ចក្ខុ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) (សំ.) (ចក្សុស៑) អាយតនៈ សម្រាប់មើល សម្រាប់ឃើញរូបផ្សេងៗ (ភ្នែក) ។ ចក្ខុន្រ្ទិយ (ច័ក ខុន-ទ្រី) ឥន្រ្ទិយគឺភ្នែក (ភ្នែកមានភ្នាក់ងារជាធំខាងការឃើញ) ។ចក្ខុទ្វារ ទ្វារភ្នែក ។ ចក្ខុនិមិត្ត (–មិត) ភ្នែកជាគ្រឿងសម្គាល់ ឬជាហេតុនៃរូបារម្មណ៍ ។ ចក្ខុបថ (–បៈ-ថៈ ឬ–បត់) ន. គន្លងនៃភ្នែក ខ្សែជាប់ពីភ្នែកទៅ ដែលជាផ្លូវនៃរូបារម្មណ៍ ។ ចក្ខុបសាទឬ ចក្ខុប្រសាទ (–ប៉ៈសាត ឬ–ប្រសាត) តួប្រស្រីថ្លាមានសណ្ឋានតូច (ក្នុងគម្ពីរខាងពុទ្ធសាសនាថា មានប្រមាណប៉ុនក្បាលចៃ) ដែលតាំងនៅត្រង់កណ្ដាលកែវភ្នែក; ប្រសាទនេះហើយដែលនាំឲ្យភ្លឺមើលឃើញរូបផ្សេងៗ បើខូចប្រសាទនេះហើយ ក៏មើលអ្វីពុំឃើញហៅថា ងងឹត ឬខ្វាក់ ។ ចក្ខុរោគ រោគក្នុងភ្នែក រោគដែលកើតក្នុងភ្នែក ជម្ងឺភ្នែក ។ ចក្ខុវិកល (–វិ-កល់) ន. ឬ គុ. វិកលនៃភ្នែក; ការខ្វាក់ភ្នែក; ដែលមានភ្នែកវិកល ។ ចក្ខុវិញ្ញាណ សេចក្ដីដឹងដែលកើតឡើងព្រោះអាស្រ័យភ្នែក សំដៅចំពោះត្រង់ដែលរូបមកប៉ះនឹងចក្ខុ ហើយកើតឡើងជាសេចក្ដីដឹង ។ ចក្ខុសម្ផស្ស (–ស័ម-ផ័ស ឬ–សំផស់) ដំណើរដែលចក្ខុនិងរូបព្រមទាំងវិញ្ញាណខ្ទប់គ្នា ។ ចក្ខ្វាយតនៈ(ច័ក-ខ្វា-យ៉ៈ-តៈ-ន៉ៈ) អាយតនៈ គឺចក្ខុ (ម. ព. អាយតនៈ ផង) ។
(បា.; សំ.) (ចក្សុស) < ចក្ខ-ធា. + ឧ ឬណុ-ប. ។ វិ. រូបំចក្ខតីតិ > ចក្ខុ ធម្មជាតិរមែងឃើញនូវរូប, អាយតនៈសម្រាប់មើល សម្រាប់ឃើញរូបផ្សេងៗ (ភ្នែក) វិ. ចក្ខតិ អស្សាទេតិ រូបន្តិ > ចក្ខុ វិ. ចក្ខតិ បស្សតីតិ > វាចក្ខុ ។ ឧ. ក្នុងសំយុត្តនិកាយ សឡាយតនសំយុត្ត ព្រះអង្គសម្តែងថា “យំ ខោ, រាធ, ទុក្ខ តត្រ តេ ឆន្ទោ បហាតព្ពោ ។ កិញ្ច, រាធ, ទុក្ខំ? ចក្ខុ ខោ, រាធ, ទុក្ខ។ តត្រ តេ ឆន្ទោ បហាតព្ពោ ។ ម្នាលរាធៈរបស់ណាដែលជាទុក្ខ អ្នកគប្បីលះបង់នូវសេចក្តីពេញចិត្តក្នុងរបស់នោះចេញ ។ ម្នាលរាធៈ ភ្នែកហ្នឹងឯងជាទុក្ខ អ្នកគប្បីលះបង់សេចក្តីពេញចិត្តក្នុងភ្នែកចេញ។ ចក្ខុទ្វារ ទ្វារភ្នែក ។ ចក្ខុនិមិត្ត (–មិត) ភ្នែកជាគ្រឿងសម្គាល់ ឬជាហេតុនៃរូបារម្មណ៍ ។ ចក្ខុបថ (–បៈ-ថៈ ឬ–បត់) ន. គន្លងនៃភ្នែក, ខ្សែជាប់ពីភ្នែកទៅដែលជាផ្លូវនៃរូបារម្មណ៍ ។ ចក្ខុបសាទ ឬ ចក្ខុប្រសាទ (–ប៉ៈសាត ឬ–ប្រសាត) តួប្រស្រីថ្លាមានសណ្ឋានតូច ក្នុងគម្ពីរខាងពុទ្ធសាសនាថាមានប្រមាណប៉ុនក្បាលចៃ ដែលតាំងនៅត្រង់កណ្តាលកែវភ្នែក; ប្រសាទនេះដែលនាំឱ្យភ្លឺមើលឃើញរូបផ្សេងៗ, បើខូចប្រសាទនេះហើយ ក៏មើលអ្វីពុំឃើញហៅថា ងងឹត ឬខ្វាក់។ ចក្ខុរោគ រោគក្នុងភ្នែក, រោគដែលកើតក្នុងភ្នែក, ជំងឺភ្នែក ។ ចក្ខុវិកល (–វិ-កល់) ន. ឬ គុ. វិកលនៃភ្នែក; ការខ្វាក់ភ្នែក; ដែលមានភ្នែកវិកល។ ចក្ខុវិញ្ញាណ សេចក្តីដឹងដែលកើតឡើងព្រោះអាស្រ័យភ្នែក សំដៅចំពោះត្រង់ដែលរូបមកប៉ះនឹងចក្ខុហើយកើតឡើងជាសេចក្តីដឹង ។ ចក្ខុសម្ផស្ស (–ស័ម-ផ័ស ឬ–សំផស់) ដំណើរដែលចក្ខុ និងរូបព្រមទាំងវិញ្ញាណខ្ចប់គ្នា។ ចក្ខ្វាយតនៈ (ច័ក-ខ្វា-យ៉ៈ-តៈ-ន៉ៈ) អាយតនៈ គឺចក្ខុ (ម.ព. អាយតនៈផង)។ ព្រះពុទ្ធមានចក្ខុ ២យ៉ាងគឺ ញាណចក្ខុ ១ មំសចក្ខុ ១ ។ (១) ញាណចក្ខុ ចក្ខុគឺញាណ បានដល់តួបញ្ញា មាន ៥ គឺយ៉ាងគឺ៖ ១- ពុទ្ធចក្ខុ ព្រះនេត្រដែលជ្រាបនិស្ស័យបារមីរបស់សត្វ ។ ឧ. ពុទ្ធចក្ខុនាម អាសយានុសយញ្ញាណញ្ចេវ ឥន្រ្ទិយបរោបរិយត្តិញ្ញាណញ្ចា អាសយានុសយញ្ញាណ (បញ្ញាដែលទ្រង់ជ្រាបនូវអនុសយកិលេសដែលដេកត្រាំក្នុងសន្តានរបស់សត្វលោកស្រាល ឬស្តើង) និងឥន្ទ្រិយបរោបរិយត្តិញ្ញាណ (បញ្ញាដែលដឹងនូវភាពទន់ខ្ចី និងចាស់ក្លានៃឥន្ទ្រិយរបស់សត្វទាំងឡាយ) ហៅថា ពុទ្ធចក្ខុ អង្គធម៌គឺបញ្ញា ដែលមានចំពោះតែព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះ ។ ២- ធម្មចក្ខុ ព្រះនេត្រដែលជាប្រាជ្ញាត្រាស់ដឹងធម៌បានដល់មគ្គញាណខាងក្រោម ៣ គឺ សោតាបត្តិមគ្គ, សកទាគាមិមគ្គ, អនាគាមិមគ្គ ឧ. វិរជំ វីតមលំ ធម្មចក្ខុំ ឧទបាទិ ធម្មចក្ខុប្រាសចាកធូលីកើតឡើងហើយ។ ធម្មចក្ខុនេះ ជាសាធារណៈដល់សាវកទាំងឡាយ។ ៣- សមន្តចក្ខុ ព្រះនេត្រដែលដឹងធម៌ដោយជុំវិញបានដល់សព្វញ្ញុតញ្ញាណ ។ ដូចជាក្នុងមហាបទានសូត្រសម្តែងថា បាសាទមារុយ្ហ សមន្តចក្ខុ ព្រះពុទ្ធមានសមន្តចក្ខុ ឡើងកាន់ប្រាសាទ គឺព្រះធម៌ ។ សមន្តចក្ខុនេះ មានតែចំពោះព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះ ជាអសាធារណញ្ញាណ។ ៤- ញាណចក្ខុ ព្រះញាណដែលឃើញនូវអរិយសច្ចធម៌ ៤ ។ ដូចក្នុងធម្មចក្កប្បវត្តសូត្តសម្តែងថា បុព្វេ អននុស្សុតេសុ ធម្មេសុ ចក្ខុំ ឧទបាទិ ចក្ខុកើតឡោះងហើយក្នុងធម៌ទាំងឡាយដែលតថាគតមិនធ្លាប់ដឹង ។ ញាណនេះ ហៅថា បញ្ញាចក្ខុ ក៏បាន ជាសាធារណៈដល់សាវកទាំងឡាយផងដែរ។ ៥- ទិព្វចក្ខុ ញាណដែលកើតឡើងដោយការផ្សាយនូវកសិណ ពោលគឺជាទិព្វចក្ខុអភិញ្ញា ។ ឧ. អទ្ទសា ខោ ភគវា ទិព្វេន ចក្ខុនា ព្រះមានព្រះភាគទ្រង់ទតហើយដោយទិព្វចក្ខុ ។ ទិព្វចក្ខុនេះ ជាសាធារណៈដល់សាវ័កទាំងឡាយ។ (២) មំសចក្ខុ បានដល់ចក្ខុដែលជាសាច់មាន ២ យ៉ាងគឺ៖ ១- សសម្ភារចក្ខុ បានដល់ដុំសាច់ដែលនៅក្នុងអណ្តូងភ្នែក ព័ន្ធព័ទ្ធដោយសាច់ត្របកភ្នែក ដែលមានដែលមានរូបដោយសង្ខេប ១៣រូប គឺ មហាភូតរូប ៤ ក្លិន រស ពណ៌ ឱជា ជីវិត ភាវរូប ចក្ខុបសាទ និងកាយបសាទ។ ២- បសាទចក្ខុ បានដល់ភាពថ្លាដែលអាចឆ្លុះនឹងរូបបាន តាំងនៅក្នុងមណ្ឌលនៃគំហើញ ស្រោបដោយមណ្ឌលពណ៌ស និងមណ្ឌលពណ៌ខ្មៅ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖