កាម
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សេចក្ដីប្រាថ្នា, ចំណង់, ទ្រព្យសម្បត្តិ, និងកិលេសដែលសត្វតែងប្រាថ្នា ។ សព្ទនេះប្រើជាបទសមាសបានជាអនេក; បើរៀងពីខាងដើមសព្ទដទៃ អ. ថ. កាម៉ៈ ដូចជា កាមគុណ, កាមតណ្ហា ជាដើម ។ កាមគុណដំណើរចម្រើននៃសេចក្ដីប្រាថ្នានូវអារម្មណ៍ទាំង ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។ កាមច្ឆន្ទៈ ( កាម-ម៉ាច់-ឆាន់-ទៈ ) សេចក្ដីពេញចិត្តក្នុងកាម ។ កាមតណ្ហា ចំណង់ចំពោះកាម, សេចក្ដីប្រាថ្នាមិនចេះចប់ក្នុងកាម ។ កាមទុក្ខ សេចក្ដីលំបាកក្នុងកាម, ទុក្ខដែលកើតឡីងព្រោះកាម ។ កាមបង្កៈ ( –ប៉័ង-កៈ ) ភក់គឺកាម ឬកាមដូចជាភក់ ។ កាមបរិឡាហៈ (–ប៉ៈ-រិ-ឡា-ហៈ ) សេចក្ដីក្ដៅក្រហាយ, រោលរាល, អន្ទះអន្ទែងព្រោះកាម ។ កាមភព ភពគឺកាម ឬភពដែលប្រកបដោយកាមគុណទាំង ៥ , បានដល់ភព ១១ គឺទេវលោក ៦, មនុស្សលោក ១, អបាយភូមិ ៤ ។ កាមភោគិសេយ្យា ( –សៃ-យ៉ា ) ដំណេករបស់បុគ្គលអ្នកបរិភោគកាម ( អ្នកបរិភោគកាមច្រើនដេកផ្អៀងទៅខាងឆ្វេង ) តាមអដ្ឋកថា សុត្តន្តបិដក ។ កាមភោគី អ្នកបរិភោគកាម ។ ឥត្ថី. កាមភោគិនី ។ កាមយោគ សេចក្ដីប្រកប ឬព្យាយាមក្នុងកាម ។ កាមរាគ តម្រេកក្នុងកាម ។ កាមរាគានុស័យ កិលេសយ៉ាងល្អិត ដែលដិតត្រាំប្រចាំនៅក្នុងសន្ដាន គឺកាមរាគ ។ កាមរោគ រោគកើតឡើងព្រោះកាម ។ កាមវិតក្ក ( –វិ-តាក់-កៈ ) សេចក្ដីត្រិះរិះក្នុងកាម ។ កាមវិយោគ ការព្រាត់ប្រាស់និរាសចាកកាម ។ កាមសិនេហៈ ឬ កាមស្នេហា សេចក្ដីស្រឡាញ់ជក់ជាប់ស្អិតក្នុងកាម ។ កាមសុខ សុខក្នុងកាម ឬសេចក្ដីសប្បាយដែលកើតឡើងអំពីកាម ។ កាមសុខល្លិកា នុយោគ ការប្រកបរឿយៗ ក្នុងកាមសុខ, ការប្រព្រឹត្តជាប់ចិត្តចំពោះកាមសុខ ។ កាមាទីនវៈ ( –ម៉ា-ទី-នៈ-វៈ ) ឬកាមាទីនព ( –នប់ ) ទោសនៃកាម, ទោសដែលកើតអំពីកាម ។ កាមារម្មណ៍អារម្មណ៍គឺកាម ៦ យ៉ាង មានរូបារម្មណ៍ជាដើម ។ កាមាវចរ ឈ្មោះឋានសួគ៌ ៦ ជាន់ ឬឈ្មោះចិត្តដែលត្រាច់ទៅក្នុងកាមភព ឬដែលចុះស៊ប់កាន់កាមភព ។ កាមាសវៈ ( –សៈ-វ៉ៈ ) អាសវៈគឺកាម ។ កាមុបាទាន ( -ប៉ា- ) សេចក្ដីប្រកាន់មាំក្នុងកាម ។ កាមុម្មត្តកៈ ( កាម៉ុម-ម៉ាត់-តៈ-កៈ ) អ្នកឆ្កួតព្រោះកាម ឬដែលឆ្កួត, ដែលវក់ក្នុងកាម ។ កាមេសនា ការស្វែងរកកាម ។ កាមោឃៈ( –ឃៈ ) អន្លង់គឺកាម ឬ កាមដូចជាអន្លង់ ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖