Posted on Leave a comment

តើពាក្យ «ឍ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈទី ៤ ក្នុងវគ្គទី ៣ ជាមុទ្ធជៈ មានសំឡេងកើតក្នុងក្បាល គឺមានសំឡេងលាន់ឮទៅខាងក្នុងក្បាលផ្សេងពីសំឡេង ធ ទន្តជៈ ដែលមានសូរចេញត្រង់ប្រទល់ធ្មេញ, សំ. បា. អ. ថ. ឌ្ហៈ ផ្សេងពីសំឡេង ទ្ហៈ ទន្តជៈ, ជា ធនិតឃោសៈ របស់ ឌៈ ជាសិថិល-ឃោសៈ (ត្រូវអានថា ឌ៎ៈ ឌ្ហ៎ៈ កុំឱ្យដូច ទៈ ទ្ហៈ) ។ ព្យញ្ជនៈ ឍ នេះ ក្នុងភាសាសំស្ក្រឹត ឃើញមានប្រើជា ដើមពាក្យ ឬ មេពាក្យ ខ្លះ តែមានតិចណាស់; ខាងភាសាបាលី មិនប្រទះឃើញមានប្រើ, បើដាក់រៀងត្រង់កណ្ដាលឬត្រង់ខាងចុងនៃអក្សរឯទៀតនោះ ឃើញមានប្រើក្រែល ដូចជា គុណវុឌ្ឍិ សេចក្តីចម្រើនដោយគុណ; ធនវុឌ្ឍិ សេចក្តីចម្រើនដោយទ្រព្យ; យសវុឌ្ឍិ សេចក្តីចម្រើនដោយយស; លាភវុឌ្ឍិ សេចក្តីចម្រើនដោយលាភ; សិរីវុឌ្ឍិ សេចក្តីចម្រើនដោយសិរី; វឌ្ឍនាការ អាការនៃសេចក្តីចម្រើន; វុឌ្ឍិ សេចក្តីចម្រើន, ការដុះដាល, លូតលាស់; អឌ្ឍចន្ទ ព្រះចន្ទមួយចំហៀង; អឌ្ឍភាគ កន្លះភាគ; អឌ្ឍមាស កន្លះខែ; អឌ្ឍរត្តិ (សំ. អទ៌្ធរាត្រ ឬ អទ៌្ធរាត្រី) ពាក់កណ្ដាលយប់; អាយុវឌ្ឍនៈ ឬ អាយុវុឌ្ឍិ សេចក្តីចម្រើនអាយុ ។ ល ។ ឯភាសាខ្មែរយើង មិនមានពាក្យប្រើសោះឡើយ; តែក្នុងទីនេះ យើងយកភាសាសំស្ក្រឹត ៤ ពាក្យមករៀបរៀង, បើទោះបីមិនត្រូវការប្រើ, ក៏ជាប្រយោជន៍ឱ្យអក្សរ ឍ មានពាក្យខ្លះ កុំឲ្យទទេសោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply