ងងឹត
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីភ្លឺ, គឺដែលឥតមានពន្លឺ ។
ឧទាហរណ៍៖ យប់ងងឹត ខែងងឹត ។ ភ្នែកងងឹត ឬ ងងឹតភ្នែក គឺភ្នែកដែលអន់ភ្លឺ ឬ មិនសូវភ្លឺ ឬក៏ ភ្នែកខ្វាក់ (ពាក្យគួរសម) ។
ដែលទើសគំនិតគិតមិនយល់ ។
ឧទាហរណ៍៖ ងងឹតមុខ គឺដែលងោងជ្រប់មើលអ្វីមិនឃើញ, គិតអ្វីមិនទាន់ ដោយខ្យល់ដើរមិនស្រួល ឬដោយខឹងខ្លាំងជាដើម (កុំប្រើច្រឡំជា ល្ងឹត ល្ងឹតល្ងង់) ។
ទីទៃពីភ្លឺ គឺដែលឥតមានពន្លឺ : យប់ងងឹត, ខែងងឹត ។ ភ្នែកងងឹត ឬ ងងឹតភ្នែក គឺភ្នែកដែលអន់ភ្លឺ មិនសូវភ្លឺ ឬក៏ភ្នែកខ្វាក់ (ពាក្យគួរសម) ។ ដែលទើសគំនិតមិនយល់ : ងងឹតមុខ គឺដែលងោងជ្រប់មើលអ្វីមិនឃើញ, គិតអ្វីមិនទាន់ដោយខ្យល់ដើរមិនស្រួល ឬដោយខឹងខ្លាំងជាដើម (កុំប្រើច្រឡំជាល្ងឹត, ល្ងឹតល្ងង់)។ នៅក្នុងព្រះសូត្រ ពាក្យថា ងងឹត ឬបុគ្គលងងឹត ព្រះអង្គសម្តែងដោយធម៌ ច្រើនយ៉ាង ដូចនៅក្នុងសង្គីតិសូត្រ (ទី.បា.) ព្រះអង្គទ្រង់សម្តែងអំពីបុគ្គល ដែលមានបុណ្យតិច មកកើតក្នុងត្រកូលថោកទាប ថាបុគ្គលងងឹត គឺ៖ ១- តមោ តមបរាយនោ បុគ្គលងងឹត មានងងឹតប្រព្រឹត្តទៅខាងមុខទៀត គឺបុគ្គលកើតក្នុងត្រកូលថោកទាប ហើយប្រព្រឹត្តទុច្ចរិតទៀត; ២- តមោ ជោតិបរាយនោ បុគ្គលងងឹត តែមានពន្លឺប្រព្រឹត្តទៅខាងមុខ គឺបុគ្គលកើតក្នុងត្រកូលថោកទាប តែប្រព្រឹត្តសុចរិត; ៣- ជោតិ តមបរាយនោ បុគ្គលមានពន្លឺ តែមានងងឹតប្រព្រឹត្តទៅខាងមុខ គឺបុគ្គលកើតក្នុងត្រកូលអ្នកខ្ពង់ខ្ពស់ តែប្រព្រឹត្តទុច្ចរិត; ៤- ជោតិ ជោតិបរាយនោ បុគ្គលមានពន្លឺ មានពន្លឺប្រព្រឹត្តទៅខាងមុខទៀត គឺបុគ្គលកើតក្នុងត្រកូលខ្ពង់ខ្ពស់ ហើយប្រព្រឹត្តទៅខាងមុខទៀត គឺបុគ្គលកើតក្នុងត្រកូលខ្ពង់ខ្ពស់ ហើយប្រព្រឹត្តសុចរិតយទៀត។ ជួនកាលព្រះអង្គហៅទៅលើបុគ្គលដែលមានអកុសលមូល ៣ គ្របសង្កត់ថាជាបុគ្គលងងឹតដូចខ្វាក់ ដូចក្នុងកាមសុត្តនិទ្ទេស (ខុ.មហានិ. ព្រះអង្គទ្រង់សម្តែងថា៖ អនត្ថជននោ លោភោ លោភោ ចិត្តប្បកោបនោ ភយមន្តរតោ ជាតំ តំ ជនោ នាវព្ឈតិ។ លុទ្ធោ អត្ថំ ន ជានាតិ លុទ្ធោ ធម្មំ ន បស្សតិ អន្ធតមំ តទា ហោតិ យំ លោភា សហតេ នរំ។ អនត្ថជននោ ទោសោ ទោសោ ចិត្តប្បកោបនោ ភយនមន្តរតោ ជាតំ តំ ជនោ នាវពុជ្ឃតិ។ កុទ្ធោ អត្ថំ ន ជានាតិ កុទ្ធោ ធម្មំ ន បស្សតិ អន្ធតមំ តទា ហោតិ យំ ទោសោ សហតេ នរំ។ អនត្ថជននោ មោហោ មោហោ ចិត្តប្បកោបនោ ភយមន្តរតោ ជាតំ តំ ជនោ នាវពុជ្ឈតិ។ មូឡ្ហោ អត្ថំ ន ជានាតិ មូឡ្ហោ ធម្មំ ន បស្សតិ អន្ធតមំ តទោ ហោតិ យំ មោហោ សហតេ នរំ។ លោភៈជាកិលេសញ៉ាំងសេចក្តីវិនាសឱ្យកើតឡើង លោភៈជាកិលេសញ៉ាំងចិត្តឱ្យក្រមើក ភ័យកើតហើយខាក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ។ បុគ្គលអ្នកលោភរមែងមិនដឹងនូវអត្ថ បុគ្គលអ្នកលោភរមែងមិនស្គាល់នូវធម៌ លោភៈគ្របសង្កត់ជនណា សេចក្តីងងឹតឈឹងសូន្យ (នៃជននោះ) ក៏រមែងមាន ក្នុងកាលនោះ។ ទោសៈជាកិលេសញ៉ាំងសេចក្តីវិនាសឱ្យកើតឡើង ទោសៈជាកិលេសញ៉ាំងចិត្តឱ្យកម្រើក ភ័យកើតហើយខាងក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ។ បុគ្គលអ្នកក្រោធរមែងមិនដឹងនូវអត្ថបុគ្គលអ្នកក្រោធរមែងមិនស្គាល់នូវធម៌ ទោសៈគ្របសង្កត់ជនណា សេចក្តីងងឹតឈឹងសូន្យ (នៃជននោះ) ក៏រមែងមាន ក្នុងកាលនោះ។ មោហៈជាកិលេសញ៉ាំងសេចក្តីវិនាសឱ្យកើតឡើង មោហៈជាកិលេសញ៉ាំងចិត្តឱ្យកម្រើក ភ័យកើតហើយខាងក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ។ បុគ្គលអ្នកវង្វេងរមែងមិនដឹងនូវអត្ថ បុគ្គលអ្នកវង្វេងរមែងមិនស្គាល់នូវធម៌មោហៈ គ្របសង្កត់ជនណា សេចក្តីងងឹតឈឹងសូន្យ (នៃជននោះ) ក៏រមែងមានក្នុងកាលនោះ។ កន្លែងខ្លះទៀត ពាក្យថាងងឹត ព្រះអង្គសំដៅយកតែមោហៈ ឬអវិជ្ជាតែម្យ៉ាង ដូចជាក្នុង រឿងសម្លាញ់ឧបាសិកាវិសាខា (ខុ.ធ.) ព្រះអង្គសម្តែងថា៖ កោ នុ ហាសោ កិមានន្ទោ និច្ចំ បជ្ជលិតេ សតិ អន្ធការេន ឱនទ្ធា បទីបំ ន គវេសថ។ កាលបើលោកសន្និវាស ត្រូវភ្លើងរាគៈជាដើមឆេះទ្រលោមជានិច្ច ម្តេចក៏សើច ម្តេចក៏ត្រេកត្រអាល អ្នកទាំងឡាយត្រូវងងឹត គឺអវិជ្ជារួបរឹតហើយ (ម្តេចឡើយ) ក៏មិនស្វែងរកប្រីប គឺប្រាជ្ញា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖