Posted on Leave a comment

កំណាញ់ក្រៅតម្រា សោតសឹងអាប់ប្រយោជន៍យស (សុភាសិតខ្មែរ ទី​ ១០៦ / Khmer Proverb 106)

         កំណាញ់ក្រៅតម្រា សោតសឹងអាប់ប្រយោជន៍យស

 


អត្ថាធិប្បាយ

                នេះជាសុភាសិតឃ្លាទី២ បន្ទាប់ពីឃ្លាដែលបានរៀបរាប់ពីខាងដើម,នៅក្នុងច្បាប់កេរកាលដដែល​ ។

              មនុស្សកំណាញ់ហួសហេតុ(ក្រៅតម្រា)គឺសំដៅទៅលើមនុស្សដែលមានសម្បត្តិច្រើនឬតិច ហើយ មិនព្រមចំណាយ ស៊ីចាយ បំពេញក្រពះខ្លួន ឲ្យបានឆ្អែត និង​មិនព្រមចាយប្រាក់នោះ ដើម្បីបំពេញ ការ ស្រេកឃ្លានរបស់កូនប្រពន្ធ ទៅតាមយថាហេតុ , សុខចិត្តអត់… បែបនេះ ហៅថា កំណាញ់ក្រៅតម្រា ដែល បុព្វបុរសហាម ។

               មនុស្សកំណាញ់ច្រើនមានលក្ខណៈ ដូចខាងក្រោមនេះ ៖
– មិនងាយចំណាយប្រាក់ ឲ្យដល់អ្នកណាម្នាក់ សូម្បីបន្តិចបន្តួច ក៏មិន… ដែរ
– ចូលចិត្តកេងចំណេញពីគេសូម្បីបន្តិចបន្តួចក៏ស្រវាដែរ
– បើទៅបរិភោគអាហារ នៅភោជនីយដ្ឋានណាមួយជាមួយមិត្តភ័ក្តិ , មិន ងាយចេញប្រាក់ ប៉ាវ គេ ទេ ទោះបីគេធ្លាប់ចេញជួសខ្លួនប៉ុន្មានដង រួចមក ហើយក៏ដោយ
មនុស្សកំណាញ់ ច្រើនទទួលផលអាក្រក់ ដូចខាងក្រោម:
– ខ្វះមិត្រសម្លាញ់ , ច្រើនជាមនុស្សឯកោ
– បាត់បង់ប្រយោជន៏ដែលទទួលបាន ព្រោះគ្មានអ្នកណាប្រាប់ឲ្យដឹង ឬហៅទៅជាមួយ
– បាត់បង់កិត្តិយស (ចរិយាមិនថ្លៃ) , អ្នកផងមិនចូលចិត្ត

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឃើញខ្លាក្រាប កុំថាខ្លាសំពះ ឃើញខ្លាទះកុំថាខ្លាប្រឡែង (សុភាសិតខ្មែរ ទី​ ១០៧/ Khmer Proverb 107)

            ឃើញខ្លាក្រាប កុំថាខ្លាសំពះ ឃើញខ្លាទះកុំថាខ្លាប្រឡែង


អត្ថាធិប្បាយ

            ពាក្យនេះ ជាពាក្យព្រមានចំពោះ ” អ្នកតូច ” ដែលនៅធ្វើការជាមួយ ” អ្នកធំ ” ។

           អ្នកតូច គឺសំដៅមនុស្សដែលមានឋានៈ ឬបុណ្យស័ក្តិតូច , ឬមនុស្សដែល នៅបំរើអ្នកឯទៀត ដែល មានឋានៈជានាយឬជាចៅហ្វាយ ។ បើនិយាយឲ្យងាយ យល់ជាងនេះទៅទៀត គឺសំដៅទៅលើ ” អ្នកតូច និង​ អ្នកធំ ” ។

            ខ្លាគឺសំដៅ” អ្នកធំ ” ។ ខ្លាក្រាប មានន័យថា អ្នកធំប្រើឥរិយាបថ ស្រគត់ស្រគំ ទន់ភ្លន់ សុភាព គោរព របៀបមេត្រីភាព មិនព្រហើនកោងកាច មិនប្រើ អំណាចរបស់គាត់ ទៅលើអ្នកបំរើ ឬ អ្នកនៅក្រោមបញ្ជា ។

           អ្នកតូច កាលណាឃើញឫកពាររបស់នាយបែបនេះ មកលើខ្លួនមិនត្រូវយល់ថាចៅហ្វាយលុត ក្រាប សំពះខ្លួននោះទេ , បើយល់បែបនេះ រួចសម្តែង ឫកពាក្រអើត (អស់ការ គោរព) ឬប្រើឫក “វ៉ៃស្មើ” ទៅលើ នាយ , ពេលនោះអ្នកនឹងឃើញថា ខ្លាមិនបានក្រាបសំពះអ្នកតទៅទៀតទេ ។ ផលអាក្រក់ បែបណាម៉្យាង អាចនឹងកើតមានដល់ខ្លួនមិនខាន ។

           “ឃើញខ្លាទះ កុំថាខ្លាប្រឡែង”: ជួនកាល ចៅហ្វាយ ឬ នាយ មានការ ស្រឡាញ់ស្និទ្ធស្នាល យ៉ាង ជិតដិតបំផុត ដោយសារអ្នកនៅក្រោមបញ្ជានោះ ជាមនុស្សឆ្លាត បានបំពេញកិច្ចការល្អដូចបំណង ។ល។ រួចហើយគាត់ទុកអ្នកនោះដូចជាមិត្រ,គាត់កាន់ដែ,អង្អែលក្បាល,ទះខ្នងប្រឡែងលេងពេលខ្លះៗ ។

           អាកប្បកិរិយាបែបនេះ ជួនកាលបានទទួល “ការវ៉ៃស្មើ” ពីអ្នកតូច : អស់ការ គោរព , មិនយកចិត្ត ទុក ដាក់ស្តាប់បញ្ជា។គឺនៅពេលនេះហើយ​ ដែលនាយចៅហ្វាយអាចប្រែអាកប្បកិរិយាផ្សេង ចំពោះអ្នកតូចនោះ ដោយបញ្ចេញឲ្យដឹងថា ” ខ្លា ” មិនបានប្រឡែងជាមួយអ្នកទេ ! ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ (សុភាសិតខ្មែរ ទី​ ១០៨ / Khmer Proverb 108)

          ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ


អត្ថាធិប្បាយ

           ពាក្យនេះ អាចមានន័យ ២ យ៉ាង , គឺ:

១-​ បើជនណាម្នាក់ ដែលប្រាថ្នាបុណ្យស័ក្តិ ឲ្យបានកាន់តែធំឡើង… កាន់តែ ខ្ពស់ឡើង ជននោះ ត្រូវតែលុតក្រាបគោរពអោនលំទោនយកចិត្តផ្គាប់ចៅហ្វាយ គ្រប់ពេល , ធ្វើយ៉ាងណាឲ្យចៅហ្វាយពេញចិត្ត ។ ចៅហ្វាយចង់បានអ្វីត្រូវរកវត្ថុនោះមកជូនចៅហ្វាយឲ្យទាល់តែបាន ។ កុំទទឹងរឹងរូសចំពោះបទបញ្ជាទោះបី បញ្ជានោះ ខុសក្បួនយ៉ាងណាក៏ដោយ ។

២- ពាក្យថា ” ប្រាជ្ញា ” គឺការឆ្លាតវាងវៃ ប៉ិនប្រសប់ឆាប់យល់ មិនងាយ គេបោកបាន ។ល។

            ឯពាក្យថា ” បុណ្យ ” គឺសំដៅទៅលើ​ :
– អំពើល្អ ដែលជនណាម្នាក់ បានធ្វើទៅលើអ្នកឯទៀត ហើយដោយសារអំពើនោះសេចក្តីសុខសប្បាយ ក៏កើតមានដល់ជននោះ ។

           ប្រាជ្ញា និងបុណ្យមិនដែលកើតមានជាស្វ័យប្រវត្តិ(កើតឯង) ម្តងណាឡើង ។ លុះត្រាតែគេ “ប្រតិបត្តិ” ទើបទទួលរបស់ទាំង ២ មុខនេះ ។ ពាក្យថា “ប្រតិបត្តិ” មាន ន័យថា : ” ធ្វើ ឬ បង្កើត ” ។ អ្វីក៏ដោយ បើគេមិនបង្កើតវាទេ ប្រហែលជាវាមិនអាចកើតបានឡើយ ។ ដូច្នេះហើយ​ បានជាព្រះពុទ្ធសាសនា មានគោលជំហរ , ក្នុងការប្រៀនប្រដៅ មនុស្សលោក , ទៅលើ “កម្មផល” ។

         ” កម្ម ” គឺអ្វីទាំងអស់ ដែលយើងធ្វើ ដោយកា​​យ វិចា ចិត្ត ។ អំពើទាំងអស់ដែលយើងធ្វើ បើបំព្រួញឲ្យខ្លីបំផុត មានតែ ២ យ៉ាង, គឺ “បុណ្យ និង បាប” ។ កាលណាយើង ធ្វើល្អ ទៅលើខ្លួនយើងក្តី​ ទៅលើអ្នកដទៃក្តី ឈ្មោះថា ” បានធ្វើបុណ្យ ” ។ បើធ្វើអាក្រក់ ឈ្មោះថា ” ធ្វើបាន ” ។

         ” ផល ” គឺអ្វីមួយ ដែលចេញមកឲ្យយើង ដោយសារអំពើដែលយើងធ្វើនោះ ។ ឧទាហារណ៏ : ថ្ងៃណាមួយក្រោយមកយើងមានអាសន្នគេនឹងជួយយើងវិញ ។ ត្រង់នេះ ឯងហើយ ដែលគេហៅថា ” ធ្វើបុណ្យបុណ្យជួយ ” ។ ចុះបើយើងមិនដែលជួយអ្នកណាសោះ មិនដែលធ្វើទាន (អំណោយ) ដល់អ្នកណាសោះ តើអាចនឹងកើត ” បុណ្យ ” បានទេ? ។ គ្មានបុណ្យទេ ហើយប្រាកដជាគ្មានអ្នកណានឹកឃើញរូបយើងដែរ ។ មានសុខ ទុក្ខ យ៉ាងណាដោះស្រាយតែម្នាក់ឯងទៅ! ។

            ប្រាជ្ញា និងបុណ្យកើតមកពីប្រតិបត្តិ (ធ្វើ) , មិនដែលកើតឡើងឯងៗនោះទេ ។ បើយើងមិនព្រមលើកដៃទៅធ្វើអ្វីមួយទេ (កិច្ចការគ្រប់ជំពូក : កសិកម្ម ពាណិជ្ជកម្ម សិល្បះ ជំនាញ) ។ល។ យើងមុខជានៅល្ងង់អស់មួយជីវិត ។

           ក្បួនដែលនាំឲ្យកើតមានប្រាជ្ញា មាន ៤ គឺ :
១- សុ ស្តាប់
២- ចិ គិត
៣- បុ សួរ
៤ – លិ កត់
ពាក្យទាំង ៤ នេះ ជាភាសាបាលី (ធាតុដើម) សម្រាប់ឲ្យងាយចាំ : សុ-ចិ-បុ-លិ ។
– ស្តាប់: សម្តីដែលគេនិយាយមកកាន់យើង បើយើងមិនតាំងចិត្តស្តាប់ឲ្យ​មែនទែនទេ​ ប្រាដកជាចាប់ន័យមិនបានទាំងអស់ឡើង;
– គិត: ស្តាប់បានហើយ ត្រូវយកសម្តីនោះ មកពិចារណាមើល: តើគួរជឿ ឬមិនគួរ ។
– សួរ: បើបានស្តាប់ហើយ តែមិនយល់ , ត្រូវតែសួរឲ្យច្បាស់ មិនត្រូវនៅស្ងៀមទេ
– កត់: លុះយល់ច្បាស់ហើយ ត្រូវកត់រឿងនោះទុក ក្រែងលោភ្លេចទៅថ្ងៃក្រោយ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សន្សឹម កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា (សុភាសិតខ្មែរ ទី​ ១០៩ / Khmer Proverb 109)

          សន្សឹម កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា


អត្ថាធិប្បាយ

            នេះគឺជាពាក្យដឹមនាំសម្រាប់គ្រប់កិច្ចការ ដែលយើងធ្វើ ។ បុព្វបុរសយើង ជាមនុស្ស ចាស់ទុំ មានពិសោធន៏បរិបូណ៌ក្នុងជីវិត រួចហើយបានចងក្រងពាក្យខាង លើនេះយ៉ាងខ្លីសម្រាប់ជាមេរៀនដល់កូនចៅជាន់ក្រោយ ។
– សន្សឹម មានន័យថា ” កុំលឿនពេក , យឺតៗ , ថ្នមៗ , បន្តិចម្តងៗ តែហ្មត់ចង់ ” ។
– បំបោល មានន័យថា ” លឿនពេក , រត់ , ប្រញាប់ពេក , ឆក់កណ្តៀត , ស្ទុះស្ទា… ” ។

          លោកប្រដៅថា កិច្ចការណាដែលធ្វើដោយសន្សឹមៗ , មិនហក់លោត , មិនស្ទុះ ស្ទា…​ កិច្ចនោះច្រើនបានសម្រេច (ចប់) ល្អឥតខ្ចោះ ។

            ចំណែកកិច្ចការណា ដែលគេធ្វើរហ័សពេក ដើម្បីឲ្យចប់ឆាប់ (បំបោល) , កិច្ចការនោះច្រើនដេកផ្លូវគឺថា ធ្វើបានត្រឹមមួយកំណាត់ , ហើយក៏ចប់ត្រឹមនោះទៅ ព្រោះជួបនឹងឧបស័គ្គផ្សេងៗ ដែលកើតពី ” បំបោល ” នោះ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

បានស្វាយ ណាយក្រូច (សុភាសិតខ្មែរ ទី​ ១១០ / Khmer Proverb 110)

         បានស្វាយ ណាយក្រូច


អត្ថាធិប្បាយ

              ពាក្យនេះ បញ្ជាក់រឿងចិត្តមនុស្សប្រែប្រួលនៃមនុស្សលោក ដែលគេចាត់ទុកជារឿងធម្មតាទៅហើយ ជាពិសេសក្នុងរឿងស្នេហា ។

             មនុស្សទោះបីប្រុសក៏ដោយ ស្រីក៏ដោយមិនងាយមានអ្នកណាម្នាក់ដែលមានចិត្តភក្តីស្មោះមួយនឹងមួយ លុះគ្រាអវសានជីវិត ដូចពាក្យគេស្បថនៅគ្រាជួបគ្នាជាលើកដំបូងនោះទេ ។

            តាមពិតសម្បថគឺជាពាក្យដែលគេនិយាយឡើងដើម្បីឲ្យម្នាក់ទៀតជឿទុក ចិត្ត , គ្មានអ្វីដែលជាអាជ្ញា សម្រាប់សង្កត់កុំឲ្យប្រែប្រួលចិត្តទៅថ្ងៃក្រោយបានឡើយ ។ មនុស្សលោក កម្រមានអ្នកសុចរិតណាស់ ។ ការប្រែប្រួលចិត្តក្លាយជា រឿងធម្មតាដែលយើងត្រូវតែយល់ ។ ក្នុងកិច្ចពាណិជ្ជកម្ម , ឧទាហរណ៏៖ រឿងខ្ចី ប្រាក់ , បើគ្មានវត្ថុ (មាស , ពេជ្រ , ផ្ទះ…) យកទៅកក់ទេ ប្រហែលជាគេមិនព្រមឲ្យយើងខ្ចីទេ ព្រោះតែមិនជឿចិត្ត ។

              ” បានស្វាយ ណាយក្រូច ” និយាយសំដៅជាពិសេសទៅលើរឿងស្នេហា ហើយនិងមិត្រភាព រវាងមនុស្សពីរនាក់ ដែលស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់មួយនឹងមួយ ស្បថសន្យាថានឹងមិនបោះបង់ចោលគ្នា លុះត្រាជីវិតបង់ ។ ក្រោយ មក គេចង់ជួបមនុស្សថ្មីទៀត ដែលគេយល់ថាល្អជាង , ស្អាតជាង ស្រស់ជាង… គេក៏ចាប់ចងមេត្រីភាពជាមួយមនុស្សថ្មីនោះ ។ កាលណាមេត្រីភាពចាប់លូតលាស់ គេក៏ចាប់ជិនណាយនឹងមិត្រចាស់ បន្តិចម្តងៗ ហើយចុងក្រោយបំផុត ក៏អាចដាច់ ស្រឡះពីគ្នា ។​ រឿងនេះ មិនមែនមានការចម្លែកខ្លាំងប៉ុន្មានទេ គឺថាវាជារឿងធម្មតា របស់មនុស្សលោក កាលណាបានរបស់ថ្មី , គេមិនស្រឡាញ់របស់ចាស់ ដូចគេ ធ្លាប់ស្រឡាញ់មកនោះទេ ! ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

នៅស្រុកតោងស្រាស់បន្លា អារសាច់ជូនខ្លាទើបនៅស្រុកបាន (សុភាសិតខ្មែរ ទី​ ១១១ / Khmer Proverb 111)

         នៅស្រុកតោងស្រាស់បន្លា អារសាច់ជូនខ្លាទើបនៅស្រុកបាន


អត្ថាធិប្បាយ

               ការរស់នៅក្នុងស្រុកភូមិជាមួយគេឯងត្រូវតែ ” ស្រាស់បន្លា ” ។ តើពាក្យ នេះ មានន័យយ៉ាងណា? ។ បន្លាគឺជាវត្ថុដែលមានមុខស្រួចដូចម្ជុលអាចនឹងចាក់ទម្លាយសាច់យើងឲ្យចេញឈាម ហើយឈឺចាប់ ។

             សុភាសិតខាងលើចង់ប្រាប់ឲ្យយើងដឹងថា”ត្រូវប្រយ័ត្នពាក្យសម្តីដែលយើងនិយាយទៅកាន់អ្នកដទៃ ។ សម្តី​ណាដែលធ្វើឲ្យគេខឹង ដូចជា៖ ការនិយាយដើម , ការមូលបង្កាច់ , បរិហារកេរ្តិ៍គេ , ជេរប្រទេច , សម្តីផ្លែផ្កា , ពាក្យមើលងាយ , ការបង្អាប់បន្តុះ។ល។ទាំងនេះ គឺជាបន្លាដែលយើងត្រូវតែស្រាស់ (កប់ទុកក្នុងខ្លួន) កុំឲ្យចេញមកក្រៅឲ្យសោះ ។ បើមិនដូច្នេះ វានឹងមុតសាច់យើងមិនខាន ។

              សម័យបូរាណភូមិនីមួយៗតែងមានមេភូមិម្នាក់ដែលមានករណីកិច្ចត្រួតត្រាមនុស្សទាំងអស់ឲ្យ​គោរពច្បាប់របស់ភូមិ ដើម្បីសុខសប្បាយទាំងអស់គ្នា។ អ្នកភូមិត្រូវតែចែកចាយវត្ថុដែលខ្លួនរកបានដូចជា៖ មាសប្រាក់ ត្រីសាច់ បន្លែផ្លែឈើ ។ល។ ជាមួយមេភូមិ ឬមេកន្ទ្រាញ ។ ការបែងចំណែកបែបនេះ គេហៅថា ” អារសាច់ជូនខ្លា ” ពីព្រោះវាមិនមែនជាអំណោយដែលចេញមកពីបេះដូងនោះទេគឺជាការបង្ខំចិត្តមិនអាចប្រកែកបាន ! ។

              សម័យក្រោយមករហូតមកដល់ថ្ងៃនេះក៏មិនខុសពីសម័យដើមប៉ុន្មានដែរ, គឺពលរដ្ឋម្នាក់ៗ ត្រូវមានករណីយកិច្ចជាចាំបាច់ បង់ “ពន្ធអារក” ទៅតាមប្រាក់ចំណូលដែលរកបាន ។ បើជនណាម្នាក់ប្រកែក , ជននោះ ត្រូវប្រឈមមុខជា​មួយផ្លូវច្បាប់ជាយថាហេតុ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ដើរឲ្យមានបី ស្រដីឲ្យមានបួន (សុភាសិតខ្មែរ ទី​ ១១២ / Khmer Proverb 112)

            ដើរឲ្យមានបី ស្រដីឲ្យមានបួន


អត្ថាធិប្បាយ

              នេះជាពាក្យប្រដៅកូនចៅណាដែលប្រាថ្នាចង់បានសេចក្តីសុខកាយសប្បាយចិត្ត គ្រប់ទីកន្លែងដែលខ្លួនរស់​ នៅ ។
“សុខ”កើតពីយើងធ្វើ,មិនមែនកើតឡើងឯងៗ នោះទេ ។ យ៉ាងណាមិញបើយើងស្រឡាញ់ “សុខ” ហើយ​​ស្អប់ខ្ពើម“ទុក្ខ”តម្រាខាងលើនេះជាចម្លើយណែនាំផ្លូវទៅកាន់សុខយ៉ាងស័ក្តិសិទ្ធ មកដល់ខ្លួននិងគ្រួសារខ្លួន ។
ដើរឲ្យមានបី

            ទោះបីទៅរស់នៅទីណាក៏ដោយ ដើរទៅកន្លែងណាក៏ដោយ គប្បីកាន់សីលធម៌ ៣ ប្រការខាងក្រោម ឲ្យជាប់ (កុំឲ្យដាច់) គឺ៖
១.កុំកាប់សម្លាប់គេ
២.កុំលួច
៣.កុំសេពកាមគុណជាមួយ ” កូន-ប្រពន្ធ ប្តី ” របស់គេ ឬថា”កុំលួចកូន ប្រពន្ធឬប្តី ” របស់គេ ។
ស្រដីឲ្យមានបួន

              សីលធម៌៣​ ប្រការខាងលើមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវកាន់សីលធម៌ ៤ ប្រការទៀត សម្រាប់ ” មាត់ ” របស់យើង ទើបអាចទទួល “សុខ” ពេញលេញ បាន ។ សីលធម៌ទាំង ៤ នោះគឺ៖
១-កុំនិយាយកុហក (ភូតភរបោកប្រាស)
២-កុំញុះញង់ (ឲ្យគេបែកបាក់គ្នា)
៣-កុំនិយាយដើមគេ
៤-កុំនិយាយពាក្យរោយរាយ (ពាក្យឥតខ្លឹមសារ)

             នេះគឺជាច្បាប់ឬជាវិន័យដែលអាចនាំមកនូវសេចក្តីសុខកាយសប្បយចិត្ត ផុតក្តីបារម្ភគ្រប់យ៉ាងគ្រប់ទីកន្លែងដែលយើងស្នាក់អាស្រ័យ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

អូនអើយកុំសើចនឹងបងប្រយ័ត្នពៀរឆ្លងម្តងម្នាក់ (សុភាសិតខ្មែរ ទី​ ១១៥ / Khmer Proverb 115)

         ​​​​​អូនអើយកុំសើចនឹងបងប្រយ័ត្នពៀរឆ្លងម្តងម្នាក់


អត្ថាធិប្បាយ

​​​​​​​​​​​​​​​​​​​            នេះគឺពាក្យប្រៀនប្រដៅមួយនៅក្នុងរឿង ” ពេបជ្រាយ ” ដាក់អ្នកដទៃនៅពេលដែលអ្នកនោះ ធ្លាក់ខ្លួនទៅក្នុងមហន្តរាយណាមួយ ។

            មនុស្សយើងម្នាក់ៗ ទោះមានបុណ្យស័ក្តិខ្ពង់ខ្ពស់ថ្នាក់ណាក៏ដោយ ទោះ មានទ្រព្យសម្បត្តិជាមហាសេដ្ឋីក៏ដោយ ទោះមានអំណាចធំប៉ុនណាក៏ដោយក៏មិនអាចជៀសរួចពីគ្រោះថ្នាក់ធ្លាក់ខ្លួនក្នុងក្តីមហន្តរាយ នៅថ្ងៃណាមួយជាមិនខាន ។

            បើឃើញគេមានគ្រោះថ្នាក់បែបណាម៉្យាងនៅក្នុងគ្រួសាររបស់គេ យើងមិនគួរសើចចំអក ឬនិយាយបញ្ឈឺដោយសារមនុស្សនោះជាសត្រូវរបស់ខ្លួននោះទេ ។ ជាការល្អយើងគួរដោយហោចណាស់សម្តែងនូវសមានចិត្តអាណិតអាសូរដល់គ្នាផងប្រសិនបើមិនអាចជួយអ្វីបាន ។ នេះជាន័យរបស់ឃ្លាថា “អូនអើយកុំសើចនឹងបង ” ។

             សុភាសិតមួយរបស់អាមេរិចកាំងនិយាយថា៖ Everyone has ups and downs ។ មានន័យថា៖ មនុស្សម្នាក់ៗតែងមានចុះនិងឡើង ។

             ដោយហេតុនេះ ជាមនុស្សមិនត្រូវ ” សើចចំអក ” ទៅលើរឿងគ្រោះថ្នាក់របស់អ្នកដទៃទេ ព្រោះថា គង់ថ្ងៃណាមួយគ្រោះថ្នាក់ដដែលនោះ អាចនឹងកើតមានដល់ខ្លួនអ្នកសើចនោះមិនខាន (ប្រយ័ត្នពៀរឆ្លង ម្តងម្នាក់) ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំទុកចិត្តមេឃកុំទុកចិត្តប្រទេស កុំទុកចិត្តអភិនេស្ក្រម៍ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្តាប់ពាក្យបរិយាយ បណ្តាំមេជី (សុភាសិតខ្មែរ ទី​ ១១៦ / Khmer Proverb 116)

            កុំទុកចិត្តប្រទេស កុំទុកចិត្តអភិនេស្ក្រម៍ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ
ស្តាប់ពាក្យបរិយាយ បណ្តាំមេជី


អត្ថាធិប្បាយ

             នេះជាពាក្យកំណាព្យស្រង់ចេញពីច្បាប់ឈ្មោះ ” រាជនេតិ ” តែងដោយព្រះរាជសម្ភារ ។

              មុននឹងធ្វើអត្ថាធិប្បាយ យើងគួររៀនពាក្យខ្លះដែលជាគន្លឹះសម្រាប់ជួយឲ្យងាយយល់នូវសម្តីទាំងអស់នេះ ដូចតទៅ៖
– បរទេស : មនុស្សដទៃក្រៅពីខ្លួនយើង ក្រៅពីគ្រួសារយើង ក្រៅពីសង្គមយើង ក្រៅពីជាតិយើង…
– អភិនេស្ក្រម៍ (អានថា អាក់-ភិ-នេស) : អ្នកបួស បព្វជិត គ្រប់សាសនាទាំងអស់;
– អភិប្រាយ (អានថា អាក់-ភិ-ប្រាយ) : សម្តីព្រោកប្រាជ្ញ វោហារ ជួនរណ្តំហូរដូចទឹក
– ប្រើទំ : ខ្លួនជាអ្នកតូចតាច អង្កាច់អង្កោចហើយកាន់ឫកពាធ្វើហាក់ជាអ្នកចេះជាអ្នកចាត់ការ ឬជាអ្នកមុខអ្នកការក្នុងពិធីអ្វីមួយដែលគេមិនបានចាត់តាំងខ្លួនសោះ
– មេជី : ស្ត្រីមានវ័យចាស់ កោរសក់ស្លៀកពាក់លឿងឬពណ៌សហើយកាន់សីល១០ជានិច្ចច្រើននៅជាមួយព្រះសង្ឃក្នុងវត្តដើម្បីប្រព្រឹត្តធម៌ ។ជួនកាលយើងហៅ ” យាយជី ” ។

         ​​ច្បាប់រាជនេតិប្រដៅកូនចៅខ្មែរឲ្យចាំជានិច្ចនូវរឿងសំខាន់បួនប្រការដែលជាំរឿងទាក់ទងងអាយុជីវិតរបស់ខ្លួនរបស់គ្រួសារខ្លួនរបស់សង្គមខ្លួនជាតិខ្លួន​ និងប្រទេសរបស់ខ្លួន ដូចតទៅនេះ៖

១- កុំទុកចិត្តបរទេស : គួរចាំថាអ្នកណាក៏ដោយដែលចូលមកជួយយើង បើគេមិនបានចំណេញអ្វីពីយើងទេ គេប្រាកដជាំមិនបង្ខាតពេលវេលារបស់គេទេ ។ ព្រះវេស្សន្តរដែលហ៊ានចំណាយទ្រព្យទាំងឃ្លាំង រហូតដល់លះបង់ប្រពន្ធនិងកូនឲ្យទៅតាជូជកព្រាហ្មណ៏ ។ល។ ក៏ព្រោះតែចង់បានចំណេញអ្វីមួយមកវិញដែរគឺ ” ចង់ធ្វើជាព្រះពុទ្ធ “។

            នៅក្នុងលោកនេះ មានមនុស្សតិចណាស់ដែលមានសន្តានស្មោះត្រង់កាន់សច្ចៈ សុចរិត យុត្តិធម៌ ពិតប្រាកដ ជួយគេដោយគ្មានបំណង ចង់ទាក់ទាញយកផលកម្រៃមកដាក់ហោប៉ៅខ្លួន។ ដោយហោចណាស់ គេចង់បានឈ្មោះល្បីថាជាអ្នកជួយ ជាមនុស្សសប្បុរស ជាអ្នកសាសនា ជាអ្នកបួស ។ល។

            ដោយហោចនេះ គួរយល់ថាជំនួ្យ ឬ អំណោយខ្លះ គឺជា “នុយ”សម្រាប់ស្ទូចយកអ្វីមួយពីយើង ។ យើងត្រូវតែប្រុងប្រយ័ត្ន កុំទុកចិត្តទាំងស្រុង កាលណា ” បរទេស ” ណាម្នាក់ យកអ្វីមួយមកឲ្យយើងធ្វើឫកពាស្រគត់​ស្រគំ រម្យទមដាក់យើង។សុំកុំអាលអរ ក្រែងលោ “ជាប់សន្ទូច”របស់គេ ! ។

            នៅក្នុងវប្បធម៌អាមេរិកាំង ឬជនជាតិអឺរ៉ុបភាគច្រើន គេធ្វើអំណោយទៅវិញទៅមកនៅពេលបុណ្យ” គ្រិស្ទស្មាស់ (Christmas)។អំណោយដែលធ្វើក្រៅពី ពេលនេះមានដូចជាសម្រាប់បុណ្យថ្ងៃកំណើតនិងអាហ៏ពិពាហ៏។បើស្រាប់តែនៅស្ងៀមហើយយើងយកអ្វីមួយទៅឲ្យគេ ៗនឹងសួរយើងថា”ហេតុអ្វីបានជាអ្នកឲ្យខ្ញុំ?​។

២- កុំទុកចិត្តអភិនេស្ក្រម៍ : ខ្មែរភាគច្រើនឲ្យតែឃើញអ្នកណាកោរសក់ ស្លៀកពាកស្បង់ចីពរ ពណ៌លឿង ធ្វើឫកស្រគត់ស្រគំ រុយទំមិនបក់ បើកភ្នែកតូចៗ ដូចព្រះពុទ្ធរូបក្នុងព្រះវិហារ ។ល។ តែងនាំគ្នាគោរព ថ្វាយបង្គំប្រគេនចង្ហាន់ នំចំណីទាំងថាសៗហើយនាំគ្នាជឿទាំងស្រុងថាជា ” អ្នកបួស ” ស្វែងរកមោក្ខធម៌ ពិតប្រាកដដោយមិនចាំបាច់សួររកឫសគល់ប្រវត្តិរូបអ្វីទាំងអស់ ។

            មនុស្សជាច្រើនដែលមិនមែនជាអ្នកបួសសោះហើយក្លែងធ្វើជាអ្នកបួសដើម្បីស្វែងរកលុយកាក់ ទ្រព្យសម្បត្តិ ក្នុងនាមជា “ព្រះសង្ឃ ” ។ តាមការពិត មនុស្សនោះជាសត្វលាដែលពាក់ស្បែកខ្លា ជាស្វាពាក់ម្កុដសោះ !

         នៅសហរដ្ឋ ជាពិសេសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) អ្នកបួសនិងវត្តតូចតាចជាច្រើនដែលឋិតនៅពាសពេញឥតមានសង្ឃនាយកណាមួយចាំជួយណែនាំតម្រង់ផ្លូវឲ្យត្រូវតាមគន្លងព្រះពុទ្ធសាសនាសោះឡើយ ។វត្តភាគច្រើនឋិននៅក្នុងភាពឯករាជ្ គ្មានអ្នកណាត្រួតអ្នកណាទេ ។ម៉្លោះហើយ ការប្រព្រឹត្តខុ គ្រប់បែបយ៉ាងក៏លាន់ឮទៅគ្រប់ទិសទី , ដូចជា ៖
– ធ្វើគ្រូទា មើលរាសីឡើងចុះ មើលគូព្រេង
– ​ប្រើមន្តស្នេហ៍ដើម្បីដាក់ប្តីឬ ប្រពន្ធដែលរត់ចោលខ្លួនទៅមានថ្មីទៀត
– ស្តោះផ្លុំ រំដោះគ្រោះ តម្លើងរាសី ពួកស្រីៗដោយឱនឈ្ងោកមាត់ ទៅជាប់នឹងក្បាលស្រី
– ដើរស្រោចទឹកប្រោះព្រំ ធ្វើកន្សែងយ័ន្តតាមហាងខ្មែរចិនយួនខ្លះដើម្បីឲ្យរកស៊ីមានបាន ចំណេញ​ឆាប់ ។ល។

            មានមនុស្សជាច្រើន ដែលគេស្គាល់ថាជាមនុស្សខ្វះការសិក្សា ចេះអានអក្សរខ្មែរ ថ្នាក់ប្រកបមានកូន មានប្រពន្ធ ប្រមឹក រស់នៅមិនចុះសម្រុងគ្នាជាមួយគ្រួសាររួតទៅបួសបានទទួលការថ្វាយបង្គំ ប្រណម្យ​ អញ្ជលីពីយាយាតាឯទៀត បាយស្រាប់ សម្លស្រាប់ ទឹកភ្លើងស្រាប់ អាសនៈស្រាប់ ក៏តាំងជិះសេះ លែងដៃបណ្តោយ គ្មានធ្វើការអ្វីសោះ គិតតែពី ” ឆាន់ហើយ សឹង ! សឹងហើយឆាន់ ” ។ ត្រង់ណាទៅដែលហៅថា ” ផ្សាយព្រះពុទ្ធសាសនា ” នោះ? នៅត្រង់ សូត្រធម៌ ម៉ា ម៉ា យកលុយផ្ញើលួចលាក់ទៅប្រពន្ធដើម ឬ ស្រីកំណាន់ ដែលរង់ចាំ តែបោកនោះឬ ?​ ។

           មានរឿងអាក្រក់ៗ ជាងនេះទៅទៀត ដែលធ្វើឡើងដោយអ្នកបួសក្លែងក្លាយនៅក្នុងសហរដ្ឋជាមនុស្សពាល ជាចោរ ជាមេបោកប្រាស ជាអ្នកលួចកូនប្រពន្ធគេ ក្នុងនាមព្រះសមណគោតម បរមគ្រួរបស់យើង ដែលមិនបានបង្រៀនមេរៀនថោកទាបនេះម្តងណាសោះ ។ ដោយហេតុនេះហើយ បានជាច្បាប់រាជ នេតិ ទូន្មានថា ” កុំទុកចិត្តអភិនេស្ក្រម៍… ” ។ លោកចង់បំភ្លឺយើងថា ” មិនមែនអ្នកបួសទាំងអស់ ប្រាកដជាអ្នកបួសមែនទែន ” នោះទេ ។ គួរតាមដានឲ្យបានវែងឆ្ងាយ ពិនិត្យឲ្យជាក់ តើប្រវត្តិរូបមនុស្សនោះ បែបណាខ្លះ? រៀនសូត្រថ្នាក់ណា? មកពីស្រុកទេសណា?បួសនៅវត្តណា?បួសពីអង្កាល់? ពិនិត្យមើលចរិកលក្ខណៈ ។ល។

          ខ្ញុំនៅចាំបានពាក្យប្រៀបប្រដៅរបស់លោកគ្រូខ្ញុំដែលតែងរំលឹកថា៖ តើដែលហៅថាលោកសង្ឃនោះ នៅត្រង់ណា? នៅត្រង់ស្លៀកពាក់ស្បង់ចីពរ ពណ៌លឿង? ត្រង់កោរសក់? ឬនៅត្រង់អត់បាយល្ងាច? សុំឆ្លើយ !

            លោកគ្រូបញ្ជាក់ថា៖ ” សុំកុំច្រឡំ ស្បង់ចីពរមានលក់នៅហាង អ្នកណាក៏ទិញយកមកប្រើបានដែរ ចំណែកកោរសក់ សាសន៏ចាមកោរស្ទើរទាំងអស់គ្នា តើមានអ្វីអស្ចារ្យ? រីឯរឿងអត់បាយល្ងាចវិញ ពួកឆ្កែវត្ត ក៏អត់បាយល្ងាចដែរ មានអ្វីគួរឲ្យកោត? “

            នេះជាសម្តីរបស់ព្រះគ្រូធម្មបញ្ញា ស្មោញសំរិទ្ធិ ជាចៅអធិការវត្តសិរីបុទុម (អន្ទង់ស) ស្រុកកងមាស , ខេត្តកំពង់ចាម ដែលបានទទួលអនិច្ចធម្ម សម័យសម្លាប់រង្គាល (សម័យ ប៉ុល ពត) ១៩៧៥-១៩៧៩ ។
– ” កុំទុកចិត្តអភិប្រាយ ” មនុស្សខ្លះមានវោហារ ព្រោកប្រាជ្ញនិយាយបែកជាអូរហូរជាស្ទឹង ហាក់ដឹងសព្វគ្មានចន្លោះត្រង់ណា ។ អ្នកផងអង្គុយស្តាប់ច្រហមាត់ស្ទើរតែភ្លេចដកដង្ហើម។ ប្រយ័ត្ន! មនុស្សប្រភេទនេះ ភាគច្រើនបានត្រឹមតែនិយាយចោល និយាយឲ្យគេកោតសរសើរ ឯសាច់ការវិញស្មើនឹងសូន្យ ។ ហេតុនេះ គួរប្រយ័ត្នមិនគួរទុកចិត្ត ” អភិប្រាយ ” ខ្លាំងពេកទេ ។
– ” ប្រើចាស់ លែងទំ ” ពាក្យនេះ បង្កប់អត្ថន័យ ក្នុងភាពអាថ៌កំបាំង ។ ” ប្រើចាស់ ” គឺ កាន់ឫកខ្ពស់ ហួសពីកំពស់របស់ខ្លួន ដូចជា៖ មិនចេះ ហើយធ្វើជាចេះ មិនមែនជានាយក ហើយធ្វើហាក់ជានាយក ត្រួតគេឯង មិនត្រូវអង្គុយជួរមុខសោះ ហើយទៅអង្គុយត្រង់នោះ ដែលជាកន្លែងគេរៀបទុក សម្រាប់ជនពិសេស មានឋានៈខ្ពស់ ។

          ” លែងទំ ” មានន័យថាអស់យស ចុះថោក អស់តម្លៃ ។

            នៅក្នុងប្រពៃណីខ្មែរក៏ដូចប្រពៃណីអន្តរជាតិ ភាគច្រើនដែរនៅក្នុងរឿងអង្គុយ ។​ តាមធម្មតា កាលណាមានពិធីអ្វីមួយ គេតែងរៀបចំកន្លែងសម្រាប់ភ្ញៀវតូច ធំ ។ អ្នកមុខ អ្នកការត្រូវអង្គុយជួរមុខ ឯជួរបន្ទាប់ គឺសម្រាប់មនុស្សដែលមានឋានៈរង (ថ្នាក់បន្ទាប់) ជួរខាងក្រោយសម្រាប់មនុស្សសាមញ្ញ ។

            មុននឹងអង្គុយត្រូវសួរខ្លួនឯងថា ” តើអាត្មាអញជាភ្ញៀវថ្នាក់ណា? រួចហើយត្រូវទៅអង្គុយឲ្យត្រូវទៅតាមឋានៈខ្លួន។​ បើមិនធ្វើដូច្នេះទេ គឺថាខ្លួនជាភ្ញៀវសាមញ្ញសោះ ហើយបែរទៅជាអង្គុយក្នុងជួរអ្នកមុខអ្នកការ ពេលនោះហើយត្រូវ ” អស់ទំ ” ព្រោះត្រូវគេដេញឲ្យចុះចេញពីកន្លែងនោះ ទៅអង្គុយខាងក្រោយ វិញ ។

              តាមទំនៀមខ្មែរ ក្នុងរឿងអង្គុយពេលមានពិធីបុណ្យណាមួយបើយើងមិនដឹង អ្វីទាំងអស់គួរអង្គុយជួរកណ្តាលឬជួរក្រោយ ។ រង់ចាំឲ្យគេហៅសិន សឹមរំកិលខ្លួនទៅជួរមុខ ។ នេះគឺជាភាពថ្លៃថ្នូរ ។ផ្ទុយទៅវិញ​ ភាពថោកទាបនៅត្រង់គេបណ្តេញពីខាងមុខ​ ឲ្យត្រឡប់ទៅក្រោយវិញ! ។ នេះជាន័យរបស់ពាក្យថា ” ប្រើចាស់លែងទំ ” ។

            ពាក្យប្រដៅទាំងប៉ុន្មាន​ ដែលរៀបរាប់មកនេះ គឺពាក្យបរិយាយ (បណ្តាំ) របស់ដូនជី ចំពោះជនណាដែលចង់បង្កើនការចេះដឹងរបស់ខ្លួន ទៅកាន់ភាពថ្លៃថ្នូរ ផុតពីការបោកប្រាស់នានា ដែលតែងកើតមានជារឿយៗ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាឥតសាហាយ កុំទុកចិត្តម្តាយ ថាឥតបំណុល (សុភាសិតខ្មែរ ទី​ ១១៨ / Khmer Proverb 118)

         កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាឥតសាហាយ កុំទុកចិត្តម្តាយ
ថាឥតបំណុល


អត្ថាធិប្បាយ

              អ្នកដែលសរសេរដំបូន្មាននេះប្រហែលជាមានពិសោធន៏ច្រើនក្នុងជីវិតរបស់គេ ទើបបានជាសរសេរពាក្យនេះទុកជាមេរៀនសម្រាប់មនុស្សជាន់ក្រោយ។

              ហេតុអ្វី បានជាគេមិនឲ្យទុកចិត្តមេឃ?

              រឿងមេឃគឺជារឿងទាក់ទងនឹងភ្លៀង ក្តៅត្រជាក់ ខ្យល់និងព្យុះ ។ រឿងទាំងនេះឥតមានអ្នកណាដឹងប្រាកដជាមុនទេ ទោះបីសម័យនេះ មានឧបករណ៏ទំនើបសម្រាប់ពិនិត្យដឹងជាមុនយ៉ាងណាក៏ដោយ ក៏ជូនកាលខុសទទេ ។

              ប្រពន្ធ ឬប្តីរស់នៅជាមួយគ្នារាល់ថ្ងៃ ជួនកាលប្រែជាផិតក្បត់ លបលួចមានសាហាយ ក៏មានព្រោះថា ចិត្តមនុស្សទូទៅ មិនសូវខុសគ្នាប៉ុន្មានទេ កាលណាឃើញអ្នកណាម្នាក់ដែលស្រស់ជាង សង្ហាជាង ចេះជាង ។ល។ តែងមានទឹកចិត្តស្ទុះកញ្ជ្រោលទៅរកអ្នកនោះ ។ ជួនកាលសុបិន្តរបស់គេ អាចក្លាយជាពិត ជួនកាល បានត្រឹមតែលួចស្រឡាញ់ ។ នេះជារឿងធម្មតារបស់មនុស្ស ដែលមានឋានៈ ជាបុថុជ្ជន ។ប្រហែលជាមានមនុស្សតិចគ្នាណាស់ ដែលមានភក្តី ភាព ដូច “នាងកង្រី” ទៅលើគូជីវិត​ របស់ខ្លួន ។

              ម្តាយឪពុករបស់យើងក៏ជាមនុស្សដូចអ្នកឯទៀតដែរ គឺថាមិនមែនមាន គ្រប់គ្រាន់គ្រប់ពេលវេលានោះទេ ។ គាត់អាចនឹងមានបំណុល ។កុំជឿទុកចិត្ត ថាគ្មាននោះឲ្យសោះ ។

              អ្នកអានគួរពិចារណារកការពិតទៅតាមគំនិតរបស់ខ្លួន។ សុភាសិតនេះមិនមែននិយាយទំលាក់កំហុស ឬចោទប្រកាន់ថាមនុស្សទាំងអស់ សុទ្ធតែផិតក្បត់គ្នា ឬសុទ្ធតែមានបំណុលនោះ មិនមែនទេ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

អូសទូកកុំឲ្យល្អាន​​​ ​​ ចាប់ត្រីបានកុំឲ្យល្អក់ទឹក (សុភាសិតខ្មែរ ទី​ ១១៩ / Khmer Proverb 119)

        អូសទូកកុំឲ្យល្អាន​​​ ​​ ចាប់ត្រីបានកុំឲ្យល្អក់ទឹក


អត្ថាធិប្បាយ

           ” ល្អាន ” ក្លាយមកពីពាក្យថា ” លំអាន ” មានន័យថា ស្នាមឬដាន ។

           អត្ថន័យរបស់សុភាសិតនេះគឺគេចង់ទូន្មានយើងថាក្នុងការចាប់កំហុស មនុស្សណាម្នាក់ដែលមានទោសពិតប្រាកដ គេត្រូវរកវិធីចាប់ឲ្យជាប់ហើយមិនឲ្យលេចឮខ្ចរខ្ចាយ មិនឲ្យមនុស្សនោះ ប្រកែករួចទើបហៅថា ” ចំណាប់ ” ។

           នៅក្នុងរឿងនិទានមួយ ដែលជាឧទាហរណ៏ ” ចាប់ត្រីបានកុំឲ្យល្អក់ទឹក ” ដូចតទៅ៖

           បុរស២នាក់ជាមិត្រនឹងគ្នាទើបនឹងសឹកពីផ្នួសហើយរស់មិនឆ្ងាយពីគ្នាប៉ុន្មានទេ។បុរសទីមួយមានប្រពន្ធ ឯទីពីរនៅលីវ។ទាំងពីរនាក់ស្រឡាញ់គ្នា រាប់អានគ្នាដូចគ្រានៅបួសហើយជួយការពារគ្នា គ្រប់គ្រា ក្រ ។

           បុរសទីមួយប្រកបមុខរបរខាងជួយដូរតែងធ្វើដំណើរទៅរកស៊ីឆ្ងាយពីផ្ទះជារឿយៗ ទុកប្រពន្ធឲ្យចាំផ្ទះដោយផ្តាំផ្ញើបុរសជាមិត្រឲ្យជួយឃ្លាំងមើល សុខទុក្ខជួសខ្លួនផង ។

           កន្លងមកមិនយូរប៉ុន្មាន នាងប្រពន្ធក៏ចាបមានសាហាយជាមួយបុរសម្នាក់ជាកូនអ្នកមានទ្រព្យស្តុក ស្តម្ភ។ ពេលប្តីទៅបាត់នាងតែងនាំសហាយមកដេកនៅជាមួយជានិច្ច។ដំណឹងអាក្រក់នេះបានដឹងទៅដល់បុរសជាមិត្រ។ គេគិតថាបើនិយាយរឿងនេះ ប្រាប់ប្តីត្រង់ៗប្តីប្រាកដជាមិនជឿខ្លួនទេ ព្រោះគេស្រឡាញ់ ប្រពន្ធណាស់ គេមុខជាប្រកែកថានាងមិនអាចក្បត់ខ្លួនយ៉ាងនេះទេ ។តើធ្វើយ៉ាងណាដើម្បីចាប់សហាយឲ្យបានឃើញជាក់នឹងភ្នែក? ។ បុរសដេកគិតហើយក៏រកឃើញកលល្បិចម៉្យាង ។

            គេបានធ្វើហឹបមួយយ៉ាងធំ​ ល្មមខ្លួនមនុស្សចូលទៅដេកបាន រួកយកទៅឲ្យមិត្រដែលមានប្រពន្ធ ទុកដាក់ខោអាវផ្សេងៗ ទុកជាចំណងដៃចំពោះមិត្រ ។ ហឹបនោះមានគន្លឹះសម្រាប់ចាក់សោរការពារពីខាងក្រៅ ។

            បុរសជាប្តីធ្វើជាលាប្រពន្ធទៅជួញដូចគ្រាមុនៗ ។ ប៉ុន្តែគេនាំគ្នាទៅពួនឃ្លាំងមើល នៅទីក្បែរផ្ទះ មិនឲ្យប្រពន្ធដឹងសោះឡើយ ។

           ពេលប្តីចេញផុត នាងឲ្យសញ្ញាដល់សហាយ ហើយគេនាំគ្នារួមរ័ក្សដូចសព្វមួយដង ។ អ្នកឃ្លាំងទាំងពីរក៏ដើរចូលមកគោះទ្វារហៅប្រពន្ធដែលកំពុងតែរួមស្នេហ៍ ។ ភ័យណាស់មិនដឹងជារត់គេចចេញតាមទ្វារណា នាងក៏ខ្សឹបឲ្យសហាយចូលពួនក្នុងហឹប ។

           ធ្វើឫកពាធម្មតា ហាក់មិនដឹងអ្វីសោះបុរសជាប្តីក៏និយាយទៅកាន់ប្រពន្ធថា” អូន បងវិលមកផ្ទះវិញ , ព្រោះបងត្រូវការយកហឹបទៅដុតចោល ដោយហេតុថាតាំងពីបានហឹបនេះមក វាចេះតែមានវិបត្តិ ឈឺថ្កាត់ រកស៊ីចេះតែខាតបង់មិនចេះ ឈប់ឈរសោះ ” ។

           ឮសម្តីនេះ ប្រពន្ធរន្ធត់ចិត្តហើយមិនដឹងជាឆ្លើយយ៉ាងណាក៏រត់គេចទៅ ជួបឪពុកម្តាយរបស់សហាយ​ខ្លួនក៏ស្ទុះឆ្លេឆ្លារត់ទៅជួបម្ចាស់ហឹប ហើយនិយាយអង្វរសុំទិញ ទោះបីតម្លៃថ្លៃប៉ុនណាក៏ដោយ ។ ពេលនោះបុរសម្ចាស់ហឹបបានវាយតម្លៃយ៉ាងខ្ពស់បំផុត ។ មុនពេលប្រគល់ហឹបគេបានហៅមនុស្សជាច្រើនឲ្យធ្វើជាកសិណសាក្សី ។ គេចាប់ចាក់សោរបើកហឹប បុរសជាសហាយក៏ត្រូវគេឃើញគ្រប់គ្នាកើតក្តីអាម៉ាស់ រកឧបមាមិនបាន ដើរឈ្ងោកមុខវិលទៅផ្ទះវិញ ។​

            នេះជារឿងបញ្ជាក់អត្ថន័យ “ចាប់ត្រីបាន កុំឲ្យល្អក់ទឹក” ។ គេចាប់បុរសជាសហាយបានដោយស្ងាត់ ហើយមិនអាចឲ្យគាត់នោះ ហើបមាត់ប្រកែកបាន សូម្បីមួយម៉ាត់ក៏ទេដែរ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឃ្លាតកាយ ណាយចិត្ត (សុភាសិតខ្មែរ ទី​ ១១៣ / Khmer Proverb 113)

ឃ្លាតកាយ ណាយចិត្ត


អត្ថាធិប្បាយ

មនុស្សភាគច្រើនកាលណារស់នៅក្បែរគ្នាតែងរាប់អានគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ។ លុះដល់ពេលមួយនោះ គេត្រូវបែកគ្នាទៅនៅកន្លែងមួយ ឆ្ងាយដាច់ពីគ្នា ខានទាក់ទងគ្នា ខាននិយាយគ្នា ។ល។ ពេលនោះ ចិត្តស្រឡាញ់ក៏រលាយបន្តិចម្តងៗ រហូតដល់អស់រលីងលែងនឹកគ្នា ។

កន្លងយូរឆ្ងាយមក ជួនកាលក៏ភ្លេចមុខគ្នា រហូតឈឹងសូន្យតែម្តង ។

ការប្រយ័ត្នដែលយើងត្រូវចងចាំគឺការឃ្លាតកាយរវាងប្តីប្រពន្ធ ។ មានរឿងច្រើនណាស់ ដែលប្រាប់ពីលទ្ធផលនៃការរស់នៅដាច់ឆ្ងាយពីគ្នារវាងប្តីនិងប្រពន្ធដែលទីបំផុតបានជួប ” ការព្រាត់ប្រាស់ “ដោយសារការផិតក្បត់ ។

យើងគួរយល់ថាជីវិតគ្រួសារគឺជាជីវិតស្នេហា ដែលជាច្បាប់ធម្មជាតិ ។ ប្រុសត្រូវការស្រី ស្រីត្រូវការប្រុសដើម្បីបង្កបង្កើតគ្រួសារ ។ កាមតណ្ហាតែងដុតរោលសត្វលោកគ្រប់ពេលវេលាទោះបីឋិតនៅក្នុងចំណាស់ណាក៏ដោយ ។ ពេលមួយនោះបុរសឬស្ត្រីដែលមានសេចក្តីត្រូវការក្នុងកាមគុណហើយមិនបាន សម្រេចដូចបំណងដោយសារប្តីឬប្រពន្ធនៅឃ្លាតឆ្ងាយពីខ្លួនពេលនោះហើយ ការផិតក្បត់ក៏ចាប់មានកំណើត ប្រសិនបើគេមាន ” ឱកាសល្អ ” ហុតឲ្យ ។​

តម្រា”ស្រីហិតោបទេស”ដែលព្រះភិក្ខុប៉ាងខាត់បកប្រែពីភាសាសំស្ក្រឹតត្រង់វគ្គមួយនោះ,ចែងថា៖
” នឹងថាបុរសណាមានចិត្តស្មោះត្រង់ចំពោះភរិយាខ្លួនក៏មិនមែន ,នឹងថាស្ត្រីណាមានទឹកចិត្តភក្តី ចំពោះស្វាមីក៏មិនមែន; តាមពិត បើគេមានឱកាសតែមួយស្របក់ ទឹកចិត្តភក្តីនោះអាចនឹងរលត់រលាយទៅបាន ” ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធននៅ;មានៈបាត់មិត្រឥតអ្នកជាផៅ ខេខឹងឃោរឃៅមែងបាត់អង្គ (សុភាសិតខ្មែរ ទី​ ១២០/ Khmer Proverb 120)

ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធននៅ;
មានៈបាត់មិត្រឥតអ្នកជាផៅ ខេខឹងឃោរឃៅមែងបាត់អង្គ


នេះជាវគ្គមួយ ដកស្រង់ចេញពីសាស្ត្រាច្បាប់ រាជនីតិជាព្រះនិពន្ធ នៃព្រះរាជសម្ភារ

អត្ថាធិប្បាយ

           “ចចើង”មានន័យថា”សម្តែងអាការៈរនះរនាត ចើងម៉ើងសស្លក់ សស្លន់ដោយសារ​ចង់បាន​ខ្លាំង ​ពេក ។
មនុស្សយើងច្រើនតែទទួលផលផ្ទុយពីឆន្ទះរបស់ខ្លួន។ជាពិសេសស ចំពោះជនណាម្នាក់ ដែលចង់​មានចង់បាន​ហួសហេតុពេក(ចចើង)ជននោះ មុខជាទទួលលទ្ធផលខុសពីបំណងខ្លួនមិនខាន (រែងបាត់​ធន​ទៅ) ។

” មានះ ” មានន័យថាចចេស ក្បាលរឹង មិនបន្ទន់ចិត្តតាមអ្នកណាសោះ ធ្វើតាមតែចិត្តរបស់ខ្លួន ។ មនុស្សដែលមានលក្ខណៈបែបនេះ ច្រើនជាមនុស្សខ្វះ មិត្រ ។

ចំណែកមនុស្សណាដែលជាមនុស្សមានទោសៈ(កំហឹង)ច្រើនហើយ ជាមនុស្សកាចសាហាវ ឃោរ​ឃៅ​ផងនោះ មុខជា “បាត់អង្គ ” ថ្ងៃណាមួយមិនខាន ។បាត់អង្គគឺបាត់ខ្លួន ហើយបើនិយាយឲ្យចំគឺស្លាប់ ដោយគេប្រហារ ។

(រសជាតិភាសាខ្មែរ)

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ណាស់ដើម ណាស់ចុង (សុភាសិតខ្មែរ ទី​ ១២១ / Khmer Proverb 121)

      ណាស់ដើម ណាស់ចុង


អត្ថាធិប្បាយ

          នេះជាពាក្យប្រដៅដែលខ្ញុំនៅចាំពីគ្រូរបស់ខ្ញុំ។លោកតែងនិយាយពាក្យនេះស្ទើរតែគ្រប់ពេលថា៖ បើអ្នកឯងចង់ធ្វើខ្លួនឲ្យអ្នកផងស្រឡាញ់រាប់អានមិនត្រូវ ” ណាស់ដើម ” ទេពីព្រោះវាអាចនាំឲ្យ”ណាស់ចុង” !
តើពាក្យនេះ មានន័យយ៉ាងណា?​
​           នៅពេលចាប់ផ្តើមកិច្ចការអ្វីមួយ ជាពិសេសការចងមិត្រជាមួយជនណាម្នាក់ គេ​មិន​គួររាប់អាន ឲ្យ​ហួស​ហេតុពេក​ទេ គេមិនគួរលូកលើស្មើក្រោមជាមួយមិត្រនោះទេគេមិនគួរអើត ឈ្ងោកព្រឹកល្ងាច រាល់​ថ្ងៃនោះទេ។ ការស្និទ្ធស្នាល​ហួស​​ស្រឡាញ់ហួស​ទូលាយហួស តឹងហួស ច្រើនហួស តិចហួស។ល។ នៅគ្រា​ដំបូង​ចាត់ជា”ណាស់ដើម”។ លទ្ធផល​គឺ “ណាស់​ចុង”គឺថា បើស្រឡាញ់ពេក មុខជាបានទទួលផល “ស្អប់ពេក “នៅទី​បញ្ចប់។

ដូច្នេះមជ្ឈិមាបដិបទាផ្លូវកណ្តាល (មិនល្អពេកមិនតឹងពេកមិនអាក្រក់ពេក)។ល។ គឺជាបន្ទាត់ នាំយើងឲ្យសុខជា​មួយ​គ្នា​បានយូរអង្វែង ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឆ្អិនក្បាលស៊ីក្បាយ ឆ្អិនកន្ទុយស៊ីកន្ទុយ (សុភាសិតខ្មែរ ទី​ ១២២ / Khmer Proverb 122)

ឆ្អិនក្បាលស៊ីក្បាយ ឆ្អិនកន្ទុយស៊ីកន្ទុយ


អត្ថាធិប្បាយ

          ពាក្យនេះ ពោលសំដៅទៅលើចរិករបស់មនុស្សមួយពួកដែល៖
– គ្មានការពិចារណារកខុសត្រូវវែងឆ្ងាយទេ គ្មានក្រែងបារម្ភចិត្តអ្នកណាទេ ត្រូវនឹងពាក្យសាមញ្ញ និយាយថា ” ប៉ះអីយឹតហ្នឹង ” គ្មានឈឺក្បាល គ្មានអៀនខ្មាស់អ្វីទាំងអស់។

          អ្វីក៏ដោយឲ្យតែគាត់ចង់បាន គាត់រកឧបាយស្រវាយកឲ្យទាល់តែបានទោះបីមាន​ការប៉ះពាល់ដល់ចិត្តថ្លើមអ្នក​ឯទៀត​ យ៉ាងណាក៏ដោយ គាត់ឥតឈឺក្បាលទេ ។ គេប្រដូចមនុស្សនេះទៅនឹងរឿងអាំងត្រី ។​ តាមធម្មតា កាលណា​យើង​​អាំងត្រី យើងរង់ចាំរហូតត្រីនោះឆ្អិនសព្វគ្រប់ពីក្បាលដល់កន្ទុយទើបយើង យកទៅបរិភោគ ។

          ផ្ទុយទៅវិញ មានមនុស្សប្រភេទខ្លះមិនរង់ចាំរបៀបនេះទេ គឺថាបើត្រីចាប់ឆ្អិនត្រង់កន្ទុយមុន​គេនឹងបរិភោគត្រង់​កន្លែង​នោះមុខ ។ នេះគ្រាប់តែជាពាក្យឧបមា ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

១.សងបំណុលចាស់​​​ ២.បុលបំណុលថ្មី ៣.បោះក្នុងជ្រោះជ្រៅ ៤.កប់ក្នុងផែន (សុភាសិតខ្មែរ ទី​ ១២៣ / Khmer Proverb 123)

១.សងបំណុលចាស់​​​ ២.បុលបំណុលថ្មី ៣.បោះក្នុងជ្រោះជ្រៅ ៤.កប់ក្នុងផែន


អត្ថាធិប្បាយ

            នេះជាពាក្យប្រៀនប្រដៅរបស់បុព្វរបុសខ្មែរ ក្នុងរឿងរក្សាទ្រព្យដែលយើងរកបានមកជាពិសេសគឺសំដៅទៅលើ​រឿង«លុយកាក់» ។

តាមក្បូនជីវិត បុព្វបុរសខ្មែរណែនាំថាលុយកាក់ដែលយើងរកបានមកត្រូវបែងចែកជា៤ ចំណែកដូចតទៅនេះ ៖

១-សងបំណុលចាស់:ជាចំណែកមួយសម្រាប់ថែរក្សាមាតាបិតាចាស់ជរាលែងធ្វើការ​អ្វីកើតព្រោះគាត់បាន​ថែរក្សា​​​​ចិញ្ចឹមយើងចាប់ពីថ្ងៃ”ពពោះ”រហូតដល់ថ្ងៃរៀបអាំពាហ៏ពិពាហ៏ឬហួសពីពេលនេះទៅទៀត ។ រយះពេលដ៏យូរ​នេះ​គឺជា “គុណ”មួយដែលកូនទាំងឡាយបានជំពាក់ហើយត្រូវតែសងវិញ។ នេះគឺ ជាច្បាប់មនុស្សជាតិធ្វើឡើង​ដើម្បី​ផ្តល់​​សុខ​តៗគ្នា យ៉ាងនេះដរាបទៅ ។

២-បុលបំណុលថ្មី:ជាចំណែកមួយសម្រាប់ថែរក្សាចិញ្ចឹមកូនប្រុសស្រីដែលយើងបាបបង្កើតគេមក ។ ការថែរក្សា​ចិញ្ចឹមតម្រូវឲ្យមានការចំណាយធនធាន និងកម្លាំងអស់រយៈពេលដ៏យូរដូចយើងបានដឹងគ្រប់គ្នាហើយ ។

៣-បោះក្នុងជ្រោះជ្រៅ:ជាចំណែកមួយដែលត្រូវសន្សំទុកសម្រាប់ប្រើប្រាស់ ពេលវ័យចាស់ជរាមកដល់។​បើមិន​លៃ​ទុក​​របៀបនេះទេ ជីវិតនឹងមានការ លំបាកវេទនាយ៉ាងច្រើននៅពេល​ដែលខ្លួនចាស់ ហើយត្រូវពឹងលើអ្នកឯទៀត (កូន) ទាំងស្រុង ។

៤- កប់ក្នុងផែនដី:ជាចំណែកមួយសម្រាប់កិច្ចការខាង “សង្គមកិច្ច ” ដែលតម្រូវឲ្យមានការចំណាយក្នុងផ្នែក​ផ្សេងៗ​ មានជាំអាទិ៍ ដូចតទៅនេះ ៖
– បុណ្យទានទាក់ទងផ្លូវសាសនា ដែលញាតិមិត្រឬ អ្នកជិតខាងបានហៅរកយើងឲ្យទៅចូលរួម ។
– ការកសាងសំណង់អ្វីមួយសម្រាប់ប្រយោជន៏សាធារណៈ (មន្ទីរពេទ្យ សាលារៀន មន្ទីរបណ្តុះវិជ្ជា មន្ទីរស្រាវ​ជ្រាវ សាលាសំណាក់ ។ល។

នេះគឺជាករណីយកិច្ច របស់មនុស្សម្នាក់ៗ ក្នុងការថែរក្សាគុណសម្បត្តិ មនុស្សឲ្យឋិតថេរចីរកាល តទៅឥតមាន​ពេល​អវសាន។ ព្រោះហេតុអ្វី? ព្រោះដើម្បីសេចក្តីសុខ ចំពោះយើងទាំងអស់គ្នា នៅពេលចាស់ជរាពេលមានវិបត្តិ ពេល​អាសន្ន ។ល។ ដែលមនុស្សរាល់រូបតែបានទទួល ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

កុំពត់ស្រឡៅ កុំប្រដៅស្រីខូច​​ (សុភាសិតខ្មែរ ទី​ ១២៤ / Khmer Proverb 124)

            កុំពត់ស្រឡៅ កុំប្រដៅស្រីខូច


អត្ថាធិប្បាយ

            សុភាសិតនេះ បើតាមយោបល់ខ្ញុំ ហាក់ដូចទម្លាក់ទម្ងន់ទៅលើស្ត្រីភេទ ច្រើនជាង , ព្រោះថា តាមធម្មតាមនុស្សខូច ទោះបីប្រុសក៏ដោយ ស្រីក៏ដោយ មិន ងាយនឹងទាញ ឲ្យវិលត្រឡប់មកផ្លូវធម្មតាវិញ ដោយស្រួលៗឡើយ ។

            ទោះបីយ៉ាងណា , សុភាសិតនេះ ចង់និយាយថា ធម្មតាស្រីខូច (សំដៅស្រី ពេស្យា… ស្រីក្បត់ប្តី) មិនងាយនឹងទាញឲ្យលះបង់ចរិយានេះចោលបានទេ ។ គេនឹងនៅតែធ្វើដដែល រហុតដល់ពេលមួយ ដែលគេជួបនឹងការពិសោធន៏ជូរចត់ បែបណាម៉្យាង ដោយខ្លួនគេ ទោះគេចាប់កែប្រែ ។

            ការប្រដៅស្រីខូច មិនខុសពីការ ” ពត់ស្រឡៅ ” នោះទេ , ព្រោះស្រឡៅ ជាឈើស្រួយ ហើយរឹង , ទោះបីខំពត់យ៉ាងណា ក៏ស្រឡៅមិនព្រម ” ង ឬ កោង ” ទៅតាមបំណងអ្នកពត់ទេ ។ បើនៅចចេសខំពត់ឲ្យខ្លាំងលទ្ធផលគឺ ” បាក់ ” ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ស្តាប់មិនទាន់ជាក់ កុំអាលញាក់ចិញ្ចើម ប្រពន្ធមិនទាន់ផើម កុំអាលរកអុសទុកមុន (សុភាសិតខ្មែរ ទី​ ១២៥ / Khmer Proverb 125)

            ស្តាប់មិនទាន់ជាក់ កុំអាលញាក់ចិញ្ចើម ប្រពន្ធមិនទាន់ផើម កុំអាលរកអុសទុកមុន


អត្ថាធិប្បាយ

            ពាក្យគន្លឹះក្នុងសុភាសិតនេះ គឺ “ញាក់ចិញ្ចើម ” ។ បើយើងនិយាយតាមប្រពៃណីខ្មែរ កាលណាគេញាក់ចិញ្ចើមដាក់គ្នា វាមានន័យថា ” មែនហើយ ប្រាកដជាយ៉ាងហ្នឹងហើយ ប៉ាច់ហើយ ចំហើយ ម៉ាច់ហើយ ចំប្លង់ហើយ! ” ។

            ញាក់ចិញ្ចើម គឺជាភាសាមួយគ្មានសម្លេង ប្រើតែកាយវិការជាសញ្ញាឲ្យអ្នកឯទៀតយល់ចិត្តថ្លើមរបស់ខ្លួន យល់ស្របឬជំទាស់? ។

            សុភាសិតខាងលើ ចង់ប្រដៅយើងថា ” ត្រូវមានការហ្មត់ចត់ ” កុំចេះតែស្មាន កុំចេះតែនិយាយ កុំចេះតែជឿ ត្រូវស្តាប់ឲ្យច្បាស់ ត្រូវយល់ឲ្យច្បាស់ ។ល។ មុននឹងញាក់ចិញ្ចើមដាក់គ្នាព្រោះការមិនច្បាស់វាអាច ផ្តល់លទ្ធផលមិនល្អច្រើនយ៉ាងដល់ខ្លួន ។

            ” ប្រពន្ធមិនទាន់ផើម កុំអាលរកអុសទុកមុន ” មានន័យថា កិច្ចការអ្វីក៏ដោយត្រូវតែមានការរៀបចំទុកជាមុន មិនត្រូវរង់ចាំរហូតដល់នាទីចុងក្រោយបំផុតនោះ ទេ ។ នេះជាការត្រឹមត្រូវ ។ ប៉ុន្តែបើយើងរៀបចំទុកមុន យូរឆ្ងាយពេកក៏ចាត់ទុកថាមិនល្អដែរ ។ ឧបមាថាយើងបានណាត់ពេលទៅជួបគ្រូពេទ្យនៅម៉ោង ២ រសៀល ។ បើយើងទៅរង់ចាំគាត់ តាំងពីម៉ោង ១០ ព្រឹក តើសមហេតុផលឬទេ?

            ក្នុងរឿងប្រពន្ធផើម ជាការល្អគួររកអុសទុកមួយខែមុនពេលឆ្លងទន្លេ ។ រយៈពេល១ខែនេះ អាចចាត់ទុកថាសមហេតុផល ។ តែបើប្រពន្ធមិនទាន់ផើមផងហើយខ្លួនទៅរកអុសមកទុកបំរុងយូរយារយ៉ាងនេះ មិនចាត់ទុកត្រឹមត្រូវទេ ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឈាមស្រែក ស្បែកហៅ​ (សុភាសិតខ្មែរ ទី​ ១២៦ / Khmer Proverb 126)

     ឈាមស្រែក ស្បែកហៅ


អត្ថាធិប្បាយ

            សុភាសិតនេះ ពោលសំដៅទៅលើបាបកម្មដែលជនណាម្នាក់ធ្វើ ។ ព្រះពុទ្ធសាសនាបានបញ្ជាក់ថា ជនណា សាងបាបកម្ម បាបកម្មនឹងក្លាយទៅជាស្រមោលអន្ទោលតាមប្រាណជននោះគ្រប់ជំហានជើង មិនអាចបណ្តេញ ចេញបានឡើយ ។

            ជនណាដែលធ្លាប់កាប់សម្លាប់ លួចប្លន់ ឆបោក ។ល។ អ្នកដទៃ កាលពីអតីតកាល អំពើទាំងនេះ ទោះបី ខំលាក់យ៉ាងណាក៏ដោយ ក៏លាក់មិនជិតដែរ! ។ ភាគច្រើន សាមីខ្លួនតែងយករឿង ទាំងនេះមកតំណាលប្រាប់មិត្រ សម្លាញ់ខ្លួនក្នុងបំនងឲ្យគេកោតស្នាដៃ ឬទឹកចិត្តក្លាហានរបស់ខ្លួន ។

            ចំពោះការពិសោធន៏ផ្ទាល់ខ្លួនរបស់ខ្ញុំ ៗបានស្តាប់រឿងបែបនេះពីតាម្នាក់ដែលមានអាយុ ៧០ប្លាយទៅហើយ រៀបរាប់រឿងឃាដកម្មដែលគាត់បានធ្វើទៅលើមនុស្សជាច្រើននាក់ កាលគាត់នៅកំឡោះ ។ គាត់កាប់ក្បាលគេនឹងពូថៅ ចាក់នឹងកាំបិត វាយនឹងដំបង ។

           ការដែលលើកយករឿងអាថ៌កំបាំង មកប្រាប់អ្នកឯទៀតយ៉ាងនេះ ខ្មែរបូរាណឲ្យឈ្មោះថា “ឈាមស្រែក ស្បែកហៅ ” មានន័យថា ឈាមរបស់ជននោះ បណ្តាលឲ្យគាត់ស្រែកប្រាប់ គេ ឯង ហើយស្បែករបស់គាត់ជំរុញឲ្យ គាត់ហៅគេមកសងបំណុលចាស់នោះវិញ ។ បើនៅសហរដ្ឋ ពត៌មានដែលគាត់បានផ្តល់ឲ្យគេយ៉ាងនេះ ចាត់ទុកជា សក្ខីភាពមួយដែលអាចឲ្យអាជ្ញាធរចាប់ខ្លួនយកទៅឲ្យតុលាការកាត់ទោសតាមច្បាប់ ។

           ភាគច្រើន មនុស្សធ្វើអំពើទុច្ចរិតធំៗ(ឃាដកម្ម… ) កម្ររួចខ្លួនណាស់ គ្រាន់តែយូរ និងឆាប់មុខជាត្រូវគេ រកមុខឃើញថ្ងៃណាមួយមិនខាន ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ក្របីបាត់ ទើបធ្វើរបងដល់ពេលប្រឡង ទើបស្វាធ្យាយលុះពេលចេញដើរ ទើបវេចសំពាយបីនេះ អន្តរាយ អសារឥតការ (សុភាសិតខ្មែរ ទី​ ១២៧ / Khmer Proverb 127)

             ក្របីបាត់ ទើបធ្វើរបងដល់ពេលប្រឡង ទើបស្វាធ្យាយលុះពេលចេញដើរ ទើបវេចសំពាយបីនេះ អន្តរាយ អសារឥតការ


អត្ថាធិប្បាយ

            សុភាសិតនេះ ជាពាក្យងាយយល់ មិនត្រូវការពន្យល់វែងឆ្ងាយទេ ។ ដោយសង្ខេប បុព្វបុរស​យើង​ចង់ទូន្មាន​យើងថា ” ត្រូវមានការប្រុងប្រៀបទុកជាមុន កុំចាំឲ្យអន្តរាយកើតមានរួចទៅហើយ ទើបស្ទុះស្ទា រត់ជើងបីជើងបួន រករបៀបការពារ វាគ្មានបានប្រយោជន៏អ្វីទេ! ។ គួរធ្វើរបងការពារក្របីឲ្យបានមាំកុំឲ្យចោរលួចបាន មិនត្រូវធ្វើរបង​ក្រោយពេលដែលចោរលួចយកទៅបាត់ហើយនោះទេ ។

            ជាសិស្ស ត្រូវខំរៀនមុនពេលប្រឡង បើដល់ថ្ងៃប្រឡងទៅហើយ ទើបចាប់រៀន តើសង្ឃឹមថាជាប់ឬទេ?

            ឯការធ្វើដំណើរទៅកាន់ទីឆ្ងាយក៏ដូចគ្នា គួររៀបចំសំពាយ (អីវ៉ាន់) ឲ្យបានរួចស្រេចមុនពេលចេញដំណើរ មិនត្រូវរង់ចាំរហូតដល់ម៉ោងចេញ ទើបស្ទុះស្ទាររៀបចំនោះទេ ។ បើមិនដូច្នេះទេ អីវ៉ាន់ជាច្រើន​ដែលត្រូវយក​ទៅជា​មួយខ្លួន​ មុខជាមិនបានទៅជាមួយខ្លួនឡើយ !

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

សេះដាច់ យកសេះតាម (សុភាសិតខ្មែរ ទី​ ១២៨ / Khmer Proverb 128)

            សេះដាច់ យកសេះតាម


អត្ថាធិប្បាយ

            សុភាសិតនេះ ចង់ពន្យល់យើងថាក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង ជួនកាលគេយកវត្ថុ​ដែលមាន​ភាពឬបែបប្រហាក់ប្រហែលគ្នាមកធ្វើជាជំនួយ ដូចជាបើសេះដាច់ខ្សែហើយរត់ចេញទៅ តើត្រូវធ្វើយ៉ាងណា​នឹងចាប់វាបានមកវិញ? មនុស្សមិនអាចរត់តាមសេះទាន់ទេ ។ តើធ្វើយ៉ាងណា?
ចម្លើយ: ត្រូវជិះសេះមួយទៀត ដេញតាមសេះដែលដាច់ខ្សែនេះ ទើបចាប់បាន ។

ពាក្យដទៃទៀតគេថា ” បើបន្លាមុតត្រូវយកបន្លាជោះ ” ។ រឿងទាំងនេះ មិនខុសពីស្ថានការណ៏ ដែលទាក់​ទង​នឹង​សាសនាប្រទេសកម្ពុជានាសតវត្សទី ២០ និង ៣១ នោះទេ ។ យ៉ាងណាមិញ ប្រទេសជិតខាងដែលមានបំណង​លេបយក ទឹកដីរបស់យើង គេបានអនុវត្តនយោបាយញ ” សេះដាច់យកសេះតាម ” នេះប្រកបដោយជោគជ័យ​ជាលំដាប់ ។ តើគេធ្វើយ៉ាងណាខ្លះ?

គេធ្វើយ៉ាងណាឲ្យខ្មែរបែកជា២ ពួក ដណ្តើមអំណាចគ្នា កាប់សម្លាប់គ្នា ហើយពួកវាចាំផ្តល់អាវុធ ដល់អាយ៉ង​របស់​វាដែលសុទ្ធតែជាមនុស្សដែលវាបានអប់រំឲ្យដើរតាមមាគ៌ារបស់វា ។ គេយកខ្មែរឲ្យប្រហារខ្មែរឲ្យ​សង្កត់ខ្មែរអ្នក​ចេះដឹង កុំឲ្យងើបរួច អោយឋិតនៅក្នុងសំអប់ទៅវិញទៅមក អោយចែកជាបក្សពួកប្រកាន់ ថ្នាក់ស្លាប់រស់ ។ល។ សហភាពឬសាមគ្គីភាពរវាងខ្មែរ និងខ្មែរក៏រលាយអស់ ។ លទ្ធផលទីបំផុត គេក្របួចកខ្មែរជាប់ រើលែងរួច អស់ទឹក អស់ដី អស់អ្វីៗ ទាំងអស់ ហើយយើងជាខ្មែរ​ក៏ចាប់រលាយសញ្ជាតិ បន្តិចម្តងៗ ដូចគ្នាបេះបិទ នឹងនគរចំប៉ា។ គេយកខ្មែរឲ្យបង្ក្រាបខ្មែរ ។ល។ បែបនេះគឺជានយោបាយ ” សេះដាច់យកសេះតាម ” ជាបែបដែលបុព្វបុរសយើងចង​ទុកជាតម្រាសម្រាប់ដោះបញ្ហាទាំងឡាយដែលកើតមានឡើង ។

ក្នុងបញ្ហាអប់រំមនុស្សដែលខ្វះការសិក្សា ប្រសិនបើគេប្រើអ្នកចេះដឹង ជ្រៅជ្រះមានវិជ្ជាខ្ពស់ឲ្យទៅធ្វើការអប់រំ គេកត់សំគាល់ឃើញថាបានទទួលលទ្ធផលតិចជាងប្រើមនុស្សដែលមានកំពស់ការចេះដឹង ប្រហាក់ប្រហែលគ្នា​នឹងមនុស្សដែលត្រូវគេអប់រំនោះ ។ ហេតុអ្វីក៏យ៉ាងនេះ? ។ សាស្ត្រាបណ្តាំ ” ក្រមង៉ុយ ” ចែងក្នុងវគ្គមួយនោះ ថា: ” អ្នកល្ងង់ ស្អប់អ្នកចេះ ” ។ ពិតណាស់ ចរិតខ្មែរ ដែលធ្លាប់ល្អត្រឹមត្រូវ ស្គាល់ខ្ពស់ទាប , ស្គាល់គុណនិងទោស បានត្រូវពត់ឲ្យវិលបញ្ច្រាសទិសដោយសារអាណានិគមបារាំង ដែលត្រួតត្រាសង្កត់ឲ្យខ្លបខ្លាច​រាបដូចកន្ទេល​ចាប់ពីឆ្នាំប្រហែល១៨៥៥ រហូតដល់ឆ្នាំ ១៩៥៣ ទើបខ្មែរបានរួចខ្លួន ។ ក្នុងរយៈវេលានេះ បារាំងបានអប់រំនាម៉ឺន​ខ្មែរមួយចំនួនដែលឥតវិជ្ជាផង ហើយខ្វះវិចារណញ្ញាណផងពីរបៀបត្រួតត្រាខ្មែរ ដោយប្រើកាំភ្លើង និងដំបងដែល​ខ្មែរយើងជំនាន់នោះហៅ ” ក្តគោ ” ដើម្បីឲ្យខ្មែរខ្លបខ្លាច ។ មែន ខ្មែរខ្លាច បារាំងណាស់ ។ មិនមែនខ្លាចត្រឹមតែបារាំងទេ គឺខ្លាចបាក់ស្បាត តាំងពីលោក ” ជំទប់ លោកមេឃុំ , ព្រះតេជគុណ ចៅហ្វាយស្រុក ” ជាដើមឡើងទៅ ។

ការខ្លបខ្លាចដោយបង្កប់ទុកក្នុងបេះដូងនូវ ” សំអប់ ” មួយដែលកើតទំហំ ធំជាលំដាប់ បានចេញជាលទ្ធផល​ជាក់​ស្តែង នាសម័យ ” ប៉ុល ពត ” ដែលកាល នោះ ឃាដករចំនួន ៩៥% គឺជាមនុស្សមិនដែលចូលសាលាម្តង​ណាសោះហើយ មិនដែលស្គាល់ក្លិនកាហ្វេ គុយទាវម្តងណាឡើយ ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ឃើញដំរីជុះ កុំជុះតាមដំរី (សុភាសិតខ្មែរ ទី​ ១២៩ / Khmer Proverb 129)

     ឃើញដំរីជុះ កុំជុះតាមដំរី


អត្ថាធិប្បាយ

            មនុស្សខ្លះលង់ទៅដោយ ” ជំនោរ ” គឺថាចង់ឲ្យគេកោត គេសរសើរថាខ្លួនល្អជាង មានចិត្តសប្បុរសជាង មានសទ្ធាជ្រះថ្លាជាង មិនអនត់ជាងថៅកែ ” ក ” ឬ ” ខ ” ដែលគេមានប្រាក់លាននោះទេ! ។ ដោយសារជំនោរ ក៏ចំណាយប្រាក់ហួសពីសម្ថភាពរបស់ខ្លួនដើម្បីកុំចាញ់ថៅកែ ” ក ” ។ ក្រោយមកក៏កើតវិប្បដិសារី ដោយសារ​អស់ប្រាក់រលីងបណ្តាលឲ្យមានការខ្វះខាតសំរាប់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។

            បុព្វបុរសខ្មែរចង់និយាយថា ដំរីមានមាឌធំហើយអាចម៏របស់វាក៏ធំដែរ។ ដំរីគឺសំដៅទៅលើមនុស្ស​ដែលមានធនធានច្រើន (អ្នកមាន) ឬអ្នកធំ ។ល។ គេអាចចំណាយប្រាក់យ៉ាងច្រើនសម្រាប់ធ្វើវិភាគទាន ។ ចំណែកយើង ដែលជាអ្នកក្រ ខ្សត់ គួរធ្វើវិភាគទានទៅតាមសមត្ថភាពរបស់យើង មិនគួរខំប្រឹងជុះ ឲ្យបាន អាចម៍ធំ ប៉ុនអាចម៍ដំរីនោះទេ ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ដាំជើងក្រានឲ្យប្រមាណឆ្នាំង (សុភាសិតខ្មែរ ទី​ ១៣០ / Khmer Proverb 130)

សុភាសិតខ្មែរ ទី​ ១៣០-ដាំជើងក្រានឲ្យប្រមាណឆ្នាំង


អត្ថាធិប្បាយ

នេះគឺជាពាក្យប្រដៅទាក់ទងទៅនឹង ” កិច្ចការរស់នៅរាល់ថ្ងៃ ” ។ ការប៉ាន់ឬស្មានមើលជាមុនគឺជា​កិច្ចសំខាន់​បំផុតមុនចាប់ផ្តើមធ្វើអ្វីមួយ ។ ឧបមាថាបើមានភ្ញៀវ៥នាក់ត្រូវមកបរិភោគបាយជាមួយយើងល្ងាចនេះ ត្រូវចាំបាយ​និងស្ល​ប៉ុន្មានដើម្បីឲ្យល្មមកុំឲ្យសល់ចាក់ចោល?

 ” ដាំជើងក្រាន ” មានន័យថា ” មានគម្រោងនឹងធ្វើអ្វីមួយ ” ឯពាក្យថា ” ឲ្យប្រមាណឆ្នាំង ” មានន័យថា ត្រូវប៉ាន់មើលតើឆ្នាំង (ប្រាក់) របស់ខ្លួន មានទំហំ ប៉ុនណា? ។

ឆ្នាំង​ និងចង្ក្រានត្រូវមានទំហំឲ្យ ” ស៊ីគ្នា ” គឺថា បើឆ្នាំងតូច ចង្ក្រានក៏ត្រូវ តែតូចដែរ ។

នៅគ្រប់​កិច្ចការ​ទាំងអស់ ត្រូវតែយករូបមន្តខាងលើនេះ មកតាំងជាក្បូនទើប កិច្ចការនោះៗ អាចសំរេច​បានដោយជោគជ័យ ។

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

ដូចចាក់ទឹកលើក្បាលទា (សុភាសិតខ្មែរ ទី​ ១៣១/ Khmer Proverb 131)

សុភាសិតខ្មែរ ទី​ ១៣១-ដូចចាក់ទឹកលើក្បាលទា


អត្ថាធិប្បាយ
នេះជាពាក្យដែលគេតែងនិយាយសំដៅទៅលើមនុស្សខ្លះដែលខ្វះការវាងវៃមិនចេះស្តាប់ មិនចេះចាប់​សំដី​របស់​គេឲ្យបាន។

មនុស្សមួយជំពូក មានការលំបាកក្នុងរឿងស្តាប់ គឺថាទោះបីគេខំពន្យល់ពីរឿងតូចមួយ យ៉ាងណាក៏ដោយក៏នៅ​តែស្តាប់មិនបាន នៅតែច្របូកច្របល់ នៅតែត្រឡប់ត្រឡិន ។

រឿងខ្លះទៀត ដែលជារឿងបច្ចេកទេសជ្រៅៗទាក់ទងនឹងគ្រឿងម៉ាស៊ីនទាក់ទងមេឃផ្កាយ ទាក់ទងអាកាស​ធាតុ។ល។ គឺជារឿងសម្រាប់មនុស្សដែលមានការចេះដឹងខ្លះៗទើបអាចស្តាប់ចាប់បាន​នូវការពន្យល់ ។ តែបើគេយក​រឿង​​ទាំងនេះទៅពន្យល់ចំពោះមនុស្ស ដែលមិនធ្លាប់រៀនសូត្រនៅសាលាសោះ គេមុខជាខកចិត្ត​មិនខាន។​ព្រោះ​ហេតុអ្វី? ព្រោះអ្នកស្តាប់ទាំងនោះ មិនអាចចាប់នូវអត្ថន័យ ឬ សាច់រឿងដែលយើងពន្យល់នោះទេ ។ ក្នុងបញ្ហាបែបនេះ គេតែងពោល ថា ” ដូចចាក់ទឹកលើក្បាលទា ” ។​ មានន័យថា ” គ្មានជាប់អ្វីសោះឡើយ”។ បើចង់ធ្វើពិសោធមើល គេអាច​យកទឹកមួយកូនធុង រួចជះទៅលើក្បាលទាមួយហ្វូង ។ សង្កេតមើល តើឃើញទឹកសូម្បីមួយតំណក់ ជាប់នៅ​ក្បាលទា ឬ ទេ?

Source: khmerproverb

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖