ឃោសកសេដ្ឋី
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ឈ្មោះសេដ្ឋីក្នុងសម័យពុទ្ធកាល ក្នុងក្រុងកោសម្ពី ។ មានសេចក្តីសម្តែងក្នុងធម្មបទដ្ឋកថា នៃគម្ពីខុទ្ទកនិកាយថា ឃោសកសេដ្ឋីជាកូនរបស់ស្រីពេស្យាចារម្នាក់នាក្រុងកោសម្ពី គ្រាន់តែកើតមកដឹងថាកូនប្រុសភ្លាម ក៏ត្រូវម្តាយឱ្យគេយកទៅបោះបង់ចោល តែដោយបុណ្យកុសលមាន ទើបមានអ្នករើសយកទៅចិញ្ចឹម ក្រោយមកត្រូវលោកមហាសេដ្ឋីក្រុងកោសម្ពីសុំទិញទៅទៀត។ ដោយបាបកម្មដែលខ្លួនធ្លាប់បោះកូនចោល លោកត្រូវបានលោកសេដ្ឋីយកទៅបោះបង់ចោល និងប៉ងសម្លាប់ដល់ទៅ ៧ លើក ។ ដោយបុណ្យកុសល ដែលលោកធ្លាប់បានបំពេញក្នុងកំណើត ដែលលោកកើតជាសុនខបានព្រុសដេញសត្វកាចសាហាវផ្សេងៗ ហើយនាំផ្លូវព្រះបច្ចេកពុទ្ធទៅមក ក៏រួចផុតពីសេចក្តីស្លាប់រហូតបានកូនក្រមុំលោកអនុសេដ្ឋីក្រុងកោសម្ពី ។ ដោយបានការជួយឧបាយកលពីភរិយា លោកក៏បានឡើងតំណែងជាមហាសេដ្ឋី បន្តតំណែងពីលោកសេដ្ឋីជាឪពុកចិញ្ចឹម ។ ក្រោយពីលោកបានទទួលតំណែងជាសេដ្ឋីហើយ ពេលមួយបានជួបនឹងព្រះសម្មាសម្ពុទ្ធ បានស្តាប់ព្រះធម៌ ក៏បានសម្រេចជាព្រះសោតាបន្នបុគ្គល ព្រមទាំងបានកសាងវត្តមួយថ្វាយព្រះសម្មាសម្ពុទ្ធ មានឈ្មោះថា ឃោសិតារាម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖