Posted on Leave a comment

តើពាក្យ «ចក្រពត្តិ» មានន័យដូចម្ដេច ?


ចក្រពត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ចក្រវរ្តិ​ន៑; ចក្កវត្តិ “ស្ដេច​ដែល​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន”) បរម​ក្សត្រ​ដែល​មាន​បុណ្យ​អំណាច​ដ៏​ពន្លឹក មាន​ចក្រ​កើត​សម្រាប់​បុណ្យ អាច​ត្រាស់​ប្រើ​ចក្រ​នោះ​ឲ្យ​ប្រព្រឹត្ត​ទៅ​គ្រប់​ទី​តំបន់​បាន​តាម​ត្រូវ​ការ ឥត​មាន​ទើស​ទាក់ ទ្រង់​មាន​ឥទ្ធានុភាព​ច្រើន​ជា​អនេក ជា​ម្ចាស់​លើ​ទ្វីប​ក្នុង​ពិភព​លោក ទ្រង់​ប្រព្រឹត្ត​សុចរិត​ធម៌ និង​ទសពិធ​រាជ​ធម៌ ខ្ជាប់ខ្ជួន​មិន​មាន​ល្អៀង ហើយ​អាច​ប្រដៅ​ពួក​មនុស្ស​ឲ្យ​ប្រព្រឹត្ត​ល្អ​ផង។
ឧទាហរណ៍៖ ស្ដេច​ចក្រពត្តិ ។ (យូរ​ៗ ណាស់​ទើប​មាន​ម្ដង​ៗ) ។

                  សំ. ចក្រវរ្តិន.; បា. ចក្កវត្តិ < ចក្ក +វត្ត +ណិប. ។ វិ.ចក្កំ វត្តេតីតិ > ចក្កវត្តិ ស្តេចដែលញ៉ាំងចក្រឱ្យប្រព្រឹត្តទៅបាន, បរមក្សត្រដែលមានបុណ្យអំណាចដ៏អស្ចារ្យ មានចក្រកើតសម្រាប់បុណ្យ, អាចត្រាស់ប្រើចក្រនោះឱ្យប្រព្រឹត្តទៅគ្រប់ទីតំបន់បានតាមត្រូវការ ឥតមានទើសទាក់, ទ្រង់មានឥទ្ធានុភាពច្រើនជាអនេក, ជាម្ចាស់លើទ្វីបក្នុងពិភពលោក, ទ្រង់ប្រព្រឹត្តសុចរិតធម៌ និងទសពិធរាជធម៌ខ្ជាប់ខ្ជួនមិនមានល្អៀង ហើយអាចប្រដៅពួកមនុស្ស ឲ្យប្រព្រឹត្តល្អ មានសីល ៥ ជាដើម : ស្តេចចក្រពត្តិ (យូរៗ ទើបមានម្តងៗ)។ ស្តេចចក្រពត្តិទ្រង់មានរតនៈ ៧ប្រការគឺ៖ ១- ចក្ករតនៈ រតនៈគឺចក្រ, រតនៈមានសណ្ឋានជារង្វង់មូលដូចកង់ ពណ៌ខៀវ មានកាំ ១ពាន់ មានអង្កត់ផ្ចិតបរិបូណ៌ដោយអាការទាំងពួង នៅកណ្តាលមានផ្ទាំងប្រាក់ភ្លឺចែងចាំងដូចជួរធ្មេញដ៏ស្អាតស្និទ្ធល្អ នៅផ្នែកខាងក្រៅទាំងសងខាង មានផ្ទាំងប្រាក់ស្រោបជុំវិញ ឯកាំ ១ ពាន់ វិចិត្រដោយរតនៈ ៧ ប្រការ ភ្លឺផ្លឹកដូចរស្មីព្រះសូរិយា។ ២- ហត្ថិរតនៈ រតនៈគឺដំរី, ដំរីរបស់ស្តេចចក្រពត្តិមានឫទ្ធិដ៏មហស្ចារ្យ ដែលព្រះរាជាព្រមទាំងបរិវារឡើងគង់ហើយ ជិះមួយជុំផែនដី ត្រឡប់មករាជធានីវិញ ក៏មិនទាន់ហួសអាហារពេលព្រឹក ។ បើព្រះរាជាមានព្រះទ័យចង់ទៅព្ធដ៏អាកាស ដំណាលគ្នានឹងចិត្តនឹកនោះ ហត្ថិរតនៈនឹងលោតផ្លោះឡើងទៅកាន់នភាល័យ បីដូចរាជហង្ស។ ៣- អស្សរតនៈ រតនៈគឺសេះ, សេះមង្គលរបស់ស្តេចចក្រពត្តិមានសាច់ដុំណែនហាប់ល្អ ជើង និងច្រមុះពណ៌ក្រហម ក្បាលខ្មៅដូចកែវឥន្ទនីល និងដូចកក្អែក មានសក់បះជ្រោងវិលទន់ល្មើយ មានឫទ្ធិអាចបញ្ជិះស្តេចចក្រពត្តិមួយជុំផែនដី ត្រឡប់មករាជធានីវិញទាន់អាហារពេលព្រឹក។ ៤- មណិរតនៈ រតនៈគឺកែវមណី, កែវមណីរបស់ស្តេចចក្រពត្តិផុសមកពីភ្នំវេបុល មូលដូចដុំរទេះ ទំហំ ៤ ហត្ថ ប្រដាប់ដោយផ្កាឈូកមាស និងសំណុំកែវមុក្តាដ៏បរិសុទ្ធ និងមានកែវមណីតូចៗ ដាំជុំវិញចំនួន ៨ម៉ឺន ៤ពាន់ គ្រាប់ ជះរស្មីភ្លឺចែងចាំងដូចព្រះចន្ទពេញវង់ដែលមានហ្វូងតារាហែហម។ ៥- ឥត្ថិរតនៈ រតនៈគឺស្ត្រី, អគ្គមហេសីរបស់ស្តេចចក្រពត្តិមកអំពីត្រកូលមទ្ទរាជ ឬអំពីឧត្តរកុរុទ្វីប មានរាងមិនស្គមពេក មិនធាត់ពេក មានសម្បុរមិនខ្មៅពេក មិនសពេក មានសម្បុរទិព្វស្អាតប្លែកពីមនុស្សសាមញ្ញ មានរស្មីភ្លឺចេញពីរាងកាយប្រវែង ១២ហត្ថ សម្ផស្សសាច់ទន់ល្មើយដូចប៉ុយគ ឬកប្បាសដែលថ្តេចចេញ ១រយដង មានក្លិនខ្លឹមចន្ទន៍ ៤មុខ ភាយចេញពីកាយឈ្ងុយឈ្ងប់ប្រហើរជានិច្ចកាល មាត់មានក្លិនឧប្បលខៀវដ៏ក្រអូបសាយ នៅពេលដែលសើច ឬនិយាយម្តងៗ។ ចរិយាសម្បត្តិរបស់អគ្គមហេសីស្តេចចក្រពត្តិ ឃើញព្រះរាជាហើយ តែងក្រោកពីអាសនៈមុន ហាក់ដូចត្រូវភ្លើងរលាក កាលព្រះរាជាគង់ ព្រះនាងតែងធ្វើកិច្ច មានបក់ផ្លិតជាដើមថ្វាយទ្រង់រួចផ្ទំ ឬប្រថាប់គង់ដោយខ្លួនឯងក្នុងពេលជាខាងក្រោយ តែងយកចិត្តទុកដាក់ស្តាប់នូវព្រះរាជតម្រាស់ មានចិត្តស្វាមីភក្តិ តែមិនមានចិត្តប្រាថ្នាបុរសដទៃ សូម្បីតែនឹកគិតក៏គ្មានដែរ។ ៦- គហបតិរតនៈ រតនៈគឺគហបតី, គហបតីរបស់ស្តេចចក្រពត្តិមានមុខងារខាងរកទ្រព្យសម្បត្តិថ្វាយព្រះរាជា គេមានភ្នែកទិព្វអាចមើលឃើញកំណប់ក្នុងផែនដី ក្នុងទី ១យោជន៍ ហើយតែងយកទ្រព្យនោះថ្វាយដល់ស្តេចចក្រពត្តិ។ ៧- បរិណាយករតនៈ រតនៈគឺអគ្គមហាសេនាបតី មានសមត្ថភាពខាងចាត់ចែងកិច្ចការស្រុកទេសថ្វាយស្តេចចក្រពត្តិ។ តាមពិតទៅអគ្គមហាសេនាបតី គឺជាព្រះរាជបុត្រច្បងរបស់ស្តេច ជាបណ្ឌិតមានប្រាជ្ញាវាងវៃ ប៉ិនប្រសព្វ អាចមានញាណដឹងចិត្តរបស់អ្នកដទៃបាន ក្នុងទីចម្ងាយ ១២យោជន៍។ ទំនៀមស្តេចចក្រពត្តិរាល់ៗអង្គ តែងសមាទានឧបោសថ រួចសោយព្រះក្រយាហារ ហើយចូលក្រឡាបន្ទំក្នុងព្រះរាជមន្ទីរនៃប្រាសាទជាន់លើ ហើយពិចារណានូវសីលរបស់ព្រះអង្គ ដល់វេលាព្រឹកឡើង ទ្រង់ចំណាយព្រះរាជទ្រព្យ ១សែន ធ្វើជាមហាទាន បន្ទាប់មកផ្ងូតព្រះសីសៈ ដោយសុគន្ធវារី ១៦ក្អម ហើយសោយអាហារពេលព្រឹក រួចទ្រង់ពានាឧត្តរាសង្គៈឆៀងស្មា ម្ខាងគង់ពែនភ្នែនលើសិរីសយនា រំពឹងគិតដល់បុព្វហេតុនៃបុណ្យដែលកើតពីការឱ្យទានរបស់ព្រះអង្គ។ (យូរៗ ណាស់ទើបមានម្តងៗ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply