Posted on Leave a comment

លោកស្រីមហាសេដ្ឋី Chen Lihua ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Fuwah International Group ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យពាណិជ្ជកម្មដ៏ធំមួយនៅទីក្រុងប៉េកាំង

លោកស្រី Chen Lihua កើតនៅឆ្នាំ ១៩៤១ ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Fuwah International Group ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យពាណិជ្ជកម្មដ៏ធំមួយនៅទីក្រុងប៉េកាំង ។ ក្នុងឆ្នាំ ២០១៤ យោងតាមរយះទស្សនាវដ្តី Forbes បានចាត់ចំណាត់ថ្នាក់លោកស្រី Lihua ជាមហាសេដ្ឋីចិនដីគោកដែលជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ១០ ដែលជាស្ត្រីមានជាងគេបំផុតនៅក្នុងប្រទេសចិន ។ លោកស្រី Lihua គឺជាស្ថាបនិករបស់សារមន្ទីរ China Red Sandalwood Museum ដែលជាអ្នកអភិរក្សផ្នែកវប្បធម៌ផងដែរ។ ហើយគាត់ត្រូវបានគេស្គាល់ថាជាអ្នកការទូតវប្បធម៌ម្នាក់របស់ប្រទេសចិនផងដែរ ។

ជីវិតដំបូង៖

លោកស្រី Chen Lihua កើតនៅឆ្នាំ ១៩៤១ នៅទីក្រុងប៉េកាំងប្រទេសចិន ។ ភាពក្រីក្ររបស់គាត់បានបង្ខំឱ្យគាត់ចាកចេញពីវិទ្យាល័យហើយបានចាប់ផ្តើមបង្កើតអាជីវកម្មជួសជុលគ្រឿងសង្ហារិមផ្ទាល់ខ្លួន ។ នៅដើមទស្សវត្ស ១៩៨០ គាត់បានផ្លាស់ទៅរស់នៅក្នុងទីក្រុងហុងកុងហើយបានបន្តអាជីវកម្មរបស់គាត់ក្នុងការទិញលក់គ្រឿងសង្ហារិមឡើងវិញ ។

ជំនួញរបស់គាត់នៅក្នុងទីក្រុងហុងកុងទទួលបានជោគជ័យដែលបានធ្វើឲ្យគាត់ប្រមូលបានប្រាក់គ្រប់គ្រាន់ដើម្បីទិញវីឡាចំនួន ១២ ។ នៅចុងទសវត្សឆ្នាំ ១៩៨០ លោកស្រី Lihua បានផ្លាស់ត្រឡប់ទៅរស់នៅក្នុងទីក្រុងប៉េកាំងវិញដើម្បីពង្រីកអាជីវកម្មអចលនទ្រព្យរបស់គាត់ ។

ហើយក្រោយមកគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Fuwah International Group នៅដើមទសវត្សឆ្នាំ ១៩៩០ ។ ក្រុមហ៊ុនរបស់គាត់មានផលប័ត្រចម្រុះនៅក្នុងវិស័យកសិកម្ម ទេសចរណ៍ អេឡិចត្រូនិច បដិសណ្ឋារកិច្ច និងផលិតកម្មសិល្បៈធ្វើអំពីថ្មភក់ក្រហម ។ ក្នុងរយះពេលប៉ុន្មានឆ្នាំថ្មីៗនេះគាត់បានប្រគល់ការគ្រប់គ្រងលើការបណ្តាក់ទុនទៅកូនប្រុសរបស់គាត់ ។

វិភាគទានវប្បធម៌ និងសប្បុរសធម៌៖

លោកស្រី Lihua បានបង្កើតសារមន្ទីរមួយដែលមានឈ្មោះថា China Red Sandalwood Museum នៅឆ្នាំ ១៩៩៩ ដោយបានវិនិយោគ ២០ ពាន់លានយន់​ ។ ហើយសារមន្ទីរមួយនេះមានផ្ទៃដី ២៥ ០០០ ម៉ែត្រការ៉េ ។ លោកស្រី Lihua ក៏ត្រូវបានគេស្គាល់ផងដែរសម្រាប់ការទទួលខុសត្រូវសង្គម និងសកម្មភាពសប្បុរសធម៌ ។ គាត់បានបរិច្ចាគប្រាក់ចំនួន ១៣០ លានយន់សម្រាប់ជំនួយសង្គ្រោះមហន្តរាយក្នុងឆ្នាំ ២០០៥ និង ២៦៥ លានយន់ក្នុងឆ្នាំ ២០០៤ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply