Posted on Leave a comment

តើពាក្យ «ចក្កលក្ខណៈ» មានន័យដូចម្ដេច ?


ចក្កលក្ខណៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) < ចក្ក + លក្ខណ ។ លក្ខណៈនៃមហាបុរស មានបទបាលីថា ហេដ្ឋាបាទតលេសុ ចក្កានិ ជាតានិ លក្ខណៈទាំងឡាយកើតត្រង់ផ្ទៃនៃព្រះបាទទាំងគូខាងក្រោម។ ក្នុងគម្ពីរជិនាលង្ការដីកាមានសេចក្តីពន្យល់ថា ដែលឈ្មោះថាចក្កលក្ខណៈ គឺជាកងចក្រនីមួយ ។ ស្នាមកង់មានពណ៌មាស ។ ដុំមានពណ៌ដូចកែវឥន្ទនីល ។ មានស្នាមមូលត្រង់កណ្តាលកងចក្រ, ហើយមានគម្រប និងមាត់ជាដុំ ព្រមទាំងមានធ្លុះចំកណ្តាល។ ខាងក្រៅដុំជាទីបំផុតនៃកងចក្រ មានសញ្ញាសម្គាល់របស់មង្គល ១០៨ យ៉ាងស្អាតក្រៃលែង គឺរូបលំពែង, រូបផ្ទះកំពូល, រូបផ្កាចន្ធូ, រូបសវត្ថិកៈ (ស្នាមកាកបាទទាញទៅមុំខាងស្តាំ), រូបផ្កាឈើក្រងលើសីសៈ (ក្បាល), រូបថាសដាក់គ្រឿងសំណែន, រូបតាំងមាស, រូបកង្វេ, រូបបង្គោលរបង, រូបស្វេតច្ឆត្រ, រូបព្រះន័ន, រូបផ្លិតស្លឹកត្នោត, រូបផ្លិតកន្ទុយក្ងោក, រូបក្បាំង, រូបបាត្រ, រូបកែវមណី, រូបភួងផ្កាម្លិះ, រូបព្រលឹតខៀវ, រូបព្រលឹតក្រហម, រូបព្រលឹតស, រូបផ្កាឈូកក្រហម, រូបផ្កាឈូកស, រូបឆ្នាំងដាក់ទឹកពេញ, រូបថាស់ដាក់ទឹកពេញ, រូបមហាសមុទ្រ, រូបភ្នំចក្កវាឡ, រូបភ្នំហេមពាន្ត (តាំងនៅក្នុងជម្ពូទ្វីប), រូបភ្នំសិនេរុ, រូបព្រះអាទិត្យ, រូបព្រះចន្ទ, រូបផ្កាយនក្ខត្តឫក្ស, រូបទ្វីបធំទាំង ៤ និងទ្វីបតូចៗ, រូបស្តេចចក្រពត្តិ និងបរិវារ, រូបសង្ខសវិលទៅខាងស្តាំ រូបត្រីមាសមួយគូ, រូបកងចក្រ, រូបស្ទឹងធំ ៧ខ្សែ, រូបភ្នំសីទន្តរ ៧កន្លែង, រូបស្តេចគ្រុឌ, រូបក្រពើ, រូបទង់ជ័យ និងទង់សំពត់, រូបវហ៍មាស, រូបវាលវីជនីមាស, រូបភ្នំកៃឡាស, រូបស្តេចរាជសីហ៍, រូបស្តេចខ្លាធំ, រូបស្តេចសេះវលាហកៈ, រូបស្តេចដំរីឧបោសថ និងស្តេចរាជសីហ៍, រូបស្តេចខ្លាធំ, រូបស្តេចសេះវលាហកៈ, រូបស្តេចដំរីឧបោសថ និងស្តេចដំរីឆទ្ទន្ត, រូបស្តេចនាគវាសុកី, រូបស្តេចហង្ស, រូបស្តេចគោឧសភ, រូបស្តេចដំរីឯរាវ័ណ, រូបមករមាស, រូបសំពៅមាសមុខបួន, រូបមេគោដោះ, រូបកិន្នរ, រូបកិន្នរី, រូបសត្វករវិក, រូបសត្វក្ងោក, រូបស្តេចក្រៀល, រូបស្តេចក្រៀល, រូបស្តេចសត្វចាក្រពាក, រូបស្តេចសត្វព្រហីត (សត្វជីវញ្ជីវ), រូបទេវលោក ៦ជាន់ និងព្រហ្មលោក ១៦ជាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply