Posted on Leave a comment

តើពាក្យ «ជ័យ» មានន័យដូចម្ដេច ?


ជ័យ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ជយ ) ជម្នះ, ការឈ្នះ : មានជ័យ, ហ៊ោយកជ័យ ។ ឈ្មោះពរមួយយ៉ាងសម្រាប់សូត្រចម្រើនសិរីសួស្ដី ក្នុងមង្គលការសម័យបុរាណ : ក្នុងមង្គលការនេះ សូមឲ្យសូត្រជ័យផង, និមន្ដលោកសូត្រជ័យ ។ ជ័យសួស្ដិ៍ ( –សួស ) ឈ្មោះរបៀបមង្គលការកូនប្រុសស្រីមួយបែប ដែលមានពិធីរាំហូតដាវងាឡើងហាក់ដូចជាប្រហាររូបសាមីខ្លួនកូនប្រុស នៅវេលាដែលកូនប្រុសស្រីកំពុងក្រាបសំពះផ្ទឹមគ្នា ក្នុងកាលជាទីបញ្ចប់កិច្ចមង្គលការឲ្យពរចងដៃ, អ្នកដែលរាំហូតដាវនោះស្រែកសួរអ្នកទាំងអស់ថា ជ័យហោង ? អ្នកឯទៀតឆ្លើយឡើងថា ជ័យ ! អ្នករាំសួរទៀតថា សួស្ដិ៍ហោង ? អ្នកឆ្លើយៗ ថា សួស្ដិ៍! អ្នករាំសួរបញ្ចប់ថាយកអ្វីជាបន្ទាល់? អ្នកឆ្លើយៗ ថា យកហ៊ោ ! អ្នកទាំងអស់ក៏តាំងហ៊ោក្រេវព្រមគ្នាឡើង . . . ( របៀបមង្គលការបែបក្នុងសម័យបុរាណហៅថា មង្គលការជ័យសួស្ដិ៍ ) ។ ជ័យស្រី ( សំ. ជយ + ស្រី; បា. ជយ + សិរី ) ជម្នះនិងសិរី, ស្រីសួស្ដីព្រោះមានជម្នះ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ជយ ( អ. ថ. ជ:យ: ) ដូចជា ជយកុញ្ជរ ( –កុញ-ជ ) ដំរីជ័យ គឺដំរីសម្រាប់ជិះចូលកាន់សង្រ្គាម ដែលតែងតែមានជម្នះមកហើយឬដែលសន្មតថានឹងមានជម្នះ; ដំរីព្រះទីនាំងនៃព្រះមហាក្សត្រដែលសន្មតថាមានជ័យគ្រប់កាល ។ ជយឃោស ( –ឃោស ) ពាក្យស្រែកប្រកាស, ស្រែកហៅថា សូមឲ្យឈ្នះ ! ឬថា ឈ្នះហើយៗ ! ដូចពាក្យថា ជយតុ ! ជយតុ ភវំ ! ជយោ ! ជិតំ ជិតំ ! ជាដើមដែរ ( ម. ព. ទាំងនោះ ) ។ ជយដ្ឋាន ( –យ័ត-ឋាន ) ទីតំបន់ដែលមានជ័យ, ដែលច្បាំងឈ្នះ ។ ជយតុ !ពាក្យសម្រាប់ឲ្យពរឲ្យជ័យថា សូមឲ្យមានជ័យជម្នះ ! ( ម. ព. ជយោ ! ) ។ ជយតុ ភវំ ! (—ភៈវ័ង) ពាក្យសម្រាប់ឲ្យពរ ឲ្យជ័យថាសូមឲ្យលោកមានជ័យជម្នះ ! ឬថា សូមឲ្យអ្នកដ៏ចម្រើនមានជ័យជម្នះ ! ( ម. ព. ជយតុ )។ ពាក្យសម្រាប់មនុស្សអ្នកជូនពែសំណែន ដែលត្រឡប់មកផ្ទះជំងឺវិញឈរស្រែកនៅមាត់ទ្វាររបងផ្ទះឬជិតជណ្ដើរផ្ទះថា ជយតុ ភវំ ! អ្នកនៅក្នុងផ្ទះនោះឆ្លើយតបមកវិញថា សាធុមានជ័យ ! ( តាមក្បូនសែនឲ្យមនុស្សឈឺ ) ។ ជយធ្វ័ជ ( –ធ្វ័ច; សំ. ជយធ្វជ; បា. ជយធជ ) ទង់ជ័យ គឺទង់ចម្បាំងដែលសន្មតថាជាស្រីសួស្ដីឲ្យមានជ័យជម្នះ។ ជយបាន ( –ប៉ានៈ ឬ –បាន ) ទឹកដែលគេផឹកហើយស្រែកហ៊ោថា ឈ្នះហើយៗ ! ក្នុងកាលដែលមានជ័យ ( បែបក្នុងបុរាណសម័យ ) ។ ជយព្រឹក្ស ( –ព្រឹក ) ឈើមានជ័យឬឈើមានផ្កាឲ្យជម្នះ ( ដើមច្បា )។ មានសេចក្ដីតំណាលថា កាលពីក្នុងជាន់បុរាណសម័យព្រេងនាយយូរអង្វែងហើយ មនុស្សទាំងឡាយច្រើនយកផ្កាច្បាមកប្រើក្នុងហោមពិធីពលិការប្រសិទ្ធី ដោយបំណងថា ឲ្យមានជ័យជម្នះ, ព្រោះហេតុនោះ ទើបគេហៅដើមច្បាថា ជយព្រឹក្ស ។ ជយភូមិ ( –ភូម ) ភូមិមានជ័យ; ទីដែលមានជ័យជម្នះ, ទីដែលបោះទ័ពសន្មតថានឹងមានជ័យ ឬទីដែលបោះទ័ពតយុទ្ធមានជ័យហើយ ។ ជយភេរី ស្គរជ័យ ។ ជយមង្គល ( –ម័ងគល់ ឬ –មង់គល់ ) ជម្នះនិងសេចក្ដីចម្រើន, សេចក្ដីចម្រើនព្រោះជ័យជម្នះ ។ ជយមន្ដ ( —មន់ ) មន្ដ, អាគមសម្រាប់សូត្រប្រសិទ្ធីឲ្យមានជ័យជម្នះ ។ ជយលិខិត សំបុត្រ, កំណត់ ប្រាប់អំពីជ័យជម្នះ ។ សាលក្រមប្រាប់ដំណើរក្ដីឈ្នះ ។ ជយលេខ ឬ ជយលេខា ( ម. ព. ជយលិខិត ) ។ ជយវាទ្យ ឬ ជយពាទ្យ ( –វាត ឬ –ពាត ) តន្រ្តីប្រគំសូមជ័យ, ការប្រគំសូមជ័យ, គ្រឿងប្រគំយកជ័យជម្នះ ។ ជយសព្ទ ( –ស័ប ) សំឡេងហ៊ោយកជ័យ; សំឡេងស្រែកបន្លឺថា ឈ្នះហើយ ! ឬ ឈ្នះហើយៗ ! ។ ជយសង្ខ ឬ ជយស័ង្ខ ( –ស័ង ) ស័ង្ខសម្រាប់ផ្លុំយកជ័យ ។ ជយស្ថាន ( –យ:ស្ថាន ) ម. ព. ជយដ្ឋាន ។ ជយានុភាព ( –ភាប; បា. ជយ + អានុភាវ ) អានុភាពនៃជ័យជម្នះ : ជយានុភាពនៃកងទ័ពយើង បានធ្វើឲ្យពួកបច្ចាមិត្របាក់បបខ្លបខ្លាចសព្វទិសទី ។ ជយាវុធ ( –វុត ; បា. ជយ + អាវុធ ) អាវុធមានជ័យ គឺអាវុធដែលគេធ្លាប់កាន់ចូលតយុទ្ធមានជម្នះមកហើយ ឬអាវុធដែលគេប្រសិទ្ធីសន្មតថាមានជ័យ ។ ជយោ ! ( ជៈយោឬ តាមទម្លាប់ថា ជៃយោ) ឧ. ( បា. ជយោ ន. “រីជ័យ, ជម្នះ”) ពាក្យសម្រាប់ស្រែក, បន្លឺថា សូមឲ្យមានជ័យ ! ឬថា ឈ្នះហើយ ! ក៏ប្រើបាន, ដូចគ្នានឹង ជិតំ ! ឬ ជិតំ ជិតំ ! ដែរ ។ ជយោបាយ ( –បាយ; បា. ជយ + ឧបាយ ) ឧបាយ, ល្បិចឲ្យមានជ័យ, ឲ្យឈ្នះ ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply