Posted on Leave a comment

តើពាក្យ «ឈាន» មានន័យដូចម្ដេច ?


ឈាន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើកជើងដើរ យាសជើងបោះជំហានទៅ ឈានជើងដើរ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ធ្យាន ) ការសម្លឹងអារម្មណ៍ដែលជាអប្បនាសមាធិ
ឧទាហរណ៍៖ ចម្រើនឈាន, ចូលឈាន; ឈានមាន ៤ ថ្នាក់ គឺថា្នក់ទី១ ហៅ បឋមជ្ឈាន មានអង្គ ៥ គឺ១- វិតក្កៈ សេចក្ដីនឹកសំដៅឆ្ពោះទៅរកអារម្មណ៍ដែលកំពុងភាវនា; ២- វិចារៈ សេចក្ដីរំពឹងពិចារណាអារម្មណ៍ដែលកំពុងភាវនា; ៣- បីតិ សេចក្ដីឆ្អែតចិត្ត; ៤-សុខៈ សេចក្ដីសប្បាយក្នុងចិត្ត; ៥- ឯកគ្គតា ដំណើរមូលចិត្តស្លុងទៅក្នុងអារម្មណ៍តែមួយ ( អង្គទាំង ៥ នេះ សំដៅចំពោះតែអារម្មណ៍ដែលស្ងប់ស្ងាត់ចាកកាមគុណ ) ; ថ្នាក់ទី ២ ហៅទុតិយជ្ឈាន មានអង្គ ៣ គឺលះ វិតក្កៈ និងវិចារៈ ចេញ នៅសល់តែ បីតិ និង សុខៈ ដែលកើតជាប់មកអំពីសមាធិរបស់បឋមជ្ឈាន ជា ៣ នឹង ឯកគ្គតា; ថ្នាក់ទី ៣ ហៅ តតិយជ្ឈាន មានអង្គ ២ គឺលះ បីតិ ចេញនៅសល់តែសុខៈនិងឯកគ្គតា; ថ្នាក់ទី ៤ហៅ ចតុត្ថជ្ឈាន មានអង្គ២ ដែរ លះ សុខៈ ចេញ ចិត្តក្លាយទៅជា ឧបេក្ខា គឺជើយព្រងើយ ជា ២ នឹង ឯកគ្គតា ។

                    ឈានទាំងបួនថ្នាក់នេះ ហៅថា រូបជ្ឈាន មានរូបធម៌ជាអារម្មណ៍រាប់បញ្ចូលក្នុងរូបាវចរភូមិ ។ បុគ្គលអ្នកចម្រើនភាវនា បានសម្រេចផ្លូវឈាន សូម្បីត្រឹមតែបឋមជ្ឈានប៉ុណ្ណោះ ក៏ចួបប្រទះសេចក្ដីសុខសប្បាយធម្មតា ឆ្ងាញ់ពីសាជាងរសជាតិអ្វីៗ ទាំងអស់ ( ម. ព. រូបជ្ឈាន, រូបធម៌, រូបាវចរភូមិ, សមាធិ, អប្បនាសមាធិ, អារម្មណ៍ ផង ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទឯទៀត អ. ថ. ឈានៈ ដូចជាឈានចិត្ត (––ចិត) ចិត្តដែលបានសម្រេចឈាន។ ឈានផល (––ផល់ ) ផលរបស់ឈាន, សេចក្ដីសម្រេចប្រយោជន៍ដែលកើតអំពីឈាន ។ ឈានពល (––ពល់) កម្លាំងនៃឈាន ។ ឈានសុខ (––សុក ) សុខដែលកើតអំពីឈាន ។ ឈានឫទ្ធិ(––រឹត; បា. ឈាន + ឥទ្ធិ; សំ. ធ្យាន + ឫទ្ធិ) ឫទ្ធិនៃឈាន, ឫទ្ធិដែលកើតអំពីឈាន ។ ឈានានុភាព (––ភាប; បា. ឈាន + អានុភាវ) អានុភាព, អំណាច, តេជះនៃឈាន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply