Posted on Leave a comment

“ស៊ីតិច ជុះច្រើន តែតមិនធាត ,អ្នករៀននៅ (វត្ត) ខ្ជិលមិនចេ ,ព្រោកប្រាជ្ញ តែងមិនហួសចំណេះអ្នកដែលចង់ចេះ មិនហួសបុណ្យ” (សុភាសិតខ្មែរ ទី៣ / Khmer Proverb 3)

“ស៊ីតិច ជុះច្រើន តែតមិនធាត ,អ្នករៀននៅ (វត្ត) ខ្ជិលមិនចេ ,ព្រោកប្រាជ្ញ តែងមិនហួសចំណេះអ្នកដែលចង់ចេះ មិនហួសបុណ្យ”


អត្ថាធិប្បាយ

“ស៊ីតិច ជុះច្រើន តែងមិនធាត់” មានន័យវែងឆ្ងាយ ដូចតទៅ ៖
ចំណូលតិច ចំណាយច្រើន
ធ្វើការតិច ដើរប៉ោឡែច្រើន
ចេះតិច ល្ងង់ច្រើន
ឆ្លាតតិច ភ្លើច្រើន
សំចៃតិច ខ្ជះខ្ជាយច្រើន
គេងនៅផ្ទះតិច គេងក្រៅផ្ទះច្រើន
រៀនតិច ដើរលេងច្រើន
ទាំងអស់នេះ គឺជាសកម្មភាព នាំខ្លួនទៅចុះ “នរក” គ្មានថ្ងៃងើប មិនបាច់ចាំពិគ្រោះជាមួយហោរា ឬមន្តអាគម និមន្តលោកតា មកបាចទឹក ប្រោះព្រំ ដំឡើងរាសី ឲ្យទេ, ព្រោះធ្វើយ៉ាងណា ក៏មន្តអាគម អស់ប្រសិទ្ធិភាពទៅលើចរិត បែបនេះហើយ ។
“ព្រោកប្រាជ្ញ តែងមិនហួសចំណេះ” មានន័យថា: បើចង់ដឹងពីកំពស់ចំណេះនៃមនុស្សណាម្នាក់, គេមិនបាច់សួរថា តើលោករៀនដល់ថ្នាក់ណា? ជាប់សញ្ញាប័ត្រអ្វីខ្លះ? នោះទេ។ គេចាំស្តាប់ តើគាត់នោះ កំពុងព្រោកប្រាជ្ញរឿងអ្វី។ ព្រោះថា បើគាត់នោះជាមនុស្សអ្នកចេះ សម្តីដែលចេញមកនោះ ប្រាកដជាទាក់ទងទៅនឹងវិជ្ជាក្នុងលោក ត្រូវទៅតាមស្ថានការណ៍, កាលៈទេសៈ – កន្លែង។ តែបើផ្ទុយពីនេះ, នោះនឹងសឲ្យឃើញថា ការចេះដឹងរបស់គាត់ មានកំរឹត “ពិសេស” ម៉្យាងដែលយើងត្រូវតែដឹង! ។
“អ្នកដែលចង់ចេះ មិនហួសបុណ្យ” មានន័យថា ព្រហ្មលិខិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ។ អ្នកខ្លះកើតមកមានប្រាជ្ញាខាងរកស៊ី រួចក្លាយខ្លួនជាសេដ្ឋី។ ខ្លះទៀតរៀនពូកែជាប់សញ្ញាប័ត្រខ្ពស់ បានធ្វើការកាន់មុខនាទីជានាយកដឹកនាំគេឯង។ ខ្លះទៀត កើតមកខ្វះប្រាជ្ញា មុជមិនជ្រៅ ទៅមិនឆ្ងាយ បោះបង់ចោលសាលា… ចុងក្រោយបំផុត ត្រូវពឹងផ្អែកលើអ្នកដទៃ ទើបរស់។

ហេតុអ្វីបានជាមនុស្សយើង ខុសគ្នាយ៉ាងនេះ?
ចម្លើយ: គ្មានអ្នកណាដឹងជាក់ទេ។ ខ្មែរយើងខ្លះ ថាមកពីវាសនា, ខ្លះថា មកពីបុណ្យ។ ចុះវាសនានោះ គឺសំដៅទៅលើអ្វីទៅ? ហើយបុណ្យនោះ ជាអ្វីដែរ?។ បើមានគេចេះតែសួរដេញដោលយ៉ាងនេះ វាមុខជាមានការលំបាក ក្នុងការដោះស្រាយឲ្យឃើញច្បាស់ក្រឡែតនោះ ពន់ពេកណាស់ ។
ទោះបីយ៉ាងណាក៏ដោយ, ពាក្យថា “អ្នកដែលចង់ចេះ មិនហួសបុណ្យ” គឺសំដៅសេចក្តីថា បើខ្វះ “ពេល, ឱកាសដែលហុចឲ្យ, កាលៈទេសៈ, ខណៈ” ដោយសារបុព្វហេតុណាមួយ សម្រាប់ទៅឈោងចាប់វិជ្ជា ដែលខ្លួនប៉ុនប៉ងនោះ, អ្នកនោះប្រាដកជាមិនបានចេះវិជ្ជានោះទេ ។
ដកស្រង់ពី«រសជាតិភាសាខ្មែរ»
ដោយ បងបុត្រាខ្មែរ
ថ្ងៃទី ២៧ ខែកុម្ភះ ២៥៥៤

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply