Posted on Leave a comment

ខ្លាច​ឲ្យ​ចូល​ជិត (សុភាសិតខ្មែរ ទី​ ៤២ / Khmer Proverb 42)

ខ្លាច​ឲ្យ​ចូល​ជិត

និយមន័យៈ ការ​លើក​ទឹកចិត្ត​ឲ្យ​ក្លាហាន ។


អត្ថាធិប្បាយ

ជា​ប្រពៃណី​ទៅ​ហើយ​នៅ​ក្នុង​សហគមន៍​ខ្មែរ​យើង អ្នក​ធំ​គឺ​ជា​អ្នក​មាន​អំណាច ។ ហើយ​អំណាច​នោះ​ត្រូវ​បាន​គេ​យក​មក​ប្រើ​គ្រប​សង្កត់​មក​លើ​អ្នក​តូច​ទាប​ទន់​ខ្សោយ ។ ម្ល៉ោះ​ហើយ​អ្នក​តូច​ទាប ទោះ​បី​ចង់ ឬ​មិន​ចង់​ក៏​ត្រូវ​តែ​បាក់​បប​ខ្លប​ខ្លាច​គ្រប់​គ្នា ។ ដូច្នេះ​បើ​មាន​ករណី​ណា​ដែល​ចាំ​បាច់​ត្រូវ​ចូល​ទៅ​ជួប​អ្នក​ធំ​នោះ តោង​ពឹង​គេ​ឲ្យ​ជូន​ចូល​ដើម្បី​កុំ​ឲ្យ​ខ្លាច​ពេក ។

ហេតុ​នេះ​ហើយ​បាន​ជា​បុរាណ​លោក​ពោល​លើក​ទឹក​ចិត្ត​ផង ជំរុញ​ចិត្ត​ឲ្យ​ក្លាហាន​ផង ។ ព្រោះ​បើ​បាន​ចូល​ទៅ​ជិត​អ្នក​ធំ​ម្ដង​ហើយ ថ្ងៃ​ក្រោយ​លែង​សូវ​ខ្លាច​ញញើត​ញញើម​ទៀត​ហើយ ព្រោះ​បាន​អ្នក​ធំ​ស្គាល់ ។ ប៉ុន្តែ​ករណី​នេះ និយាយ​បាន​តែ​ចំពោះ​មនុស្ស​ទេ ។ ចំពោះ​សត្វ​ខ្លា ដំរី បើ​ខ្លាច​កុំ​ចូល​ជិត​ឲ្យ​សោះ បើ​ហ៊ាន​ប្រថុយ​ចូល ច្បាស់​ជា​បាន​ខ្លា​កកេរ​ហើយ ។

ដោយឈូកខ្មែរ
Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply