Posted on Leave a comment

តើពាក្យ «គមិកវត្ត» មានន័យដូចម្ដេច ?


គមិកវត្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < គមិក + វត្ត ។ វិ. គន្តុំ ភព្វោតិ > គមិកោ ភិក្ខុអ្នកគួរដើម្បីទៅ, ភិក្ខុអ្នកដំណើរ, ឬ គន្តុមិច្ឆតីតិ > គមិកោ ភិក្ខុអ្នកប្រាថ្នានឹងធ្វើដំណើរទៅ ។ គមិកស្ស (កាត្វព្វំ) វត្តំ > គមិកវត្តំ វត្តប្រណិប័តន៍ដែលភិក្ខុគប្បីធ្វើដល់ភិក្ខុអ្នកដំណើរ ។ គមិកវត្ត គឺវត្តរបស់ភិក្ខុអ្នកធ្វើដំណើរទៅមានសេចក្តីថា គមិកភិក្ខុ ភិក្ខុអ្នកនឹងចេញចាកអាវាសទៅកាន់ទីដទែគប្បីទុកដាក់គ្រឿងឈើ មានគ្រែនិងតាំងជាដើម ដែលជារបស់សង្ឃនឹងគ្រឿងដីហើយ បិទទ្វារបិទបង្អួចប្រគល់សេនាសនៈឲ្យស្រេច បើមិនមានភិក្ខុគប្បីប្រគល់ឲ្យសាមណេរ បើមិនមានសាមណេរគប្បីប្រគល់ឲ្យអ្នករក្សាវត្ត បើអ្នករក្សាវត្តមិនមាន គប្បីប្រាប់ឧបាសក បើមិនមានអ្នកណាម្នាក់គប្បីតម្កល់គ្រែលើដុំសិលា ៤ ដុំ ហើយលើកគ្រែតម្រួតលើគ្រែ តាំងតម្រួតលើតាំងដាក់គ្រឿងសេនាសនៈមានពូកខ្នើយជាដើមទុកខាងលើ ទុកដាក់គ្រឿងឈើគ្រឿងដី បិទទ្វារបង្អូច ទើបសឹមជៀសចេញទៅ បើកុដិភ្លៀងលិចបានកាលអាចនិងប្រក់បានក៏គប្បីប្រក់ ឬគប្បីធ្វើសេចក្តីឧស្សាហ៍កម្មថា ធ្វើម្តេចនឹងគប្បីប្រក់បានបើបានយ៉ាងនេះជាការល្អ បើមិនសោត គប្បីដំកល់គ្រែលើដុំថ្ម ៤ ដុំទុកក្នុងឱកាសដែលភ្លៀងមិនបានលិចហើយរៀបចំទុកដាក់ដូចមុននោះចុះ បើកុដិវិហារនោះអាចលិចទឹកបាន កាលអាំចនឹងនាំទៅបាន ក៏គប្បីនាំសេនាសនៈទៅផ្ញើទុកក្នុងស្រុកបាន បើបានដូច្នេះជាការល្អ បើមិនបានទេគប្បីដំកល់គ្រែតាំងលើដុំសិលា ៤ ដុំក្នុងទីវាលហើយរៀបទុកដាក់របស់ទាំងពួងទុកដូចមិនហើយគ្របស្មៅ ឬស្លឹកឈើហើយសឹមជៀសចេញទៅដោយគិតថាធ្វើដូចម្តេចហ្ម ! សូម្បីអវយវមានមេគ្រែ មេតាំងជាដើមនឹងគប្បីសល់នៅខ្លះដូច្នេះ ។ សេនាសនៈដែលត្រូវប្រគល់នៅនោះចំពោះសេនាសនៈដែលធ្វើពីស្មៅនិងស្លឹកឈើ ដែលគួរកណ្តៀរកាត់នឹងឡើងបាន សេនាសនៈសណាគេធ្វើលើខ្នងសិលា ឬលើសសរថ្មក្នុងទីដែលកណ្តៀរឡើងមិនបានសេនាសនៈនោះសូម្បីមិនប្រាប់ មិនប្រគល់ហើយទៅក៏មិនត្រូវអាបត្តិ នេះជាវត្ថុរបស់គមិកភិក្ខុ គមិកភិក្ខុ គប្បីប្រព្រឹត្តដោយប្រពៃចុះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply