Posted on Leave a comment

“អស្ចារ្យភុជង្គពង្សនាគា ឫទ្ធាលើសលប់ភពផែនដីឃើញស្រះចូលស្រង់បោក្ខរណី មុជដល់បាតដីសម្តែងឫទ្ធិ ។ រន្ទះភ្លៀងផ្គរខ្ទ័រអស្ចារ្យ ជលសាលលាមមេឃងងឹតពពកបោកបាំងសែងអាទិត្យ ថយឫទ្ធិចូលរូងគុហាអើយ” (សុភាសិតខ្មែរ ទី១ / Khmer Proverb 1)


“អស្ចារ្យភុជង្គពង្សនាគា ឫទ្ធាលើសលប់ភពផែនដីឃើញស្រះចូលស្រង់បោក្ខរណី មុជដល់បាតដីសម្តែងឫទ្ធិ ។
រន្ទះភ្លៀងផ្គរខ្ទ័រអស្ចារ្យ ជលសាលលាមមេឃងងឹតពពកបោកបាំងសែងអាទិត្យ ថយឫទ្ធិចូលរូងគុហាអើយ”


អត្ថាធិប្បាយ

នេះគឺកំពាព្យ ដែលមានអត្ថន័យអាថ៌កំបាំង ដកស្រង់ចេញពីរឿង “សេក-សារិកា”។ សេកចាប់ចិត្តស្នេហា ទៅលើសារិកាយ៉ាងខ្លាំង, ហើយសារិកា ក៏ស្រឡាញ់សេកយ៉ាងខ្លាំងដែរ តែស្រឡាញ់លាក់ទុកក្នុងបេះដូង មិនបញ្ចេញឲ្យ សារិកាដឹងទេ។ សេកបាននិយាយលួងលោម សុំស្នេហ៍យ៉ាងយូរ ដោយប្រើវាចា ផ្តោះផ្តង ពោលសរសើរពីលំអរបស់សារិកា, សារិកានៅតែមិនព្រម, នៅតែប្រកែក ដោយយកលេសផ្សេងៗ មកធ្វើជាឧបស័គ្គ។ លុះលួងលោមអស់ចិត្តហើយ នៅតែមិនបានសំរេច, សេកក៏និយាយលាសារិកា វិលត្រឡប់ទៅស្រុកខ្លួនវិញ រួចហើយលាស្លាបប្រុងហើរចេញ។ ភ្លាមនោះ សារិកា ចឹកស្លាបជាប់ មិនឲ្យហើរ។ សេកយល់នូវកាយវិការនេះ ក៏… ឡើងជាន់លើខ្នងសារិកា… រួមបេតី… កំណាព្យក៏ចាប់ផ្តើមៈ “អស្ចារ្យភុជង្គពង្សនាគា… ” ។
តើកំណាព្យនេះ មានន័យយ៉ាងណា?
កវីខ្មែរពីអតីតកាលដ៏យូរយារ, ភាគច្រើនជាភិក្ខុ (អ្នកបួស) កាលណានិយាយពីសេចក្តីស្នេហា – ពីការរួមសង្វាស – ពីទិដ្ឋភាពនៃសេចក្តីស្នេហា រវាងបុរស និង ស្ត្រី លោកតែងតែប្រើពាក្យប្រដូច , មិនប្រើពាក្យចំៗ-ប៉ាច់ៗ ស្ទើរដាច់សាច់ របៀបសម័យសព្វថ្ងៃនេះទេ ។ លោកយល់ថា “ចំណីដែលឆ្ងាញ់ គឺ ចំណីដែល មានចំនួនតិច (មិនសម្បូរហូរហៀរ), ឯភាសាពិរោះ គឺភាសាប្រដូច ឬភាសាប្រយោល (Indirect)។ យ៉ាងណាមិញ, បើមនុស្សណាម្នាក់ វាល្ងង់ ល្ងើពកថ្ងាស, ប្រើឲ្យទៅខាងលិច វាបែរជាទៅខាងកើត ។ល។ គេមិនជេរមនុស្សនោះ ដោយប្រើភាសាទាបថា អាភ្លើ-អាល្ងើពកថ្ងាស ដូច្នេះទេ, គេនិយាយតែ មួយម៉ាត់ថាៈ “ដូចអាជ័យ ! ” ។
នៅក្នុងកំណាព្យខាងលើ, កវីខ្មែរ បានប្រើពាក្យប្រដូចរបៀបតទៅនេះ ៖
– ភុជង្គ (ពស់, នាគ) សំដៅទៅ “អង្គជាតិរបស់បុរស”
– ស្រះ បោក្ខរណី , បឹង… សំដៅទៅ ” យោនី ”
– គុហា សំដៅ “លំនៅ, ទី, កន្លែងសំណាក់… ”
– អង្គជាតិ ដែលឡើងរឹង ព្រោះមានតម្រេកខ្លាំងពេកទៅលើស្ត្រី (ចង់សេពសន្ធវៈខ្លាំងពេក…) លោកប្រើពាក្យថា “ឫទ្ធាលើសលប់ភពផែនដី”
– ចាប់សេពសន្ធវៈ (បញ្ចូលអង្គជាតិ ទៅក្នុងយោនី)… ប្រើពាក្យថា “ឃើញស្រះចូលស្រង់បោក្ខរណី”
– បញ្ចូលអង្គជាតិ យ៉ាងជ្រៅបំផុត ទៅក្នុងយោនី… ប្រើពាក្យថា ” មុជដល់បាតដី សម្តែងឫទ្ធិ ”
– សម្លេងលាន់ឮ កើតពីជលនាអង្គជាតិ នៅក្នុងរយៈពេលសេពសន្ធវៈ… ប្រើពាក្យថាៈ “រន្ទះភ្លៀងផ្គរខ្ទរអស្ចារ្យ ”
– ទឹកកាម ដែលចេញមក នៅគ្រាបញ្ចប់… ប្រើពាក្យថា “ជលសាលលាម មេឃងងឹត”
– តម្រេក-ភ្លើងតណ្ហា ក៏ចាប់អស់កំសួល ក្រោយពេលដែលទឹកកាមចេញមក… លោកប្រើពាក្យថាៈ “ពពកបោកបាំងសែងអាទិត្យ ថយឬទ្ធិចូល រូងគុហាអើយ”
ខ្ញុំសូមអភ័យទោសពីអ្នកអាន , ជាពិសេស អ្នកអានភេទស្រី, ចំពោះការប្រើពាក្យពេចន៍ ដែលជាភាសា “ចំៗ” របៀបខាងលើនេះ ដែលភាសាខ្មែរយើង ដាក់ឈ្មោះថា “ភាសាចំអាស ឬ អាសគ្រាម”។ បើខ្ញុំមិនប្រើភាសាសាមញ្ញនេះទេ វាពិបាកនឹងរកភាសាបែបណាផ្សេងទៀត មកពន្យល់ឲ្យយល់ច្បាស់នូវន័យរបស់កំណាព្យ ដែលមានមនុស្សមួយភាគធំ មិនដែលយល់សោះឡើយ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply