនុស្សភាគច្រើន យល់ច្រឡំថាជាមនុស្ស “គ្មានដឹងអ្វីសោះ” រួចហើយ គេទុកមនុស្សនេះ ដែលជាមនុស្ស “គជា” ពិតៗ ថាជាកណ្តុរទៅវិញ! ។

 

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply