Posted on Leave a comment

តើពាក្យ «តិះ» មានន័យដូចម្ដេច ?


តិះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយរិះគន់, និន្ទា, ពេបជ្រាយនៅមុខ ឬ កំបាំង ។ ច្រើនតែប្រើផ្សំជាមួយនឹងពាក្យ ដៀល ថា តិះដៀល “តិះផង ដៀលផង” គឺពោលរិះគន់, និន្ទា ឬ ពេបជ្រាយផ្សេងៗ ពិតខ្លះមិនពិតខ្លះ ឬខុសទាំងស្រុងក៏មាន ។ កាលពីក្នុងបុរាណសម័យព្រេងនាយ, ដោយសារប្រទេសមានព្រំដែនជាប់គ្នា, ខ្មែរនិងសៀម ធ្លាប់តែទៅមកប្រាស្រ័យរកគ្នា, ជនជាតិទាំងពីរនេះ ក៏តែងតែយកសម្ដីគ្នា ពីជាតិមួយទៅជាតិមួយទៅប្រើឬយកមកប្រើពុំប្រកែប្រកាន់អ្វីឡើយ; ឯខ្មែរយកសម្ដីសៀមមកប្រើក៏ក្រែលដែរ, ដូចជាសម្ដីសៀមថា ហ្មត គេអានថា ហ្មុត “អស់”, ខ្មែរយកមកប្រើសរសេរជា ហ្មត់, ឬ អ្នកខ្លះសរសេរជា ម៉ត់ “អស់” ដែរ; សៀមថា ហ្មតចត អ. ថ. ហ្មុតចុត “ស្អាត, បរិសុទ្ធ, ឥតសៅហ្មង . . . “, ខ្មែរយកមកប្រើជា ហ្មត់ចត់ ឬ អ្នកខ្លះសរសេរជា ម៉ត់ចត់ ក៏មាន “ស្អាត, បរិសុទ្ធ, ឥតសៅហ្មង . . . ” ដែរ, ឬ “ប្រដិតប្រជី, ម៉ឺងម៉ាត់ . . . “; សៀមថា ខ៏ងរង អ. ថ. ខែ៎ង់រ៉ែង ឬ ខែ៏ងរ៉ែង “រឹងប៉ឹង, មាំមួន; ដែលប្រឹងប្រែងម៉ឺងម៉ាត់”, ខ្មែរយកមកប្រើជា ខែងរ៉ែង (មានអត្ថន័យដូចសៀមដែរ) ។ល។ សៀមយកសម្ដីខ្មែរទៅប្រើច្រើនជាអនេក, ដូចជា ខ្ទម ជា ករះទ្ទ់ម អ. ថ. ក្រៈថម់; ខែ ជា ខេ អ. ថ. ខែ៎ “ព្រះចន្ទ្រ”; ខ្នែង ជា ខេនង អ. ថ. ខ្នែ៎ង; តិះ ជា តិ អ. ថ. ទិ; តំណិះ ជា តាំហ្និ; តិះដៀល ជា តិតើ្យន អ. ថ. ទិតៀន ( មានអត្ថន័យដូចខ្មែរដដែល ផ្សេងពីខ្មែរខ្លះបន្តិចបន្តួច) ។ល។ ខ្មែរដែលចេះសៀម, ធ្លាប់និយាយប្រាស្រ័យជាមួយនឹងសៀម សៀមថា ទិ, ថា តាំហ្និ; ថា ទិតៀន ក៏ថាតាមសៀមដែរទៅ ។ មិនត្រឹមតែនិយាយជាមួយនឹងសៀមប៉ុណ្ណោះឡើយ, ទោះបីនិយាយនឹងខ្មែរគ្នាឯង ក៏ថា ទិតៀន ដែរ, ថែមទាំងយល់ថាពាក្យ ទិតៀន មិនសូវធ្ងន់ខ្លាំងស្មើនឹងពាក្យ តិះដៀល, ថែមទាំងអ្នកខ្លះសរសេរ ទិតៀន, ខ្លះ ទិទៀន, ខ្លះ ទិចទៀន ផ្សេងគ្នាទៅទៀត, ព្រោះមានទម្លាប់ផ្សេងៗគ្នា ។ សៀមថាសម្ដីខ្មែរមិនច្បាស់ តាមសំឡេងដើម,គួរតែខ្មែរថាតាមសំឡេងសម្ដីរបស់យើង (ជាការប្រពៃ) ។ នេះជាប្រវត្តិនៃពាក្យ តិះ ក្លាយជា ទិ, តំណិះ ជា តាំហ្និ, តិះដៀល ជាទិតៀន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply