ចក្កៈ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ.) ចក្ក; ចក្រ < ចក្កិ-ធា. + ធ-ប. ឬ ករ-ធា. + អ-ប. ។ វិ.ចក្កេតិ ព្យថតិ ហឹសតិ ភូមិន្តិ > ចក្កំ, ករោតិ គមនមនេតិ វា > ចក្កំ វត្ថុដែលបៀតបៀននូវផែនដី ឬវត្ថុជាគ្រឿងធ្វើដំណើរ (កង់ គ្រឿងចក្ក), កង់, កង់មាន កាំ, អាវុធដែលមានសណ្ឋានរាងមូល មានងៀង ជាបន្លាជុំវិញមានមុខមុត មណ្ឌលរង្វង់មូល, ប្រទេស, អាណាខេត្ត, ពួក, ហ្វូង, កងទ័ព, កណ្តាប់ព័ទ្ធជុំវិញ ។ វិ. ចក្កំ គមនំ ករោតិ អនេនាតិ > ចក្កំ ក្នុងគម្ពីរខុទ្ទកនិកាយ ធម្មបទ ត្រង់យកមកវគ្គសម្តែងថា៖ មនោ បុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសោ ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ។ ធម៌ទាំងឡាយ (ចេតសិកខន្ធ គឺវេទនា, សញ្ញា និងសង្ខារ) មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចដោយចិត្ត បើចិត្តត្រូវទោសប្រធាន មានចិត្តប្រសើរបំផុត សម្រេចដោយចិត្ត បើចិត្តត្រូវទោសប្រទូសរ៉ាយ ហើយនិយាយក្តី ធ្វើក្តី (នូវទុច្ចរិត) ព្រោះទុច្ចរិតនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះ ដូចកង់រទេះវិលតាមដានជើងគោ ដែលកំពុងអូសរទេះទៅដ្នច្នោះឯង។ វិ. ចំ គមនំ ករីយតេ អនេនាតិ > ចក្កំ វត្ថុជាគ្រឿងធ្វើឱ្យយានដើរ ឈ្មោះថាចក្រ គឺកង់, វិ. ចក្កេតិ ព្យាសតិ ហឹសតិ អនេនាតិ > ចក្កំ វត្ថុជាគ្រឿងបៀតបៀន គឺកងចក្រ ឧ.ចក្កំ ភមិតិ មត្ថកេ កងចក្កវិលនៅលើក្បាល (ខុ. ជា.)។ ចក្កសព្ទមានអត្ថ ១៤ យ៉ាងគឺ៖ ១- រថាង្គ (< រថ + អង្គ) ឬ រថាវយវៈ (< រថ + អវយវ) អង្គ ឬអវយរៈរបស់រថ ដូចជា កង់, ដុំសម្រាប់បង្វិលកង់, ភ្លៅ ជាដើម។ ឧ. ចក្កំវ វហតោ បទំ ដូចកង់រថ កាលជាប់តាមស្នាមជើងគោ ដែលនាំទៅនូវធុរៈ (ខុ.ធ.)។ ២- លក្ខណៈ ។ ឧ. អទ្ទសា ខោ ទោណា ព្រាហ្មណោ បាទេសុ ចក្កានិ សហស្សារានិ ទោណព្រាហ្មណ៍បានឃើញហើយនូវលក្ខណៈទាំងឡាយ ១.០០០ ត្រង់ព្រះបាទទាំងពីរ (អំ. ចតុ.)។ ៣- ធម្មចក្កៈ (ធ័ម-មៈច័ក) ន. (បា.; សំ. ធម៌ចក្រ) ចក្ក គឺធម៌។ ធម្មចក្ក គឺធម៌ ឬធម៌ដូចជាកង់ គឺធម៌ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់សម្តែងជាដំបូងបង្អស់ ក្នុងកាលព្រះអង្គបានត្រាស់ទើបបាន ៥៩ថ្ងៃ, ទ្រង់សម្តែងអរិយសច្ច ៤ បង្វិលដំណើរសេចក្តីដូចជាកងើរទេះ។ ឧ. ធម្មចក្កប្បវត្តនសូត្រ ឈ្មោះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងធម្មចក្ក ។ ឧ. មយា បវត្តិតំ ចក្កំ ចក្ក ដែលយើងឱ្យប្រព្រឹត្តទៅហើយ។ ៤- ខុរចក្កៈ កងចក្ក។ ក្នុងមិត្តវិន្ទុកជាតក មិត្តវិន្ទុកសួរពោធិសត្វទេវបុត្តថា ក្យាហំ ទេវានមករំ កឹ បាបំ បកតំ មយា យំ មេ សិរស្មឹ ឱហច្ច ចក្កំ ភមតិ មត្ថកេ។ ខ្ញុំបានធ្វើកម្មដូចម្តេច ដល់ពួកទេវតា ខ្ញុំបានធ្វើបានដូចម្តេច ទើបចក្រសង្កត់លើក្បាល វិលកិនលើអំបែងក្បាលរបស់ខ្ញុំ ដោយបាបណា (បាននោះដូចម្តេចខ្លះ) ។ (ខុ.ជា.)។ ៥- ឥរិយាបថៈ ឥរិយាបថចក្ក គឺផ្លូវ ឬគន្លងនៃឥរិយា មានការដើរ, ឈរ, អង្គុយ, ដេក។ គម្ពីរសំយុត្តនិកាយ សគាថវគ្គ ទេវតាសំយុត្ត ទេវតាសួរថា ចតុចក្កំ នវទ្វារំ បុណ្ណំ លោភេន សំយុតំ បង្កជាតំ កថំ យាត្រា ភវិស្សតិ។ បពិត្រព្រះអង្គមានព្យាយាមធំ សរីរៈដែលមានឥរិយាបថ ៤ (ដេក ដើរ ឈរ អង្គុយ) ទ្វារ ៩ (ភ្នែក ២ ត្រចៀក ២ ច្រមុះ ២ មាត់ ១ ទ្វារតូច ១ ទ្វារធំ ១) ដែលពេញដោយវត្ថុមិនស្អាត ត្រូវលោភៈរួបរឹតហើយ ជាសរីរៈកើតពីភក់ល្បប់ តើនឹងដើរតាមផ្លូវណា។ ៦- សម្បិត្ត សម្បត្តិចក្ក។ ឧ. ចត្តារិមានិ ភិក្ខវេ ចក្កានិ យេហិ សមន្នាគតានំ ទេវមនុស្សានំ ចតុចក្កំ វត្តតិ ម្នាលភិក្ខុទាំងឡាយចក្កទាំងបួនប្រព្រឹត្តទៅដល់ទេវតា និងមនុស្សទាំងឡាយ ដែលប្រកបព្រមហើយដោយសម្បត្តិចក្កឯណាសម្បត្តិចក្កនោះ មានបួនយ៉ាង ។ សម្បត្តិចក្ក ៤ គឺ (១) បដិរូបទេសវាសោ ការនៅក្នុងប្រទេសដ៏សមគួរ, (២) សប្បុរិសូបសំសេវោ ការចូលទៅសេពគប់ជាមួយសប្បុរស, (៣) អត្តសម្មាបណិធិ ការតម្កល់ខ្លួនទុកដោតប្រពៃ, (៤) បុព្វេកតបុញ្ញតា ភាពនៃបុគ្គលបានធ្វើបុណ្យទុកក្នុងកាលមុន (អំ. ចតុ.)។ (ម.ព. ចក្កធម៌ ផង)។ ៧- ចក្ករតនៈ ចក្ករតនៈ ។ ឧ. ទិព្វំ ចក្ករតនំ បាតុភវតិ ចក្ករតនៈដ៏ជាទិព្វរមែងប្រាកដឡើង (ទី.ម.) ។ (ម.ព. ចក្ករតនៈ ផង)។ ៨- មណ្ឌលៈ រង្វង់មូល, ទីដែលមានសណ្ឋានមូល មានវង់នៃដួងព្រះអាទិត្យ ព្រះចន្ទ្រ ឬមណ្ឌព្រះចន្ទ្រ, មណ្ឌលព្រះអាទិត្យ។ អសនិវិចក្កំ កាំរន្ទះ (ទី.បា.)។ ៩- ពល សំ.; បា. (ន.) កម្លាំង បានដល់ កម្លាំងសេនា, ទាហាន, កងទ័ព ជាដើម។ ពលចក្ក គឺកម្លាំង ឬកងទ័ពរបស់ប្រទេស។ ១០- កុលាលភណ្ឌៈ គ្រឿងកុម្ភការភ័ណ្ឌ គឺវត្ថុផ្សេងៗ ដែលធ្វើដោយដីដុត ដូចជាចាន ក្អម ឆ្នាំង ជាដើម។ ១១- អាណា បាន.; សំ. (ន.) (អាជ្ញា) អំណាច, បញ្ញត្តិ, ច្បាប់បញ្ញត្តិ, បញ្ញត្តិមានកម្រិត, ការគ្រប់គ្រង, ការបង្គាប់បញ្ជា។ អាណាចក្ក ឬ–ចក្រ អំណាចដែលប្រព្រឹត្តទៅក្នុងមួយជុំខេត្តដែន ដូចជាកង់រទេះ គឺអំណាចនៃការគ្រប់គ្រងប្រទេសមួយៗ ផ្សាយទៅជុំវិញប្រទេសនោះ (ពាក្យនេះ ប្រើជាគូគ្នានឹងសាសនចក្ក ឬពុទ្ធចក្ក ឬក៏ សាសនចក្រ, ពុទ្ធចក្រ) : អាណាចក្រជាភារៈលើព្រះមហាក្សត្រ ឬរដ្ឋាភិបាល ឯពុទ្ធចក្រជាភារៈលើពួកបព្វជិតពុទ្ធសាសនិក។ ឧ. មយំ្ហ អាណាចក្កំ តុម្ហាកំ ធម្មចក្កំ ហោតុ អាណាចក្កទុកឱ្យខ្ញុំព្រះអង្គ, ឯព្រះអង្គវិញគិតតែពីរឿងធម្មចក្កចុះ (អដ្ឋកថា វេរញ្ជាកណ្ឌ)។ ១២- អាយុធៈ ឬ អាវុធចក្ក បា.; សំ. (ន.) គ្រឿងប្រហារ ឬគ្រឿងចម្បាំងផ្សេងៗ របស់ប្រទេស ដែលទីទាំពីសស្ត្រា មាន ធ្នូ, ស្នា, កាំភ្លើង,… ហៅថាអាវុធ ចំណែក ដាវ, លំពែង, ផ្គាក់,… ហៅថា សស្ត្រា។ ក្នុងគម្ពីទីឃនិកាយសីលក្ខន្ធវគ្គ សាមញ្ញផលសូត្រ មានសេចក្តីសម្តែងអំពីទិដ្ឋិរបស់បូរណកស្សបៈថា ខុរបរិយន្តេន ចេបិ ចក្កេន យោ ឥមិស្សា បឋវិយា បាណេ ឯកំ មំសខលំ ឯកំ មំសបុញ្ជំ ករេយ្យ នត្ថិ តតោនិទានំ បាបំ នត្ថិ បាបស្ស អាគមោ បើបុគ្គលណាធ្វើនូវសត្វទាំងឡាយលើផែនដីនេះ ឱ្យមានគំនរសាច់តែមួយ ឱ្យមានពំនូកសាច់តែមួយ ដោយគ្រឿងចក្រមានកង់ដ៏មុត ដូចជាកាំបិតកោរបានដែលមានអំពើនោះជាហេតុមិនមាន (ដល់បុគ្គលអ្នកធ្វើនោះទេ) អំពើបាបក៏មិនឱ្យផល (ដល់បុគ្គលនោះឡើយ) ។ ១៣- ទានៈ គឺវត្ថុទាន។ ឧ. ទទំ ភុញ្ជ ច មា ច បមាទោ ចក្កំ វត្តយ កោសលាធិប បពិត្រព្រះអង្គទ្រង់ មានអធ្យាស្រ័យក្នុងកុសល សូមព្រះអង្គទ្រង់ឱ្យទាន សូមទ្រង់សោយទ្រង់កុំប្រមាទញ៉ាំងវត្ថុទានឱ្យប្រព្រឹត្តទៅ (ខុ.ជា.) ។ ១៤- រាសិ គំនរ, ពំនូក : ពួក, កង; ប្រជុំ ។ ឧ. រាសិចក្រ សំ,; បា. (ន.) (រាគិ ចក្រ; រាសិចក្ក) មណ្ឌលមេឃជាវង់មូលដូចកណ្តាប់កង់ ជាផ្លូវចរនៃព្រះអាទិត្យព្រះចន្រ្ទ ដែលចែកជា ១២ ល្វែង ក្នុងល្វែងមួយៗ ហៅថា មួយរាសី; ១២ រាសីហៅថា មួយរាសិចក្រ ឬមួយចក្ររាសី គឺមួយជុំនៃកណ្តាប់វង់មូល, ជាមួយឆ្នាំ (ម.ព. ចក្ររាសី និងរាសី ទៀតផង)។ ចក្កសព្ទនេះ ក្នុងអដ្ឋកថាទាំងឡាយ មានអដ្ឋកថាទសុត្តរសូត្រជាដើម ប្រាប់ថា ចក្កមាន ៥គឺ ទារុចក្ក, រតនចក្ក, ធម្មចក្ក, ឥរិយាបថចក្ក និងសម្បិត្តចក្ក។ ប៉ុន្តែ ចក្ក ទាំង ១៤យ៉ាងនេះ មាននៅក្នុងអភិធានប្បទីបិកាដីកា ត្រង់គាថាទៅ ៧៨១-៧៨២។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖